សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវកម្មជាច្រើនចាប់ផ្តើមបើកដំណើរការ ខណៈរដ្ឋាភិបាលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ

ភោជនីយដ្ឋានទើបបើកថ្មីនៅរាជធានីភ្នំពេញថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ខេមបូចា / បញ្ញា ឆពណ្ណ
ភោជនីយដ្ឋានទើបបើកថ្មីនៅរាជធានីភ្នំពេញថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ខេមបូចា / បញ្ញា ឆពណ្ណ

នៅពេល​ថ្ងៃល្ងាចតុ​អាហារ​​​នៅ​ក្នុងភោជនីយដ្ឋានជាច្រើន​ ដែល​ទុក​ចោលអស់រយៈ​​ពេល​ជាច្រើន​ខែកន្លង​មកនោះ ​ឥឡូវនេះត្រូវបានរៀបចំឡើង​វិញ​សម្រាប់ទទួល​អតិ​ថិជន ខណៈ​តាម​ដងផ្លូវនានាក្នុងទីក្រុងចាប់ផ្តើម​មមាញឹក​ឡើង​វិញ ជាមួយ​នឹងអ្នកលក់ដូរ។

នេះគឺជាសញ្ញាមួយដែលបញ្ជាក់ថា​ អាជីវកម្មកំពុងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំ​ងឺកូវីដ-១៩​ដែល​ដំបូងគឺប៉ះពាល់ដល់ការធ្វើដំណើរនិង ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងពិភព​លោក ហើយបន្ទាប់មក​ទៀត​គឺ​ការផ្ទុះឡើងក្នុង​សហគមន៍ ដែលបង្កឲ្យមានការបិទខ្ទប់ជាបន្តបន្ទាប់។

ដោយកម្ពុជាឆ្លងកាត់​ការលំបាកនៅ​អំឡុង​ពេល​​មាន​ការ​រីករាលដាល​វីរុស ការបន្ធូរ​បន្ថយ​ការរឹតបន្តឹងដែលកំពុងបន្តរួមទាំងការប្រកាសបើកឡើង​វិញ​កម្មវិធីទិដ្ឋាការអេឡិចត្រូនិក សម្រាប់វិស័យទេស​ចរណ៍ កំពុងផ្តល់ក្តី​សង្ឃឹ​មចំពោះពេលវេលាល្អប្រសើរជាង​នេះ​។

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងតាមសារជាសំ​ឡេង​មួយថា ការធ្លាក់ចុះនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងករណីឆ្លងថ្មី​ នឹងឈានទៅរក​ការ​បើកសេដ្ឋកិច្ចទាំងអស់លើ​គ្រប់វិស័យ​នាពេលឆាប់ៗនេះ។

លោកថ្លែង​ថា៖ «នៅក្នុង​ពេល​ដែល វិស័យកសិកម្ម និងឧស្សាហកម្មកំពុង ដំណើរការល្អ វិស័យសេវាកម្មក៏អាចនឹងបើកឡើងវិញ ដូចដែលយើងបានបើក​សាកល្បងនៅ​ក្នុងពេល​បុណ្យភ្ជុំបិណ្ឌ»។ ដោយលោកសំ​ដៅដល់ការបើកឡើង​វិញនូវ តំបន់ទេសចរណ៍ក្នុងអំឡុង​ថ្ងៃឈប់សម្រាកជាច្រើនថ្ងៃ​។ លោក​ មានប្រសាសន៍ថា «នេះជាវិធីល្អដែលយើងត្រូវរៀន​រស់នៅជាមួយកូវីដ»។

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា សាលារៀនទាំងអស់នឹងត្រូវបាន​បើកឡើង​វិញផងដែរ។

អាជីវកម្មមួយចំនួនដែលមាន​ការ​ប្រមូលផ្តុំមនុស្ស​ចំនួនច្រើន​ ហើយត្រូវបានគេចាត់​ទុកថា មានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ដូចជាបៀរហ្គាឌិន រង្គសាល​ និងកន្លែងកម្សាន្ត​ផ្សេងទៀតត្រូវបានបិទអស់រយៈពេលជាច្រើនខែមកហើយ។ ប៉ុន្តែ​ទោះបីជាសាលារាជធានី​ភ្នំពេញកាលពីសប្តាហ៍មុនបានបញ្ជាឲ្យអាជីវកម្មដែលមានហានិភ័យខ្ពស់ទាំងនេះបន្តបិទ​រយៈពេល១៤ថ្ងៃទៀតរហូតដល់ថ្ងៃទី២៨ ខែតុលា ក៏ដោយក៏អាជីវកម្ម​ជាច្រើនបានបើក​ដំណើរ​​ការ​ឡើងវិញដែរ។

សេចក្តីសម្រេចទាំងនោះកើតមានចំពេលមានការផ្លាស់ប្តូរជា​បន្តបន្ទាប់ឆ្ពោះទៅរក​​ការបើក​ប្រទេសឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាឲ្យបញ្ឈប់ការធ្វើតេស្តរហ័ស​រក​ជំងឺកូវីដ-១៩​និងបានដាក់ចេញវិធានការថ្មីដើម្បី​កាត់បន្ថយ យ៉ាងហោចណាស់​ពាក់​កណ្តាលនៃពេល​វេលា​​ធ្វើ​ចត្តាឡីស័ក សម្រាប់អ្នកដំណើរ ដែលបាន​ចាក់វ៉ាក់សាំងរួច​ហើយ​។

ឥឡូវនេះ រដ្ឋាភិបាលហាក់ដូចជាកំពុងងាកទៅរកយុទ្ធសាស្ត្រ លើកកម្ពស់ការចាក់ ​​វ៉ាក់សាំងបន្ថែមទៀត ហើយម៉្យាងទៀតដោយតម្រូវឲ្យទីតាំងអាជីវកម្មស្នើឲ្យអតិថិជន​បង្ហាញប័ណ្ណចាក់វ៉ាក់សាំងមុនពេលអនុញ្ញាតឲ្យចូល។

នៅក្នុងសារជាសំឡេងដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក៏បានអំពាវនាវដល់ ប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យប្រញាប់​ប្រញាល់​ទៅ​ចាក់វ៉ាក់សាំង ក៏ដូចជាអំពាវដល់​បុគ្គលិកសុខាភិបាល និងអាជ្ញាធរដទៃទៀតរៀបចំការចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាលដល់​ទីកន្លែង។

គិតត្រឹមថ្ងៃអង្គារ គឺជាង១៣,៦លាននាក់នៃប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់​របស់ប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំង ដែលយ៉ាងហោចណាស់​មួយដូស រួមទាំងកុមារដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ។ លោក​ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋជាងមួយលាននាក់ ក្នុង​នោះ​ពាក់​កណ្តាលនៅ​រាជធានីភ្នំពេញបានទទួល​ដូសជំរុញ​វ៉ាក់សាំងកូវីដ-១៩។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានប្រកាសពង្រីកការ​ចាក់​វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋដែលមាន​ហានិភ័យខ្ពស់ ដូចជា ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ និង​ក្រុមមនុស្សចាស់មួយចំនួន។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី១៧ ខែតុលាថា អាជីវកម្មនិង សង្គមត្រូវបានលើកទឹកចិត្តឲ្យ​បើក​ដំណើរការឡើងវិញ ប៉ុន្តែនៅតែតម្រូវឲ្យគោរពតាមការណែនាំរបស់សុខាភិបាល​ ដើម្បីធានាសុវត្ថិភាព។

លោកស្រីបានសរសេរថា៖ «បុគ្គល ម្ចាស់អាជីវកម្មនិងអាជ្ញាធរមូលដ្ឋានត្រូវបាន​លើក​ទឹកចិត្តឲ្យចាប់ផ្តើមត្រៀម​ខ្លួន​ឲ្យបានសមស្រប ដោយ​ធ្វើការថ្លឹងថ្លែងពីហានិភ័យ​និងបន្តវិធានការបង្ការចាំបាច់ ដើម្បីធានាដល់ការបើកឡើងវិញប្រកប​ដោយ​សុវត្ថិភាពតាម​បែបគន្លងថ្មី»។

ក្តីរំពឹងតាម​បែប «គន្លងថ្មី» នេះ គឺជាដំណឹងល្អមួយសម្រាប់​កម្មករ នៅក្នុងវិស័យសេដ្ឋកិច្ច​ឮក្រៅប្រព័ន្ធ​ ដែលពួកគេភាគច្រើនជួបការលំបាកក្នុងការឆ្លើយ​តបទៅនឹង​ការចំណាយ​ ដោយ​ពួកគេបាត់បង់មុខរបរដោយសារការ​រីករាលដាលជំងឺ។

សណ្ឋាគារនិងផ្ទះសំណាក់មួយចំនួននៅរាជធានីភ្នំ​ពេញ​បានបើក​ដំណើរការឡើងវិញ បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាល ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ខេមបូចា / បញ្ញា ឆពណ្ណ​

លោក​ ហាន់ ស៊ីថា អាយុ៥៦ឆ្នាំជាអ្នកធាក់ស៊ីក្លូបាននិយាយថា លោក​និងអ្នកធាក់​ស៊ីក្លូ​ដទៃទៀតនៅក្នុងទីក្រុងភ្នំពេញពឹងផ្អែកលើភ្ញៀវទេសចរបរទេសដើម្បីរកប្រាក់កំរៃសម្រាប់ការហូបចុក ព្រោះប្រជាពលរដ្ឋក្នុងស្រុក​និយមប្រើប្រាស់មធ្យោបាយធ្វើ​ដំណើរផ្សេងទៀត។ ដោយ​សារតែ​គ្មាន​ភ្ញៀវ​ទេសចរអស់រយៈពេលជាងមួយ​ឆ្នាំមកនេះ អ្នកធាក់​ស៊ីក្លូជាច្រើននាក់​បានមើលឃើញថា ប្រាក់ចំ​ណូលរបស់ពួកគេបានបាត់បង់។

លោក ស៊ីថា បាននិយាយថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅពេលដែលសេដ្ឋកិច្ច​ត្រូវបានបើកឡើងវិញពេញលេញ ភ្ញៀវទេសចរបរទេសនឹងត្រលប់មកទស្សនា​ប្រទេស​កម្ពុជាវិញ ហើយយើងអាចរកប្រាក់បានច្រើន ដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើង»។

សម្រាប់ពេលនេះ លោកធ្វើការជាមួយគម្រោងសប្បុរសធម៌ឈ្មោះ Local for Local ដោយធាក់​ស៊ីក្លូរបស់លោក​ ដើម្បីប្រមូលអំណោយចែកជូន​អ្នក​​​ដែលខ្វះ ខាតដោយ​សារការ​ធ្លាក់ចុះនៃសេដ្ឋកិច្ចបណ្តាលមក​ពីជំងឺកូវីដ-១៩ ។

លោក ឆេង គីមឡុង អនុប្រធាន និងជាអ្នកស្រាវជ្រាវអាជីវកម្មនៅវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី​បានមាន​ប្រសាសន៍ថា វានឹងត្រូវការពេលវេលាដើម្បី​ស្តារសកម្មភាព​សេដ្ឋកិច្ចឡើងវិញ ប៉ុន្តែការអនុញ្ញាតឲ្យភ្ញៀវទេសចរនិង វិនិយោគិន បរទេសត្រឡប់​មកវិញ ដើម្បីស្តារ​អាជីវកម្ម​ គឺជាជំហានដ៏ល្អមួយ។ លោក គីមឡុង បានមាន​ប្រសាសន៍ថា វិស័យសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​មានចំណែក​៨០ភាគរយនៃសេដ្ឋកិច្ចជាតិ ហើយថា ការបើកឡើងវិញគួរតែជួយស្ដារស្ថាន​ ភាពកម្មករក្នុង​វិស័យនេះ ឲ្យមានកម្រិតជីវភាពរស់នៅ​ប្រសើរឡើង។

សម្រាប់ពេលនេះ ផលប៉ះពាល់នៃការបាត់បង់ទេសចរណ៍ ទាំងស្រុងនេះកើតមាន​​ទូទាំង​ប្រទេសកម្ពុជា ហើយទោះបីជាសេចក្តី​រាយការណ៍របស់​ប្រព័ន្ធផ្សព្វ​ផ្សាយព័ត៌មាន​បង្ហាញថា ភ្ញៀវទេសចរអាចដាក់ពាក្យសុំទិដ្ឋាការអេឡិចត្រូនិកបានក៏ដោយ ក៏គេនៅតែត្រូវរង់ចាំមើលថា តើភ្ញៀវនឹងវិលត្រលប់មកវិញឆាប់រហ័ស​ប៉ុណ្ណា។

នៅខេត្តសៀមរាប​ លោក យន់ សុធា​ ជា​មគ្គុទ្ទេសក៍ទេសចរណ៍ដែលគ្មានការងារធ្វើបាន​​និយាយថា ការធ្លាក់ចុះនៃឧស្សាហកម្មនេះបាន ជះឥទ្ធិពលដល់អាជីវកម្មក្នុងស្រុកជាច្រើន។

លោកពន្យល់ថា មគ្គុទ្ទេសក៍ទេសចរណ៍ខ្លះនៅសៀមរាប បានរកការងារផ្សេៗធ្វើ ​ដើម្បី​រកប្រាក់ ប៉ុន្តែលោកនិយាយថា គ្រប់គ្នា​កំពុងរង់ចាំការវិលត្រឡប់ទៅ​កាន់​វិស័យ​ទេសចរណ៍​វិញ។

លោក សុធា បាននិយាយថា៖ «ខ្ញុំរំភើបចំពោះដំណឹងនៃការបើកប្រទេសឡើងវិញ ហើយសង្ឃឹមថា អ្វីៗនឹងវិលទៅ​រក​ភាពធម្មតាដូចមុនពេលមានការរីករាលដាលជំងឺ»។

លោក វ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានប្រសាសន៍ថា ការបើកអាជីវកម្មឡើងវិញនឹងផ្តល់អត្ថប្រយោជន៍ ដល់​​អ្នកដែលកំពុងជួប​ការលំបាកផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក​មានប្រសាសន៍ថា៖ «តាមការយល់ឃើញរបស់ខ្ញុំផ្ទាល់​គឺថា ការបើកអាជីវកម្មឡើងវិញ​អាចធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រសើរឡើង​ …ហើយ​ [មាន​លទ្ធភាព​] សងបំណុលធនាគារ»។

ការបន្ធូរបន្ថយវិធានការ ដើម្បីសង្គ្រោះទេសចរណ៍

យោងតាមរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍កាលពីឆ្នាំមុនបាន​ឲ្យដឹងថា អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាង ៣ពាន់កន្លែងត្រូវបានបិទទ្វារ​ចាប់តាំង​ពីការផ្ទុះឡើងជំងឺរាតត្បាត។

