សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងមហាផ្ទៃចោទលោក ថេង សាវឿន និងសហការីថា ធ្វើបដិវត្តន៍​កសិករ

តំណាងកសិករមកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន កំពុងឈរកាន់រូបលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ដែលមានសរសេរអក្សរសូមឱ្យ មានការ ដោះលែងអ្នកទាំង៣នាក់ នៅខាងក្រៅរបងនៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ
តំណាងកសិករមកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន កំពុងឈរកាន់រូបលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ដែលមានសរសេរអក្សរសូមឱ្យ មានការ ដោះលែងអ្នកទាំង៣នាក់ នៅខាងក្រៅរបងនៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ការឃាត់ខ្លួនលោក ថេង សាវឿន ប្រធាន​សមាគម​​សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) ដោយសាររកឃើញភស្តុតាងមួយចំនួន​ជាប់ពាក់ព័ន្ធការធ្វើបដិវត្តន៍កសិករ។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់ថា ក្រសួងសន្មត់ថា លោក ថេង សាវឿន និងសហការីជាប់ពាក់ព័ន្ធការរៀបផែនការធ្វើបដិវត្តន៍កសិករ​ដោយសារ​រកឃើញភស្តុតាងមួយចំនួននៅកន្លែងសមាគមនេះរៀបចំវគ្គបណ្តុះបណ្តាលនៅក្នុងខេត្តរតនគិរី ឯកសារក្នុងកុំព្យួទ័រ និងមួយផ្នែកទៀតផ្អែកតាមចម្លើយសារភាព។ លោកបន្តថា ការធ្វើបដិវត្តន៍​កសិករនេះក្រុមមេដឹកនាំប៉ុល ពត ធ្លាប់យកមកប្រើដែលបណ្តាល​ឱ្យពលរដ្ឋខ្មែរ​រាប់លាននាក់បានស្លាប់។

លោក ខៀវ សុភ័គ បញ្ជាក់ថា៖ «សាមីខ្លួនបានសារភាពអំពីសកម្មភាពរបស់ខ្លួន ភស្តុតាង​អ្វី​ដែល​មាននៅក្នុងកុំព្យួទ័រ សំណៅដៃសរសេរក្នុងការបង្រៀនប្រជាពលរដ្ឋឱ្យ​ធ្វើបដិវត្តន៍​កសិករ​។ តើបដិវត្តន៍កសិករត្រូវធ្វើអ្វីខ្លះ? គឺត្រូវការផ្តួលរំលំនាយទុន វណ្ណៈជិះជាន់អីណា អ្នកមាន​អ្នក​អី​ណាទៅ។ អាហ្នឹងផ្តួលរំលំគ្នាឯងហ្នឹងហើយងាប់គ្នាឯងរាប់លាននាក់​ដោយសារបដិវត្តន៍​កសិករ​ហ្នឹងដែលយើងធ្លាប់ជួបនេះទី១ ទី២គឺផ្តួលរំលំរដ្ឋាភិបាលហ្នឹងឯង ហើយផ្តួលរំលំ​របៀប​ម៉េច? គឺផ្តួលរំលំដោយមិនបោះឆ្នោតហ្នឹងឯង ហើយយើងត្រូវការថែរក្សាសន្តិភាព»

ទោះយ៉ាងណានៅថ្ងៃទី១៩ ខែឧសភានេះ ប្រជាកសិករប្រមាណ២០០នាក់មកពីខេត្តចំនួន៥​ប្រមូលផ្តុំនៅមុខក្រសួងមហាផ្ទៃនៅពេញមួយថ្ងៃនៅថ្ងៃទី១៩ ខែឧសភា ដើម្បីទាមទារដោះ​លែង​លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោយពួកគេ​អះ​អាង​ថា ប្រធាន និងមន្ត្រីសមាគមនេះមិនបានប្រព្រឹត្តបទល្មើសអ្វីទេ ហើយកន្លងមក​បានជួយ​បង្រៀនបច្ចេកទេសកសិកម្មដល់ពួកគាត់។

ពលរដ្ឋទាំងនោះមកពីខេត្តស្វាយរៀង កណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ​។​ ប្រជាពលរដ្ឋ​ទាំងនេះអះអាងថា ពួកគាត់ធ្វើដំណើរពីខេត្តមកតាំងពីម៉ោង៤ទាបភ្លឺ ហើយជួបជុំ​គ្នានៅក្រសួងមុខក្រសួងមហាផ្ទៃដល់ម៉ោងជាង៥ល្ងាចបានត្រលប់ទៅផ្ទះនៅតាមខេត្តវិញ។

ប្រជាសហគមន៍មកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន អះអាងថា អ្នកស្រី ស្គាល់លោក ថេង សាវឿន តាំងពីឆ្នាំ២០១៣។ អ្នកស្រី បដិសេធថាចំពោះការចោទប្រកាន់ពី​ក្រសួង​មហាផ្ទៃ​​​នេះ ដោយបញ្ជាក់ថា កន្លងមកលោក ថេង សាវឿ និងមន្ត្រីរបស់លោក​តែងតែ​បង្រៀន​កសិករឱ្យចេះពីបច្ចេកទេសដាំដុះ និងកាត់បន្ថយការប្រើប្រាស់គីមី។​

អ្នកស្រី ខៀវ សារ៉ុន លើកឡើងថា៖ ​«និយាយទៅពួកគាត់មិនដែលធ្វើអ្វីឱ្យប៉ះពាល់ដល់​សង្គម​ទេ​គឺមានតែធ្វើសង្គមរីកចម្រើន។ និយាយទៅគាត់ធ្វើលើកសិកម្មមិនថាធ្វើលើការដាំដុះ ការ​ប្រើ​សារធាតុគីមី គឺគាត់បង្រៀនពីអាហ្នឹង»

ប្រជាសហគមន៍កសិករម្នាក់ទៀតមកពីខេត្តកំពង់ស្ពឺ អ្នកស្រី ឃន ខន ថ្លែងថា ពួកគាត់​ប្រមូល​ផ្តុំ​គ្នានេះដោយជឿជាក់ថា លោក ថេង សានវឿន និងមន្ត្រី២រូបទៀត មិនដែលធ្វើអ្វីខុសច្បាប់​ទេ​។ អ្នកស្រីបន្តថា អ្នកទាំងនេះ បានជួយដល់រូបអ្នកស្រី និងកសិករផ្សេងទៀតនៅខេត្ត​កំពង់ស្ពឺ​ឱ្យចេះចិញ្ចឹមសត្វ និងដាំដំណាំខ្លះសម្រាប់ចិញ្ចឹមជីវិតក្រោយពេលក្រុមហ៊ុនឯកជន​ទន្ទ្រាន​យកដីពួកគាត់។​ អ្នកស្រីចាត់ទុកលោក ថេង សាវឿន និងក្រុមការងារជាស្ពានចម្លង​ជួយ​ដល់ពួកគាត់។

អ្នកស្រី ឃន ខន បន្ថែមថា៖ «សូមជួយពួកខ្ញុំផង សូមដោះលែងពួកគាត់ ព្រោះពួកគាត់ជា​ស្ពាន​ចម្លងសម្រាប់ពួកខ្ញុំ។ ខ្ញុំសង្ឃឹមលើគាត់ជាស្ពានចម្លងសម្រាប់ពួកខ្ញុំជា​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់។ ខ្ញុំជាប្រជាពលរដ្ឋសូមសំណូមពរដល់អស់លោកទាំងអស់ ទាំងសម្តេចដែលជា​បិតា​សន្តិភាពនោះ​សូមជួយពួកខ្ញុំឱ្យឆាប់ជួយដោះលែងពួកគាត់បន្ទាន់»

តំណាងប្រជាពលរដ្ឋមកពីបណ្តាខេត្តចំនួន៥ កំពុងយកញត្តិទៅដាក់នៅក្រសួង មហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី២រូបទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ
តំណាងប្រជាពលរដ្ឋមកពីបណ្តាខេត្តចំនួន៥ កំពុងយកញត្តិទៅដាក់នៅក្រសួង មហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី២រូបទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ

ប្រជាកសិករទាំងប្រមាណ២០០នាក់នេះ អ្នកខ្លះបីកូនតូចទើបកើត៣ខែមកជាមួយហើយ​ក៏​មាន​មនុស្សវ័យចាស់អាយុ៨០ឆ្នាំមកចូលរួមផងដែរ។ ក្នុងអំឡុងពេលជួបជុំគ្នានេះពួកគេ​ទ្រាំ​នឹង​កម្តៅថ្ងៃ ពិបាកក្នុងការហូបអាហារ និងកន្លែងបត់ជើង។ ចំណែកនៅពេលល្ងាចក៏មាន​ប្រឈមជាមួយសមត្ថកិច្ចខ្លះដែរដោយកសិករទាំងនោះចង់ប្រមូលផ្តុំនៅក្បែរក្រសួងមហាផ្ទៃទាំងយប់រហូតមានការដោះលែងប្រធានសមាគម និងសហការី ប៉ុន្តែបន្ទាប់មក​ក៏មានការ​សម្រប​សម្រួលត្រូវគ្នាកសិករទាំងនោះព្រមទៅផ្ទះវិញ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា សកម្មភាពរបស់សមាគមកសិកររបស់លោក ថេង សាវឿន កន្លងមកគឺផ្តោតតែលើការ​បង្រៀន​កសិករឱ្យចេះដាំដុះ។ លោកចាត់ទុកថា ការចោទប្រកាន់នេះគឺធ្ងន់ធ្ងរ​ខុសពី​សកម្មភាព​ជាក់ស្តែងរបស់សមាគម។

លោក សែនករុណា ថ្លែងថា៖ «បើមានការចោទចឹងមែនវាមានលក្ខណៈធ្ងន់ធ្ងរណាស់​ចំពោះ​សមាគមសម្ព័ន្ធកសិករកម្ពុជា ចំពោះការចោទហ្នឹងវាផ្ទុយពីគោលបំណង ផ្ទុយពីទស្សនៈ​វិស័យ​របស់គាត់ដែលធ្វើកន្លងមក»

ភរិយាលោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហៀង  ដែលស្ថិតនៅក្នុងខេត្តរតគិរីរង់ចាំប្តី​នោះ​ថ្លែងថា ប្តីរបស់អ្នកស្រីកន្លងមកប្រឹងប្រែងដើម្បីជួយកសិករគឺមិនបានធ្វើសកម្មភាពណា​មួយដូចក្រសួងមហាផ្ទៃចោទប្រកាន់នោះទេ។

អ្នកស្រី សុខហៀង ឱ្យដឹងថា៖«វាជារឿងអយុត្តិធម៌បំផុតសម្រាប់គ្រួសារខ្ញុំ គ្រួសារ​ខ្ញុំគ្រាន់តែ​ជួយលើកកម្ពស់ជីវភាពអ្នកក្រីក្រដែលរងគ្រោះដោយសារផលប៉ះពាល់ផ្សេងៗ។ គាត់​លះបង់​ទាំងកម្លាំងកាយកម្លាំងចិត្តទាំងអស់ដើម្បីជួយពលរដ្ឋឱ្យមានជីវភាពសមរម្យរស់នៅធូរធារ»

ចំណែកស្ថានភាពនៅខេត្តរតនគិរីឯណោះវិញ រហូតដល់ម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៩ ខែឧសភា គឺលោក ថេង សាវឿន និងសហការី២រូបទៀតកំពុងស្ថិតនៅក្នុងដំណើរការ​សាក​សួរ​នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ នៅទីនោះក៏មានវត្តមានលោកស្រី សាម សុគន្ធា មេធាវីការក្តីឱ្យអ្នកទាំង៣រូបដែរ។​

ខេមបូចា មិនអាចទាក់ទងស្នងការនគរបាលខេត្តរតនគិរីលោក អ៊ុង សុភាព ដើម្បីសួរ​ពី​លទ្ធផល​ដែលសមត្ថកិច្ចសាកសួរបានទេដោយទូរសព្ទចូលមិនមានអ្នកទទួល។

នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) លោក Phil Robertson ចាត់ទុកថា សកម្មភាពអាជ្ញាធរកម្ពុជាចាប់ខ្លួនថ្នាក់ដឹកនាំសមាគម​នេះ​ជាការធ្វើឡើងតាមចិត្តដោយមិនផ្អែកលើច្បាប់ទេ។ លោកបន្តថា សកម្មភាពនេះ​គឺជាទង្វើ​បន្ថែម​ទៀតលើការរំលោភសិទ្ធិមនុស្សដែលរដ្ឋាភិបាលធ្លាប់ធ្វើកន្លងមក។

 លោក Phil Robertson ថ្លែងថា៖ «អ្វីដែលយើងមើលឃើញនោះគឺការសកម្មភាព​នៃការ​រំលោភ​សិទ្ធិ​មនុស្ស​​ថ្មីទៀតដែលជះឥទ្ធិពលលើការបោះឆ្នោតនៅខែកក្ដាខាងមុខ ក៏ដូចជាការ​ប៉ះពាល់​ដល់​ដំណើរការគោរពសិទ្ធិមនុស្សទាំងស្រុងនៅកម្ពុជា»

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានវគ្គសិក្ខាសាលាបណ្តុះបណ្តាលបុគ្គលិក​ពីថ្ងៃ​ទី១៤​​ដល់​ថ្ងៃទី១៧ ខែឧសភា នៅក្នុងខេត្តរតនគិរីមានអ្នកចូលរួម៣៩នាក់។ កម្មវិធីនេះ​បាន​បញ្ចាប់ និង​ធ្វើ​ដំណើរ​វិលត្រលប់ទៅភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចខេត្តក្រចេះ​ឃាត់រថយន្តក្រុង​ជិះរួមគ្នានេះ​នៅថ្ងៃទី១៧ ខែដដែល តាមសំណើរបស់សមត្ថកិច្ចខេត្តរតនគិរី។

ក្រោយពេលឃាត់ខ្លួនមួយយប់គឺនៅថ្ងៃទី១៨ខែឧសភាសមត្ថកិច្ចខេត្តក្រចេះសម្រេចបញ្ជូន​បុគ្គល៣រូបគឺលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព បុគ្គលិកជាន់ខ្ពស់ និងលោក ថាច់ ហាច មន្ត្រីគម្រោងត្រលប់ទៅខេត្តរតនគិរីវិញ​ដើម្បី​បន្តនីតិវិធី។ ចាប់តាំងពីពេលចាប់ខ្លួនរហូតដល់យប់ថ្ងៃទី១៩ខែឧសភា សមត្ថកិច្ច​ខេត្ត​រតនគិរី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតមិនទាន់បញ្ជាក់មូលហេតុនៅឡើយដោយថា នៅ​ក្នុង​ដំណាក់ស្រាវជ្រាវ៕

1,807 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម