ក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថថ្នាក់ជាតិ បានរកឃើញថា ករណីអនុភូមិម្នាក់នៅខេត្តកំពង់ធំស្លាប់នៅពេលចាប់ខ្លួនគឺដោយសារខ្វះអុកស៊ីហ្សែននៅលើរថយន្ត ហើយករណីនេះឈានដល់ការបញ្ជូនមន្ត្រីអាវុធហត្ថ៣នាក់ទៅតុលាការ។
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថា លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមការងារចំពោះកិច្ចរកឃើញថា លោក សួង ឌ័ន អនុភូមិរូង នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅពេលចាប់ខ្លួនកាលពីថ្ងៃទី៧ ខែសីហានោះ ដោយសារតែខ្វះអុកស៊ីហ្សែនសម្រាប់ដកដង្ហើមនៅក្នុងរថយន្ត។
លោក អេង ហ៊ី ថ្លែងថា៖«បុគ្គលនេះអាចស្លាប់ដោយសារការខ្វះអុកស៊ីហ្សែន»។
លោក អេង ហ៊ី បញ្ជាក់ថា ការខ្វះអុកស៊ីហ្សែនដកដង្ហើមនេះ ដោយសារផ្ទុកមនុស្សច្រើនលើសចំណុះរថយន្ត។
លោក អេង ហ៊ី ថ្លែងថា៖«ការជិះនោះគឺចង្អៀតណាស់ ឃ្លុបក្រោយ៤នាក់ ហើយបាំងមុខមានទៀត ក្នុងឡាន ១១នាក់។ ឡានមួយ ១១នាក់ឡានស៊ីណា»។
លោក បន្តថា នៅក្នុងដំណាក់កាលចាប់ខ្លួន និងដឹកជញ្ជូនពីកន្លែងចាប់ខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំនោះគឺមិនមានករណីប្រើអំពើហិង្សានោះទេ។
លោក អេង ហ៊ី ថ្លែងថា៖«មើលលើកំណត់ហេតុថា តើមានក្រៀកកឱ្យស្លាប់ទេ គឺអត់មានស្លាកស្នាមអីទេ ដែលថា ដាច់សរសៃ បាក់ក អីអត់មានទេ ដៃជើងអីនៅល្អទាំងអស់»។
លោក អេង ហ៊ី បញ្ជាក់ទៀតថា បើទោះជាកងកម្លាំងមិនបានប្រើអំពើហិង្សាផ្ទាល់លើលោក សួង ឌ័ន ប៉ុន្តែរកឃើញថា កងកម្លាំង៣នាក់ ក្នុងចំណោម១៣នាក់ត្រូវទទួលខុសត្រូវចំពោះករណីនេះ។ ហើយពួកគេត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធពីបទមនុស្សឃាតដោយអចេតនា។ អ្នកទាំង៣នាក់នោះរួមមានឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងឈ្មោះ សៅ សិរីវុឌ្ឍ ជាជំនួយការនៅអង្គភាពនគរបាលយុត្តិធម៌។

កញ្ញា ឌីន នារតី កូនស្រីរបស់លោក សួង ឌ័ន ថ្លែងថា គាត់មិនទទួលយកបានចំពោះហេតុផលថា ឪពុករបស់កញ្ញា ស្លាប់ដោយសារខ្វះអុកស៊ីហ្សែនដកដង្ហើមនេះ។ កញ្ញាជឿថា ការស្លាប់ដោយមានអំពើហិង្សាពីកម្លាំងអាវុធហត្ថ។
កញ្ញា ឌីន នារតី បាននិយាយ៖«បើមិនក្រៀក ក គាត់ទៅក្រោយមិនទំហឹងក៏គាត់មិនដល់ថ្នាក់ហ្នឹងដែរ។ បើសិនជាគាត់ស្លាប់ដោយសារខ្វះអុកស៊ីហ្សែន ឬ ពុលឡានក៏គាត់ស្រែកដែរថា គាត់ខ្វះអ៊ុកស៊ីសហ្សែន ឬ ពុលឡានហើយ»។
កញ្ញា ឌីន នារតី កំពុងពិចារណាសិក្សាជាមួយអ្នកច្បាប់ក្នុងការដាក់ពាក្យប្តឹងរកមូលហេតុពិតនៃការស្លាប់របស់ឪពុកកញ្ញា និងទាមទារសំណងសម្រាប់ចិញ្ចឹមគ្រួសារ៧ម៉ឺនដុល្លារ។
លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ធំឱ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថទាំង៣នាក់នោះបានបញ្ជូនដល់តុលាការកាលពីយប់ថ្ងៃអង្គារ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលសាកសួរ។
លោក សាយ វាសនា ថ្លែងថា៖«នៅខាងអយ្យការកំពុងសួរនាំបន្ថែមទៀត ព្រោះថា យុត្តិធម៌គឺយុត្តិធម៌ទាំងសងខាង ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលបំពេញការងារ។ យើងធ្វើទាំងអស់ពឹងផ្អែកទៅលើភស្តុតាងទាំងអស់»។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបានបង្ក្រាបទីតាំងល្បែងអនឡាញ១កន្លែងនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការបង្ក្រាបនេះបានចាប់ខ្លួនបុរស៤នាក់ ក្នុងចំណោមនោះម្នាក់ជាអនុភូមិឈ្មោះ សួង ឌ័ន បានស្លាប់នៅពេលកំពុងដឹកយកទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំ។ បន្ទាប់មក បុរស៣នាក់នោះ ត្រូវបានដោះលែងវិញ។
លោក ញ៉ែម សំអឿន មន្ត្រីអាដហុកប្រចាំខេត្តកំពង់ធំថ្លែងថា លោកនៅតែប្រកាន់យកភស្តុតាងដែលលោកប្រមូលបានគឺការស្លាប់លោក សួង ឌ័ននោះអាចពាក់ព័ន្ធអំពើហិង្សា។
លោក ញ៉ែម សំអឿន បានថ្លែងថា៖«ខ្ញុំនៅតែទទួលយកព័ត៌មានដែលខ្ញុំយកបានមកហ្នឹងគឺទាំងសាក្សី និងជនរងគ្រោះដែលគាត់បានបញ្ជាក់ថា ការចាប់ហ្នឹងជាសកម្មភាពដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សរសៃ ក របស់គាត់» ។
ករណីដែលចោទថា កម្លាំងសមត្ថកិច្ចប្រើហិង្សានៅពេលចាប់ខ្លួនជនសង្ស័យនោះតែងតែកើតមានបន្តបន្ទាប់ ដូចជា ករណីស្លាប់ឈ្មោះ ទុយ ស្រស់ នៅខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០១៩ ហើយតុលាការកាត់ទោសមន្ត្រីកងរាជអាវុធហត្ថ២រូបក្នុងខេត្តនោះឱ្យជាប់ពន្ធនាគារ។ ចំណែកករណីស្លាប់ យុវជន ពេជ្រ ធារ៉េត នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ក្រុមគ្រួសារកំពុងប្តឹងកម្លាំងនគរបាលស្រុកសង្កែថា បានធ្វើទារុណកម្មរហូតសាច់ញាតិពួកគេស្លាប់៕