កាលពីថ្ងៃទី១៦ ខែតុលានេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងអំពីការបើក​ប្រទេសឡើងវិញ ដោយអះអាងថា ការ​ធ្លាក់ចុះនៃតួលេខឆ្លងជំងឺកូវីដ-១៩ បានជំរុញឲ្យ​មាន​ការសម្រេចកាត់បន្ថយការធ្វើចត្តាឡីស័ក តាមសណ្ឋាគារ​សម្រាប់ភ្ញៀវបរទេសទូទៅពី១៤ថ្ងៃ​មកត្រឹម៧ថ្ងៃវិញ។ ​វិនិយោគិននិងពាណិជ្ជករបរទេសនឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ត្រឹមរយៈពេល​​៣ថ្ងៃ​ ​ដោយការកាត់បន្ថយទាំងអស់នេះត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​លក្ខខណ្ឌថា ដែល​អ្នកដំណើរ​​ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ​រួ​ច​ហើយ​។

លោកស្រី Clais Chenda អនុប្រធានសមាគមសណ្ឋាគារកម្ពុជា (CHA) និងជាម្ចាស់​ សណ្ឋាគារមួយនៅខេត្តកែប និងនៅ​ក្រចេះ បា​ននិយាយថា បន្ទាប់ពីខាត បង់អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ការបើកប្រទេសឡើងវិញនឹង ជួយស្តារ វិស័យទេសចរណ៍និងអាជីវកម្មដែលពាក់ព័ន្ធ។

លោកស្រីបានមានប្រសាសន៍ថា៖ «យើងគឺជាប្រទេសដែលបាន​ចាក់វ៉ាក់សាំងបាន​​ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ដូច្នេះយើងត្រូវតែផ្សព្វផ្សាយជាអន្តរជាតិ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរបរទេស»។​ លោកស្រីឲ្យដឹងថា «ការកាត់បន្ថយការធ្វើចត្តាឡីស័ក​ ក៏ជាចំណុចទាក់ទាញមួយសម្រាប់​ភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាដែរ ហើយប្រសិនបើស្ថានភាព​ប្រសើរឡើង គួរតែដកចេញទាំងស្រុងតែម្តង ព្រោះវានៅ​តែជាឧបសគ្គសម្រាប់ភ្ញៀវទេសចរបរទេស»។

លោកស្រី Chenda បានមានប្រសាសន៍ថា សណ្ឋាគាររបស់លោកស្រីបានកាត់ បន្ថយបុគ្គលិក៥០ភាគរយ ដើម្បីរក្សាអាជីវកម្មឲ្យនៅដំណើរ​ការ​។

លោកស្រីបានមានប្រសាសន៍បន្តថា៖ «យើងនឹងអញ្ជើញពួកគេឲ្យត្រឡប់​មកធ្វើការវិញ ហើយយើងក៏នឹងរៀបចំវគ្គបណ្តុះបណ្តាល ជំនាញទេសចរណ៍ផងដែរ… មុនពេលវិស័យ​នេះដំណើរការឡើងវិញពេញលេញ»។ ដោយលោកស្រីបន្ថែមថា «យើងក៏នឹងជួសជុល និងតុបតែងកន្លែងដើម្បីស្វាគមន៍ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេស»។

គិតត្រឹម​​ថ្ងៃអង្គារក្រសួងសុខាភិបាលបានរាយការណ៍ពីការធ្លាក់ចុះនៃករណីឆ្លង​ថ្មីនៃជំងឺកូវីដ-១៩មកត្រឹម១៧៥នាក់ ដោយមានអ្នកស្លាប់ចំនួន១១នាក់ ដែលធ្វើ​ឲ្យ​តួលេខឆ្លងសរុបកើ​ន​ដល់១១៧.០៣៥ករណីនិងមានអ្នកស្លាប់២.៦៨១នាក់ចាប់តាំងពីមាន​ករណីឆ្លងរាលដាល​កាល​ពី​ដើមឆ្នាំ២០២០មក។ ក្រសួងបានកត់ត្រាចំនួន​អ្នក​ជាសះស្បើយពីជំងឺ​មាន​ចំនួន១១១.៤២០ករណី៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ More business resumed as government moves toward full reopening

305 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម