សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋជាង២០គ្រួសារនៅមោងឫស្សី លើកឡើងពីការប៉ះពាល់ផ្លូវដង្ហើម ដោយ​សារកម្ទេចកម្ទី និងលម្អងធូលីហុយពីរោងម៉ាស៊ីនកិនស្រូវ

អ្នកស្រី ជីប រ៉ាន់ អាយុ ៧២ឆ្នាំ រស់នៅភូមិពោធិ៍ពីរ បោសលម្អងធូលី និងផេះលើផ្ទះបណ្តើរបានរៀបរាប់ប្រាប់បណ្ដើរថា ច្រើនឆ្នាំមកនេះ ពួកគាត់ត្រូវរស់នៅច្របូកច្របល់ជាមួយលម្អងធូលីស្រូវ និងផេះហុយចេញពីរោងម៉ាស៊ីន តុងភាព។ រូបភាពថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ខេមបូចា/មាស ភារុណ)
អ្នកស្រី ជីប រ៉ាន់ អាយុ ៧២ឆ្នាំ រស់នៅភូមិពោធិ៍ពីរ បោសលម្អងធូលី និងផេះលើផ្ទះបណ្តើរបានរៀបរាប់ប្រាប់បណ្ដើរថា ច្រើនឆ្នាំមកនេះ ពួកគាត់ត្រូវរស់នៅច្របូកច្របល់ជាមួយលម្អងធូលីស្រូវ និងផេះហុយចេញពីរោងម៉ាស៊ីន តុងភាព។ រូបភាពថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ខេមបូចា/មាស ភារុណ)

បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅភូមិមោង (ឃុំមោង) និងភូមិពោធិ៍ពីរ (ឃុំគា) ស្រុកមោងឫស្សី ជាង ២០គ្រួសារ បានលើកឡើងថា អស់រយៈពេល ៥ឆ្នាំមកហើយ ដែលពួកគាត់ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្លូវដង្ហើម និងពិបាកក្នុងការរស់នៅ ដោយសារបញ្ហារមាស់ និងស្កៀបរាងកាយទាំងយប់ទាំងថ្ងៃ។ ផលប៉ះពាល់នេះ បណ្តាលមកពីលម្អងរំពុកស្រូវ និងផេះដែលហុយចេញពីរោងម៉ាស៊ីនកិន និងសម្ងួតស្រូវមួយកន្លែង ឈ្មោះ «តុងភាព»។

បោសធូលី និងផេះខ្មៅដែលហុយពេញផ្ទះបណ្តើរ រអ៊ូរទាំបណ្តើរ អ្នកស្រី ជីប រ៉ាន់ អាយុ ៧២ឆ្នាំ រស់នៅភូមិពោធិ៍ពីរ បានរៀបរាប់ថា ច្រើនឆ្នាំមកនេះ ពួកគាត់ត្រូវរស់នៅច្របូកច្របល់ជាមួយលម្អងធូលីស្រូវ និងផេះហុយចេញពីរោងម៉ាស៊ីន។ ទោះបីជាបោសសម្អាតមួយថ្ងៃ ៣ ទៅ ៤ដងក៏ដោយ ក៏ផេះខ្មៅនៅតែទុំពេញផ្ទះ និងហុយរុំលើឆ្នាំងចានមិនចេះអស់ ពិសេសនៅពេលមានខ្យល់បក់ខ្លាំង។

អ្នកស្រីបានបន្តថា៖ «រាល់ថ្ងៃខ្ញុំហត់ពេក អស់កម្លាំងហើយ! វាហុយខ្លាំងណាស់… ថ្ងៃនេះគ្រាន់បើបន្តិចដោយសារមានភ្លៀង។ ខ្ញុំអស់ទឹកចិត្តនឹងរស់នៅទីនេះហើយ ចង់បបួលប្តីរើចេញដែរ តែគាត់មិនព្រម ព្រោះស្តាយកន្លែងធ្លាប់រស់នៅ»។

អ្នកស្រីបានរំលឹកថា កាលពីដំបូង ប្រជាពលរដ្ឋបាននាំគ្នាផ្តិតស្នាមមេដៃអនុញ្ញាតឱ្យសាងសង់រោងម៉ាស៊ីន ដោយសារយល់ថាក្នុងកម្រិតតូចធម្មតា។ ប៉ុន្តែ ពួកគាត់មិននឹកស្មានថា គេពង្រីកទ្រង់ទ្រាយធំ មានទាំងកិន និងសម្ងួតស្រូវរាប់រយតោនក្នុងមួយថ្ងៃៗ រហូតបញ្ចេញលម្អងធូលី និងផេះប៉ះពាល់ដល់អ្នកភូមិធ្ងន់ធ្ងរយ៉ាងនេះឡើយ។ ថ្វីបើព្យាយាមបិទទ្វារ បង្អួច និងបាំងក្រណាត់យ៉ាងណាក៏ដោយ ក៏ធូលីនៅតែជ្រែកចូលផ្ទះបានដដែល។

អ្នកស្រី ជីប រ៉ាន់ បន្ថែមថា កន្លងមក ពលរដ្ឋធ្លាប់តវ៉ាច្រើនលើកទាំងនៅសាលាស្រុក និងជួបផ្ទាល់ជាមួយម្ចាស់រោងម៉ាស៊ីន ប៉ុន្តែការកាត់បន្ថយការហុយមានប្រសិទ្ធភាពតែមួយភ្លែត ក៏ត្រឡប់មកហុយខ្លាំងដដែល។

កុមារ និងមនុស្សចាស់ រងប៉ះពាល់សុខភាពខ្លាំង

មិនខុសគ្នាប៉ុន្មានដែរ អ្នកស្រី សូ ភី អាយុ ៣៤ឆ្នាំ ជាគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ និងជាម្តាយកូន ៣នាក់ បានរៀបរាប់ថា គាត់បានមកសង់ផ្ទះរស់នៅទីនេះ ៣-៤ឆ្នាំហើយ បន្ទាប់ពីឪពុកម្តាយក្មេកចែកដីឱ្យ។ មុនពេលសង់ គាត់មិនបានដឹងថាទីនេះរងផលប៉ះពាល់ខ្លាំងពីរោងម៉ាស៊ីននោះទេ លុះចូលមកជួបផ្ទាល់ ទើបខកចិត្តនិយាយមិនរួច។

អ្នកគ្រូបានឱ្យដឹងថា ដោយសាររូបគាត់មានជំងឺអាលាក់ស៊ីច្រមុះស្រាប់ ពេលត្រូវរងលម្អងធូលី និងផេះរៀងរាល់ថ្ងៃ ធ្វើឱ្យគាត់ងាយផ្តាសាយ និងប៉ះពាល់ដល់សួត រហូតត្រូវទៅព្យាបាលនៅពេទ្យឯកជនញឹកញាប់ ដោយ១០ថ្ងៃ ត្រូវចំណាយលើថ្នាំអស់ពី ៤០ ទៅ ៥០ម៉ឺនរៀល។

អ្នកស្រី សូ ភី បន្ថែមថា៖ «កាលកូនខ្ញុំនៅតូច ពួកគេឧស្សាហ៍រលាកសួតណាស់។ ឥឡូវពេលយប់ចូលបន្ទប់បិទទ្វារបង្អួច បាំងវាំងនន ហើយយកកន្សែងទៅញុកតាមចន្លោះប្រហោង តែវានៅតែហុយចូល… ពេលអត់រៀន ខ្ញុំនាំកូនសម្ងំតែក្នុងបន្ទប់ មិនហ៊ានឱ្យចេញក្រៅទេ»។

អ្នកស្រី រឿង សុផាន់ ផ្ទះនៅទល់មុខរោងម៉ាស៊ីន បានរៀបរាប់ថា អ្នកស្រី និងកូន តែងតែឈឺញឹកញាប់ទាក់ទងផ្លូវដង្ហើម និងបងប្រុសរបស់អ្នកស្រីទៅពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានបញ្ជាក់ថា គាត់មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។ រូបភាពថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ចំណែក អ្នកស្រី រឿង សុផាន់ ដែលមានកូនតូច ២នាក់ និងមានផ្ទះនៅទល់មុខរោងម៉ាស៊ីន បានឱ្យដឹងថា កាលពីម្សិលមិញ បងប្រុសរបស់គាត់បានធ្លាក់ខ្លួនឈឺ ហើយនៅពេលទៅ​​ពិនិត្យ​​នៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានបញ្ជាក់ថា គាត់មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។ រូបអ្នកស្រី និងកូនៗក៏ឧស្សាហ៍គ្រុនក្តៅ ដោយសារតែការដកដង្ហើមស្រូបចូលលម្អងធូលីស្រូវ និងផេះទាំងនោះចូលទៅក្នុងសួត។

អ្នកស្រីបានលើកឡើងថា៖ «ប្រជាពលរដ្ឋ ៤០ ទៅ ៥០ភាគរយ រងផលប៉ះពាល់ដូចគ្នាទាំងអស់ ប៉ុន្តែអ្នកខ្លះមិនហ៊ាននិយាយទេ ព្រោះខ្លាចក្រុមហ៊ុនរោងម៉ាស៊ីនគេរករឿង»។

ការបកស្រាយពីអាជ្ញាធរ និងម្ចាស់រោងម៉ាស៊ីន

ជុំវិញបញ្ហានេះ លោក ស៊ីម ជី មេភូមិមោង បានទទួលស្គាល់ថា ប្រជាពលរដ្ឋពី ២០ ទៅ ៣០គ្រួសារ រស់នៅជុំវិញរោងម៉ាស៊ីនកិន និងសម្ងួតស្រូវ «តុងភាព» ពិតជារងផលប៉ះពាល់ផ្លូវដង្ហើមរ៉ាំរ៉ៃរយៈពេល ៥ឆ្នាំមកហើយមែន ប៉ុន្តែអាជ្ញាធរតែងតែចុះសម្រួលដោះស្រាយជាញឹកញាប់។ លោកមេភូមិបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការប្រជុំដោះស្រាយរវាងតំណាងពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ស្រុក និងម្ចាស់រោងម៉ាស៊ីន ដោយភាគីរោងម៉ាស៊ីនបានសន្យាដាក់ស្ប៉ៃ (សំណាញ់បាំង) និងបាញ់ទឹកលើផេះជាប្រចាំ។

លោក ឡុង សុភឺន អភិបាលស្រុកស្តីទីនៃស្រុកមោងឫស្សី បានឱ្យដឹងថា រដ្ឋបាលស្រុកបានចុះដោះស្រាយបញ្ហានេះជាច្រើនឆ្នាំមកហើយ។ ឱ្យតែដល់រដូវប្រមូលផល ផលប៉ះពាល់តែងតែជៀសមិនផុត ដោយសាររោងម៉ាស៊ីនត្រូវប្រមូលទិញ និងសម្ងួតស្រូវពីកសិកររាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។

លោកអភិបាលស្រុកស្តីទីបានពន្យល់ថា៖ «កន្លងមក ក្រសួងបរិស្ថានបានចុះមកណែនាំញឹកញាប់ ហើយម្ចាស់រោងម៉ាស៊ីនក៏បានធ្វើតាម ដូចជាធ្វើរបាំងខ្ពស់ និងដាក់ទុយោបាញ់ទឹកផ្សែង ដើម្បីឱ្យធូលីទុំធ្លាក់ចុះ មិនបក់ប៉ើងលើផ្ទះអ្នកភូមិ។ ប៉ុន្តែដោយសារឆ្នាំនេះអាកាសធាតុរាំងស្ងួតយូរ ទើបធ្វើឱ្យហុយខ្លាំង… យ៉ាងណាមិញ អាជ្ញាធរមិនអាចបង្ខំឱ្យរើរោងម៉ាស៊ីនចេញបានទេ ព្រោះគេមានអាជ្ញាបណ្ណត្រឹមត្រូវ និងបានជួយទិញផលស្រូវពីកសិករច្រើន»។

ប្រតិកម្មពីក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិល

ពាក់ព័ន្ធនឹងករណីនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះសេចក្តីរាយការណ៍ព័ត៌មាននេះ និងបានស្នើសុំទីតាំងជាក់លាក់ ដើម្បីឱ្យក្រសួងចាត់វិធានការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ជាធរមាន ប្រសិនប្រព្រឹត្តល្មើស។

លោក ខ្វៃ អាទិត្យា បញ្ជាក់ថា៖ «ក្រសួងនឹងចាត់វិធានការចុះត្រួតពិនិត្យនិងចាត់វិធានការច្បាប់នៅពេលរកឃើញសកម្មភាពល្មើស ស្របតាមច្បាប់ជាធរមាននៅកម្ពុជា»។

 ចំណែក លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងខ្លីថា លោកនឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យទីតាំងផ្ទាល់នៅថ្ងៃចន្ទ។

ទន្ទឹមនឹងនេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំតំបន់ បានផ្តល់យោបល់ថា អាជ្ញាធរខេត្តគួរបង្កើតក្រុមការងារចម្រុះចុះវាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងតម្រូវឱ្យម្ចាស់រោងម៉ាស៊ីនធ្វើ «កិច្ចសន្យាជាក់លាក់» ដោយមានលក្ខខណ្ឌច្បាស់លាស់។ ប្រសិនបើក្រុមហ៊ុនមិនគោរពតាម ត្រូវអនុវត្តការពិន័យធ្ងន់ធ្ងរតាមក្រមបរិស្ថាន​។

លោកបន្ថែមថា៖ «សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់សុខភាព និងផ្លូវដង្ហើមធ្ងន់ធ្ងរ ឬមានអ្នកជំងឺច្រើន ពួកគាត់មានសិទ្ធិប្តឹងទាមទារសំណងរដ្ឋប្បវេណីពីរោងម៉ាស៊ីន ចំពោះការលំបាក និងការខូចខាតសុខភាពដែលបានកើតឡើងជាយូរមកហើយនោះបាន»។

កញ្ញា ឃឹម លក្ខណា អាយុ ២២ឆ្នាំ និស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រ ដែលមានផ្ទះជាប់របងរោងម៉ាស៊ីន លើកបង្ហាញបាតដៃប្រឡាក់ធូលី និងផេះដែលគាត់ជូតលើគម្របពាង ដែលហុយចេញពីរោងម៉ាស៊ីនកិន និងសម្ងួតស្រូវ។ រូបថតទី១០កញ្ញាឆ្នាំ២០២៦ ដោយ មាស ភារុណ

ក្តីរំពឹងចុងក្រោយរបស់ប្រជាពលរដ្ឋ

កញ្ញា ឃឹម លក្ខណា អាយុ ២២ឆ្នាំ និស្សិតបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រ ដែលមានផ្ទះជាប់របងរោងម៉ាស៊ីន បានសម្តែងក្តីអស់សង្ឃឹមថា ទោះបីជាប្រជាពលរដ្ឋដឹងថា មិនអាចស្នើសុំឱ្យរើរោងម៉ាស៊ីនចេញបានក៏ដោយ ក៏ម្ចាស់រោងម៉ាស៊ីនគួរតែមានវិធានការបច្ចេកទេសបិទបាំង និងគ្រប់គ្រងផេះឱ្យមានប្រសិទ្ធភាពជាងនេះ មិនមែនធ្វើតាមតែលេសនោះទេ។

ដោយឡែក អ្នកស្រី ជីប រ៉ាន់ បានលើកឡើងទាំងរលីងរលោងទឹកភ្នែកថា ប្រសិនបើអាជ្ញាធរ និងក្រសួងបរិស្ថាននៅតែដោះស្រាយមិនចេញទេ សូមជួយសម្របសម្រួលឱ្យម្ចាស់រោងម៉ាស៊ីនទិញដី និងផ្ទះរបស់អ្នកស្រី និងអ្នកភូមិជុំវិញនោះក្នុងតម្លៃសមរម្យមក ដើម្បីឱ្យពួកគាត់មានលទ្ធភាពរើចេញទៅរស់នៅកន្លែងផ្សេង។

អ្នកស្រីពោលដោយក្តីអស់សង្ឃឹមថា៖ «ដី និងផ្ទះនៅជិតរោងម៉ាស៊ីននេះ គ្មានអ្នកណាប៉ងទិញទេ… គេជិះម៉ូតូកាត់តែមួយភ្លែត ហុយចូលភ្នែក គេឆ្ងល់ថាពួកខ្ញុំរស់នៅកើតដោយរបៀបណា? ពួកខ្ញុំទាល់ច្រកហើយ បើអាចរើចេញបាន គឺរើចេញបាត់ហើយ!»។

សារព័ត៌មានខេមបូចា មិនអាចទាក់ទងក្រុមហ៊ុនរោងម៉ាស៊ីន តុងភាព ដើម្បីបំភ្លឺតាមលេខទូរសព្ទដែលដាក់លើស្លាកពីមុខរោងម៉ាស៊ីនបានទេ មកទល់ម៉ោងចេញផ្សាយនេះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម