ពលរដ្ឋ២ភូមិជាង១០០គ្រួសារនៅឃុំបឹងខ្យាងរងផលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយរបស់រដ្ឋ ខណៈពលរដ្ឋខ្លះទើបតែព្រមទទួលសំណងពីព្រលានយន្ដហោះអន្ដរជាតិតេជោតាខ្មៅ និងបានទៅទិញដីសង់ផ្ទះនៅទីនោះរួចរាល់ និងខ្លះទៀតកំពុងសាងសង់ ប៉ុន្ដែបែរជាត្រូវរងប៉ះពាល់ម្ដងទៀត។
បើតាមពលរដ្ឋម្នាក់ដែលទើបព្រមទទួលយកសំណងពីព្រលានយន្ដហោះអន្ដរជាតិតេជោតាខ្មៅជុំវិញការប៉ះផ្ទះ និងដីអាស្រ័យផលផង តែពេលនេះអ្នកស្រីបែរជាត្រូវមកប៉ះជាមួយគម្រោងពង្រីកព្រែករបស់រដ្ឋម្ដងទៀតនោះ គឺអ្នកស្រី ឆាយ ចាន់ណា អាយុ៤០ឆ្នាំ បានលើកឡើងថា អ្នកស្រីទើបទទួលយកសំណងពីព្រលានយន្ដហោះ ហើយអ្នកស្រីបានយកលុយសំណងទៅទិញដីដើម្បីសាងសង់ផ្ទះរស់នៅ មិនទាន់បានទាំងធ្វើរួចរាល់ផងអ្នកស្រីថាត្រូវមកប៉ះគម្រោងពង្រីកព្រែករបស់រដ្ឋម្ដងទៀត។
អ្នកស្រីបានរៀបរាប់ពីទុក្ខលំបាក និងក្ដីកង្វល់ថា មិនដឹងថារដ្ឋចាត់ទុកពលរដ្ឋជាអ្វីឱ្យប្រាកដ បើរដ្ឋមានគម្រោងហេតុអ្វីមិនព្រមហាមឃាត់ពលរដ្ឋមិនឱ្យទិញដីដើម្បីសាងសង់ផ្ទះទៅ ទាល់តែពលរដ្ឋខ្លះសាងសង់រួចរាល់ និងពលរដ្ឋខ្លះទៀតកំពុងសាងសង់។
អ្នកស្រីបានឱ្យដឹងថា៖ «មួយជីវិតរត់គេចចឹងរហូតមែន? ខ្ញុំទើបតែប៉ះទាំងផ្ទះទាំងដីជាមួយព្រលានម្ដងហើយ ឥឡូវបែរជាមកប៉ះម្ដងទៀត។ ខ្ញុំឈឺចាប់ណាស់ ខ្ញុំបាយលែងចូលហើយ វាហួសហេតុពេក»។ អ្នកស្រីបន្តថា៖ «ចុះមុននឹងខ្ញុំទិញហេតុអីអាជ្ញាធរមិនព្រមប្រាប់ថាកុំនាំគ្នាទិញអីគេនឹងមានគម្រោង។ ពេលនេះផ្ទះខ្ញុំធ្វើជិតហើយបែរជាមកអឹចឹង ខ្ញុំហត់ណាស់។ ទាំងផ្ទះទាំងដីខ្ញុំចំណាយលុយជិត៤ម៉ឺនដុល្លារ»។
កាលពីថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរបានហៅប្រជាពលរដ្ឋ២ភូមិ រួមមាន ភូមិកំពង់តាឡុង និងភូមិស្រុកចេក ឃុំបឹងខ្យាង ដើម្បីបង្ហាញពីគម្រោងពង្រីកប្រឡាយសងខាង៥០ម៉ែត្រមានប្រវែងជាង៤គីឡូម៉ែត្រ និងមានប្រជាពលរដ្ឋជិត២០០គ្រួសារត្រូវរងផលប៉ះពាល់យោងតាមការបញ្ជាក់ពីពលរដ្ឋដែលបានចូលរួមប្រជុំ។
ពលរដ្ឋម្នាក់ទៀតដែលទើបសាងសង់ផ្ទះរួចរាល់ប្រហែលជាង២ខែ និងបានចំណាយទឹកប្រាក់អស់ជិត៤ម៉ឺនដុល្លារនោះគឺលោក គី សាវឿន អាយុ៥៥ឆ្នាំ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បានឱ្យខេមបូចាដឹងថា លោកបានទិញដីអស់ជាង១ម៉ឺនដុល្លារ និងសាងសង់ផ្ទះសរុបជិត៤ម៉ឺនដុល្លារដែលទើបធ្វើហើយបាន២ខែ។
លោកបន្ដថា កាលពីថ្ងៃពុធអាជ្ញាធរបានហៅប្រជាពលរដ្ឋ៧០គ្រួសារដើម្បីបង្ហាញពីគម្រោងពង្រីកព្រែកដើម្បីរំដោះទឹកចេញពីទីក្រុងដោយតភ្ជាប់ស្ពានកំពង់ទួលផ្លូវជាតិលេខ៣មក។ លោកបន្ដថា ការបង្ហាញគម្រោងនេះគឺគេបា្រប់ថា នឹងតម្រូវឱ្យពលរដ្ឋត្រូវចាកចេញឆាប់ៗ ដោយទុករយៈត្រឹមតែជាង១ខែប៉ុណ្ណោះ។ លោកឱ្យដឹងទៀតថា គម្រោងនេះហាក់មិនបានគិតគូរពីជីវភាពពលរដ្ឋនោះទេ ព្រោះ បើចង់ឱ្យពលរដ្ឋចាកចេញ រដ្ឋត្រូវគិតគូរសំណងឱ្យសមរម្យទើបលោកព្រមចាកចេញ។
លោក សាវឿន បន្ថែមថា៖ «គេហៅពលរដ្ឋមកប្រជុំតែពលរដ្ឋខ្លះគេអត់មក។ គេប្រជុំរឿងពង្រីកព្រែកសងខាង៥០ម៉ែត្រ គេថាពលរដ្ឋណាមានប្លង់រឹងទើបគេគិតឱ្យ បើពលរដ្ឋណាអត់មានដីគេគិតតែថ្លៃផ្ទះ និងដំណាំទេ។ ខ្ញុំទើបធ្វើឱ្យបាន២ខែមិនទាន់នៅស្រួលបួលផង ឥឡូវមកអឹចឹង។ ខ្ញុំព្រមចេញឱ្យតែសំណងសមរម្យ បើអត់ទេខ្ញុំមិនចេញទេ ខ្ញុំនឹងនាំគ្នាតវ៉ាទាល់តែបានសំណងសមរម្យ»។
ក្នុងលិខិតមួយដែលក្រសួងធនធានទឹក និងឧតុនិយមបានតម្រូវឱ្យរដ្ឋបាលខេត្ដកណ្ដាលចុះអនុវត្ដគម្រោងស្ដារស្ទឹង និងប្រឡាយតូចៗនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល ដោយក្នុងនោះមានប្រឡាយទឹកដែលត្រូវស្ដារមានប្រវែងជិត៥គីឡូម៉ែត្រ និងទទឹង៥០ម៉ែត្រសងខាងស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។
លិខិតដដែលបានបង្ហាញថា រដ្ឋតម្រូវឱ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងនោះត្រូវចាកចេញក្នុងពេលឆាប់ៗចាប់តាំងពីភូមិស្រុកចេករហូតដល់ភូមិកំពង់តាឡុងមានប្រជាពលរដ្ឋជាង១០០គ្រួសារត្រូវរងគ្រោះ ខណៈពលរដ្ឋមួយចំនួនទើបធ្វើរួច និងពលរដ្ឋខ្លះទៀតកំពុងសាងសង់។ លិខិតនោះបន្ដថា ភូមិសាស្រ្ដដែលត្រូវស្ដារ និងពង្រីកមានរាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ ខេត្ដកណ្ដាល និងខេត្ដតាកែវ ដើម្បីរំដោះទឹកជំនន់។
បើតាមលោក ណៃ ចាន់ឌី មេឃុំបឹងខ្យាង បានថ្លែងថា កាលពីថ្ងៃទី១ ខែមករា ខាងក្រសួងចម្រុះបានចុះមកប្រជុំជាមួយពលរដ្ឋដែលកំពុងរស់នៅតាមដងព្រែក និងបានបង្ហាញពីគម្រោងស្ដារព្រែកដើម្បីរំដោះទឹកចេញពីទីក្រុង។ លោកបន្ដថា ពលរដ្ឋដែលកំពុងរស់តាមដងព្រែកមានប្រហែលជាង១០០គ្រួសារដែលត្រូវផលប៉ះពាល់រហូតដល់ផ្ទះ និងខ្លះទៀតត្រូវប៉ះដីអាស្រ័យផល និងដីលំនៅឋានដែលមិនទាន់បានសាងសង់ផ្ទះ។
លោកថ្លែងបន្ដថា ការសងសំណងគឺមាន ប៉ុន្ដែលោកមិនដឹងថាថ្នាក់លើគេនឹងផ្ដល់បែបណាឱ្យពលរដ្ឋនោះទេ ដោយលោកបានអះអាងថា ដីតំបន់ពលរដ្ឋរងគ្រោះមានតម្លៃខ្ទង់១០០ដុល្លារទៅហើយ។ តែយ៉ាងណាលោកសង្ឃឹមថា ថ្នាក់លើនឹងផ្ដល់សំណងឱ្យពលរដ្ឋជាង១០០គ្រួសារ។
លោកថ្លែងថា៖ «គេ[ក្រុមការងារចម្រុះ]ចុះមកម្សិលមិញមានថ្នាក់ក្រសួង មានខាងខេត្ដ មានអភិបាលស្រុកចុះមកប្រជុំជាមួយប្រជាពលរដ្ឋរឿងពង្រីកព្រែកសងខាង៤០ម៉ែត្រ។ យើងដឹងស្រាប់ហើយដីតំបន់សុទ្ធតែក្បែររយហើយ តែគេមានគោលការណ៍គេដែរ ព្រោះគម្រោងរដ្ឋ។ ខ្ញុំសង្ឃឹមថា ថ្នាក់លើនឹងផ្ដល់សំណងដល់ពួកគាត់ដើម្បីឱ្យពួកគាត់អាចរកទិញបានវិញ។ ពលរដ្ឋបើយើងគិតទាំងក្បាលដី និងផ្ទះជិត២០០គ្រួសារ»។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានប្រាប់ ខេមបូចា នៅរសៀលថ្ងៃនេះថា គម្រោងពង្រីកព្រែកនៅឃុំបឹងខ្យាងពិតមែនដោយមានប្រវែងជិត៥គីឡូ និងទទឹងសងខាង៥០ម៉ែត្រ។ យ៉ាងណាលោកថា ការផ្ដល់សំណងជូនពលរដ្ឋនៅមិនទាន់បានកំណត់នៅឡើយ ដោយលោកថា គណៈកម្មការវាយតម្លៃចុះមកវាយតម្លៃផលប៉ះពាល់សិនទើបអាចកំណត់បាន។ លោកបន្ថែមថាក្រោយពីសិក្សាផលប៉ះពាល់រួចគេតម្រូវឱ្យពលរដ្ឋចាកចេញឆាប់ៗដោយទុកពេលត្រឹមតែជាង១ខែប៉ុណ្ណោះ។
លោកថ្លែងថា៖ «បាទ! គេពង្រីកសងខាង៥០ម៉ែត្រ។ រឿងសំណងអត់ទាន់ដឹងទេ ទាល់តែគណៈកម្មការវាយតម្លៃគេចុះសិក្សាផលប៉ះពាល់សិនទើបដឹង។ក្រោយគេសងហើយគេទុកពេលឱ្យពួកគាត់ជាង១ខែដើម្បីរុះរើចេញ»។
បើតាមលោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យខេត្ដកណ្ដាល បានថ្លែងប្រាប់ ខេមបូចា ថា គម្រោងពង្រីកព្រែកដែលពលរដ្ឋបានលើកឡើង គឺពិតប្រាកដមែន តែលោកថា លោកមិនបានទទួលបន្ទុកលើបញ្ហាហ្នឹងនោះទេ ដោយលោកថា មានអភិបាលរងខេត្ដកណ្ដាលផ្សេងទៀតជាអ្នកទទួលបន្ទុក។ លោកថា លោកមិនអាចឆ្លើយនឹងសំណួរខេមបូចាបានទេ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «បាទ! បងអាចទាក់ទងទៅអ្នកទទួលបន្ទុករឿងហ្នឹងចុះ ខ្ញុំអត់បានទទួលរឿងហ្នឹងទេ តែមានមែនបង»។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅអង្គការសមាគមធាងត្នោតបានរកឃើញថា ពលរដ្ឋ៣ខេត្ដរងគ្រោះដោយបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបាននូវសំណងសមរម្យ១២ករណី ខណៈសង្គមស៊ីវិលផ្សេងទៀតថា ការចេញរបាយការណ៍នេះ គឺជាការរួមចំណែកមួយក្នុងការជំរុញដល់រដ្ឋាភិបាលថ្មីងាកមកគិតគូរពីបញ្ហាសិទ្ធិមនុស្សកាន់តែខ្លាំង។
ក្នុងរបាយការណ៍របស់អង្គការសមាគមធាងត្នោត បានចេញស្ដីពីការបណ្ដេញទាំងបង្ខំ២០២៣ថា ការបណ្ដេញមាន១២ករណីនៅរាជធានីភ្នំពេញ ខេត្ដតាកែវ និងខេត្ដកណ្ដាល ចន្លោះពីឆ្នាំ២០១៩ដល់២០២៣ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរបាយការណ៍ដដែលបង្ហាញថា ការបណ្ដេញចេញទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់សិទ្ធិមនុស្សអន្ដរជាតិ ជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ ដូចដែលបានគូសបញ្ជាក់ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិទទួលបានលំនៅឋានសមរម្យ អ្នកស្រី ឡៃឡានី ហ្វាហា។
លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្រ្ដា និងការងារទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ខេមបូចានៅព្រឹកថ្ងៃសុក្រនេះថា លោកមិនបានដឹងពីគម្រោងនេះទេ ដោយលោកថា អាចខាងផ្សេងជាអ្នកទទួលបន្ទុក និងដោះស្រាយ។
លោកថា៖ «ខ្ញុំអត់ដឹងទេ ខ្ញុំអត់ដឹងខាងណាអ្នកទទួលខុសត្រូវ សុំទោសផង»។
លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត បានសង្កត់ធ្ងន់ថា បញ្ហានេះជាបញ្ហាមួយដែលតែងតែកើតឡើងក្នុងប្រទេសយើង ហើយលោកបានឃើញថា អាជ្ញាធរហាក់គ្មានការទទួលខុសត្រូវច្បាស់លាស់រាល់ពេលមានបញ្ហាក្នុងការអភិវឌ្ឍហើយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ។
លោកបន្ដថា ការពង្រីកព្រែកស្ថិតនៅក្នុងឃុំបឹងខ្យាងនេះ អាជ្ញាធរមិនមានប្លង់មេដើម្បីបង្ហាញដល់ពលរដ្ឋដើម្បីកុំឱ្យពួកគាត់ទៅទិញដីនៅតំបន់ហ្នឹង។ លោកថា ការពង្រីកនេះកាន់តែបង្កភាពលំបាកដល់ពលរដ្ឋជាខ្លាំងទាំងពលរដ្ឋខ្លះពួកគាត់ទើបតែរងគ្រោះជាមួយព្រលានយន្ដហោះថ្មីម្ដងហើយ។
លោក មួយឡៃ បន្ថែមថា៖ «រាល់គម្រោងអីមួយមិនមែនសុខៗគេបង្កើតឡើងទេ គឺមានគម្រោងហើយ តែនេះរដ្ឋមិនបានហាមពលរដ្ឋមិនឱ្យទិញដីតំបន់ហ្នឹងដើម្បីបង្កាទេ ពេលពួកគាត់បានចេញគម្រោង ខ្ញុំយល់ថាជាការរំលោភសិទ្ធិលំនៅឋាន និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ខ្ញុំយល់ថារដ្ឋគួរតែផ្ដល់សំណងឱ្យបានសមរម្យមុននឹងអភិវឌ្ឍ ជាពិសេសត្រូវធានាថា ពេលពលរដ្ឋព្រមចាកចេញហើយមិនបង្កផលលំបាកឱ្យជាថ្មីទេ»។
កន្លងទៅមានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំបឹងខ្យាងបានរងផលប៉ះពាល់ជាមួយព្រលានយន្ដហោះអន្ដរជាតិថ្មី និងទើបព្រមទទួលយកសំណង ខណៈពលរដ្ឋចំនួន៦៥គ្រួសារត្រូវរុះរើផ្ទះដើម្បីទីតាំងថ្មី និងពលរដ្ឋខ្លះទៀតបានយកសំណងទៅទិញដីដោយមិនដឹងពីគម្រោងពង្រីកព្រែករបស់រដ្ឋនោះទេ។ ពលរដ្ឋទាំងនោះហាក់បង្ហាញពីភាពឈឺចាប់ដែលអាជ្ញាធរបន្ដធ្វើទុក្ខបុកម្នេញលើពួកគេជាលើកទី២ និងបានចាត់ទុកសកម្មភាពរបស់អាជ្ញាធរជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។
លោក វណ្ណ សូផាត មន្រ្ដីធុរៈកិច្ច និងសម្របសម្រួលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា អាជ្ញាធរហាក់គ្មានភាពច្បាស់លាស់ណាមួយនោះទេ លោកថាអាជ្ញាធរហាក់ទុកប្រជាពលរដ្ឋជាល្បែងចង់ធ្វើអ្វីស្រេចតែចិត្ដ។ លោកបន្ដថា ពលរដ្ឋខ្លះទើបតែព្រមទទួលយកសំណងពីបញ្ហាជាមួយព្រលានយន្ដហោះថ្មីដែលជាបញ្ហារ៉ាំរ៉ៃមិនទាន់ចប់ស្រួលផង ប៉ុន្តែបែរជាពួកគាត់ត្រូវរងគ្រោះជាលើកទី២។ លោកបានដាក់ជាសំណួរទៅមន្រ្ដីរដ្ឋាភិបាលថា តើវាជារឿងត្រឹមត្រូវទេក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋតែបែរជាបន្ដធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្លួនឯងបែបនេះ?។
លោកលើកឡើងថា៖ «ធ្វើនេះដូចជាដេញគាត់ចឹង! អាជ្ញាធរដូចជាគ្មានប្លង់មេច្បាស់លាស់ ចង់ធ្វើអីស្រេចតែចិត្ដខ្លួនឯង។ ខ្ញុំសង្ឃឹមថា ទោះបីយ៉ាងម៉េចក៏ដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធហ្នឹង ត្រូវផ្ដល់សំណងសមរម្យឱ្យគាត់។ ពួកគាត់រងទុក្ខវេទនាអស់ជាច្រើនឆ្នាំមកហើយ ស្រែកទ្រហ៊ោយំយើងដឹងស្រាប់ហើយជាមួយព្រលានយន្ដហោះ»។ លោកបន្ថែមថា៖ «អាជ្ញាធរដូចគ្មានជាទីសង្ឃឹមដល់ពលរដ្ឋពេលចឹងអី ខ្ញុំដូចជាមិនយល់សោះការអភិវឌ្ឍនេះ។ រដ្ឋាភិបាលថ្មីលោកនឹងគិតពិចារណាម្ដងទៀតលើគម្រោងនេះ»៕