បងស្រីរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជនជាតិថៃ ដែលបានបាត់ខ្លួនបានរៀបចំពិធីសាសនាតូចមួយនៅខាងក្រៅកន្លែង ដែលសកម្មជនរូបនេះធ្លាប់ស្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ ដែលមានរយៈពេល៦ខែហើយចាប់តាំងពីសកម្មជននិរទេសខ្លួនរូបនេះបានបាត់ខ្លួន ដែលតាមចោទថា ត្រូវបានគេចាប់ពង្រត់។
អ្នកស្រី Sitanun Satsaksit ត្រូវជាបងស្រីរបស់បុរសជនជាតិថៃឈ្មោះ Wanchalearm Satsaksit ដែលបានរស់នៅក្នុងរាជធានីភ្នំពេញនិងបានបាត់ខ្លួនកាលពីថ្ងៃទី ៤ ខែមិថុនា។ ដោយផ្នែកលើរូបភាពទទួលបានពីកាម៉េរ៉ាសុវត្ថិភាពនិងព័ត៌មានពីសាក្សី គ្រួសាររបស់លោក Wanchalearm អះអាងថា គាត់ត្រូវបានគេចាប់ពង្រត់នៅក្រៅកន្លែងស្នាក់នៅរបស់គាត់ក្នុងក្រុងភ្នំពេញ ប៉ុន្តែមន្ត្រីនគរបាលកម្ពុជាអះអាងថា ពួកគេគ្មានព័ត៌មានអំពីបុរសរូបនេះនៅក្នុងប្រទេសកម្ពុជាក្រោយឆ្នាំ២០១៧ ជាពេលដែលទិដ្ឋាការរបស់គាត់ផុតកំណត់នោះទេ។
អ្នកស្រី Sitanun Satsaksit បានធ្វើពិធីព្រះពុទ្ធសាសនាតូចមួយនៅខាងក្រៅខុនដូឈ្មោះ Mekong Gardens ក្នុងខណ្ឌជ្រោយចង្វារនៅព្រឹកថ្ងៃសុក្រនេះ ដោយនិយាយថា អ្នកស្រីសង្ឃឹមថា នឹងរកបានព័ត៌មានបន្ថែមទៀតអំពីប្អូនប្រុសរបស់អ្នកស្រី ដែលអ្នកស្រីអាចបង្ហាញនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៨ ខែធ្នូ។
អ្នកស្រីបានថ្លែងតាមរយៈអ្នកបកប្រែថា៖ «យើងមិនស្គាល់ជនដៃដល់ទេ។ ទោះយ៉ាងណា នេះគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវរបស់អាជ្ញាធរទាំងនៅក្នុងប្រទេសកម្ពុជានិងថៃក្នុងការស្វែងរកការពិតសម្រាប់ពួកយើងទាំងអស់គ្នានិងសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ»។
អាជ្ញាធរកម្ពុជាបានផ្តើមការស៊ើបអង្កេតកាលពីខែមិថុនា បន្ទាប់ពីទទួលបានការស្នើសុំពីប្រទេសថៃ ប៉ុន្តែបានអះអាងតាំងពីពេលនោះថា ខ្លួនគ្មានតម្រុយជុំវិញការបាត់ខ្លួនរបស់សកម្មជនរូបនេះទេ។ អាជ្ញាធរកម្ពុជាបានលើកឡើងថា រថយន្តទំនើបមួយគ្រឿងប្រភេទ SUV ដែលគេឃើញនៅក្នុងកាម៉េរ៉ាសុវត្ថិភាពនោះដែលតាមចោទថា មានជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់នេះ មានស្លាកលេខក្លែងក្លាយ ហើយថា Wanchalearm មិនរស់នៅក្នុងខុនដូនេះ នេះបើផ្អែកតាមការស៊ើបអង្កេតរបស់អាជ្ញាធរ។
តុលាការក្រុងភ្នំពេញបានចាប់ផ្តើមការស៊ើបអង្កេតលើករណីនេះ ហើយអ្នកស្រី Sitanun បានធ្វើដំណើរពីប្រទេសថៃ ដើម្បីដាក់ភស្តុតាងគាំទ្រដល់ការអះអាងរបស់ខ្លួនថា Wanchalearm ពិតជាត្រូវបានគេចាប់ពង្រត់នៅក្នុងទីក្រុងភ្នំពេញ។
អ្នកស្រី Sitanun បាននិយាយថា អ្នកស្រីនិងក្រុមអ្នកច្បាប់បានដាក់សំណើជួបជាមួយក្រុមមន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេគិតមកដល់ថ្ងៃសុក្រនេះ។
អ្នកស្រី Sitanun បាននិយាយថា៖ «យើងមិនដឹងថា គាត់នៅទីណាទេ។ នោះគឺជាអ្វីដែលយើងកំពុងស្វែងរក ហើយយើងមិនដឹងថា មានរឿងអ្វីកើតឡើងចំពោះគាត់នោះទេ។ វាមិនគួរឲ្យជឿទាល់តែសោះចំពោះអ្វីដែលកំពុងកើតឡើងនេះ»។
