សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលថាក្រុមមនុស្សផ្សេងបន្ថែមទៀតនឹងទទួលបានវ៉ាក់សាំងAstraZeneca

បុរសខ្មែរម្នាក់បានទទួលវ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យកុមារជាតិក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែមីនា។ខេមបូចា/បញ្ញា ឆព័ណ្ណ
បុរសខ្មែរម្នាក់បានទទួលវ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យកុមារជាតិក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែមីនា។ខេមបូចា/បញ្ញា ឆព័ណ្ណ

ក្រសួង​សុខា​ភិបាល​កំពុងពិចារណា​ពង្រីក​វិសាលភាព​លើ​​ក្រុម​អាទិភាព​ត្រូវ​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ​១៩ AstraZeneca បន្ទាប់​​ពី​មាន​ការ​​កើនឡើង​នៃការ​ចាក់​កាលពី​សប្ដាហ៍​មុន ខ​ណៈវ៉ាក់សាំង​​ផលិត​ក្នុង​ប្រទេស​ឥណ្ឌា​មួយ​នេះ​ក៏​ត្រូវ​រាយការណ៍​ថា​ចាក់​ឲ្យ​អ្នក​ដែល​មាន​អាយុក្រោម​៦០​ឆ្នាំផង​ដែរ​។

រដ្ឋលេខាធិការ​ក្រ​សួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ប្រ​ទេស​ឥណ្ឌា ក្រោម​ឈ្មោះថា​​ Covishield ដំណាក់កាល​ទីពីរ នឹង​មក​ដល់​កម្ពុជា​នៅ​មុន​ខែ​មិថុនាឆ្នាំ​នេះ ហើយ​ថា​រដ្ឋា​ភិបាល​អាច​នឹង​បង្កើន​ចំនួន​ក្រុម​មនុស្ស​ដែល​អាច​ចាក់​វ៉ាក់សាំង​នេះបាន​។​

លោកស្រី​បន្ថែម​ថា៖ «​យើង​កំពុង​ពិចារណា​ពង្រីកវិសាលភាព​នៃ​​ការ​ចាក់​វ៉ាក់សាំង​[ Covishield]​ សម្រាប់​ក្រុម​អាទិភាព​ផ្សេង​បន្ថែម​ទៀត ប៉ុន្តែ​វា​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​អន្តរ​ក្រ​សួង ដែល​នឹង​ត្រូវ​ពិភាក្សា​គ្នា​បន្ថែម និងការ​ណែនាំ​ចអង្អុរបង្ហាញ​​ពី       សម្តេច​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន»។​

លោកស្រី​ឲ្យ​ដឹង​ថា៖ «​ប្រ​ជា​ពល​រដ្ឋ​ចង់​ចាក់​​វ៉ាក់សាំង ប៉ុន្តែ​ចំនួន​វ៉ាក់សាំង​មាន​កំណត់ ព្រោះ​យើង​ត្រូវ​ការ​កំណត់​ក្រុម​អាទិភាព ថា​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ណា​ត្រូវ​ទទួល​បាន»។​

លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃអង្គារ បាន​​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះកិច្ច​ដើម្បី​ជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដោយ​មាន​លោក​ស្រី ឱ វណ្ណឌីន ជា​ប្រធាន​។ លោក បន្ថែម​ថាកម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំងផលិតនៅ​ប្រទេស​ចិន​ Sinovac ​​ ចំនួន​១,៥​លាន​ដូស​​បន្ថែម​ទៀត​។

លោក​ឲ្យ​ដឹង​ថា៖ «​យើង​ក៏​កំពុងស្វែង​​រក​ទិញ​វ៉ាក់សាំង​អាមេរិក Johnson and Johnson ផង​ដែរ»។

ក​ម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ផលិត​នៅ​ប្រទេសចិន Sinopharm ​​ចំនួន​៦០០ ០០០ដូស និង​បាន​ទទួល​វ៉ាក់សាំង​​ AstraZeneca ចំនួន​៣២៤ ០០០​ដូស តែ​ពេល​នេះ អាជ្ញាធរ​បាន​ប្រកាស​ពី​ការ​ផ្អាក​ចាក់​វ៉ាក់សាំង​ដូសទី​មួយ​ហើយ​សម្រាប់ Sinopharm ។​

រ​ដ្ឋាភិបាល​បាន​លើក​ឡើង​ថា​វ៉ាក់សាំង​ Shinopharm មិន​អាច​ចាក់​ឲ្យ​មនុស្ស​មាន​អាយុ​លើសពី​៦០​ឆ្នាំ និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​នោះទេ​។ ដូចនេះ វ៉ាក់សាំង AstraZeneca គឺ​សម្រាប់​​ចាក់​ឲ្យ​ប្រ​ជា​ជន​កម្ពុជា​មាន​អាយុ​លើ​សពី​៦០​ឆ្នាំ ក្រុម​មន្ត្រី​ការទូត បុគ្គលិក​អង្គការ​អន្តរ​ជាតិ និង​មន្ត្រី​អង្គការ​សហប្រ​ជា​ជាតិ​។​

​ខេមបូចា បាន​រក​ឃើញ​ថា​មាន​មនុស្ស​វ័យ​ក្រោម​៦០​ឆ្នាំ​ ត្រូវ​បាន​រាយការណ៍​ថា​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ AstraZeneca ។ ក្នុង​ក្រុម​សន្ទនា​មួយ ដែល​ខេមបូចាបានឃើញ បាន​បង្ហាញ​ថា​សមាជិក​​សភាពាណិជ្ជកម្ម​កម្ពុជាបាន​ចាក់​វ៉ាក់សាំង​ប្រភេទ​​ Astra Zeneca នៅ​មន្ទីរ​ពេទ្យ​កុមារជាតិ ​ក្នុង​សប្ដាហ៍​នេះ​។​

លោក ងួន ម៉េង​ តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់ថា​មនុស្ស​ជាង​៩០​នាក់​​នៃ​សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា​​នៅ​ភ្នំពេញ បាន​ចាក់​វ៉ាក់សាំង​ AstraZeneca ហើយ​ថា​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​អាយុ​លើសពី​៦០​ឆ្នាំ​។

លោក​មានប្រសាសន៍ថា៖ «​ពីព្រោះ​វ៉ាក់សាំង​ Shinopharm អស់​ពី​ស្ដុក​ សមាជិក​ស្នើ​សុំ​ចាក់​វ៉ាក់សាំង​ AstraZeneca ជំនួស​វិញ…មាន​តែ​សមាជិក​តិចតួច​ប៉ុណ្ណោះ​មានអាយុ​តិចជាង​៦០​ឆ្នាំ ដែល​បាន ទទួល​វ៉ាក់សាំង AstraZeneca ។ អ្នក​ទាំង​នោះ​មានអាយុ​ចន្លោះពី​៥៧​ទៅ​៥៨​ឆ្នាំ»

លោក​ស្រី ឱ វណ្ណឌីន មាន​ប្រ​សាសន៍​ថា​លោកស្រីនឹង​ពិនិត្យ​មើល​ថា​តើ​ពិត​ជាមាន​ករណី​អ្នក​អាយុ​ក្រោម​៦០​ឆ្នាំ បាន​ចាក់វ៉ាក់សាំង​ AstraZeneca ឬ​យ៉ាងណា។​

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី មាន​ប្រ​សាសន៍​ថា​សាលារាជធានី​បាន​រៀបចំបញ្ជី​ឈ្មោះ​អ្នក​មានអាយុ​លើសពី​៦០​ឆ្នាំ ដើម្បី​បាន​ទទួល​វ៉ាក់សាំង​ AstraZeneca ។

លោក​បន្ថែមថា៖ «​ចាប់​តាំង​ពី​ក្រ​សួង​សុខាភិបាល​ប្រកាស​ឲ្យ​អ្នក​មាន​អាយុ​លើសពី​៦០​ឆ្នាំ​អាច​ទទួល​បាន​វ៉ាក់សាំង​ AstraZeneca មានមនុស្ស​ជា​ច្រើន​សម្រុក​ទៅ​ទទួល​វ៉ាក់សាំង…​ដូច​នេះ​អាជ្ញាធរ​បាន​រៀប​ចំបញ្ជី​ឈ្មោះ អញ្ចើញ​អ្នក​ទាំង​នោះ​តាម​ភូមិ​នីមួយៗ​ ឬ​សង្កាត់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​មនុស្ស​ទៅ​ច្រើន​ជាន់​គ្នា​​នៅពេល​តែ​មួយ»។​​

លោកស្រី Hedy Ip ប្រ​ធាន​ផ្នែក​សុខភាព​របស់អង្គការ​យូនីសេហ្វ(UNICEF) ប្រ​ចាំ​កម្ពុជា បាន​លើក​ឡើង​ថា​កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​ផែ​នការ​ថ្នាក់ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដើម្បី​ឲ្យ​ប្រាដក​ថា​ក្រុម​អាទិភាព​បាន​ទទួល​វ៉ាក់សាំង​បង្ការ​នេះ។​

លោកស្រី​ បន្ថែម​ថា៖ «យូនីសេហ្វ និង​អង្គការ​សុខ​ភាព​ពិភព​លោក បាន​កំពុង​ចុះពិនិត្យ​តាម​ដាន​​​កន្លែង​ចាក់​វ៉ាក់សាំង និង​គាំទ្រ​រដ្ឋា​ភិបាល​ក្នុង​ការ​កំណត់​​បញ្ហា​ដែល​ត្រូវយក​ចិត្ត​ទុក​ដាក់»។​

លោកស្រី​ ចក់ សុភាព នាយកប្រតិបត្តិ​​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា​តាម​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធ្វើ​យ៉ាងណា​​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​អាច​ទទួល​បាន​សេវា​សុខា​ភិបាល​ដោយ​មិន​មាន​ការ​រើស​អើង​។

លោកស្រី​បន្ថែមថា៖ «មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​ថា​បុគ្គលិក​ទូត និង​បុគ្គលិក​អង្គការ​អន្ត​រ​ជាតិ​អាច​មានជម្រើស​លើ​វ៉ាក់សាំងទាំងពីរ ខណៈ​ពល​រដ្ឋ​ខ្មែរ​មិន​មាន​សិទ្ធិនេះ ដែល​នេះ​បង្ហាញ​ពី​ក្ដី​កង្វល់ និង​មាន​សំណួរ​ថា​តើ​អ្វី​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​នេះ»។​

លោកស្រី​បន្ត​ថា​​រដ្ឋាភិបាល​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​គោល​ការណ៍​ដែល​មាន​ស្រាប់ និង​គោលការណ៍​ដែល​នឹង​មាន​របស់​អង្គការ​សុខ​ភាព​ពិ​ភព​លោក ពេល​អនុវត្ត​វិធានការ​ឆ្លើយ​តប​នឹង​កូវីដ​១៩ ហើយ​ត្រូ​ធានា​ថា​គោលការ​ណ៍​សិទ្ធិ​មនុស្ស​គឺ​ជា​ស្នូល​ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​កូវីដ១៩​នេះ។​

លោកស្រី​លើក​ឡើងថា៖ «​វាមាន​សារសំខាន់​ណាស់​ដែល​ការ​ចែក​ចាយ​វ៉ាក់សាំង​ត្រូវ​ធ្វើ​ឡើង​ដោយ​សមធម៌ មិនមានការ​រើសអើស និង​មាន​តម្លាភាព ដើម្បីជៀសវាងបក្សពួកនិយម និង​អំពើ​ពុក​រលួយ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ»។​​

បើ​តាមរបាយការណ៍​ចាក់​វ៉ាក់សាំង​របស់​ក្រ​សួង​សុខាភិបាល​​កាលពី​ថ្ងៃទី​១៤ ខែ​មីនា មាន​មនុស្ស​ចំនួន​ ១៧០ ៦៥៩​នាក់ បាន​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ យ៉ាង​ហោច​ណាស់​ដូសទី​១​ក្នុង​ចំនួន​ដូស​​ពីរ​ដែល​ត្រូវ​ចាក់​។​

កម្ពុជា បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​កូវីដ១៩ ចំនូន​១៥៤១ករណី គិត​ចាប់ពី​ឆ្នាំមុន និង​ពេល​នេះ​កំពុង​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ ដែល​មាន​យ៉ាង​ហោច​ណាស់​ខេត្ត​ចំនួន​១០​បាន​រង​ផល​ប៉ះពាល់ និង​មនុស្ស​១០២៥​នាក់​បានឆ្លងជំងឺនេះ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ More groups will get AstraZeneca vaccine, government says

329 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម