បាត់ដំបង៖ អ្នកស្រី ក្រៃ ផល្លា វ័យជាង៣០ឆ្នាំងើបពីព្រលឹមស្រាងៗនាំកូន៤នាក់ជាមួយប្តី មកជួបជុំជាមួយ អ្នកភូមិផ្សេងទៀត ដើម្បីឡើងលើរថយន្តក្រុងមិនយកប្រាក់ ដែលរៀបចំដោយអាជ្ញាធរ ជិះសំដៅមកទីតាំងពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ រៀបចំដោយក្រសួងការងារ។
ពលករសំណង់ម្នាក់ការនៅប្រទេសថៃរយៈពេល១០ឆ្នាំ អ្នកស្រី ផល្លា បានថ្លែងថា នេះជាលើកទី១ហើយដែលគាត់បាន មកចូលរួមផ្ទាល់ដើម្បីស្វែងរកឱកាសការងារក្នុងស្រុក ក្រោយពីគាត់ត្រឡប់មកពីប្រទេសថៃជាមួយប្តី ជាងបីខែមកនេះ។ អ្នកស្រីបន្តថា គាត់បានទទួលព័ត៌មានស្តីពីឱកាសការងារជាច្រើន ក្នុងពិព័រណ៍ការងារនេះ ដូចជាការងារសំណង់ ការងាររោងចក្រ និងការងារកសិកម្មជាដើម ។
អ្នកស្រី ផល្លា បន្តថា៖ «ខ្ញុំចាប់អារម្មណ៍ចង់ធ្វើការងារកសិកម្មវិញ ព្រោះខ្ញុំ និងប្តីធ្វើការសំណង់១០ឆ្នាំហើយ វានឿយហត់ និងក្តៅណាស់ចង់ដូរការងារម្តង ខ្ញុំបានចាប់លេខចូលទៅសម្ភាសការងារហើយ និងរង់ចាំទទួលព័ត៌មានតាមក្រោយ»។
អ្នកស្រី ផល្លា គាត់និងប្តីលែងវិលត្រឡប់ទៅស្រុកថៃវិញហើយខ្លាចគេធ្វើបាប ព្រោះជនជាតិថៃខ្លះមានចរិកស្អប់ខ្ពើមយើង ក្រោយពេលប្រទេសកម្ពុជា និងថៃមានសង្គ្រាមនឹងគ្នា។
អ្នកស្រីសង្ឃឹមថា នឹងបានការងារធ្វើឆាប់ៗតាមរយៈក្រសួងការងារដើម្បីរកលុយមកសងបំណុលដែលខ្ចីឯកជន១ពាន់ដុល្លារក្នុងអត្រាការប្រាក់៣ភាគរយ ដែលជាកង្វល់ធំមួយក្នុងគ្រួសាររបស់គាត់។
ក្រសួងការងារបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះនៅខេត្តបាត់ដំបងត្រូវធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ដោយរៀបចំនៅបរិវេណសាលាបឋមសិក្សាថ្មគោល និងនៅទីធ្លាសាធារណៈក្នុងឃុំគារ ស្រុកមោងឬស្សី។ សម្រាប់ខេត្តបន្ទាយមានជ័យពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា និងនៅខេត្តសៀមរាបពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមមន្រ្តីក្រសួងការងារ ពិព័រណ៍ការងារនេះនឹងនាំឱកាសការងារចំនួនជាង ៧៥ ០០០កន្លែងបន្ថែមទៀត ដោយមាន ក្រុមហ៊ុន សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ចំនួន១៧ចូលរួមជ្រើសរើស និងសម្ភាសបុគ្គលិកផ្ទាល់នៅទីនោះ។
ពលករធ្វើការនៅប្រទេសថៃរយៈពេល៦ឆ្នាំផ្នែកអនាម័យ អ្នកស្រី ឈួយ ចាន់ណា អាយុ៣៧ឆ្នាំរស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ឱ្យដឹងថា គាត់ និងអ្នកភូមិផ្សេងទៀតត្រូវបានអាជ្ញាធរប្រកាសឱ្យមកចូលរួមពិព័រណ៍ ការងារខាងលើដើម្បីស្វែងរកឱកាសការងារធ្វើ។
អ្នកស្រីបញ្ជាក់ថា ក្រោយពីត្រឡប់មកពីប្រទេសថៃជាមួយប្តីមកស្រុកកំណើតជាងបីខែមកនេះ គាត់បានទាក់ទងតាមលេខទូរសព្ទទៅក្រសួងការងារតាមរយៈលេខ១២៩៧ ដើម្បីស្វែងរកការងារ ដោយខាងមន្រ្តី ដែលលើកទូរសព្ទបានណែនាំការងារជាច្រើន ក្នុងនោះអ្នកស្រីបានពេញចិត្តការងារផ្នែកអនាម័យនៅព្រលានយន្តហោះថ្មីឯរាជធានីភ្នំពេញ។ ប៉ុន្តែមិនទាន់បានដាក់ពាក្យទៅធ្វើនោះទេដោយរង់ចាំប្តី អ្នកស្រី ទទួលបានអត្តសញ្ញាណបណ្ណរួចរាល់សិនចាំទៅធ្វើការងារទាំងអស់គ្នា។
អ្នកស្រី ចាន់ណា បានបញ្ជាក់ថា គាត់និងប្តីបានមកចូលរួមពិព័រណ៍ការងារនេះដើម្បីទទួលព័ត៌មានបន្ថែមពីឱកាសការងារ ក្រែងមានការងារដែលចាប់អារម្មណ៍ជាងការងារដែលគាត់ធ្លាប់ធ្វើ និងទទួលបានប្រាក់ខែសមរម្យ ខណៈគាត់ធ្វើការនៅប្រទេសថៃបានប្រាក់ខែ ១៥ ០០០បាតទៅ ១៦ ០០០បាត ស្មើជាង៤០០ដុល្លារ ។
អ្នកស្រី ចាន់ណា បន្ថែមថា៖ «ខ្ញុំចង់បានព័ត៌មានបន្ថែម ដើម្បីមានការងារល្អធ្វើ ពេលជួបសម្ភាស ខ្ញុំដូរចិត្តវិញ ចង់ធ្វើការងារខាងរោងចក្រស្បែកជើងវាស្រួលជាង ខ្ញុំមើលតាមទូរសព្ទទៅគេគ្រាន់ឱ្យយើងលាបកាវអីទៅស្រួល ចំណែកកាត់ដេរខ្ញុំអត់ជំនាញ គេថាប្រាក់ខែគោល ២២០ដុល្លារ និងមានប្រាក់ថែមម៉ោងទៀត»។
អតីតពលករម្នាក់ទៀតលោក សែម សុជាតិ អាយុ៤០ឆ្នាំបានឱ្យដឹងថា គាត់ចាប់អារម្មណ៍នឹងការងារសំណង់ ព្រោះវាជាជំនាញរបស់លោក និងប្រពន្ធ៨ឆ្នាំមកហើយនៅប្រទេសថៃ។ សុជាតិ បន្តថា ថ្វីត្បិត តែគ្មានសញ្ញាប័ត្រពិតមែន លោកក៏មានជំនាញផ្នែកសំណង់ច្រើនគួរសម្យអាចធ្វើការងារបាន។
លោក សុជាតិ បានលើកឡើងថា៖ «ខ្ញុំមកនេះដើម្បីចង់ដឹងព័ត៌មានពីការងារផង ខ្ញុំបានជួបសម្ភាសការងារហើយ គឺខ្ញុំរើសការងារខាងសំណង់ ក្រុមហ៊ុនប្រាប់ថានឹងទាក់ទងទៅ ពេលក្រោយតាមទូរសព្ទ! ក្រសួងថាមានកម្មវិធីប្រឡងយកសញ្ញាប័ត្រខ្ញុំ នឹងទៅប្រឡងយកសញ្ញាប័ត្របញ្ជាក់ពីការងារសំណង់ដែលនឹងរៀបចំនៅមន្ទីរការងារខេត្តបាត់ដំបងទៀត»។
លោក សុជាតិ បានបន្ថែមថា មុននឹងលោកមករកការងារធ្វើនៅពិព័រណ៍ការងារនេះ គឺបានដាក់ពាក្យ ទៅធ្វើការងារសំណង់នៅប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនរួចទៅហើយ ប៉ុន្តែក្រែងមិនជាប់ គាត់មកស្វែងរកការងារសំណង់តាមរយៈក្រសួងការងារមួយទៀតសិន ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ និងទទួលបានអត្ថប្រយោជន៍ច្រើនទៀតក្រៅពីប្រាក់ខែ។
លោក សែម សុជាតិ បានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃថា៖ « បើសិនជាបងប្អូន ពលករយើងអាចត្រឡប់មកស្រុកវិញក៏ត្រឡប់មកខ្លាចគេធ្វើបាប ព្រោះក្រសួងការងារមានការងារឱ្យធ្វើច្រើន ប្រាក់ខែខុសគ្នាតិចតួចបន្តិចមែន តែក្រសួងថានឹងបានទទួលអត្ថប្រយោជន៍ច្រើន ដូចជាគេ ផ្តល់បណ្ណ ប.ស.ស ឱ្យព្យាបាលជំងឺអត់អស់លុយ ហើយយើងចាស់ទៅមានប្រាក់រឺត្រែត យើងមិនចាំបាច់ ដាក់បន្ទុកលើកូនចៅយើង វាល្អដែរ»។

ខុសពីអតីតពលករខ្មែរខាងលើ លោក ស៊ុន វណ្ណៈ អាយុ៣៦ឆ្នាំ រស់នៅស្រុកថ្មគោលបានចាប់យកអាជីពចិញ្ចឹមកណ្តូបដើម្បីរកកម្រៃចិញ្ចឹមគ្រួសារដោយខ្លួនឯងវិញ។ លោកថា ក្រោយត្រឡប់មកពីប្រទេសថៃប៉ុន្មានខែនេះមានគ្រូមកបង្រៀនផ្នែកចិញ្ចឹមកណ្តូបដល់ផ្ទះ គាត់ក៏ចាប់អារម្មណ៍រៀនពីជំនាញមួយនេះ។
លោកបន្តថា គាត់ទើបចិញ្ចឹមសាកល្បង៤ទ្រុងដោយមួយទ្រុងចំណាយដើមទុន៣០ម៉ឺនរៀល វានឹងប្រមូលផលនៅពីរបីថ្ងៃទៀត។ លោកបន្តថា តាមពិតទៅលោកធ្លាប់រៀនជំនាញកសិកម្មចិញ្ចឹមមាន់ នឹងធ្លាប់ចិញ្ចឹមបានជោគជ័យ ប៉ុន្តែត្រូវខាតបង់អស់ នៅពេលដែលផ្ទុះជំងឺកាលពី៥ឆ្នាំមុន លោកក៏សម្រេចចិត្តទៅធ្វើការផ្នែកសន្តិសុខនៅប្រទេសថៃ ។
លោក ស៊ុន វណ្ណៈ បញ្ជាក់ថា៖ «បើសិនខ្ញុំចិញ្ចឹមកណ្តូបបានជោគជ័យ និងសន្សំប្រាក់បើកកសិដ្ឋានចិញ្ចឹមមាន់ឡើងវិញមួយមុខទៀត ព្រោះខ្ញុំមិនមានចំណង់ចំណូលចិត្តធ្វើការងាររោងចក្រ និងសំណង់នោះទេ!»។
ពលកររូបនេះបានបន្តថា គាត់មកចូលរួមពិព័រណ៍ការងារនេះគ្រាន់តែចង់ដឹងព័ត៌មាន ដើម្បីរកការងាររឱ្យប្អូនប្រុសរបស់គាត់ដែលទំនេរគ្មានការងារធ្វើ និងមិនចូលចិត្តការងារចិញ្ចឹមសត្វដូចលោក ដើម្បីរកការងារ ណាដែលគេចូលចិត្ត នឹងអាចកម្រៃចិញ្ចឹមម្តាយចាស់បន្ថែម។
លោក ស៊ុន វណ្ណៈ បន្តថា៖ «ពិព័រណ៍នេះល្អ ព្រោះពេលនេះពលករទៅថៃអត់បានទេ ខ្ញុំធ្លាប់តែលឺថាមានពិព័រណ៍ការងារមិនដែលចូលរួម ខ្ញុំចូលរួមខ្លួនឯងទើបដឹងថាល្អ ប៉ុន្តែជំនាញខ្ញុំអត់ចូលចិត្ត ខ្ញុំគ្រាន់តែមករកងារងារឱ្យប្អូនធ្វើ»។
លោកបន្តថា៖ «ពលករខ្មែរយើងនៅស្រុកគេបើមិនមានធុរៈអីចាំបាច់ត្រឡប់ មកស្រុកយើងវិញមក មិនខ្វះការងារទេ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈក៏មិនគិតថ្លៃដែរ»។
អ្នកស្រី សឿង ស្រីនាង តំណាងក្រុមហ៊ុនសប្លេនឌីនអឹភែរឹល ឯ.ក រោងចក្រផលិតខោអាវ ទីតាំងនៅផ្លូវជាតិលេខបី រាជធានីភ្នំពេញដែលមកចូលរួមជ្រើសរើស និងសម្ភាសផ្ទាល់នៅការតាំងពិព័រណ៍ ការងារខាងលើបានឱ្យដឹងថា ក្រុមហ៊ុនអ្នកស្រីត្រូវការកម្លាំងពលកម្ម២០០នាក់ ទាំងស្រ្តី និងបុរស ទាំងមានជំនាញស្រាប់ និងអ្នកមិនទាន់មានជំនាញ។ អ្នកស្រីបន្ថែមថាក្នុងរយៈពេលប្រហែលពីរម៉ោងពេលព្រឹក ក្រុមហ៊ុនបានសម្ភាសការងារបានជាង ១០នាក់ហើយ និងបន្តរហូតដល់ល្ងាចទៀត។
អ្នកស្រី សឿង ស្រីនាង បានបញ្ជាក់បន្ថែមថា៖ «បើសិនជាពួកគាត់ មិនទាន់មានជំនាញ ក្រុមហ៊ុននឹងបង្រៀនពួកគាត់សិនមុនចូលធ្ចើការ បើមានជំនាញស្រាប់ ទទួលបានប្រាក់ខែមួយម៉ាស៊ីនបានប្រាក់ខែ ២១១ដុល្លារ ពីរម៉ាស៊ីនបាន ២១៨ដុល្លារ បីម៉ាស៊ីនបាន ២២៥ដុល្លារ និងទទួលបានប្រាក់ព្រីម ១៥ដុល្លារ ស្នាក់នៅ១៥ដុល្លារ បាយថ្ងៃត្រង់២ពាន់រៀល លុយធ្វើដំណើរ៧ដុល្លារ និងលុយ រង្វាន់តាមក្តារខៀនទៀត»។
ចំណែកឯក្រុមហ៊ុន គីមម៉ិច ខនស្រ្តាក់ស៊ិន និងអ៊ីនវេសមេន ជាក្រុមហ៊ុនផ្នែកសំណង់បានចូលរួមក្នុងពិពរ័ណ៍ការងារនេះដែរ លោក ផេន សុផល តំណាងក្រុមហ៊ុននេះបានឱ្យដឹងថា ក្រុមហ៊ុនលោកកំពុង ជ្រើសរើសបុគ្គលិកទាំងកម្មករ រហូតដល់ជាងជំនាញ និងផ្នែកផ្សេងៗទៀតទាក់ទង និងផ្នែកសំណង់ ធ្វើការតាមបណ្តាខេត្ត រាជធានី។
លោក ផេន សុផល បន្តថា៖ «នេះជាថ្ងៃទី១ហើយនៅខេត្តបាត់ដំបងមួយព្រឹកនេះ ជ្រើសរើសបានទាំងកម្មករទាំងមេក្រុមបានជាង៧០នាក់ ក្នុងនោះមេជាងដែលគាត់មានកូនជាងប្រហែល២០ក្រុមហើយ ក្រុមហ៊ុននឹងបន្តទៅជ្រើសរើសនៅខេត្តបន្ទាយមានជ័យ និងសៀមរាបទៀត ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក៏ដូចពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃវិញ»។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមដោយផ្ទាល់ បានឱ្យដឹងថា ពិព័រណ៍ការងារដែលរៀបចំនៅខេត្តបាត់ដំបងនេះ ជាវេទិការការងារលើកទី៥៧៣ហើយ ដោយក្រសួងការងារនាំយកឱកាសការងារប្រមាណ ១១ ០០០កន្លែងបន្ថែមទៀត ដែលមានរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន១៧ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់។
លោក ហេង សួរ ថ្លែងបន្តថា វេទិការការងារនៅខេត្តបាត់ដំបងមានភាពប្លែកជាងវេទិការាល់ដង ដោយក្រសួងសហការជាមួយអាជ្ញាធរស្រុក ខេត្ត និង ស.ស.យ.ក បានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ផ្តល់ភេសជ្ជៈ អាហារ អាវយឺត និងកាត់សក់ជូនទាំងស្រ្តី និងបុរសផងដែរ បន្ថែមពីលើការផ្តល់ឱកាសការងារ និងផ្តល់ព័ត៌មានពីអត្ថប្រយោជន៍ផ្សេងៗដូចជាប័ណ្ណ ប.ស.ស ជាដើម។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ចាប់ពីខែកក្កដា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងចំណោមពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់មកស្រុកកំណើតវិញជិត ៩០ម៉ឺននាក់ ពួកគាត់បានស្វែងរកការងារធ្វើតាមរយៈក្រសួងការងារបានចំនួន២៨ម៉ឺននាក់ហើយ។
លោកបន្តថា ក្នុងចំណោមការងារទាំង២៨ម៉ឺនកន្លែងនេះ ការងារដែលស្រូបទាញច្រើនជាង គេគឺរោងចក្រ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក្រៅពីនោះមានរោងចក្រអេឡិចត្រូនិកមួយចំនួនដែរ រួមមាន ខាងផ្នែកកង់ឡាន ផ្នែកតម្លើងកង់ និងផ្នែករថយន្តមួយចំនួនជាដើម។
លោក ហេង សួរបានបន្ថែមថា៖«ក្រៅពីនេះស្រុក មន្ទីរ ខេត្តក៏បានខិតខំភ្ជាប់ឱកាសការងារ ជាមួយ សិប្បកម្ម ការដ្ឋានសំណង់ កសិដ្ឋានជុំវិញខេត្តបានច្រើនដែរ ។ ជាក់ស្តែងខ្ញុំជួបបងប្អូនផ្ទាល់ព្រឹកនេះ ថ្វីត្បិត បងប្អូនមករកការងារធ្វើពេលនេះក៏គាត់កំពុងរកការងារធ្វើកន្លែងនេះកន្លែងនោះ ក្បែរៗផ្ទះគាត់ លក្ខណៈក្រៅប្រព័ន្ធ បើសរុបទាំងក្រៅប្រព័ន្ធអាចប្រហាក់ប្រហែល ៤០ទៅ៤៥ម៉ឺនទទួលបានការងារ ធ្វើក្នុងចំណោមជិត៩០ម៉ឺននាក់ដែលត្រឡប់មកវិញ»។

លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការ CENTRAL បានឱ្យដឹងថា ពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនេះគឺល្អ សម្រាប់ផ្សព្វផ្សាយអំពីឱកាសការងារដល់ប្រជាពលរដ្ឋ ប៉ុន្តែបើនិយាយជាក់លាក់ សម្រាប់ពលករ ទំនងនៅមានឧបសគ្គមួយចំនួន ដូចជាពួកគាត់មិនសូវចេះសរសេរស៊ីវីដាក់ការងារ ក្រុមហ៊ុនខ្លះឱ្យពលកររង់ចាំពេលទំនាក់ទំនងឱ្យពួកគាត់ទៅ និងមិនមានកន្លែងស្នាក់នៅជាដើម ធ្វើឱ្យពួក គាត់ខាតពេល និងចំណាយច្រើនថ្លៃធ្វើដំណើរជាបន្ទុកបន្ថែមខណៈពលករខ្លះនៅមានបំណុលជាប់ខ្លួន។
លោក មឿន តុលា បន្ថែមថា៖ « ការផ្សព្វផ្សាយជារឿងល្អ ប៉ុន្តែទំនងជាក្រសួងត្រូវអន្តរាគមន៍ ដល់ការដ្ឋាន សំណង់គួរមានស្តង់ដា មានកន្លែងស្នាក់នៅឱ្យកម្មករ មានផ្តល់អាហារបន្ទាន់ពេលពួកគេទៅដល់ និងច្បាស់ថាពេលគាត់ទៅគាត់មានការងារធ្វើ»។
លោកបន្តថា៖ «រឿងមួយទៀតក្រសួងគួរពិចារណាដែររឿងខ្លះតម្រូវការមួយចំនួនពលករទើបត្រឡប់មកវិញ គាត់មិនទាន់មានសមត្ថភាពចេះសរសេរស៊ីវីជាដើម និងពលករត្រូវការចំណូលភ្លាមៗដើម្បីសងទៅកាន់ធនាគារ រឺមីក្រូហិរញ្ញវត្ថុនៅឡើយ»។
លោកមឿន តុលាបានបន្តឱ្យដឹងថា ដើម្បីជួយដល់អតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលក៏ដូចក្រសួង គួរតែអន្តរាគមន៍ឱ្យមានការផ្អាក រឺពន្យារការទារបំណុលពីពលករ ដែលជារឿងផ្លូវ ចិត្តមួយធំមួយរបស់ពួកគាត់ ហើយក្រសួងត្រូវកំណត់ស្តង់ដារការងារ មិនលើសពី៨ម៉ោង រឺថែមម៉ោង មិនលើសពីពីរម៉ោង និងបានប្រាក់ថែមម៉ោង និងមានថ្ងៃឈប់សម្រាកឈឺជាដើម។
បន្ថែមពីនោះ គោលនយោបាយរបស់រដ្ឋត្រូវកំណែទម្រង់លើវិស័យកសិកម្ម ឱ្យប្រាកដថាពលរដ្ឋមានដីផ្ទះ មានដីស្រែ ចម្ការគ្រប់គ្រាន់ ផ្តល់ពូជ ជួយផ្នែកបច្ចេកទេសឱ្យពួកគាត់ធ្វើស្រែ ចំការបានទិន្នផល ផ្គត់ផ្គង់កសិផល ដល់រោងចក្រកែច្នៃ ដូចជាទឹកស្វាយកំប៉ុង ស្វាយក្រៀមជាដើម។
លោក មឿន តុលា បន្ថែមថា៖ «ខ្ញុំដូចស្តាយ ដូចស្វាយជាដើម បានផលមក គាត់យកទៅចាក់ចោលគួរឱ្យស្តាយ បើសិនធ្វើរោងចក្រកែច្នៃយកទៅលក់នៅក្រៅប្រទេសបានប្រយោជន៍ជាង។ បើកំណែទម្រង់ វិស័យកសិកម្ម ធានាលើទីផ្សារដល់ពលរដ្ឋ ខ្ញុំគិតថា ពួកគាត់មិនចាំបាច់ចំណាកស្រុកត្រឡប់ទៅវិញទេ គាត់មានមុខរបរគាត់ហើយ ឧទាហរណ៍គាត់ដាំស្វាយអត់បានផល គាត់ដូរទៅដាំស្វាយចន្ទី រឺដាំដំឡូងមីអីវិញទៅ ដែលអាចផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃ វាបានរយៈពេលវែងជាង»។
ទោះបីយ៉ាងណា លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអន្តារគមន៍ជួយដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដោយយកចិត្តទុកដាក់ក្នុងនោះបានសម្រួលតាមច្រកព្រំដែន មានការយកចិត្តទុកដាក់ផ្តល់អាហារសម្រន់ ផ្តល់មធ្យោបាយដឹកជញ្ជូន ហើយតាមច្រកព្រំដែនមន្រ្តីក្រសួងការងារបានឈរជើងចែកនូវព័ត៌មានការងារ និងផ្តល់ជំនាញវិជ្ជាជីវៈ ជាដើម។
លោក ហេង សួរ បន្តថា៖ «ក្រសួងមហាផ្ទៃបានសម្រួលដល់និតិវិធីធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ជូនដល់បងប្អូនសម្រាប់ទៅសម្ភាសការងារ រឺប្រើប្រាស់បែបបទផ្សេងៗ។ ចំណែកក្រសួងការងារ ក៏ណែនាំដល់ក្រុមហ៊ុនផ្សេងៗឱ្យលើកលែងការស្នើសុំឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយរយៈ ព្រោះបងប្អូនមកភ្លាមត្រូវការធ្វើឯកសារសិន អញ្ចឹង! មិនមានភាពចាំបាច់ឱ្យបងប្អូនធ្វើឯកសារទាំងអស់នេះទេ»។
លោកបន្តថា បន្ថែមពីនេះខាងធនាគារជាតិក៏បានចេញសេចក្តីអំពាវនាវដល់មេក្រូហិរញ្ញវត្ថុនានា ដើម្បីពន្យារពេលក្នុងការសង និងផ្តល់ការអនុគ្រោះដល់បងប្អូនដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីពន្យារពេលឱ្យពួកគាត់មានពេលវេលាស្វែងរកការងាររកចំណូលសិន ដើម្បីមានលទ្ធភាពបង់បន្ត។
លោកបញ្ជាក់ថា ក្រសួងនៅបន្តធ្វើវេទិការការងារតាមបណ្តាឃុំស្រុកបន្ថែមទៀត និងបន្តផ្តល់សេវាការងារ តាមរយៈលេខទូរសព្ទ១២៩៧ មួយទៀតសម្រាប់ផ្តល់ព័ត៌មានការងារទាំងអ្នកក្នុងស្រុក និងទើបត្រឡប់មកពីប្រទេសថៃ ដើម្បីចុះឈ្មោះស្វែងរកការងារជូនតាមតម្រូវការរបស់ពួកគាត់ ថាចង់ធ្វើការខេត្តណា ប្រភេទណាជាដើម។
លោក ហេង សួរ បានបន្ថែមថា៖ «ពេលចុះឈ្មោះហើយក្រសួងខិតខំធ្វើការជាមួយសមាគម និយោជក រោងចក្រ ផ្គូរផ្គង់ព័ត៌មានបងប្អូនជាមួយតម្រូវការរោងចក្រ អញ្ចឹង! ពេលណារោងចក្រមើលទៅប្រហាក់ប្រហែល ហើយទាក់ទងទៅបងប្អូនឡើងមកសម្ភាស គឺបានកាត់បន្ថយពេលវេលា និងថវិការ របស់បងប្អូន»។
លោក ហេង សួរ ក៏បានអំពាវនាវដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ សូមពិចារណា វាយតម្លៃព័ត៌មាន ឱ្យបានសុក្រិត មុននឹងធ្វើការសម្រេចចិត្ត បើយល់ថានៅទីនោះមាន ការគំរាមកំហែង មានអារម្មណ៍ថា មិនមានការការពារដោយច្បាប់ប្រទេសថៃទេ បងប្អូនអាចពិចារណាមកប្រទេសកំណើតវិញ។
លោកបញ្ជាក់ថា ក្រសួងនឹងខិតខំជួយដល់បងប្អូនរកការងារធ្វើថ្មី រឺរកកម្មវិធីបណ្តុះបណ្តាលផ្សេងៗ រកជំនាញថ្មី ស្វែងរកការងារធ្វើនៅក្នុងប្រទេស រឺទៅប្រកបមុខរបរខ្លួនឯងនៅភូមិឃុំរបស់ខ្លួន។ ជាមួយដូចគ្នា ដែរបងប្អូនយុវជននៅទូទាំងប្រទេសដែលត្រូវការរកការងារធ្វើសូមទាក់ទងលេខ១២៩៧ និងចូលរួមវេទិការការងារដែលក្រសួងការងារនឹងបន្តរៀបចំធ្វើបន្តបន្ទាប់ទៀត៕











