ថ្មគោល, បាត់ដំបង៖ សំឡេងត្រាក់ទ័របានលាន់រន្ទឺពេលកំពុងបើកលើផ្លូវលំ ចុះចូលវាលស្រែរបស់កសិករនៅក្នុងខេត្តបាត់ដំបង ខណៈកសិករជាច្រើនកំពុងចាប់ផ្ដើមបង្កបង្កើនផលសម្រាប់រដូវកាលថ្មី។ ខេត្តបាត់ដំបងជាប្រភពជង្រុកស្រូវដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា។
ថ្វីបើមានការរៀបចំបង្កបង្កើនផល និងត្រៀមប្រមូលផលសម្រាប់រដូវកាល់ថ្មីក៏ដោយ តែកសិករហាក់ដូចជាមិនសូវស្រួលក្នុងចិត្តប៉ុន្មាននោះទេ។
កសិករជាច្រើនបានលើកឡើងថា ការហក់ឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងជីកសិកម្មដែលពីសង្គ្រាមបង្កដែលឡើងដោយអាមេរិក និងអ៊ីស្រាអ៊ែល ជាមួយអ៊ឺរ៉ង់ បានដាក់សម្ពាធយ៉ាងខ្លាំងមកលើកសិករ ខណៈដែលផលចំណេញពីការលក់កសិផលមានតិចតួចស្ដួចស្ដើងស្រាប់ហើយនោះ។ ទោះជាមានបទឈប់បាញ់បណ្ដោះអាសន្នក្ដី ប៉ុន្តែការផ្គត់ផ្គង់ទំនិញចាំបាច់តាមច្រកសមុទ្រហ័រមូហ្ស និងការខូចខាតហេដ្ឋារចនាសម្ពន្ធនៅបណ្ដាប្រទេសឈូងសមុទ្រ បានបង្កការរំខាន និងមានភាពយឺតយ៉ាវ ឬក៏កាត់ផ្ដាច់ទាំងស្រុងតែម្ដងលើការដឹកជញ្ជូនទំនិញ។ ទំនិញសំខាន់សម្រាប់កសិកម្មក្រៅពីប្រេងឥន្ធនៈ នៅមានជីកសិកម្ម ពិសេសគឺជីអ៊ុយរ៉េ ដែលជាធាតុសំខាន់មួយសម្រាប់ការដាំដុះ។
វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ានេះបានធ្វើឲ្យរង្គោះរង្គើដល់បណ្ដាប្រទេសនៅអាស៊ី រហូតដល់សហគមន៍កសិកម្មនៅកម្ពុជាដែរ ដែលកសិករពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ និងជីកសិកម្មនាំចូល។
លោក អ៊ូ ពុយ វ័យ៧៤ឆ្នាំ ជាកសិករម្នាក់រស់នៅភូមិប្រគាប ក្នុងខេត្តបាត់ដំបង។ លោកឲ្យដឹងថាលោកស្ទើរតែអស់ពីខ្លួនក្រោយចំណាយលើការភ្ជួររាស់ និងពូជ សម្រាប់ព្រោះស្រូវលើផ្ទៃដីជិត៦០ហិកតា។
លោកបញ្ចាក់ថា ការចំណាយលើថ្លៃដើមផលិតមានការកើនឡើងច្រើនបើធៀបនឹងឆ្នាំកន្លងទៅ។
លោកឲ្យដឹងថា៖ «ឆ្នាំនេះ ខ្ញុំកាត់បន្ថយធ្វើស្រូវប្រាំង ដោយសារតែថ្លៃដើមខ្ពស់ពេក ពិសេសលើថ្លៃប្រេងម៉ាស៊ូត ជី គឺសុទ្ធតែថ្លៃ។ ប្រេងឥន្ធនៈ ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត មានតម្លៃខ្ពស់ ហើយស្រូវលក់ចេញបានថោក»។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៩ ខែឧសភា បានកណត់តម្លៃលក់ប្រេងសាំងធម្មតាតម្លៃ៥៤០០រៀលក្នុងមួយលីត្រកើតឡើងជិត៥ភាគរយធៀបនឹងសប្ដាហ៍មុន ខណៈប្រេងម៉ាស៊ូតតម្លៃលក់រាយតម្លៃ៥៤៥០រៀលក្នុងមួយលីត្រកើនឡើងប្រហែល៥ភារយធៀបនឹងសប្ដាហ៍មុនដូចគ្នា។

កម្ពុជានាំចូលប្រេងឥន្ធនៈ និងជីកសិកម្មពីបរទេសស្ទើរទាំងស្រុង។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា កម្ពុជានាំចូលជីកសិកម្មក្នុងតម្លៃប្រហែល៤២០លានដុល្លារ និងនាំចូលថ្នាំបាញ់សម្លាប់សត្វល្អិតលើដំណាំជិត២១៨លានដុល្លារ កាលពីឆ្នាំមុន ហើយការនាំជីកសិកម្មមានការកើនឡើងប្រហែល២៦លានដុល្លារលើសឆ្នាំមុនមួយទៀត។
ដូចគ្នាដែរកម្ពុជានាំចូលប្រេងឥន្ធនៈជិត២២០លានដុល្លារក្នុងមួយខែមករា នៅដើមឆ្នាំនេះ។
លោក ពុយ មានប្រសាសន៍ទៀតថា ជីដែលគាត់ទិញពីឈ្មួញ គឺនាំចូលពីប្រទេសវៀតណាមដែលមានតម្លៃ៤២ដុល្លារក្នុងមួយបាវមានទម្ងន់៥០គីឡូក្រាម ដែលតម្លៃនេះស្ទើរតែគុណនឹងពីរបើធៀបទៅនឹងឆ្នាំមុន។
លោកបញ្ជាក់ថា ក្នុងមួយហិកតាលោកត្រូវប្រើជីអស់ប្រហែលប្រាំទៅប្រាំមួយបាវ និងសម្រាប់ដីស្រែលោកទាំងអស់ត្រូវប្រើជីគិតជាទឹកប្រាក់ជាង១ម៉ឺន៥ពាន់ដុល្លារ ខណៈដែលតម្លៃជួលដី១៨០ដុល្លារក្នុងមួយហិកតាផ្សេងទៀត។
ដោយគិតថា មិនអាចចំណេញបាន លោក ពុយ ថា លោកបានបង្វែរដីស្រែមួយចំនួនទុកធ្វើស្រូវវស្សាប្រភេទពូជផ្កាម្លិះ ដែលពូជនេះអាចលក់បានក្នុងតម្លៃខ្ពស់សម្រាប់ការនាំចេញទៅទីផ្សារបរទេស និងស៊ីជីតិចផង ប៉ុន្តែថាវាត្រូវការទឹកច្រើន។ ប៉ុន្តែខុសពីស្រូវប្រាំង ពូជផ្កាម្លិះ អាចប្រមូលផលបានទាល់តែនៅអំឡុងខែវិច្ឆិកា ដែលធ្វើឲ្យលោកត្រូវកាត់ទិន្នផលដែលត្រូវប្រមូលបាននៅប៉ុន្មានខែបន្ទាប់ប្រហែលពាក់កណ្ដាល។
ការឡើងថ្លៃនៃតម្លៃជី និងប្រេងឥន្ធនៈ មិនត្រឹមតែដាក់សម្ពាធលើកសិករធ្វើស្រែនៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ទូទាំងប្រទេស ខណៈប្រជាពលរដ្ឋកម្ពុជាជាងពាក់កណ្ដាលប្រកបរបរកសិកម្ម។
កាលពីឆ្នាំកន្លងទៅ កសិករបានជួបបញ្ហាតម្លៃស្រូវក្នុងស្រុកធ្លាក់ថ្លៃ និងបានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ និងជួយស្វែងរកទីផ្សារ។
ដោយសារតែកសិករមួយចំនួនបានកាត់បន្ថយទំហំផ្ទៃដីបង្កបង្កើនផលព្រោះតែតម្លៃផលិតឡើងខ្ពស់ មានឈ្មួញ និងកសិករមួយចំនួនបានលើកឡើងថា ការផ្គត់ផ្គង់ស្រូវចាប់ផ្ដើមខ្វះខាត ហើយតម្លៃក៏ប្រែប្រួលដែលពេលនេះទំនងជាអាចឡើងថ្លៃវិញ។
តម្លៃស្រូវនៅកម្ពុជាកាលពីឆ្នាំមុនប្រហែល៨០០រៀលក្នុងមួយគីឡូក្រាម។ លោក ពុយ បន្តថា តម្លៃដែលល្អសម្រាប់កសិករគឺនៅចន្លោះពី៩០០រៀល ទៅ ១០០០រៀលក្នុងមួយគីឡូក្រាម។

រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងតាមដានផលប៉ះពាល់លើកសិករពីសំណាក់តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដើម្បីជួយទប់ស្កាត់ការឡើងថ្លៃខុសប្រក្រតី និងថារដ្ឋាភិបាលបានណែនាំទៅមន្ទីរកសិកម្មឲ្យរាយការណ៍ពីបញ្ហាតម្លៃប្រេងឥន្ធនៈនេះផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មិនបានឆ្លើយតបសំណួរអ្នកសារព័ត៌មានភ្លាមៗទេគិតមកដល់ម៉ោងផ្សាយនេះ។
កម្ពុជាមិនមានប្រភពជីកសិកម្មបម្រុងនោះទេ ហើយក្រោយពីមានជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានហាមឃាត់ការនាំចូលជីកសិកម្មពីប្រទេសនេះផងដែរ ដែលកន្លងមកថៃជាប្រទេសផ្គត់ផ្គង់ជីដ៏ធំមួយដែរសម្រាប់កសិករកម្ពុជា។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍កាលពីខែមីនា ថា កម្ពុជាមានប្រេងឥន្ធនៈបម្រុងគ្រប់គ្រាន់សម្រាប់រយៈពេល២១ថ្ងៃ។ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីបរិមាណប្រេងម៉ាស៊ូតដែលកម្ពុជាមានក្នុងស្ដុកនោះទេ។
អ្នកស្រី បាន ចិន្តា កសិករម្នាក់ទៀតនៅក្នុងភូមិប្រគាប បានឲ្យដឹងដែរថា អ្នកស្រីមានប្រេងម៉ាស៊ូតបម្រុងទុកចំនួន៩០លីត្រ ត្រៀមទុកប្រើបើសិនជាតម្លៃវាហក់ឡើងខ្លាំង។
អ្នកស្រីបន្តថា ជាធម្មតាអ្នកស្រីប្រើប្រេងមាស៊ូតអស់ប្រហែល២០០លីត្រលើដីស្រែប្រាំងប្រហែលប្រាំបីហិកតា គិតតាំងពីវគ្គដាំដុះមក។
អ្នកស្រីចិន្តា នៅមិនទាន់ដឹងច្បាស់ទេថា ខ្លួនអាចនឹងលក់ផលស្រូវបានចំណេញឬអត់ ដោយថាតម្លៃស្រូវឡើងចុះ និងតម្លៃប្រេងឥន្ធនៈ និងជីវិញក៏ខ្ពស់។

កសិករម្នាក់ទៀត គឺលោក បួន ណារិន បានរៀបចំផែនការដូចលោក ពុយ ដែរដោយត្រៀមប្រើដី១០ហិកតារបស់លោកសម្រាប់ដាំដុះស្រូវផ្កាម្លិះវិញ និងត្រៀមប្រមូលផលនៅចុងរដូវវស្សា។
ពេលសួរថាតើអ្នកទាំងនោះមានផែនការស្វែងរកការងារផ្សេងដើម្បីបន្ថែមចំណូលនៅរដូវនេះដែរទេ ទាំងអ្នកស្រី ចិន្ដា និងលោក ពុយ បានលើកឡើងថា ខ្លួនមិនដឹងថារកការងារនៅទីណានោះដែរក្រៅពីធ្វើស្រែ។
ឈ្មួញលក់ជីកសិកម្ម បានឲ្យដឹងថា ថ្វីបើតម្លៃជីនៅតែខ្ពស់ ហើយថាការនាំជីពីវៀតណាមកំពុងជំនួយឲ្យការផ្គត់ផ្គង់របស់ថៃ និងថាពេលនេះជីក្នុងស្ដុកនៅមានគ្រប់គ្រាន់។
លោក អ៊ិន សុទ្ធ ឈ្មួញលក់ជីមានឃ្លាំងនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា តម្លៃជីបានហក់ឡើងខ្លាំងតាំងពីមានជម្លោះព្រំដែនជាមួយថៃកាលពីឆ្នាំមុន។
លោកបន្ថែមថា ក្រោយមានសង្គ្រាមនៅមជ្ឈិមបូព៌ាទៀត បញ្ហាប្រេងឥន្ធនៈ និងជីកសិកម្មកាន់តែជួបការលំបាក ប៉ុន្តែថាការនាំចូលជីពីវៀតណាមបានជួយរក្សាបរិមាណជីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តបាត់ដំបង។
យ៉ាងណា លោកក៏មានក្ដីបារម្ភថា ទិន្នផលស្រូវអាចធ្លាក់ចុះនៅឆ្នាំនេះ។
លោកឲ្យដឹងថា៖ «នៅពេលជីឡើងថ្លៃ កសិករចង់ ឬមិនចង់នឹងកាត់បន្ថយបរិមាណប្រើប្រាស់»។

ឈ្មួញលក់ជីម្នាក់ទៀត អ្នកស្រី សួន សុភាព បានឲ្យដឹងដែរថា អ្នកស្រីនៅមានភាពស្ទាក់ស្ទើរក្នុងការនាំជីចូលព្រោះតែតម្លៃខ្ពស់ និងថាអ្នកស្រីបារម្ភពីរឿងលក់ចេញមិនបានលឿន។ អ្នកស្រីរំពឹងថា តម្រូវការជីនឹងកើនឡើងវិញនៅខែសីហា ខាងមុខ។
មេឃុំរូងជ្រៃ លោក យូ សឿម មានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករលើរឿងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម លោកបានជំរុញឲ្យកសិករចូលរួមក្នុង «សហគមន៍កសិកម្មទំនើប» ដែលជាគម្រោងរបស់រដ្ឋាភិបាលក្នុងការចូលរួមលើកកម្ពស់ជីវភាពកសិករខ្នាតតូចតាមរយៈការចូលរួមក្នុងសហគមន៍ដោយរួមគ្នាផលិត និងគ្រប់គ្រង។
លោក សឿមឱ្យដឹងថា កសិករប្រហែលជា ១ ០០០គ្រួសារក្នុងឃុំរបស់លោកបានចូលរួមក្នុងសហគមន៍នេះ ដែលបានជួយកសិករអាចទិញប្រេងម៉ាស៊ូតក្នុងតម្លៃទាបជាងតម្លៃលក់រាយធម្មតា និងអាចកាត់បន្ថយថ្លៃចំណាយបានខ្លះ។
ទោះយ៉ាងណាសហគមន៍កសិកម្មទំនើបក៏រងការរិះគន់មួយចំនួនដែរ។ អ្នកសិក្សាស្រាវជ្រាវបានបង្ហាញពីលទ្ធផលចម្រុះគ្នា ខណៈសហគមន៍ពិតជាបានចូលរួមបង្កើនប្រាក់ចំណូលរបស់កសិករខ្លះ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែអាចកើតមាន ដូចជាការធ្លាក់ថ្លៃរបស់តម្លៃស្រូវ ថ្លៃផលិតខ្ពស់ កសិករជាប់បំណុល និងផលប៉ះពាល់ដល់បរិស្ថានទាក់ទងនឹងការប្រើប្រាស់សារធាតុគីមីកាន់តែច្រើនជាដើម។

របាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា នៅឆ្នាំ២០២២ ប្រសិទ្ធភាពនៃសហគមន៍កសិកម្មទំនើបនៅមានកម្រិត ដោយថាមានសហគមន៍តែ១៧,៥ភាគរយប៉ុណ្ណោះដែល«ដំណើរការបានល្អ»។
វិបត្តិថាមពលដែលកំពុងកើតឡើងលើពិភពលោក បានធ្វើឲ្យកសិករកម្ពុជាជួបភាពមិនប្រាកដប្រជា និងទីផ្សារថាមពលពិភពលោកក៏មានភាពមិនច្បាស់លាស់។
លោក ហុង វណ្ណៈ សេដ្ឋកិច្ចវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា៖ «អ្វីដែលយើងត្រូវយកចិត្តទុកដាក់គឺសន្តិសុខស្បៀង ដែលវាជារឿងចាំបាច់។ ខ្ញុំគិតថារដ្ឋាភិបាលមានគោលនយោបាយកសិកម្មល្អលើផលិតកម្មស្រូវ ដំឡូងមី និងដំណាំផ្សេងៗទៀត ប៉ុន្តែការអនុវត្តនៅមានកម្រិត»។
លោកបន្តថា កម្ពុជាគួរតែបង្កើនការវិនិយោគលើវិស័យកសិកម្ម និងពង្រីកសហគមន៍កសិកម្មបានច្រើន ប៉ុន្តែលោកក៏ជំរុញឲ្យរដ្ឋាភិបាលពិចារណារៀបចំឲ្យមានផលិតកម្មជីកសិកម្មក្នុងស្រុកឲ្យបានច្រើនដែរ។
លោកបន្ថែមថា៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែពិចារណាផលិតជីក្នុងស្រុក និងកាត់បន្ថយការនាំចូលជីគីមីនិងថ្នាំគីមីកសិកម្មពីបរទេស ដោយខិតខំជំរុញការផលិតក្នុងស្រុក ដូចនេះយើងអាចធានាបាននូវសន្តិសុខស្បៀង និងស្ថិរភាពតម្លៃ»។
សម្រាប់លោក ពុយ ហាក់មើលមិនឃើញថាមានជម្រើសអ្វីក្រៅពីធ្វើស្រែ។
លោកលើកឡើងថា៖ «យើងមិនមានជម្រើសអ្វីផ្សេងទេ។ គ្មានការងារអ្វីក្រៅពីធ្វើស្រែ។ ទេ!មិនថាលំបាកប៉ុនណា ធ្វើទៅខាត ឬចំណេញ យើងនៅតែបន្តធ្វើដដែល»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Middle East Tensions Squeeze Cambodian Rice Farmers, Raise Food Security Fears










