សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រាក់ខែកម្មករសម្រាប់ឆ្នាំ២០២២នឹងត្រូវបោះឆ្នោតសម្រេច បន្ទាប់ពីកិច្ចប្រជុំលើកទី៣មិនទទួលបានដំណោះស្រាយរួម

កម្មករចេញពីរោងចក្របន្ទាប់ពីចប់ម៉ោងការងារនៅភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កម្មករចេញពីរោងចក្របន្ទាប់ពីចប់ម៉ោងការងារនៅភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

តំណាង​ភាគី​និយោជក រដ្ឋាភិបាល និង​សហជីព​​នឹង​បោះ​ឆ្នោត​សម្រេច​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមា សម្រាប់​ឆ្នាំ​២០២២ ​របស់​កម្មករកាត់ដេរ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​​ប្រជុំ​ចរចាគ្នា​បី​លើក​រួច​មក​។​​

លោក ម៉ាន់ សេងហាក់ អនុប្រធាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា

បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី​បី របស់​ត្រី​ភាគី បាន​ធ្វើ​ឡើង​នៅ​ថ្ងៃអង្គារ ដោយមិន​មាន​ដំណោះ​ស្រាយ​​​អ្វី​នោះទេ។​

លោក​ឲ្យ​ដឹង​ថា៖ ​«ដូច​នេះ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ពួកគេ​នឹង​យក​តួលេខទាំងអស់ពីគ្រប់ភាគី​ដើម្បី​​បោះ​ឆ្នោត​ដើម្បី​យក​តួលេ​ខ​មួយ​សម្រាប់​កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​ សម្រាប់​​ឆ្នាំ​២០២២»។ លោក​បន្ថែម​ទៀត​ថា៖ «អ្នក​ចូល​រួម​បោះ​ឆ្នោត​នឹង​មាន​ចំនួន​១៧​រូប​មកពី​ខាង​និយោជក ១៧​រូប​ផ្សេងទៀត​មកពី​ខាង​តំណាង​រដ្ឋាភិបាល និង​១៧​រូប​ទៀត​មក​ពី​តំណាង​សហជីព»។​

លោក​ សេងហាក់ ឲ្យ​ដឹង​ទៀត​ថា ​កិច្ច​ប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃអង្គារ​នេះ តំណាង​និយោជក​បាន​ដាក់​សំណើ​​តួលេខ​ចំនួន​១៨៨ដុល្លារ​ ដែលសប្ដាហ៍​​មុន​​ដាក់​​ត្រឹម​១៨៣,៤០​ដុល្លារ។ ចំណែក​ខាង​ភាគី​តំណាង​រដ្ឋាភិបាល​វិញ បាន​ដាក់​តួលេខ​ចំនួន​១៩២​ដុល្លារ ឡើង​ពីចំនួន​១៩១,៩០ដុល្លារ ខណៈ​ភាគី​សហជីព​បាន​បញ្ចុះ​ចំនួន​តួលេខ​ពី​២០៦,៦០​ដុល្លារ មក​នៅ​២០៤​ដុល្លារ​វិញ​។ ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​បច្ចុប្បន្ន​មាន​ចំនួន​១៩២​ដុល្លារ ប៉ុន្តែ​ពី​ដំបូង​ទាំង​ភាគី​និយោជក និង​តំណាង​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​គោល​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩ នេះ។ ចំពោះ​តំណាង​ភាគីសហជីព​វិញ ដំបូង​បាន​ស្នើ​តួលេខ​ចំនួន​២១៤,២០​ដុល្លារ​។​

លោក សេងហាក់ ​មាន​ប្រ​សាសន៍ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​កាត់ដេរ និង​ដេរស្បែកជើង​គួរ​តែមាន​ចំនួន​ដូច​ខាង​យើង​បា​ន​ស្នើ​ឡើង[២០៤ដុល្លារ] ពីព្រោះ​ថា​ការ​ចំណាយ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ រួម​ទាំង​ទំនិញផ្សេងៗ និង​ប្រេង​សាំង​ក៏​បាន​ឡើង​ថ្ងៃ​ផង​ដែរ»។​ លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​គួរ​តែ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ពីព្រោះ​ថា​ទំនិញ​ផ្សេងៗ ក៏ឡើង​ថ្លៃ​ដែរ…​ហើយ​រដ្ឋាភិបាល​មិន​គួរ​ស្នើ​តួលេខ​ស្មើ​នឹង​ឆ្នាំចាស់នោះទេ»។​

លោក​កត់​សម្គាល់ថា កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​បាន​បាន​ដំឡើង​តួលេខ​ចំនួន​ពីរ​ដុល្លារ ទោះបីជា​ពេល​នោះ​ស្ថានភាព​ជំងឺ​កូវីដ-១៩ កំពុង​តែបង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច និង​កាត់​ដេរ​យ៉ាង​ខ្លាំង​ក៏​ដោយ​។​

លោក ខេន លូ អគ្គលេខាធិការសមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះថា ភាគី​និយោជកបាន​គណនា​ប្រាក់​ឈ្នួល​គោល​ដោយ​ផ្អែក​លើ​​គោលការ​ប្រាំពីរ​ចំណុច​។ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា លោក​បាន​និយាយ​ថា​ខាង​និយោជក​បាន​គណនា​តាម​វិធី​របស់​ខ្លួន ដើម្បី​ដាក់​ចេញ​នូវ​តួលេខ​ប្រាក់​ខែកម្មករ ដែ​ល​គួរតែ​កាត់​បន្ថយ​ចំនួន​៤,៥​ភាគ​រយ។ លោក ខេន លូ បាន​លើក​ឡើងពី​ផល​ប៉ះ​ពាល់​របស់ជំងឺ​កូវីដ-១៩ មក​លើ​សេដ្ឋកិច្ច និង​ថា​ផលិត​កម្ម​របស់​និយោជក​ក៏​បាន​ថយ​ចុះ​ចំនួន​១០​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០ បើ​ធៀប​នឹ​ង​ឆ្នាំ​២០១៩​។​

លោក​ឲ្យ​ដឹង​ទៀតថា និយោជក​បាន​ចំណាយ​ច្រើន​ ដើម្បី​ការពារ​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ-១៩ នៅ​ក្នុង​រោង​ចក្រ ដូច​ជា​ការ​ចំណាយ​លើ​ថ្លៃទិញ​ម៉ាស ទឹក​លាង​សម្អាត​ដៃ និង​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​កម្មករជាដើម​។​

លោក អាត់ ធន់ ប្រធាន​សភាពការងារ​កម្ពុជា ដែលជា​សហជីព​ធំ​មួយ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ចរចាត្រីភាគី​នេះ​ដែរ មាន​ប្រ​សាសន៍​ថា កម្មករ​ជួប​ការ​លំបាកច្រើន​ជាង​និយោជក​នៅ​ក្នុង​វិបត្តិកូវីដ-១៩ នេះ។​

លោក មានប្រសាសន៍​ថា៖ «​បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ទេ វានឹង​ធ្វើ​ឲ្យ​កម្មករ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង»។ លោកឲ្យដឹងទៀតថា៖ ​«ខ្ញុំគិតថា ភាគីខាង​និយោជក​គួរ​គិត​ពី​បញ្ហា​នេះ​ឡើង​វិញ ហើយ​រដ្ឋាភិបាល​គួរ​តែ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​យើង​ឲ្យ​បាន​សមរម្យ»។​

លោក អាត់​ ធន់ លើក​ឡើង​ទៀតថា ការចំណាយ​ប្រចាំ​ថ្ងៃរបស់​កម្មករ​ក៏កើន​ឡើង ខណៈ​អតិផរណា​មាន​ចំនួន​៣ភាគរ​យ​កាលពី​ឆ្នាំ​ទៅ។ នៅពេលនេះ​លោក​ថា រដ្ឋាភិបាល ក៏​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ ដើម្បី​កាត់​បន្ថយអត្ថប្រយោជន៍​ខ្លះ​របស់​កម្មករ​ផង​ដែរ​។ លោក​ថា៖ «​ដូច​នេះ​ បើ​មិន​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ វាមិ​នសមហេតុ​ផលនោះ​ទេ»។​

អ្នកស្រី ធុច ស្រីនាង វ័យ​៣៩ឆ្នាំ កម្មករ​នៅ​រោងចក្រ Top Silver ក្នុង​ខេត្ត​ព្រៃវែង​ បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី​បាន​ជួប​ការលំបាក​ក្នុង​ការ​ផ្គត់​ផ្គង់​គ្រួសារ​ដែលមាន​សមាជិកប្រាំពីរនាក់ ជាមួយ​ប្រាក់​ខែ​២០០​ដុល្លារ​ក្នុង​មួយ​ខែ។​

អ្នកស្រី ​ឲ្យ​ដឹង​ថា៖ «​សព្វថ្ងៃ បើសិនជា​ពឹង​តែលើ​ប្រាក់ខែខ្ញុំ ​ ខ្ញុំ​មិន​អាច​ទ្រទ្រង់​គ្រួសារ​បានទេ ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ ក៏​បាន​ជួយ​ក្នុង​គ្រួសារ​ដែរ»។​

អ្នកស្រី ​បន្ថែមថា៖ «​ខ្ញុំ​គិត​ថា បើ​សិនជា​រដ្ឋាភិបាល​មិន​ដំឡើងប្រាក់ខែ​ទេ ជីវភាព​គ្រួសារ​ខ្ញុំ​នឹងកាន់តែ​ធ្លាក់ចុះ»។ អ្នក​ស្រីបន្ត​ថា អ្នក​ស្រី​សង្ឃឹម​ថា​ប្រាក់​ឈ្នួល​គោល​អប្បបរមា​នឹង​ឡើង​បាន​ច្រើនជាង​២០០​ដុល្លារ​។​

អ្នកស្រីនិយាយថា៖ «​គ្រួសារ​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ច្រើនជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់ម្ហូបអាហារ…​បើ​សិនជាគេមិន​ដំឡើង​ប្រាក់ខែ​ទេ​ ខ្ញុំ​ពិត​ជា​ខកចិត្ត​ខ្លាំង ពីព្រោះ​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​រាល់​ឆ្នាំ»។​

អ្នកស្រី លុច សុខគា វ័យ​២៤​ឆ្នាំ ជា​កម្មករ​នៅ​រោង​ចក្រ​ Horizon Outdoor ក្នុង​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​ដឹង​ដែរថា អ្នកស្រី ​គិត​ថា ​កម្មករ​នឹង​តវ៉ា​បើ​សិនជា​ពួកគេ​មិន​ទទួល​បាន​កា​រដំឡើង​ប្រាក់ខែ។

អ្នកស្រី លើក​ឡើង​ថា៖ «បើសិនជា​រដ្ឋាភិបាល​មិន​ដំឡើង​ប្រាក់​ខែដល់កម្មករ ឬកាត់​ប្រាក់ខែ កម្មករ​យើង​ភាគ​ច្រើន​នឹង​ធ្វើកូដកម្ម​ទាម​ទារ​ការ​ដំឡើង​ប្រាក់ខែ»។​

អ្នកស្រី ​បញ្ជាក់ទៀតថា៖ ​«​ប្រាក់ខែ​បច្ចុប្បន្ន​មិ​ន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ប្រចាំ​ថ្ងៃនោះទេ ដូច​នេះបើ​សិន​ជា​រដ្ឋាភិបាល​មិន​ដំឡើង​ប្រាក់ខែជីវភាព​របស់ពួក​យើង​នឹង​កាន់តែ​ពិបាក»។​

អ្នកស្រី បាន​សំណូមពរ​ថា៖ «​សូម​​រដ្ឋាភិបាល​ជួយ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករផង»។​

អ្នកនាំពាក្យ​ក្រ​សួង​ការងារ​លោក ហេង សួរ មិន​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​។ លោក វ៉ាន់ សូអៀង ប្រធានសមាគម​រោង​ចក្រ​កាត់ដេរនៅកម្ពុជា និង​លោក​ កាំង មូនីកា អគ្គលេខាធិការរងសមាគម​នេះ មិន​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​ដូច​គ្នា។​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Minimum wage to be moved to vote after third meeting fails to find joint resolution

340 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម