សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនបរទេសជាង១៥០០នាក់ មាន​២៣​សញ្ជាតិ ត្រូវបានបណ្ដេញចេញ​ពីប្រទេសកម្ពុជា ក្នុងមួយសប្តាហ៍ចុងខែមីនានេះ

ជនបរទេសដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់ នៅចុងខែមីនា ឆ្នាំ២០២៦។ (រូបភាព៖ អគ្គនាយកអន្តោប្រវេសន៍)
ជនបរទេសដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់ នៅចុងខែមីនា ឆ្នាំ២០២៦។ (រូបភាព៖ អគ្គនាយកអន្តោប្រវេសន៍)

អគ្គនាយក​អន្តោ​ប្រវេសន៍ បានបន្តបណ្ដេញជនបរទេសសរុបចំនួន ១ ៥២៨នាក់ ស្រី២៣២នាក់ មាន២៣សញ្ជាតិ ចេញពីប្រទេស​កម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើ​ការងារ​ខុស​ច្បាប់ គិតចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២៦។​ យោងតាមហ្វេសប៊ុកផេករបស់អគ្គនាយក​អន្តោ​ប្រវេសន៍។

ក្នុងចំណោមជនបរទេសសរុប ១ ៥២៨នាក់ ស្រី២៣២នាក់ មាន២៣សញ្ជាតិ រួមមាន ៖ យ៉ូហ្គង់ដា កេនយ៉ា នេប៉ាល់ ចិន ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ចិនតៃវ៉ាន់ បេឡារូស វៀតណាម ឥណ្ឌូនេស៊ី ហ្គាណា អាហ្រិ្វកខាងត្បួង អង់គ្លេស ប៊ូរុនឌី កាមេរូន រវ៉ាន់ដា អូស្ត្រាលី នីហ្សេរីយ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជនបរទេសដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើ​ការងារ​ខុស​ច្បាប់ នៅចុងខែមីនា​ ឆ្នាំ២០២៦។ (រូបភាព៖ អគ្គនាយក​អន្តោ​ប្រវេសន៍)  

ជាមួយគ្នានេះ ជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើ​ការងារ​ខុស​ច្បាប់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាល​ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផងដែរ។

ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម