ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងសមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណ ២០០នាក់ ស្ដីពីសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃពុធ ។ សមាគមជាច្រើនបានសម្ដែងការគាំទ្រចំពោះធម្មនុញ្ញនោះ ទោះបីជាការផ្ដល់ធាតុចូលនៅមានកម្រិតក្ដី ប៉ុន្តែ សមាគមមួយចំនួនផ្សេងទៀតបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យលើសេចក្ដីព្រាងធម្មនុញ្ញនេះ ។
យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា សេចក្ដីព្រាងបានធ្វើបញ្ចប់កាលពីយប់ថ្ងៃអង្គារ ហើយអ្នកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បានទទួលឯកសារសេចក្ដីព្រាងនៅថ្ងៃនៃកិច្ចប្រជុំតែម្ដង ។
លោក ភក្ត្រា បាននិយាយថា វិស័យប្រព័ន្ធផ្សព្វផ្សាយបានផ្លាស់ប្ដូរ«យ៉ាងខ្លាំង»ពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមកជាប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ក្នុងនោះការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កំណើននេះបានបណ្ដាលឱ្យកើនឡើងនូវបញ្ហាអវិជ្ជមានជាច្រើន ក្នុងនោះរាប់ទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយផងដែរ ។
ព័ត៌មាន«មិនត្រឹមត្រូវ មិនពិត និងគ្មានប្រភពច្បាស់លាស់ ហើយបង្កប់នូវចេតនាបិទបាំង» ដែលអាចរួមបញ្ចូលទាំងការជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬមិនបោះពុម្ពផ្សាយរឿងអវិជ្ជមានអំពីបុគ្គលដើម្បីទទួលបានផលប្រយោជន៍ ។
នៅក្នុងឆ្នាំ២០២៣ «ព័ត៌មានក្លែងក្លាយ»ជាង ៣០០០ករណី ទាក់ទងទៅនឹងស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងគោលនយោបាយផ្សេងៗ ដែល«ប្រាសចាកពីការពិត» ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា និងបានធ្វើឱ្យប្រជាជនមានការភ័ន្តច្រឡំ ។ ដោយសារតែក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ស្តីពីរបរបសារព័ត៌មាន ព័ត៌មានមិនត្រូវបានត្រួតពិនិត្យជាមុនឡើយ ។ ដូច្នេះ នៅពេលមានបញ្ហា ប្រព័ន្ធផ្សព្វផ្សាយត្រូវទទួលខុសត្រូវ ។
លោក ភក្ត្រា បាននិយាយថា បច្ចុប្បន្ន ប្រជាជនមិនទទួលបានព័ត៌មានប្រកបដោយសុវត្ថិភាពដោយសារព័ត៌ក្លែងក្លាយ ។ ក្នុងន័យទំនួលខុសត្រូវសង្គមនិងវិជ្ជាជីវៈ សារព័ត៌មានចាំបាច់ត្រូវធានាសុចរិតភាពនៃព័ត៌មានសម្រាប់ប្រជាជន ។
លោកបន្តថា អ្នកសារព័ត៌មានដែលផ្សាយដំណឹងលឿនតែងតែប្រឈមនឹងបញ្ហា ដោយសារតែខ្វះពីរចំណុចសំខាន់ៗ — ប្រភពព័ត៌មានច្បាស់លាស់ និងការពន្យល់បញ្ហាពីភាគីពាក់ព័ន្ធ ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការគ្មានប្រភពច្បាស់លាស់និងកង្វះអត្ថាធិប្បាយគ្រប់ជ្រុងជ្រោយជុំវិញបញ្ហាដែលចុះផ្សាយ បានធ្វើឱ្យបាត់បង់ទំនុកចិត្តពីមហាជន ដែលនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មានទាំងមូល» ។ លោកបានបន្ថែមថា៖ «ទំនុកចិត្តរបស់ប្រជាជនមកលើប្រព័ន្ធផ្សព្វផ្សាយនឹងធ្លាក់ចុះ» ។
លោករដ្ឋមន្ត្រីបានបន្តថា «ការបកស្រាយបញ្ហា»ត្រូវបានធ្វើឡើងពីអ្នកសារព័ត៌មាន ឬស្ថាប័នសារព័ត៌មាន ដោយសារតែពុំមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំមានគោលការណ៍រួមច្បាស់លាស់នៅកម្ពុជា ។ ដូច្នេះ បញ្ហាទាំងនេះធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានភាពមិនច្បាស់លាស់ ។
លោកបានលើកឡើងថា ក្រុមមួយចំនួន ដូចជាក្រុមរកលុយតាមអនឡាញ ឬហៅថា MMO បានបង្កបញ្ហាច្រើនណាស់ ដោយសារពួកគេ«មិនគិតពីក្រមសីលធម៌»ទេ គិតតែពីចំនួន«likes, comments និង views» ដើម្បីបានលុយពីបណ្ដាញសង្គម ដែលបំផ្លាញទំនុកចិត្តនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ។
លោកមានប្រសាសន៍ថា៖ «ហេតុនេះហើយ យើងចាំបាច់ត្រូវរួមគ្នាគិតនិងទទួលខុសត្រូវចំពោះវិជ្ជាជីវៈរបស់យើង ។ សព្វថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយពុំមានសណ្ដាប់ធ្នាប់ទេ ។ មាន[អង្គភាពសារព័ត៌មាន]ច្រើន ប៉ុន្តែ គុណភាពមិនដឹងយ៉ាងម៉េចទេ »។
លោក ភក្ត្រា បន្តថា៖ «ដូច្នេះ ការសម្របសម្រួលរៀបចំសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាផ្នែកសំខាន់នៃមូលដ្ឋានគ្រឹះរបស់ក្រមសីលធម៌សារព័ត៌មាន ។ ធម្មនុញ្ញនេះស្របទៅតាមការវិវត្តរបស់សង្គមនិងបច្ចេកវិទ្យា» ។
ធម្មនុញ្ញនេះមានគោលបំណងផ្សេងៗ រួមមានជាអាទិ៍ ការធ្វើសុខដុមនីយកម្មក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ការបង្កើតបទដ្ឋានប្រតិបត្តិរួម ដែលជាគោលការណ៍គ្រឹះសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ ការរៀបចំនិងធានាសណ្ដាប់ធ្នាប់វិជ្ជាជីវៈសារព័ត៌មាន និងការលើកកម្ពស់គុណតម្លៃនិងឥទ្ធិពលវិជ្ជមានជាអំណាចទីបួននៅក្នុងសង្គមកម្ពុជា ។
ការពិគ្រោះយោបល់គួរតែមានបរិយាប័ន្ន
ដំណើរការធ្វើសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែមេសា មកម្ល៉េះ ដើម្បីតម្រង់ទិសនិងប្រមូលធាតុចូលពីអ្នកសារព័ត៌មាននិងសមាគមសារព័ត៌មាន ។ ក្នុងខែមេសានិងខែឧសភា ធាតុចូលត្រូវបានកត់ត្រាដើម្បីបញ្ចូលបន្ថែមទៅក្នុងសេចក្ដីព្រាង ។
ធាតុចូលរួមបញ្ចូលផងដែរនូវការស្រាវជ្រាវអំពីច្បាប់និងការអនុវត្តនៅក្នុងវិស័យព័ត៌មាន និងធាតុចូលពីអ្នកជំនាញផ្នែកក្រមសីលធម៌ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងពីអ្នកមានបទពិសោធន៍ទូលំទូលាយលើវិស័យសារព័ត៌មាន ។ ចន្លោះខែមិថុនានិងពាក់កណ្ដាលខែកក្កដា សេចក្ដីព្រាងត្រូវបានរៀបចំឡើង ហើយបន្ទាប់មក អ្នកពាក់ព័ន្ធនៅក្នុងវិស័យត្រូវបានអញ្ជើញឱ្យពិនិត្យនិងពិភាក្សាគ្នា ។
លោក ភក្ត្រា បានមានប្រសាសន៍ថា៖ «មូលដ្ឋាននៃការធ្វើសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺផ្អែកលើធាតុចូលពីអ្នកសារព័ត៌មាន» ។ លោកបន្តថា ធម្មនុញ្ញនេះឆ្លុះបញ្ចាំងពីច្បាប់សំខាន់ៗ ជាអាទិ៍ រដ្ឋធម្មនុញ្ញ ច្បាប់សារព័ត៌មាន ច្បាប់ស្ដីពីការបង្កើតក្រសួងព័ត៌មាន និងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ។
បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងនឹងបន្តប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធជាបន្តទៀត ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ។
នៅថ្ងៃសិក្ខាសាលាពិគ្រោះយោបល់ សមាគមអ្នកសារព័ត៌មានទាំងឡាយ ត្រូវបានផ្ដល់ឱកាសឱ្យលើកជាមតិយោបល់ ។ សមាគមពីរបី ជាអាទិ៍ ក្លឹបអ្នកកាសែតកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួន និងបានគាំទ្រសេចក្ដីព្រាងធម្មនុញ្ញ ។ អង្គការផ្សេងៗទៀត ដូចជា យូណេស្កូ (UNESCO) និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ស្នើសុំពេលវេលាបន្ថែមដើម្បីពិនិត្យនិងផ្ដល់ធាតុចូល ដោយសារតែពួកគេទើបតែទទួលបានឯកសារសេចក្ដីព្រាងនោះ ។
តំណាងអង្គការ យូណេស្កូ បាននិយាយថា វាជាលើកដំបូងបង្អស់ហើយដែលពួកគេបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែ មិនអាចផ្ដល់មតិត្រឡប់វិញភ្លាមៗបានទេ ។
អ្នកតំណាងរូបនោះបាននិយាយថា៖ «យើងទើបតែទទួលបានសេចក្ដីព្រាងនៅព្រឹកនេះ ដូច្នេះ យើងចង់ស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យមើលសេចក្ដីព្រាង រួចហើយផ្ដល់ជូនធាតុចូលលម្អិតជាលាយលក្ខណ៍អក្សរពីអ្នកជំនាញ[របស់យើង] »។
អង្គការ យូណេស្កូ បានធ្វើការជាមួយភាគីពាក់ព័ន្ធនៅក្នុងវិស័យសារព័ត៌មាន ក្នុងនោះរាប់បញ្ចូលទាំងក្រសួង និងសមាគមអ្នកសារព័ត៌មាននានាផង ដើម្បីពង្រឹងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងកសាងសមត្ថភាពរបស់អង្គភាពនិងបុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយ ។
ទោះបី យូណេស្កូ មិនអាចផ្ដល់ធាតុចូលភ្លាមៗបានក្ដី ប៉ុន្តែអង្គការនេះបានធ្វើបទបង្ហាញពីគោលការណ៍សំខាន់ៗជាច្រើន រួមទាំងបទដ្ឋានក្រមសីលធម៌ សម្រាប់ជាការពិចារណានិងការដាក់បញ្ចូលនៅក្នុងសេចក្ដីព្រាង ។
យូណេស្កូ បានលើកឡើងថា ក្រមសីលធម៌គឺ«សំខាន់ណាស់»សម្រាប់អ្នកសារព័ត៌មាន ដើម្បីយល់ដឹងពីតួនាទីរបស់ខ្លួន និងបំពេញការងារប្រកបដោយវិជ្ជាជីវៈ ។ ការប្រកាន់ខ្ជាប់នូវបទដ្ឋានក្រមសីលធម៌ដឹកនាំផ្លូវអ្នកសារព័ត៌មានដើម្បីធានានូវការរាយការណ៍ព័ត៌មានដែលត្រឹមត្រូវ មានតុល្យភាព និងតម្លាភាព និងនៅពេលប្រមូលទិន្នន័យ ។
ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគួរតែគាំទ្រដល់ឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយ រួមបញ្ចូលទាំងឯករាជ្យភាពនៃវិចារណកថា ។ ក្រមសីលធម៌មិនគួរប្រើជាយន្តការដើម្បីជ្រៀតជ្រែកដល់ការងាររបស់សារព័ត៌មានក្នុងការស៊ើបអង្កេតនិងរាយការណ៍ដោយសេរី ឬក្នុងការសម្រេចចិត្តរបស់ខ្លួនអំពីមាតិកាដែលត្រូវចុះផ្សាយឡើយ ។ ដូច្នេះ យន្តការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គួរតែជាយន្តការឯករាជ្យ ។
តំណាងអង្គការ យូណេស្កូ បាននិយាយថា៖ «ក្នុងបរិបទពិភពលោក ការអនុវត្តដែលល្អ គឺស្ថាប័នចម្រុះនិងឯករាជ្យគួរតែជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើបណ្ដឹងតវ៉ាណាមួយទាក់ទិននឹងការរំលោភបំពានលើក្រមសីលធម៌នេះ» ។
ដំណើរការនៃការបង្កើតក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគួរតែធ្វើឡើងដោយអ្នកធ្វើការក្នុងវិស័យសារព័ត៌មាន និងធ្វើឡើងប្រកបដោយបរិយាបន្ន ការចូលរួម និងតម្លាភាព ដោយមានការពិគ្រោះយោបល់ល្អិតល្អន់ពីភាគីពាក់ព័ន្ធផ្សេងៗក្នុងវិស័យសារព័ត៌មាន ។ សេចក្ដីព្រាងនិងគោលការណ៍ណែនាំផ្សេងៗ គួរតែត្រូវបានបង្ហាញជាសាធារណៈ ។
អង្គការ យូណេស្កូ បានស្នើសុំឱ្យដំណើរការនៃការធ្វើសេចក្ដីព្រាងធម្មនុញ្ញធ្វើឡើងដូចគ្នានេះដែរ ដើម្បីទទួលបានការឯកភាពពីអ្នកសារព័ត៌មាន ។ «ធ្វើបែបនេះ វានឹងនាំឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាពថែមទៀត ។»
ប៉ុន្តែ យូណេស្កូ បាននិយាយថា យន្តការនិងច្បាប់សំខាន់ៗមួយចំនួន រួមទាំងប្រព័ន្ធបណ្ដឹងឯករាជ្យ ចាំបាច់ត្រូវមានជាមុន នៅមុនពេលដាក់ចេញនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ។ អង្គការ យូណេស្កូ ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំតាក់តែងធម្មនុញ្ញនេះ ឱ្យស្របទៅតាមបទដ្ឋានអន្តរជាតិ ។
ស្ថាប័នជំនាញឯករាជ្យ
ស្របពេលជាមួយគ្នានេះដែរ លោក ណុប វី នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
(ខេមបូចា) បានស្នើសុំពេលវេលាបន្ថែមដើម្បីពិនិត្យខ្លឹមសាររបស់សេចក្ដីព្រាង និងរៀបចំកិច្ចពិគ្រោះយោបល់ល្អិតល្អន់ជាមួយសមាជិក និងអ្នកសារព័ត៌មានដទៃទៀត ដើម្បីផ្ដល់ធាតុចូលដល់ក្រសួង ។
លោក វី បានថ្លែងថា វាជារឿងសំខាន់ដែលក្រសួងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត ដូចជា អ្នកសារព័ត៌មាន ចូលរួមនៅក្នុងការរៀបចំសេចក្ដីព្រាងធម្មនុញ្ញ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកយល់ឃើញថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយ ។
លោកសង្ឃឹមចង់ឃើញកិច្ចពិភាក្សាច្រើនថែមទៀតជាមួយអ្នកសារព័ត៌មានតាមខេត្ត ដើម្បីចង់ដឹងថាធម្មនុញ្ញនេះគាំទ្រដល់ការងាររបស់ពួកគេ ឬអត់ និងសង្ឃឹមថា ធាតុចូលពីពួកគេត្រូវបានយកមកពិចារណា ។
លោកបានមានប្រសាសន៍ថា៖ «នៅក្នុងដំណើរការ យើងត្រូវធានាថា ធាតុចូលដែលផ្ដល់ដោយអង្គការ យូណេស្កូ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយត្រូវបានយកទៅពិចារណា ។ ទោះបីធាតុចូលរបស់ពួកគេត្រូវបានយកទៅដាក់បញ្ចូលបន្ថែម ឬអត់ គេគួរតែជូនដំណឹងដល់ស្ថាប័នទាំងនោះផង» ។ លោកបានបន្ថែមថា៖ «ប្រសិនបើមិនអាច[ដាក់បញ្ចូលទៅក្នុងធម្មនុញ្ញបានទេ] គេគួរតែលើកឡើងពីហេតុផល ។ នៅក្នុងដំណើរការនេះ យើងគួរពិភាក្សាគ្នា ដើម្បីឱ្យគ្រប់គ្នាយល់និងផ្ដល់ធាតុចូល» ។
ទន្ទឹមនឹងនេះដែរ លោក វី និយាយថា ស្ថាប័នឯករាជ្យមួយគួរតែបង្កើតឡើងដើម្បីតាមដានបទដ្ឋានក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងដាក់ពិន័យអ្នកទាំងឡាយដែលមិនគោរពតាមបទដ្ឋាន ដើម្បីធានាថា ការជ្រៀតជ្រែកពីស្ថាប័ននីតិប្រតិបត្តិមកលើសារព័ត៌មានត្រូវបានកាត់បន្ថយឱ្យមានតិចបំផុតតាមដែលអាចធ្វើទៅបាន ។
ស្ថាប័នឯករាជ្យត្រួតពិនិត្យមើលការងាររបស់អ្នកសារព័ត៌មាន គួរតែជាអ្នកជំនាញ និងសាស្ត្រាចារ្យពីសាកលវិទ្យាល័យនានាដែលបង្រៀនមុខវិជ្ជាសារព័ត៌មាន និងដែលត្រូវធានាថា ក្រមនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ។
លោក វី និយាយថា៖ «ចំណុចមួយទៀតទាក់ទងនឹងការបង្កើតក្រុមប្រឹក្សាសារព័ត៌មាន ពីព្រោះនៅពេលមានធម្មនុញ្ញនេះ អ្នកសារព័ត៌មានអាចនឹងសួរថាតើធម្មនុញ្ញនេះនឹងអនុវត្តយ៉ាងដូចម្ដេច» ។
លោកបានទទួលស្គាល់ថា ចំនួនអ្នកសារព័ត៌មានដែលបានចូលរួមចំណែកនៅក្នុងយុត្តិធម៌សង្គម ហាក់មិនមានច្រើនទេ រីឯអ្នកសារព័ត៌មានថ្មីៗមួយចំនួន«មិនសូវមានជំនាញ»ទេ ប៉ុន្តែ ទាំងនេះក៏មិនគួរត្រូវគេចាត់ទុកថាជាបទព្រហ្មទណ្ឌដែរ ។ លោក វី និយាយថា៖ «កន្លងមក គេមិនបានអនុវត្តច្បាប់ស្តីពីរបរសារព័ត៌មានទេ ។ នៅពេលគេប្ដឹង តុលាការច្រើនតែប្រើច្បាប់ព្រហ្មទណ្ឌដើម្បីដាក់ទោសលើអ្នកសារព័ត៌មាន» ។
ខណៈការពិភាក្សានៅកំពុងបន្តជុំវិញធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ផ្សេងទៀតក៏ចាំបាច់ត្រូវអនុម័តឱ្យបានឆាប់រហ័សផងដែរ ដូចជា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ជាដើម ។
លោក វី បាននិយាយថា សមាគម ខេមបូចា បានអនុវត្តតាមធម្មនុញ្ញអន្តរជាតិសម្រាប់អង្គការអន្តរជាតិ ដែលបានរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាល ។ តួយ៉ាង ការលុបបំបាត់ការបៀតបៀនអ្នកសារព័ត៌មានស្ត្រី និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបង្កើតគោលនយោបាយនានាដើម្បីលុបបំបាត់អំពើហិង្សាលើអ្នកសារព័ត៌មានស្ត្រី ។
អ្នកតំណាងមកពីក្លឹបអ្នកកាសែតកម្ពុជា បាននិយាយថា ក្រមសីលធម៌មួយចំនួនមានរួចជាស្រេចហើយក្នុងក្រមសីលធម៌របស់ក្លឹបរបស់លោក ។ ក្លឹបនេះក៏បានគាំទ្រចំណុចនានានៅក្នុងធម្មនុញ្ញ ដែលជាចំណុចថ្មីនិងល្អប្រសើរជាងចំណុចនៅក្នុងក្រមសីលធម៌របស់ពួកគេ ។ តំណាងរូបនោះបាននិយាយថា៖ «ខ្ញុំគាំទ្រធម្មនុញ្ញនេះ» ។
ប៉ុន្តែ លោកបាននិយាយថា ការអនុវត្តធម្មនុញ្ញនេះមិនគួរប្រញាប់ប្រញាល់ពេកទេ ដោយសារតែគេចាំបាច់ត្រូវមានកិច្ចប្រជុំផ្ទាល់និងប្រជុំតាមអនឡាញជាច្រើនថែមទៀត ។
លោកបាននិយាយថា៖ «បច្ចុប្បន្ន យើងពង្រឹងគុណភាព ។ ធម្មនុញ្ញនេះគួរតែប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដូចជា ប្រជាពលរដ្ឋ ពីព្រោះពួកគេជាផ្នែកនៃសង្គមរបស់យើង» ។
លោកបានស្នើថា ក្រសួងគួរផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានអំពីធម្មនុញ្ញនេះ នៅមុនផ្ដល់អាជ្ញាបណ្ណ ។
លោកបាននិយាយថា លើសពីនេះទៀត គួរផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនទៅលើក្រុម MMO ពីព្រោះពួកគេ«រំខានដល់សណ្ដាប់ធ្នាប់សង្គម» និងប៉ះពាល់ដល់ទិដ្ឋភាពនយោបាយរបស់ប្រទេស តាមរយៈការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ។
លោកបានអរគុណអង្គការ យូណេស្កូ សម្រាប់ការត្រៀមខ្លួនផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំសេចក្ដីព្រាង ដោយបន្ថែមថា ក្លឹបរបស់លោកក៏បានត្រៀមខ្លួនជួយផងដែរ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mixed Reactions on Information Ministry’s Consultation on Draft Charter for Professional Journalism