សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជាង ១ពាន់គ្រួសាររស់នៅជាយដែន ស្នើទៅរដ្ឋាភិបាលជួយសាងសង់ផ្លូវមួយខ្សែជាង ១៤គីឡូម៉ែត្រដើម្បីបង្កភាពងាយកស្រួលក្នុងការធ្វើដំណើរ

ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ដែលបង្ករការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ។ រូបថត បាន ធារ៉ា
ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ដែលបង្ករការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ។ រូបថត បាន ធារ៉ា

បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារដែលរស់នៅតាមបណ្តោយជាយដែនក្នុង៣ភូមិ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង ស្នើទៅរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយសាងសង់ផ្លូវមួយខ្សែដែលមានប្រវែងជាង ១៤គីឡូ​ម៉ែត្រ ​ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរនិង​សង្គ្រោះជិវិតមនុស្សទាន់ពេល​នៅពេលមានជំងឺឈឺថ្កាត់។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដើម្បីការពារសុវត្ថិភាព រស់នៅក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង បានថ្លែងថា ផ្លូវនេះគឺជាប្រភេទផ្លូវគ្រោះក្រហម តែវាសម្បូរក្បាលថ្ម និងមានក្រឡុកតូច ធំ ដែលធ្វើឲ្យអ្នកធ្វើដំណើរ​ដោយម៉ូតូ កន្លងមក តែងតែមានគ្រោះថ្នាក់ផ្សេងៗជាច្រើន។

ប្រជាពលរដ្ឋបន្តថា៖ «ផ្លូវនេះបើសិនជាមានអ្នកជំងឺឈឺធ្ងន់ត្រូវការសង្គ្រោះបន្ទាន់ដឹកទៅពេទ្យគឺអាចនឹងផុតដង្ហើមតាមផ្លូវតែម្ដង ដោយសារផ្លូវរលាក់តាំងពីភូមិភ្នំមួយរយ ទៅដល់ផ្លូវជាតិ ហើយសិស្សដែលត្រូវទៅសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យពេលខ្លះត្រូវខកខានទៅសិក្សាដោយសារបែកកង់ម៉ូតូជាញឹកញាប់ និងពេលភ្លៀងធ្លាក់ផ្លូវរអិលផងដែរ»។

ប្រជាពលរដ្ឋម្នាក់ទៀតបន្ថែមថា ផ្លូវមួយខ្សែរនេះគឺជាផ្លូវដែលត្រូវដឹកជញ្ជូនកសិផល ដែលប្រជាកសិករបង្កបង្កើនផលបានជាច្រើន ហើយពេលខ្លះដោយសារបញ្ហាផ្លូវថ្នល់ពិបាកនេះធ្វើឱ្យឈ្មួញពិបាកចូលទិញ ឈ្មួញបានបញ្ចុះតម្លៃកសិផលថែមទៀតផង។

ប្រជាពលរដ្ឋជាង ១ ០០០គ្រួសារនៅក្នុងឃុំត្រាង ស្រុកកំរៀង ស្នើទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ សូមជួយសាងសង់ផ្លូវមួយខ្សែនេះដែលមានប្រវែងជាង ១៤គីឡូម៉ែត្រដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួល ក៏ដូចជាសិស្សានុសិស្សបានទៅសិក្សាស្រួយនិងទាន់ពេលវេលា។

ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ដែលបង្ករការលំបាកដល់ពលរដ្ឋក្នុងការធ្វើ​ដំណើរ។ រូបថត បាន ធារ៉ា
ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ដែលបង្ករការលំបាកដល់ពលរដ្ឋក្នុងការធ្វើ​ដំណើរ។ រូបថត បាន ធារ៉ា

ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះលោក ទ្រី សុខឃឿន មេភូមិអូរចំបក់បានថ្លែងឱ្យដឹងថា រឿងផ្លូវថ្នល់មួយខ្សែរនេះលោកមេភូមិទាំង៣ភូមិមាន ភូមិភ្នំ១រយ ភូមិអូចំបក់ ភូមិអូគរគី តែងតែដាក់សំណើរទៅកាន់ថ្នាក់លើសុំសាងសង់ជាផ្លូវកៅស៊ូ ព្រោះជាក់ស្ដែងផ្លូវគ្រួសក្រហមសាងសង់ជាប់មិនបានយូនោះទេ។

លោកមេភូមិបន្តថា៖ «ពេលដាក់សំណើរទៅកាន់ថ្នាក់លើបានលើកឡើងថានឹងសាងសង់ផ្លូវកៅស៊ូឱ្យមួយខ្សែរមានប្រវែងជាង ១៤គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិ រហូតដល់ភូមិភ្នំ១រយ តែដល់ពេលអនុវត្តន៍ឃើញជួសជុលត្រឹមគ្រួសក្រហមដដែល»។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសជួបសំណេះ​សំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករុក្ខគិរី លោក សុខ លូ អភិបាលខេត្ដបាត់ដំបងបានលើកឡើងថា រដ្ឋបាលស្រុកគួរពិនិត្យមើលលទ្ធភាព លុបបំបាត់ផ្លូវចាក់គ្រួសក្រហម តែងាកមកចាក់បេតុងវិញម្ដង ទោះបីត្រូវចំណាយច្រើន បានលទ្ធផលតិច តែគឺធានាឲ្យបាននូវការប្រើប្រាស់យូរអង្វែង ចំណេញថវិកាជាតិជាច្រើន ហើយត្រូវរៀបចំប្លង់មេឲ្យបានត្រឹមត្រូវត្រូវរៀបចំចំណីផ្លូវទុកឲ្យហើយ កុំឲ្យចាំត្រូវការចំណីផ្លូវ ត្រូវដេញអ្នករំលោភចំណីផ្លូវនាពេលក្រោយ។

គួឱ្យដឹងថា កាលពីកន្លងទៅប្រជាពលរដ្ឋ ៣ភូមិ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង បានស្នើរដល់អាជ្ញាធរពាក់ព័ន្ធពិនិត្យ មើលថ្នល់មួយខ្សែដែលចុះមកពីផ្លូវជាតិ ពីចំនុចភូមិត្រាង ដល់ភូមិភ្នំមួយរយ ដោយសារផ្លូវមានកែងច្រើនបាំងព្រៃ ដីហុយ និងគ្មានផ្លាកសញ្ញាចរាចរណ៍៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

120 views

ព័ត៌មានទាក់ទង