កម្មករនិយោជិតចំនួន១៤នាក់បានស្លាប់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៦៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំដោយរថយន្តដឹកទំនិញធុនធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ដែលបណ្តាលឱ្យបងប្អូនកម្មករ៩នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល៤៤នាក់។ ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្តាលឱ្យបងប្អូនកម្មករចំនួន៥រូបបានស្លាប់ និងរបួសធ្ងន់ស្រាល៣៥នាក់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានថ្លែងក្នុងតេឡេក្រាមរបស់លោកនៅថ្ងៃទី២៣ ខែឧសភា ថា ថា ក្រសួង និងរដ្ឋមន្ត្រីផ្ទាល់មានក្តីរន្ធត់និងក្រៀមក្រំបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត។
អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវយ៉ាងទទូចឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិតរបស់យើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ៕