លោក សំ ចំរើន ជាមេធាវីកម្ពុជារបស់អ្នកស្រី Sitanun បានមានប្រសាសន៍ថា អ្នកស្រី នឹងចូលរួមសវនាការនៅថ្ងៃទី៨ ខែធ្នូនិងដាក់ភស្តុតាងជូនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ស៊ិន សុវណ្ណរ័ត្ន។
លោកមានប្រសាសន៍ថា៖ «យើងនឹងផ្តល់ភស្តុតាងបន្ថែមទៀតដល់ចៅក្រមស៊ើបសួរ»។
អ្នកស្រី Sitanun បាននិយាយថា អ្នកស្រីនឹងដាក់ជូនភស្តុតាងមួយចំនួន ដូចជារូបភាពនិងវីដេអូឃ្លីបដែលថតបាននៅកន្លែងកើតហេតុ ទីដែលតាមចោទថា Wanchalearm ត្រូវបានគេចាប់ពង្រត់នោះ និងប្រមូលព័ត៌មានផ្សេងទៀតពីគណនីហ្វេសប៊ុក។
អ្នកស្រីបាននិយាយថា៖ «យើងមានភស្តុតាងមួយចំនួន ដើម្បីបង្ហាញនិងបញ្ជាក់ថា Wanchalearm មានវត្តមាននៅទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា» ។
អ្នកស្រីបន្ថែមថា៖ «ការចាប់ខ្លួនកើតឡើងនៅទីនេះ ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែយើងគ្មានតម្រុយណាមួយអំពីទីកន្លែងរបស់គាត់ បន្ទាប់ពីមានឧប្បត្តិហេតុនេះ»។
ក្រុមការងារអង្គការសហប្រជាជាតិដែលធ្វើការលើការការពារការបាត់ខ្លួនដោយបង្ខំបានយកចិត្តទុកដាក់នឹងករណីនេះ និងបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ព័ត៌មានអំពីការវិវឌ្ឍតាមរយៈការស៊ើបអង្កេតរបស់ខ្លួន។
លោក អ៊ី រិន ជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញគ្រាន់តែបញ្ជាក់ថា សវនាការនឹងប្រព្រឹត្តទៅធម្មតានៅថ្ងៃទី ៨ ខែធ្នូ។ សវនាការមួយចំនួនទាក់ទិននឹងអ្នកជាប់ក្នុងពន្ធនាគារត្រូវបានផ្អាកដោយសារតែមានការឆ្លងវីរុសកូវីដ ១៩ ចូលសហគមន៍។
លោក ឆាយ គឹមឃឿន ជាអ្នកនាំពាក្យស្នងការនគរបាលជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសារលោកស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដោយសារការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ១៩ដូចគ្នានេះ។ ចំណែកលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ជាថ្មីពីជំហរកម្ពុជាថា លោក Wanchalearm មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជា អំឡុងពេលដែលមានការចោទប្រកាន់អំពីការចាប់ពង្រត់នោះទេ។
លោកបានមានប្រសាសន៍ថា៖ «ដូច្នេះ ព័ត៌មានដែលថា គាត់បាត់ខ្លួននៅក្នុងប្រទេសកម្ពុជា យើងមិនដឹងថា វាពិតឬមិនពិតនោះទេ»។
Wanchalearm បានភៀសខ្លួនចេញពីប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ ហើយត្រូវបានចោទប្រកាន់ពីបទល្មើសប្រើប្រាស់កុំព្យូទ័រទាក់ទិននឹងទំព័រហ្វេសប៊ុក ដែលលោកបានបង្ហោះការអត្ថាធិប្បាយបែបរិះគន់ចំពោះរដ្ឋាភិបាលថៃ។ លោកត្រូវបានគេតាមរកចាប់ខ្លួនពីបទល្មើសច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រធ្ងន់ធ្ងរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News