សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករចំណាកស្រុកនៅបន្តលួចឆ្លងដែនខុសច្បាប់ទៅថៃទោះបីបារម្ភពីការឆ្លងជំងឺកូវីដ១៩

រថយន្តយោធាដឹកពលករចំណាកស្រុកដែលត្រឡប់ពីប្រទេសថៃ ទៅធ្វើចត្តាឡីស័កនៅក្នុងខេត្តបន្ទាយមានជ័យ។ រូបថតកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ
រថយន្តយោធាដឹកពលករចំណាកស្រុកដែលត្រឡប់ពីប្រទេសថៃ ទៅធ្វើចត្តាឡីស័កនៅក្នុងខេត្តបន្ទាយមានជ័យ។ រូបថតកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

កាល​ពី​ខែ​មេសា កន្លង​ទៅ យុវជន​ សុភូថ ដែល​មាន​វ័យ​ទើប​តែ​១៨​ឆ្នាំ បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើ​ការ​​ក្នុង​រោង​ចក្រនៅ​ប្រទេស​ថៃ​។ ក្នុង​​ខែកក្កដា យុវជន​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​។ ដំណើរ​របស់​សុភូថ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ពល​ករ​ខ្មែរ​​ជាច្រើន​ទៀត​កំពុង​បន្ត​លួច​ឆ្លង​ដែន​​រាល់​ខែ​ចូលទៅ​ប្រទេស​ថៃ ទោះ​បី​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​បិទ​ដោយ​សារ​បញ្ហា​កូវីដ១៩ ដោយ​អ្នក​ទាំង​នោះ​សង្ឃឹម​ថា​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​។​

សុភូថ បញ្ជាក់ថា៖ «​មូលហេតុ​ដែល​ខ្ញុំ​ទៅ​ប្រទេស​ថៃ ព្រោះ​តែ​បញ្ហា​ជីវភាព និង​មិន​មាន​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស»។​

រឿង​ពលករ​ចំណាក​ស្រុក​គ្មាន​ឯកសារ​ ជាបញ្ហា​ប្រឈមយូរអង្វែង​មក​ហើយ​សម្រាប់​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​បញ្ហា​ត្រូវ​បាន​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ក្នុង​អំឡុង​វិបត្តិកូវីដ១៩​។ ខណៈ​កម្ពុជា-ថៃ កំពុង​ព្យាយាម​គ្រប់​គ្រង​ជំងឺ​កូវីដ១៩ ពលករ​ចំណាក​ស្រុក​ថា​ខ្លួន​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​ឆ្លង​ដែន​នោះទេ ទោះជាព្រំដែនបិទ ឬ​បើក​ក៏​ដោយ​។​

ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បិទ​តាំង​ពី​ខែ​មីនា ឆ្នាំ២០២០ យ៉ាងណា គេ​ឃើញ​មាន​សញ្ញា​ធ្លាក់ចុះ​នៃការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តិច​តួច​ប៉ុណ្ណោះ​។ ស្របពេល ប្រទេស​ថៃ​កំពុង​បិទ​ខ្ទប់​​​នៅ​ពេល​ថ្មីៗ​នេះ​ជា​បន្ត​បន្ទាប់ ពលករ​ចំណាក​ស្រុក​រាប់​រយ​នាក់​បាន​ឆ្លង​ដែន​ត្រឡប់​មក​កម្ពុជា​វិញ បង្កើន​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ​១៩ កាន់​តែខ្លាំង ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំឲ្យ​មានមណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ព្រំ​ដែន​ក៏​ដោយ។​

ទោះបី​ជា​មិន​អាច​ដឹង​ពី​ចំនួន​ជាក់​លាក់​ក៏ពិត​មែន តែ​លោក​ស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មាន​ប្រសាសន៍​ថា ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​បើធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ​។​

លោក​ស្រី លើក​ឡើងថា អាជ្ញាធរ​​បង្ក្រាបបាន​ ១៩៨​ករណី​ក្នុង​រយៈពេល​ប្រាំមួយ​ខែ ក្នុង​ឆ្នាំ​២០២១ បើ​ប្រៀប​ធៀប​ឆ្នាំ​កន្លង​ទៅ​មាន​ត្រឹម​៦៣​ករណី​។ ក្នុង​ចំណោម​នោះ លោក​ស្រីថា ១២៦ ករណី​ ជា​ការ​លួច​ដឹក​ជញ្ជូន​មនុស្ស​ដោយ​ខុស​ច្បាប់​ឆ្លង​ព្រំ​ដែន​ទៅ​កាន់​ប្រទេស​ថៃ​។ ជាសរុប អាជ្ញាធរ​បានឃាត់​ខ្លួន​មនុស្ស​ចំនួន​២៣១​នាក់​។​

លោក​ស្រី​បន្ត​ថា៖ «ដូច​ដែល​យើង​បានដឹង​ហើយ ព្រំ​ដែន​កម្ពុជា​មិន​មែន​មានច្រក​ឆ្លង​កាត់​ពីរបី​នោះទេ​»។ លោ​ក​ស្រី កត់​សម្គាល់​ថា ព្រំដែន​កម្ពុជា​ថៃ​មាន​ប្រវែង​ជាង​៨០០​គីឡូម៉ែត្រ មាន​ច្រក​ច្រើន​ដែល​ឈ្មួញ​រត់ពន្ធ​មនុស្ស​អាច​នាំ​មនុស្ស​ឆ្លង​កាត់​បាន​។​

សម្រាប់ សុភូថ វិញឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ប្រាក់​ចំនួន​៤ ៥០០បាត ឬ​ប្រហែល​១៣៧​ដុល្លារ ដល់​មេខ្យល់ ដើម្បី​នាំ​លោក​ឆ្លង​ព្រំ​ដែនចូល​ប្រទេស​ថៃ​។ ជាមួយ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ មាន​ការ​លំបាក​ក្នុង​ការ​ទប់​ស្កាត់​ការ​លួច​ឆ្លងដែន​ខុស​ច្បាប់​។​

លោកស្រី បន្ថែម​ថា៖ «វា​ជាការ​ងារ​របស់​ពួកគេ[មេខ្យល់] ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ​ថា​ប្រជា​ពល​រដ្ឋ​យើង​ មិន​បាន​គិត​ដល់​ការការពារ​ជីវិត​ពីការ​ជួញ​ដូរ ក៏​ដូច​ជា​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩»។

​ពល​ករ​ចំណាក​ស្រុក​ម្នាក់​ទៀត លោក ឌីណា វ័យ​៣៥​ឆ្នាំ ទើប​ត្រឡប់ពីប្រទេស​ថៃ​កាលពី​សប្ដាហ៍​កន្លង​ទៅ។ លោក​និយាយថា៖ «​​អាជ្ញាធរ​ថៃ​ចាប់ និង​បញ្ជូល​ខ្ញុំ​ត្រឡប់​មកកម្ពុជា​​វិញ»។  លោក​ឲ្យ​ដឹង​ដែរថា ពេល​នេះ​កំពុង​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ ថ្ងៃ​នៅព្រំ​ដែន​។

ប្រទេស​ថៃ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​មាន​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ ឡើង​ខ្ពស់​ក្នុង​ខែ​កន្លង​មក​នេះ និង​បាន​នាំ​ឲ្យ​រដ្ឋាភិបាល​បិទ​ខ្ទប់​ខេត្ត​ចំនួន​១៣​។ នៅ​ថ្ងៃទី​២១ ខែកក្កដា ប្រទេស​ថៃមាន​សេចក្ដីរាយការណ៍​ថា​មាន​អ្នក​ឆ្លង​ចំនួន​១៣ ០០២ ករណី និង​មាន​អ្នក​ស្លាប់ចំនួន​១០៨​នាក់។ លោក ឌីណា ឲ្យ​ដឹង​ដែរ​ថា ការដ្ឋាន​សំណង់​របស់​លោក​បាន​បិទ​កាលពី​សប្ដាហ៍​កន្លង​ទៅ ដើម្បី​ទប់​ស្កាត់ការ​រាលដាល​ជំងឺ​កូវីដ១៩ ហើយ​លោក​សង្ឃឹម​ថា​នឹង​បាន​បន្ត​ស្នាក់​នៅ និង​រកការ​ងារ​នៅ​ទីនោះ​។​

លោក​ថា៖​ «ខ្ញុំ​ខ្លាច[វីរុសកូវីដ១៩] ប៉ុន្តែ​បើ​ខ្ញុំ​មក​វិញ គ្មាន​អីហូប​ទេ​នៅ​ក្នុង​ភូមិ ហើយវា​ពិបាក​រកការងារ​ធ្វើ ដែល​អាច​បាន​ប្រាក់​បង់​សង​ធនគារ»។​

លោក​ ឌីណា ទៅប្រទេស​ថៃ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩ ដែល​កាល​នោះ​លោក​ទៅ​ដោយ​ស្រប​ច្បាប់​។​

លោក​ឲ្យ​ដឹងថា៖ «​នៅ​ក្នុង​ប្រទេស យើង​មិន​មាន​ការ​ងារ​ច្រើន​សម្រាប់ធ្វើទេ»។ លោក​បន្ថែម​ថា លោក​អាច​រក​ប្រាក់​បាន​ប្រហែល​៤៥០បាត ឬ​ប្រហែល​១៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នៅ​ប្រទេស​ថៃ​។​

លោក ហួ តារារិទ្ធិ ប្រធាន​ច្រក​ព្រំ​ដែន​អូស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ដែរថា ខណៈ​ដែល​ច្រក​ព្រំ​ដែន​បិទ លើក​លែង​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ មេខ្យល់​នៅ​តែ​អាច​រក​ច្រក​ឆ្លង​កាត់​ផ្សេង​ទៀត​បាន​តាម​តំបន់​ព្រំ​ដែន​មាន​ព្រៃឈើ​ក្រាស់ៗ។​​

លោកមាន​ប្រសាសន៍ថា៖ «គ្មា​នការ​លួច​ឆ្លងដែន​ខុសច្បាប់នៅច្រកព្រំដែន​អូស្មាច់​របស់​ខ្ញុំ​ទេ»។ លោក​បន្ថែម​ថា ការ​កើន​ឡើង​នៃ​ការ​វិលត្រឡប់ពី​ថៃ​​របស់​ពល​ករ​ចំណាក​ស្រុក ដោយសារតែ​ការ​ផ្ទុះ​រាលដាល​ជំងឺកូវីដ១៩ និង​ការ​បាត់​បង់​ការងារ​។​

កាល​ពី​ដើម​ខែ​នេះ ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ប្រទេស​កម្ពជា​ក្នុង​បញ្ជីរាយនាម នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោ​យ​បាន​លើក​ឡើងថា​​ រដ្ឋាភិបាល​កម្ពុជា​មិនបាន​បំពេញ​ទៅ​តាម​ «ស្ដងដារអប្បបរមា» ដើម្បី​លុប​បំបាត់ការ​ជួញ​ដូរ​មនុស្ស ដោយ​សារ​តែ​មាន​ «ការរាលដាលអំពើពុករលួយ»។​

លោក ឌី ថេហូយ៉ា មន្ត្រី​គ្រប់​គ្រង​គម្រោង​របស់​អង្គការ​សង់ត្រាល់ មាន​ប្រសាសន៍​ថា ភាពកម្សោយ​ក្នុងការ​អនុវត្តច្បាប់ ភាពក្រីក្រ និង​អំពើពុក​រលួយ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បិទព្រំដែន​។

លោក​មានប្រសាសន៍ថា៖ «វា​នៅ​មាន​ការ​ឃុបឃិតគ្នា​រវាង​មន្ត្រី និង​ពួក​មេខ្យល់ជា​ប្រព័ន្ធ»។​

លោក​បន្តថា «មានហេតុ​ផល​ជា​ច្រើន​ទៀត» ដែល​ពលករ​នៅ​អាច​ចាកចេញ​បាន។ លោក​ថា៖ «​ទី​១ ប្រជា​ពល​រដ្ឋ​គ្មាន​ជម្រើស​ក្នុង​ការ​រក​ប្រាក់ចំណូល មានការ​ងារ​តិច​តួច​[ក្នុង​ប្រទេស] ហើយ​ពួកគាត់​ត្រូង​បង់​សង​ធនាគារ និង​បើ​សិនជា​ពួកគាត់​ដាំដុះ​ដំណាំ​កសិកម្ម​ពេល​ប្រមូល​ផល​ក៏​គ្មាន​ទី​ផ្សា​រ​ទៀត»។​

លោក ស៊ុំ ចាន់គា មន្ត្រី​សម្របសម្រួល​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ បានបង្ហាញ​ក្ដី​កង្វល់​អំពី​លទ្ធភាព​របស់​កម្ពុជា​ក្នុងការ​គ្រប់​គ្រង​ការ​រាលដាល​វីរុស​កូវីដ​១៩ ខណៈ​ដែល​ពល​ករ​ជាច្រើន​ត្រូវ​បាន​បញ្ជូន​មក​ស្រុក​កំណើត​វិញ​នៅពេល​ថ្មីៗ​នេះ ស្របពេល​មាន​ការ​បិទខ្ទប់​នៅ​ថៃ​។​

លោក​មាន​ប្រសាសន៍ថា៖ «​ដំបូង​ពួកគេ​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​ឆ្លង​ដែន​ខុស​ច្បាប់ បន្ទាប់​មក​ពួកគេ​ក៏​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ»។​

លោក​បន្ថែម​ថា៖ «​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ពល​ករដែល​ត្រឡប់​មក​វិញ ព្រោះ​ថា​៩០​ភាគ​រយ​នៃ​អ្នក​ទាំង​នោះ​​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ១៩»។

លោក នៅ​តែ​ឆ្ងល់​ថាហេតុ​អ្វី​ពល​ករ​ខ្មែរ​នៅ​តែ​បន្ត​ចំណាក​ស្រុក​។ លោក​ថា ទោះបីជា​មាន​គ្រោះ​ថ្នាក់ ពលករ​ខ្មែរ​នៅ​តែ​ «អង្វរ​មេខ្យល់​ឲ្យ​នាំ​ពួកគេ​ទៅ​ប្រទេស​ថៃ» ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Migrants still slipping through closed Thai-Cambodian border, despite pandemic fears

254 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម