យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើនក្នុងចំណោមករណីឆ្លងសរុបនៅកម្ពុជា ដោយគិតមកដល់ពេលនេះមានកម្មករឆ្លងចំនួន ១ ៦៧៣នាក់ មកពីរោងចក្រចំនួន២០៦ ចាប់តាំងពីការផ្ទុះរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ បន្ថែមពីនេះកម្មករជាង១៧ ០០០នាក់ផ្សេងទៀតកំពុងជាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាពបន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា៖ «យ៉ាងណា ចំនួននេះអាចកើនឡើង ឬប្រែប្រួល ព្រោះពេលនេះនៅស្រុកអង្គស្នួល ខេត្តកណ្ដាល យើងកំពុងធ្វើតេស្ត និងកំពុងស្វែងរកអ្នកប៉ះពាល់ផ្ទាល់[ជាមួយកម្មករវិជ្ជមានកូវីដ១៩] មកធ្វើតេសត្តបន្ត»។ លោក ហេង សួរ បានផ្ដល់ទិន្ន័យនេះក្នុងសន្និសីទសារព័ត៌មានអន្តរក្រសួងមួយ ធ្វើឡើងកាលពីថ្ងៃពុធ។
ទោះបីជាកាលពីឆ្នាំទៅ រោងចក្រទាំងអស់ត្រូវបានណែនាំឲ្យដាក់ចេញនូវវិធានការមួយចំនួនដើម្បីការពារការរាលដាលវីរុសកូវីដ១៩ រួមទាំងការកំណត់ឲ្យកម្មករពាក់ម៉ាស តែកម្មករភាគច្រើនបានធ្វើដំណើរតាមរថយន្តរួមគ្នាមានមនុស្សច្រើន រស់នៅបន្ទប់ជួលតួចរួមគ្នា ដែលនេះធ្វើឲ្យការរក្សាគម្លាតសុវត្ថិភាពមិនអាចធ្វើទៅបាន។
នៅក្នុងសន្និសីទសារព័ត៌មាន លោក ហេង សួរ មានប្រសាសន៍ទៀតថា បន្ថែមលើការកំពុងធ្វើការងារជាមួយរោងចក្រផ្សេងៗស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ក្រសួងការងារក៏កំពុងធ្វើការជាមួយក្រសួងសុខាភិបាលដើម្បីចាក់វ៉ាក់សាំងឲ្យកម្មករផងដែរ។ លោកបញ្ជាក់ថា មកដល់ពេលនេះមានកម្មករ ១១០ ០០០នាក់បានចាក់វ៉ាក់សាំងដូសទី១ និងជាង១០ ០០០នាក់បានចាក់វ៉ាក់សាំងដូសទី២រួចរាល់។ ប៉ុន្តែថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ត្រូវបានផ្អាកបន្ទាប់ពីមានការវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែមេសា ហើយបើតាមការប៉ាន់ស្មានចំនួនកម្មករប្រហែល៨៥០ ០០០នាក់ទៀតមិនទាន់បានទទួលវ៉ាក់សាំង។
លោក ហេង សួរ បានបន្តថា ក្រសួងការងារកំពុងរៀបចំចាប់ផ្ដើមចាក់វ៉ាក់សាំងដល់កម្មករនៅតំបន់ក្រសហម ដែលជាតំបន់មានវិធានការបិទខ្ទប់តឹងរឹង និងជាតំបន់សម្បូររោងចក្រច្រើននៅក្នុងរាជធានីភ្នំពេញផងដែរ។ រដ្ឋាភិបាលនឹងបញ្ជូនទាហានទៅតំបន់ក្រហមដើម្បីជួយចាក់វ៉ាក់សាំងដល់ប្រជាជន និងកម្មករ។
លោក បន្ថែមថា៖ «ក្រសួងការងារបានរៀបចំខ្លួនរួចរាល់ហើយដើម្បីធ្វើការជាមួយភាគីពាក់ព័ន្ធ ពិសេសជាមួយក្រសួងការពារជាតិ ដើម្បីរៀបចំការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំក្នុងតំបន់ក្រហម សម្រាប់កម្មករ និងប្រជាពលរដ្ឋ»។
ក្នុងចំណោមរោងចក្រដែលមានកម្មករឆ្លងកូវីដទាំង២០៦ ក្នុងនោះមាន១៣៤នៅរាជធានីភ្នំពេញ ២៣នៅខេត្តកណ្ដាល ២៦នៅខេត្តតាកែវ ១៦នៅខេត្តព្រះសីហនុ បួននៅខេត្តស្វាយរៀង មួយនៅខេត្តកំពង់ឆ្នាំង និងមួយទៀតនៅខេត្តកំពង់ចាម។ លោកថា រោងចក្រប្រហែល៦៩០បានរងផលប៉ះពាល់ដោយសារវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងចំណោមរោងចក្រ សហគ្រាស ជាង៧ ០០០នៅទូទាំងប្រទេស ដែលមានកម្មករប្រហែល១,២លាននាក់។
រោងចក្រប្រហែល៦០នៅរាជធានីភ្នំពេញស្ថិតក្នុងតំបន់លឿង ដែលមានកម្រិតឆ្លងក្នុងសហគមន៍ទាប អាចនឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ប៉ុន្តែវាអាស្រ័យលើអាជ្ញាធរមូលដ្ឋានជាអ្នកសម្រេច។
លោក ហេង សួរ បានបន្ថែមថា៖ «ខ្ញុំប៉ាន់ស្មានថាកម្មករប្រហែលជិត ២០០ ០០០នាក់អាចត្រឡប់ទៅធ្វើការវិញ»។ ប៉ុន្តែលោកកបន្ថែមថា អ្នករស់នៅតបន់ក្រហម និងលឿងទុំ គឺមិនទាន់អនុញ្ញាតឲ្យត្រឡប់ទៅធ្វើការវិញទេ ទោះបីជារោងចក្របើកដំណើរការវិញក៏ដោយ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននោះដែរថា ពេលនេះមានអ្នកវិជ្ជមានកូវីដ១៩ នៅភ្នំពេញចំនួន៧ ៩៤៣ករណី រួមមានជនបរទេសចំនួន៤៤២នាក់ផងដែរ។ ក្នុងចំណោននោះ លោកថាមានមនុស្ស៧ ៧៣២នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះដែរ គិតតាំងពីមានការរាលដាលវីរុសកូវីដ១៩ មកមានមនុស្សចំនួន៧៨នាក់បានស្លាប់ក្នុងរាជធានីភ្នំពេញ ប៉ុន្តែថាករណីស្លាប់នេះទើបកើតមាននៅពេលមានការផ្ទុះការឆ្លងក្នុងសហគមន៍២០ កុម្ភៈ នេះ។
លោកបន្ថែមថា សាលារាជធានីភ្នំពេញ កំពុងខិតខំធ្វើការជាខ្លាំងដើម្បីផ្សព្វផ្សាយព័ត៌មានអំពីវិធីការពារខ្លួនពីការឆ្លងកូវីដ១៩ និងបានលើកទឹកចិត្តដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចុះថ្លៃឈ្នួល ពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ក្រហម។
លោកបន្តថា៖ «នៅតំបន់ក្រហម យើងនឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់»។
បើតាមលោក ផារ័ត្ន អាជ្ញាធរបានផ្ដល់ជំនួយជាស្បៀងអាហារដល់ប្រជាពលរដ្ឋកំពុងខ្វះខាត ប៉ុន្តែលោកថាក៏មានការលំបាកក្នុងការផ្ដល់ឲ្យបានគ្រប់គ្នាចំពោះអ្នកដែលត្រូវការ។ លោក លើកជាឧទាហរណ៍ថា ប្រសិនបើកម្មករបួននាក់រស់នៅជាមួយគ្នាក្នុងបន្ទប់ជួលតែមួយ អ្នកទាំងនោះបានទទួលកញ្ចប់ជំនួយតែមួយសម្រាប់គ្នាបួននាក់ ដែលចំណុចនេះហើយលោកថាកម្មករខ្លះមានការត្អូញត្អែរ។
លោកបន្ថែមថា៖ «ក្នុងរយៈពេលខ្លី យើយមិនអាចរៀបចំអំណោយឲ្យបានគ្រប់គ្នានោះទេ[អ្នកកំពុងខ្វះខាតស្បៀង]។ លោកថា គិតត្រឹមថ្ងៃអង្គារ អាជ្ញាធរបានចែកជំនួយចំនួន១០០ ០០០កញ្ចាប់ ភាគច្រើននៅតំបន់ក្រហម ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
លោកបញ្ជាក់ថា៖«ថ្ងៃនេះ [ពុធ] យើងបានរៀបចំចែកកញ្ចប់អំណោយ១៧ ៧០០បន្ថែមទៀតសម្រាប់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ»។
វ័យ៣៧ឆ្នាំ អ៊ូ រ៉ាវី ជាកម្មករម្នាក់រស់នៅក្នុងបន្ទប់ជួលជាមួយមិត្តភក្តិបីនាក់ផ្សេងទៀត ក្នុងសង្កាត់កំបូល ខណ្ឌកំបូល បានលើកឡើងថា អ្នកស្រី និងកម្មករផ្សេងទៀតមិនបានទៅធ្វើការនៅរោងចក្រតាំងពីថ្ងៃទី១០ ខែមេសា ព្រោះរោងចក្រផ្អាកដំណើរការ។ អ្នកទាំងបួនពេលនេះកំពុងបារម្ភរឿងដាច់ស្បៀង បន្ទាប់ពីអស់អង្ករផ្ញើមកពីស្រុកក្នុងសប្ដាហ៍មុន។ អ្នកទាំងបួនបានប្រមូលប្រាក់ដែលនៅសេសសល់ដើម្បីទិញអង្ករបន្ថែម ប៉ុន្តែមិនអាចមានលទ្ធភាពទិញត្រី សាច់ និងបន្លែនោះទេ។
អ្នកស្រីបន្ថែមថា៖ «ឥឡូវនេះ យើងកំពុងជួបបញ្ហាខ្វះខាតអាហារ និងបានខ្ចីអង្ករពីកម្មករផ្សេងទៀតដែលរស់នៅបន្ទប់ជិតគ្នាដើម្បីដាំបាយហូប»។
អ្នកស្រីថា ទាំងអ្នកស្រី និងកម្មករផ្សេងទៀតដែលកំពុងស្នាក់នៅក្នុងតំបន់នេះមិនដឹងថាមានមូលហេតុអ្វីទេ បានជាមិនទាន់បានទទួលអំណោយ ដោយថាអាជ្ញាធរបានចុះស្រង់ឈ្មោះគ្រប់គ្នាចំនួនបីថ្ងៃកន្លងមកហើយ។ ដោយសារការបិទខ្ទប់នឹងបន្តមួយសប្ដាហ៍ទៀត រហូតដល់ថ្ងៃទី៥ ខែឧសភាព អ្នកស្រី រ៉ាវី ថាពួកគាត់មិនដឹងថានឹងបានអ្វីហូបនោះទេ។
អ្នកស្រីបន្ថែមថា៖ «ពួកយើងនឹងប្រឈមការខ្វះខាតស្បៀងកាន់តែខ្លាំងសម្រាប់មួយសប្ដាហ៍ទៀត បើសិនជាអាជ្ញាធរមិនចែកស្បៀងឲ្យពួកយើង…សូមអាជ្ញាធរជួយពួកយើងខ្ញុំផង»។

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃពុធ ដោយក្រុមសហជីព អង្គការធ្វើការផ្នែកសិទ្ធមនុស្ស និងការងារ និងក្រុមអ្នកតស៊ូមតិ សរុបចំនួន៣៦ស្ថាប័ន បានលើកឡើងថាការផ្ទុះរាលដាលវីរុសកូវីដ១៩ នាពេលថ្មីៗនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ និងសុវត្ថិភាពរបស់អ្នកបម្រើការក្នុងវិស័យសំណង់ សេវាកម្មសណ្ឋាគារ និងកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ស្របពេលដែលបញ្ហាប្រឈមមួយចំនួនកើតឡើងពាក់ព័ន្ធនឹងវិធានការបិទខ្ទប់ ពួកគេបានលើកឡើងថា ការគិតគូបានវែងឆ្ងាយក៏កាន់តែចាំបាច់ ដើម្បីធានាថាកម្មកររោងចក្រអាចការពារខ្លួនបានត្រឹមត្រូវ នៅពេលរោងចក្របើកដំណើរការវិញ។
សេចក្ដីថ្លែងការណ៍រួមដដែលសរសេរថា៖ «កង្វល់ធំបំផុតសម្រាប់សុខភាព និងសុវត្ថិភាពកម្មរ និងហានិភ័យ គឺនៅពេលដែលរោងចក្រផ្សេងៗមិនទាន់បានរកឃើញករណីឆ្លងកូវីដ១៩ ហើយកម្មករនឹងប្រឈមហានិភ័យពេលត្រឡប់ចូលធ្វើការវិញ ក្នុងស្ថានភាពដែលមិនមានការធានាលើសុខភាព និងសុវត្ថិភាពការងារ»។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ ដោយថាលោកកំពុងជាប់រវល់។
លោក ងួន ចាន់ណារ៉ា អគ្គលេខាធិការរងសមាគមរោងចក្រដេរស្បែកជើងនៅកម្ពុជា(CFA)មានប្រសាសន៍ថា៖ «យើងតែងតែណែនាំរោងចក្រជាសមាជិកឲ្យគោរពតាមគោលការណ៍របស់ក្រសួងការងារ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត»។
លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីនៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថាសហជីពរបស់លោកបានជំរុញទៅរដ្ឋាភិបាលតាំងពីចាប់មានវិបត្តិកូវីដ១៩ សកលដំបូងៗ ឲ្យផ្ដល់អាទិភាពលើសុវត្ថិភាពកម្មកររោងចក្រ ប៉ុន្តែរដ្ឋាភិបាលធ្វើព្រងើយកន្តើយ រហូតដល់មានការផ្ទុះខ្លាំង នាំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ក្នុងចំណោមកម្មកររោងចក្រ។
លោកបន្ថែមថា៖ «ថ្ងៃនេះ ក្រសួងការងារបានអនុញ្ញាតឲ្យរោងចក្រមួយចំនួននៅតំបន់លឿងបើកដំណើរការវិញ ដូចនេះ យើងបារម្ភត្រង់ចំណុចនេះ ព្រោះថាចំនួនអ្នកឆ្លងកូវីដ១៩ រាល់ថ្ងៃនៅមិនទាន់ថមថយនៅឡើយ»។ លោកបន្តទៀតថា បើសិនជារដ្ឋាភិបាលមិនដាក់វិធានការការពារឲ្យបានម៉ឺងម៉ាត់ទេ កម្មករនឹងបណ្តាលឲ្យឆ្លងច្រើនទៀត។
លោកឲ្យដឹងទៀតថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរមានថវិកាជួយដល់កម្មករ ក្នុងពេលដែលពួកគាត់មិនមានការងារធ្វើអំឡុងកូវីដ១៩ ផ្ទុះរាលដាល»។ លោកកត់សម្គាល់ថាកម្មករជាច្រើនកំពុងប្រឈមបញ្ហាខ្វះស្បៀង។
ក្រសួងសុខាភិបាលនៅយប់ថ្ងៃពុធ បានបង្ហាញតួលេខអ្នកឆ្លងថ្មីមានចំនួន៦៩៧ករណី ក្នុងនោះចំនួនអ្នកឆ្លងកូវីដ១៩ នៅភ្នំពេញមាន៥៥៨ ករណី ខេត្តកណ្ដាលមាន៧២ករណី ខេត្តបន្ទាយមានជ័យ៤៣ករណី និងអ្នកឆ្លងផ្សេងទៀតមាននៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ តាកែវ និងពោធិ៍សាត់។
គិតត្រឹមយប់ថ្ងៃពុធ អ្នកស្លាប់ដោយសារកូវីដ១៩ សរុប៨៨នាក់ អ្នកស្លាប់ទាំងអស់គឺស្ថិតក្នុងពេលផ្ទុះរាលដាលវីរុសនាពេលថ្មីៗនេះ។ ក្រសួងសុខាភិបាលបានកត់ត្រាចំនួនអ្នកឆ្លងក្នុងសហគមន៍២០ កុម្ភៈ មានចំនួន១១ ២១០ករណី នាំឲ្យករណីឆ្លងសរុបមានចំនួន១១ ៧៦១ករណី គិតតាំងពីមានការឆ្លងរាលដាលវីរុសដើមឆ្នាំ២០២០ មក។ ជាសរុបមនុស្សចំនួន៤ ៦៩៨នាក់បានជាសះស្បើយ ខណៈនៅមាន ៦ ៩៦៨ករណីទៀតកំពុងសម្រាកព្យាបាល។ នៅថ្ងៃពុធ ដដែល ក្រសួងក៏បានប្រកាសដែរថាអ្នកជំងឺកូវីដ៩៩៤នាក់ បានជាសះស្បើយ មានន័យថាអ្នកទាំងនោះតេស្តអវិជ្ជមានកូវីដ១៩។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ More than 1,600 workers from 206 factories have been infected with COVID-19