ក្រសួងព័ត៌មាននឹងបញ្ចប់នូវសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលបានអូសបន្លាយពេលដ៏យូរ ដែលសេចក្ដីព្រាងច្បាប់នេះគេហៅកាត់ថា A2I ។ នេះបើយោងតាមរបាយការណ៍សង្ខេបសម្រាប់ទិសដៅការងាររបស់ក្រសួងឆ្នាំ២០២៤ ដែល ខេមបូចា ទទួលបាននៅសប្តាហ៍នេះ។
កាលពីឆ្នាំមុន អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសន្យាថា សេចក្ដីព្រាងច្បាប់ A2I នឹងត្រូវ
អនុម័តនៅក្រោយការបោះឆ្នោតរួច ឬយូរបំផុត នៅត្រឹមឆ្នាំ២០២៥ ។
ព័ត៌មានស្ដីពីការប្ដេជ្ញាចិត្តខាងលើរបស់ក្រសួងត្រូវបានបង្ហាញឱ្យដឹងនៅទំព័រចុងក្រោយបំផុតនៃរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២៣របស់ខ្លួន ដែលអ្នកសារព័ត៌មាន ខេមបូចា ទទួលបាន ។ ក្នុងចំណោមទិសដៅការងារ ៧ចំណុចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ គឺផ្នែកមួយបាននិយាយអំពី«បញ្ចប់នូវសេចក្ដីព្រាងច្បាប់ស្ដី សិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យរបស់ក្រសួងយុត្តិធម៌» ។
ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ រដ្ឋមន្ត្រីព័ត៌មាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងរបស់លោកបាននិងកំពុងធ្វើកិច្ចការមួយចំនួន ក្នុងនោះរាប់ទាំងការរៀបចំឯកសារឱ្យស្របទៅតាមការវិវត្តន៍របស់សង្គម និងបរិបទឌីជីថល ព្រមទាំងការរៀបចំបង្កើតបទដ្ឋានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។
លោក ភក្ត្រា បានលើកឡើងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ថា សូចនាករចំនួន ៥ ត្រូវបានកំណត់នៅក្នុងការត្រៀមរៀបចំសេដ្ឋកិច្ចឌីជីថល និងការអនុវត្តបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ សូចនាករទាំងនោះ រួមមាន ការកសាងមូលដ្ឋានច្បាប់និងការពង្រឹងការអនុវត្តច្បាប់ ដែលផ្ដោតលើការរៀបចំសេចក្ដីព្រាងច្បាប់់ ការធ្វើវិសោធនកម្មច្បាប់សារព័ត៌មានដើម្បីសម្របទៅតាមការអភិវឌ្ឍសង្គម និងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ។
លោក ភក្ត្រា បានថ្លែងថា ការកែទម្រង់និងការពង្រឹងអភិបាលកិច្ចល្អនឹងត្រូវលើកកម្ពស់ ដោយផ្ដោតសំខាន់លើការធានាគុណភាពនិងប្រសិទ្ធផលការងារដើម្បីប្រែក្លាយក្រសួងរបស់លោកឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ក្រសួងមានកង្វះខាតច្បាប់ និងបទដ្ឋានគតិយុត្តសម្រាប់ពង្រឹងវិស័យសារព័ត៌មាននិងសោតទស្សន៍ ។ ដូច្នេះ [យើង]បានដាក់ចេញនូវគោលដៅមួយសម្រាប់ឆ្នាំ២០២៤ [សម្រាប់]ការគ្រប់គ្រងសណ្ដាប់ធ្នាប់ព័ត៌មាន ដែលរួមបញ្ចូលទាំងការរៀបចំវិធានការច្បាប់និងបទដ្ឋានបច្ចេកទេសនានា» ។
លោកបានបន្ថែមថា ក្រសួងបាននិងកំពុងរៀបចំក្រមប្រតិបត្តិសម្រាប់សារព័ត៌មាន ក្រមសីលធម៌ព័ត៌មានដើម្បីពង្រឹងប្រសិទ្ធផលស្ថាប័ន ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បាននិយាយថា ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ត្រូវបានកំណត់ដោយមានអាទិភាពសំខាន់ៗជាច្រើន ក្នុងនោះរាប់ទាំងការរៀបចំច្បាប់និងបទប្បញ្ញត្តិទាំងឡាយផងដែរ ។ វាស្ថិតក្នុងបេសកកម្មចម្បងរបស់ក្រសួង ដែលត្រូវបង្កើតប្រព័ន្ធនិងយន្តការព័ត៌មានដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។
លោកបាននិយាយថា៖ «ក្រសួងបានពិនិត្យលើសេចក្ដីព្រាងច្បាប់និងបទប្បញ្ញត្តិនានា ស្របទៅតាមបរិបទសង្គម ក្នុងនោះរួមទាំងច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលស្របទៅនឹងការអភិវឌ្ឍនិងតម្រូវការចាំបាច់របស់សង្គម» ។
ការពិនិត្យឡើងវិញទាំងនេះក៏ពាក់ព័ន្ធនឹងវិសោធនកម្មទៅលើអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងការរៀបចំ«ធម្មនុញ្ញសារព័ត៌មាន» ដែលគេចាត់ទុកថាជាបទដ្ឋានមួយសម្រាប់ក្រមប្រតិបត្តិវិជ្ជាជីវៈថ្នាក់ជាតិសម្រាប់គ្រប់ភាគី ។
លោក អស្នារិទ្ធ បាននិយាយថា ការបង្កើតធម្មនុញ្ញសារព័ត៌មាន គឺជាអាទិភាពមួយសម្រាប់ក្រសួងនៅក្នុងកិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មានវិជ្ជាជីវៈ និងកសាងគ្រឹះរឹងមាំដើម្បីទទួលបានទំនុកចិត្តពីប្រជាជន ។
ក្រសួងក៏បានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយខ្លួនឯងទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរដ្ឋាភិបាលជាមួយនឹងយុទ្ធសាស្ត្រប្រកបដោយបុរេសកម្ម អន្តរកម្ម ប្រសិទ្ធភាព និងគុណភាព ផងដែរ ។ ក្រសួងមានគោលដៅផ្ដល់«(ព័ត៌មាន)ថ្មី ពិត លឿនរហ័ស គ្រប់ជ្រុងជ្រោយ អាចជឿទុកចិត្តបាន និងប្រកបដោយភាពវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់ទៅគ្រប់មជ្ឈដ្ឋាន »។
នាយកប្រតិបត្តិ ខេមបូចា លោក ណុប វី បានសម្ដែងមតិថា ការផ្ដួចផ្ដើមឱ្យមានក្រមសីលធម៌រួមមួយគឺជាការល្អ ប៉ុន្តែ ក្រសួងគួរតែអនុញ្ញាតឱ្យសមាគមសារព័ត៌មានតាក់តែងនូវក្រមសីលធម៌រួមនេះដោយខ្លួនឯង និងគ្មានឥទ្ធិពលពីរដ្ឋាភិបាល ។
លោកថា ដោយសារតែក្រមសីលធម៌រួមដែលរៀបចំតាក់តែងឡើងដោយសមាគមប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ជាក្របខ័ណ្ឌក្នុងការគ្រប់គ្រង និងការអនុវត្តការងាររបស់ខ្លួន ។
លោក ណុប វី បានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានគួរមានក្រមប្រតិបត្តិផ្ទាល់ខ្លួន និង[វិធីសាស្ត្រ]ក្នុងការអនុវត្តក្រមប្រតិបត្តិនោះ ដើម្បីវាស់វែងកម្រិតលទ្ធផលការងាររបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន និង[ដើម្បី]លើកកម្ពស់ទំនុកចិត្តផងដែរ ។ ក្រមនេះគឺសំខាន់ណាស់» ។ ដោយលោកបន្ថែមថា៖ «ប៉ុន្តែ យើងមិនចង់ឃើញរដ្ឋាភិបាលបង្កើតច្បាប់ដើម្បីគ្រប់គ្រងទៅលើអ្នកសារព័ត៌មាននោះទេ» ។
លោកបានពន្យល់ថា បើទោះបីអ្នកសារព័ត៌មានជាអ្នកធ្វើក្រមនេះឡើងក្ដី ក៏ពួកគេនឹងត្រូវគោរពតាមក្រមនេះ ពីព្រោះវានឹងចងជាកាតព្វកិច្ចទៅលើពួកគេ ។
ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានវត្តមាននៅក្នុងសន្និបាតខាងលើជាមួយលោក ភក្ត្រា ដែរនោះ បានកត់សម្គាល់ពីសារសំខាន់នៃការមានច្បាប់និងបទដ្ឋានបច្ចេកទេសដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននិងសោតទស្សន៍ឱ្យបានល្អ ។ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងព័ត៌មាននិងក្រសួងពាក់ព័ន្ធបាននឹងកំពុងរៀបចំបង្កើតក្រមប្រតិបត្តិជាតិសម្រាប់សារព័ត៌មាន ដែលនឹងក្លាយជាធម្មនុញ្ញសារព័ត៌មានសម្រាប់ស្ថាប័នផ្សព្វផ្សាយនិងអ្នកសារព័ត៌មាន ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការរៀបចំច្បាប់និងបទដ្ឋានបច្ចេកទេស គឺដើម្បីគ្រប់គ្រងនិងលើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយនិងសារព័ត៌មាន ព្រមទាំងពិនិត្យឡើងវិញទៅលើច្បាប់សារព័ត៌មានដើម្បីឆ្លើយតបទៅតាមការអភិវឌ្ឍរបស់សង្គម» ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់ថ្មីនឹងមិនរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិទេ ប៉ុន្តែ មាន«មនុស្សមួយចំនួន»ដែលតែងតែចោទប្រកាន់រដ្ឋាភិបាលជានិច្ច ថាបិទលំហប្រជាធិបតេយ្យនិងសិទ្ធិ ជាពិសេស ទាក់ទិននឹងព័ត៌មាន ។
លោក ម៉ាណែត លើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំបាននិយាយហើយថា ច្បាប់នោះនឹងមិនបិទសិទ្ធិរបស់អ្នកសារព័ត៌មានទេ ប៉ុន្តែ ផ្ទុយទៅវិញ នឹងការពារពួកគ» ។ លោកបានបន្ថែមថា៖ «ការពារអ្នកសារព័ត៌មាន ដែលធ្វើស្របទៅតាមច្បាប់ និងការពារគុណតម្លៃរបស់ពួកគេ ។ យើងមានច្បាប់ដែលអនុញ្ញាតឱ្យមានលំហសេរីភាព ដែលប្រាប់យើងថាតើយើងមានសិទ្ធិធ្វើអ្វីខ្លះ» ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋាភិបាលកំពុង«យកចិត្តទុកដាក់»ចំពោះសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ និងបានស្នើសុំឱ្យទាំងក្រសួងព័ត៌មាននិងក្រសួងមហាផ្ទៃ ឱ្យតាមដានព័ត៌មានក្លែងក្លាយ និងចាត់វិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនោះ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) ដែលរួមជាមួយនឹងអង្គការសង្គមស៊ីវិលផ្សេងទៀត បានអំពាវនាវឱ្យមានការអនុម័តសេចក្ដីព្រាងច្បាប់ A2I តាំងពីយូរមកហើយ បានប្រាប់ ខេមបូចា ថា ការពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់នេះគឺជា«ដំណឹងល្អ» ពីព្រោះថា ច្បាប់ថ្មីនេះនឹងមានផលប្រយោជន៍ច្រើនចំពោះប្រជាជន ។
លោក សុជាតិ និយាយយ៉ាងដូច្នេះ «អបអរសាទរ! យើងបានខិតខំធ្វើការងារអស់ជាច្រើនឆ្នាំមកហើយជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលចង់ឃើញច្បាប់នេះនឹងត្រូវអនុម័តនៅឆ្នាំ២០២៤នេះ» ។
ប៉ុន្តែ លោកគិតថា ការអនុម័តច្បាប់នេះនឹងកាន់តែប្រសើរថែមទៀត ប្រសិនបើច្បាប់នេះរួមបញ្ចូលនូវធាតុចូលទាំងអស់ពីអង្គការសង្គមស៊ីវិល ។
អង្គការសង្គមស៊ីវិលបានស្នើសុំឱ្យលុបនូវមាត្រា ២០.៧ ចេញពីសេចក្ដីព្រាងច្បាប់ A2I ដែលចែងថា ស្ថាប័នសាធារណៈអាចនឹងមិនផ្ដល់ឱ្យនូវ«ព័ត៌មានសម្ងាត់ផ្សេងទៀតដូចមានចែងនៅក្នុងបញ្ញត្តិហាមឃាត់» ។
ពួកគេក៏បានស្នើសុំឱ្យលុបចោលមាត្រា ១៥.៤ ផងដែរ ពីព្រោះមាត្រានោះនិយាយពីការលុបចោលនូវអត្ថបទផ្សាយ និងការតម្រូវឱ្យទុកពេល ៤០ថ្ងៃ នៅមុនពេលអាចធ្វើសំណើជាថ្មីម្ដងទៀតដើម្បីឱ្យដាក់បញ្ចូលព័ត៌មានដែលទើបចេញផ្សាយថ្មី ។
លោក សុជាតិ បានមានប្រសាសន៍ថា៖ «យើងស្នើសុំឱ្យលុបចេញនូវមាត្រាមួយចំនួនដែលរឹតត្បិតសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងសុំឱ្យរួមបញ្ចូលស្ថាប័នរដ្ឋាភិបាលនៅគ្រប់កម្រិត ដូចជា ស្ថាប័ននីតិបញ្ញត្តិ សភា និងតុលាការ មិនមែនត្រឹមតែស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះនោះទេ» ។
លោកបានអំពាវនាវបន្ថែថា៖ «ដូច្នេះ សូមដាក់បញ្ចូលនូវធាតុចូលរបស់សង្គមស៊ីវិលផង ដើម្បីស្របទៅតាមស្តង់ដារអន្តរជាតិ ។ ប៉ុន្តែ យើងសូមអបអរសាទរចំពោះការពិនិត្យច្បាប់នេះ និងការអនុម័តច្បាប់នេះឱ្យបានឆាប់រហ័ស ក្នុងឆ្នាំ២០២៤នេះ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ministry of Information Finalizing Protracted Access to Information Draft Law