បុរសវ័យចំណាស់ម្នាក់កំពុងដើរកាត់ផ្លូវទឹកលិចដែលមានក្លិនស្អុយដោយមានភក់ខ្មៅខ្មួលពីក្រោយកែងជើង តម្រង់ទៅផ្ទះរបស់គាត់ក្បែរនោះ បានរៀបរាប់ថា៖ «ផ្ទះប្រជាពលរដ្ឋក្រោយសាលាស្រុកមោងនេះលិចទឹក៤ទៅ៥ខែហើយ មិនទាន់ស្រកនោះទេដោយគេបិទមុខលូបង្ហូរទឹក ក្រោយពីគេចាប់ផ្តើមស្ថាបនាផ្លូវជាតិលេខ៥មក មិនទាន់មានដំណោះស្រាយបាននៅឡើយ»។
ដៃម្ខាងកំពុងអោនរាវក្នុងទឹកស្អុយរកស្បែងជើងដែលកប់ភក់បណ្តើរ លោក សុខ សុផល វ័យ៥៦ ឆ្នាំ ត្អូញត្អែរប្រាប់ថា គាត់បាត់ស្បែកជើងនៅទីនេះ២គូរមកហើយដោយវាកប់ភក់រកមិនឃើញ។
លោកបន្តថា សព្វថ្ងៃគាត់និងប្រជាពលរដ្ឋដែលមានផ្ទះនៅតំបន់នេះ រស់នៅវេទនាណាស់ ទឹកស្អុយលិចដល់ក្នុងផ្ទះត្រឹមស្មងជើង ពេលខ្លះត្រឹមជង្គង់រាប់ខែមកហើយ បង្កផលប៉ះពាល់ជាខ្លាំង ពិបាកក្នុងការចេញចូល ទឹកស៊ីជើងអស់ហើយ កូនចៅតូចៗពិបាកធ្វើដំណើរទៅសាលារៀន ហើយពេលខ្លះក៏មានសត្វមានពិសច្រើនទៀត។
លោក សុផល ឱ្យដឹងថា៖ «ពេលបាយទឹកទាល់តែឡើងលើឡៅតឿ ព្រោះលិចចូលក្នុងផ្ទះហើយវាជះក្លិនស្អុយខ្លាំង ពេលខ្លះមានសត្វពស់វាចូលសម្ងំក្នុងផ្ទះ និងសត្វក្អែបក៏ច្រើនដែរ បង្កការភ័យខ្លាច»។
ក្នុងទឹកមុខស្រងូតស្រង៉ាត់ ស្លៀកខោខ្លីពណ៌ខ្មៅ អាវការ៉ូខៀវ ពាក់មួកកន្តិប និងពាក់វ៉ែនតាម្ញូប លោក សុផល បានបន្ថែមថា កន្លងទៅធ្លាប់ឃើញមេភូមិចុះមកមើលដែរ ហើយគាត់ថានឹងធ្វើផ្លូវកុំឱ្យលិចទឹកដោយឱ្យពលរដ្ឋរើសំយាប ដាក់លូ តាំងពីមុនបោះឆ្នោត តែទឹកនៅតែលិច ផ្លូវក៏មិនទាន់ធ្វើនៅឡើយ។
លោក សុផល បន្ថែមថា៖ «គេថាធ្វើផ្លូវ តែអត់ឃើញធ្វើ ឱ្យពលរដ្ឋរើសំយាបជាងពីរខែហើយ អត់ឃើញធ្វើឱ្យ តាកអីរើត្រាំទឹក វាពុកអស់ហើយ រង់ចាំគេធ្វើផ្លូវហ្នឹង» ។
ប្រជាពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពបាននិយាយថា ផ្លូវក្រោយសាលាស្រុកមោងឫស្សីនេះ២០ឆ្នាំហើយមិនទាន់ដែលឃើញធ្វើនោះទេ បើទោះបីដូរចៅហ្វាយស្រុកអស់បីនាក់ហើយក៏ដោយ។ ពលរដ្ឋរូបនេះបញ្ជាក់ទៀតថា ទីនេះគេដាក់ឈ្មោះថាភូមិលិចទឹក ព្រោះឱ្យតែខែវស្សា គឺលិចជាប់រហូត តែពីមុនលិចមួយថ្ងៃពីរថ្ងៃអី ស្រកវិញអស់ តែបច្ចុប្បន្ននេះ តាំងពីចាប់ផ្តើមធ្វើផ្លូវជាតិលេខ៥ គឺលិចជាប់រហូតមិនងាយស្រក ដោយសារតែគ្មានមុខទឹកបង្ហូរចេញពីភូមិ។
លោកបន្ថែមថា អាជ្ញាធរឱ្យប្រជាពលរដ្ឋកាយដាក់លូខ្លួនឯងតាមមុខផ្ទះដោយមួយកង់១០ម៉ឺន រៀល ដែលខ្លះអស់៥០ម៉ឺន ខ្លះមួយលាន រឺ២លានរៀល ដើម្បីឱ្យអាជ្ញាធររៀបចំ ចាក់ផ្លូវបេតុង ឱ្យ តែមកទល់ពេលនេះស្ងាត់ឈឹងអត់ឃើញធ្វើផ្លូវ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «មុនពេលបោះឆ្នោត មេភូមិ មេឃុំសន្យាថា បោះឆ្នោតឱ្យ គណបក្សប្រជាជនជាប់ឆ្នោតជាមេឃុំ គេថានឹងធ្វើផ្លូវហ្នឹង តែពេលជាប់ឆ្នោតហើយ រហូត ដល់ពេលនេះហើយ នៅតែមិនទាន់ធ្វើឱ្យប្រជាពលរដ្ឋទៀត»។
ទាក់ទងបញ្ហាខាងលើនេះ លោក វ៉ូន សាម៉ន មេភូមិកន្សៃបន្ទាយ ឃុំមោងស្រុកមោងឬស្សី ខេត្តបាត់ដំបង បានទទួលស្គាល់ថាប្រជាពលរដ្ឋដែលរស់នៅ ក្រោយនិងចំហៀងសាលាស្រុកមោងឫស្សីនេះប្រមាណជាង៥០គ្រួសារពិតជារងផល ប៉ះពាល់ដោយសារទឹកលិចយូរខែមកហើយមែន។ លោកបញ្ជាក់ថា ទឹកលិចយូរខែនេះធ្វើឱ្យទឹកវាស្អុយនិងសម្បូរមូសផង វាប៉ះពាល់អារម្មណ៍និងប៉ះពាល់សុខភាពប្រជាពលរដ្ឋផង។
លោកមេភូមិឱ្យដឹងថា៖ «យើងខំជួយកាយមុខទឹកពង្វាងច្រើនដែរតែហូរមិនអស់ទេ ដោយសារគេបិទមុខទឹក ពេលគេធ្វើផ្លូវជាតិលេខ៥ហ្នឹង ពេលភ្លៀងមកលិចៗ មិនដឹងប៉ុន្មានខែទៀតទេទើបគេធ្វើហើយ»។ លោកបន្ថែមថា៖ «ប្រជាជនខ្ញុំវេទនាណាស់លិចគ្នារាប់ខែហើយ មូសផងអីផង សត្វពន្លាត់ផង ពិបាកណាស់ ខ្ញុំខំរាយការណ៍ទៅលើដែរ យើងមិនដឹងធ្វើម៉េចកើត»។
លោកមេភូមិបញ្ជាក់បន្ថែមថា កាលពីប៉ុន្មានថ្ងៃមុននោះទឹកហូរខ្លាំងពីទំនប់បាសាក់ហូរមកស្ទឹងមោងចាល់ត្រឹមការដ្ឋានសាងសង់ស្ពានឆ្លងកាត់ស្ទឹងមោងនេះដែរ គឺទឹកហូរលិចចូលផ្ទះនប្រជាពលរដ្ឋ មន្ទីរពេទ្យ សាលាស្រុក និង ផ្លូវថ្នល់នានាជាច្រើន ដោយសារតែក្រុមបច្ចេកទេសធ្វើផ្លូវជាតិលេខ៥នេះ បិទមុខទឹក២ ភាគបីនៃស្ទឹងមោងដើម្បីធ្វើស្ពាន ទើបធ្វើឱ្យទឹកហូរមិនទាន់ ចាល់លិចដូច្នេះ។ លោកបន្ថែមថា គ្រាន់តែភូមិកន្សៃបន្ទាយ មានផ្ទះ ប្រជាពលរដ្ឋ១៥០ខ្នងត្រូវបានលិចលង់ ខ្លះត្រឹមជង្គង់ ខ្លះដល់ក្រលៀនក៏មានដែរ។
លោកមេភូមិបន្ថែមថា៖ «ដោយការអន្តរាគមន៍ឱ្យកាយមុខទឹកស្ទឹងមោងបន្ថែម និង កាយប្រឡាយនានាខ្លះ ទើបទឹកស្ទឹងបានស្រកវិញ លែងលិចលង់ទៀត តែនៅសល់តែប្រជាពលរដ្ឋក្រោយសាលាស្រុកនៅលិចនៅឡើយ»។
អង្គុយក្បែរប្តីដែលទើបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងដេកលើគ្រែ អ្នកស្រី កែប សុធីតា អាយុ៦៣ឆ្នាំនិយាយថា គាត់រស់នៅភូមិកន្សៃបន្ទាយនេះជាង២០ឆ្នាំមកហើយ មិនដែលមានទឹក លិចជាប់រហូតដល់ឆ្នាំនេះទេ ធ្វើឱ្យការរស់នៅវេទនាណាស់ ទឹកស៊ីជើងរលួយអស់ហើយ ចេះតែទៅទិញថ្នាំ ប៉ាម៉ាត មកលាបបានជាសះមួយរយៈ បន្ទាប់មកទៀតក៏ទឹក ស៊ីជើង រលួយវិញ។
អ្នកស្រីបន្ថែមថា ពេលលឺអាជ្ញាធរ ថាធ្វើផ្លូវបេតុងឱ្យគាត់និងអ្នកភូមិត្រេងអរជាខ្លាំង ខំស្រវេស្រវាទៅខ្ចីលុយគេមកចូលរួមដាក់លូនៅមុខផ្ទះរបស់ខ្លួន៥កង់ អស់៥០ម៉ឺនរៀល និង កាត់សំយាបចោលទៀត តែទឹកនៅតែលិចផ្លូវនៅតែមិនទាន់ធ្វើទៀត។
អ្នកស្រី សុធីតា ឱ្យដឹងថា៖ «ពេលខ្លះពិបាកពេក អង្គុយហូរទឹកភ្នែក រស់នៅពិបាកទឹកលិចស្អុយ ណាមួយរកអីមិនបាន ប្តីក៏បាក់ជើងទៀត លឺគេធ្វើផ្លូវអរសែនអរ សុខចិត្តចងការគេដាក់លូដើម្បីបានរស់នៅស្រួល តែស្ងាច់ឈឹងភ្លៀងមកលិចៗ ខ្ញុំអង្គុយយំពេលខ្លះ» ។
មេឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោក ជា សុវណ្ណ បានឱ្យដឹងថា ចំណុចផ្ទះប្រជាពលរដ្ឋលិចទឹកខាងលើនេះ វាមានទំនាប ជាងគេតាំងពីដើមមក ដែលគេតែងហៅភូមិលិចទឹក រឺភូមិយួន ពេលភ្លៀងមកវាតែងតែដក់យូរជាងគេ ។ ទោះបីយ៉ាងណាលោកមេឃុំបញ្ជាក់ថា លើកនេះវាលិចយូរជាងមុនដោយសារតែបិទមុខប្រឡាយបង្ហូរទឹក នៅក្បែរការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ទើបស្ទះមុខទឹក តែអាជ្ញាធរខំកាយមុខទឹកពង្វៀងច្រើនដែរ តែហូរមិនអស់ដោយសារតែភ្លៀងធ្លាក់ច្រើនពេក។
លោកមេឃុំបញ្ជាក់ថា៖ «សង្ស័យក្រុមធ្វើថ្នល់ធ្វើស្ពានមោងហ្នឹង គេអត់សែនព្រេន អត់ក្រុងពាលីអីទេមើលទៅ មេឃងងិត ពីណាពីណីមក! ភ្លៀងតែកន្លែងហ្នឹង! ធ្វើលូមិនទាន់ហើយ ភ្លៀងជ្រុំមករហូតបួនប្រាំគីឡូដូចខែប្រាំង ចម្ងាយបួនប្រាំគីឡូទៀតដូចខែវស្សាអញ្ចឹងទៅ ដូចខុសគ្រូយ៉ាងម៉េច! មិនក្រុងពាលី រឺយ៉ាងម៉េច!»។
លោកមេឃុំបន្តថា ផ្លូវដែលលិចលង់នេះ អាជ្ញាធរគ្រោងប្រើប្រាស់ថវិកាមូលនិធិស្រុកស្ថាបនាចាក់ផ្លូវបេតុងផ្នែកខាងក្រោយសាលាស្រុកប្រវែង២២៥ម៉ែត្រ ទទឹង៥ម៉ែត្រ និងផ្លូវក្រវ៉ាត់ខាងលិចសាលាស្រុកជាង៣០០ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយឱ្យប្រជាពលរដ្ឋចូលរួមដាក់លូតាមមុខផ្ទះរៀងខ្លួនដើម្បីបង្ហូរទឹកចេញទៅប្រឡាយចាស់អមផ្លូវជាតិលេខ៥។
លោកមេឃុំបន្ថែមថា៖ «យើងចលនាឱ្យបងប្អូនដាក់លូដើម្បីធ្វើផ្លូវ កុំតែដាក់លូទាន់បានខ្លះផង កុំអីលិចជ្រៅនឹងយូរថ្ងៃជាងហ្នឹងទៀត! តាមផែនការគេថាខែ១០ធ្វើផ្លូវជាតិម្តុំស្រុកមោងហើយៗ»។
ខេមបូចាមិនអាចទំនាក់ទំនងតំណាងក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ ដើម្បីឆ្លើយបំភ្លឺជុំវិញ ករណី ខាងលើបាននៅឡើយទេ នៅរសៀលថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
លោក ទេព ហន អភិបាលស្រុកមោងឬស្សី បានបញ្ជាក់ថា អាជ្ញាធរបានបើកប្រឡាយមួយ បន្ថែមទៀតជួយរំដោះទឹកបានខ្លះ ហើយនៅពេលដែលស្ពានឆ្លងស្ទឹងមោង និង ផ្លូវជាតិលេខ៥ធ្វើរួច ទឹកនឹងហូរអស់ហើយ។ លោកបន្តថា ស្ពានឆ្លងស្ទឹងមោងនេះ ក្រុមបច្ចេកទេសធ្វើ បាន៨០ ទៅ៩០ភាគរយហើយ ផ្លូវជាតិឆ្លងកាត់ទីប្រជុំជនស្រុកមោងនោះក៏ជិតរួចដែរ លោក សង្ឃឹមថាពេលរួចហើយ យើងនឹងចាប់ផ្តើមដំណើរការស្ថាបនាផ្លូវដែលលិចហើយ។
លោក ទេព ហន ថ្លែងថា៖ «គម្រោងផ្លូវជាតិលេខ៥ហើយ យើងចាប់ផ្តើមធ្វើហើយ តែឥឡូវដល់ខែវស្សាទៀត វាតាមជាក់ស្តែងទៅ តែយើងនឹងប្រឹងប្រែងជួបជាមួយក្រុមបច្ចេកទេសធ្វើផ្លូវ ដើម្បីអាចរក មធ្យោបាយ យ៉ាងណាដើម្បីកាយមុន បើកាយមិនកើត មានតែពន្យាទៀតសិន»។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រូលអង្គការ លីកាដូរ ប្រចាំខេត្តបាត់ដំបងនិងប៉ៃលិន បានលើកឡើងថា អាជ្ញាធរគួរតែពន្លឿនចំណាត់ការរបស់ខ្លួន ក្នុងការជួបជាមួយក្រុមបច្ចេកទេសធ្វើផ្លូវដើម្បីធ្វើយ៉ាងណា រកវិធីកាយមុខទឹកបង្ហូរចេញពីភូមិឱ្យបានលឿនជាងនេះ ចៀសវាងប៉ះពាល់ដល់សិទ្ធិក្នុងការស់នៅរបស់ប្រជាពលរដ្ឋ។
លោក គង់ជិត ថ្លែងថា ៖ «អាជ្ញាធរគួរពន្លឿនការដោះស្រាយ ដើម្បីបញ្ចៀសការប៉ះពាល់ដល់សិទ្ធិរស់នៅប្រកបដោយផាសុខភាព ឃុំស្រុក គួរធ្វើរបាយការណ៍ទៅ ថ្នាក់ខេត្តដើម្បី រកវិធីដោះស្រាយធ្វើ យ៉ាងណាកុំឱ្យទឹកដក់នៅហ្នឹង។ មន្ទីរធនធានទឹកអីជួយពិនិត្យ មើលករណីនេះផង»។
លោក គង់ជិត បន្ថែមថា៖ «ហើយផ្នែកសាងសង់ផ្លូវហ្នឹងគួរតែត្រៀមការបង្ការទុកជាមុនដើម្បីរកផ្លូវទឹកណា បង្វែរកុំឱ្យដក់ធ្វើឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែលប៉ះពាល់ដល់សិទ្ធិរស់នៅដោយផាសុខភាពកាន់តែធ្ងន់ធ្ងរ»។
អ្នកស្រី ជួប ឥដ្ឋ អាយុ ៥៧ ឆ្នាំ កូន៥នាក់ក្នុងបន្ទុក បាននិយាយថា ទឹកលិចជាប់រហូតក្នុងផ្ទះ គាត់មានទួលមួយប៉ុណ្ណោះ គឺនៅលើលូបង្គន់ បានគ្រាន់លើកចង្រ្កានទៅដាំស្លលើនោះ នៅពេល ដែលភ្លៀងរាំងម្តងៗ។
អង្គុយលើគ្រែក្រោមផ្ទះដែលលិចទឹក អ្នកស្រី ជួប ឥដ្ឋ បានឱ្យដឹងថា៖ «ខ្ញុំសង្ឃឹមថា អាជ្ញាធរ និងពន្លឿនយ៉ាងណារកមធ្យោបាយកាយមុខទឹកបង្ហូរចេញពីភូមិឱ្យបានឆាប់ និងធ្វើផ្លូវតាមការសន្យាឱ្យរួចបានលឿនដើម្បីប្រជាពលរដ្ឋរស់នៅស្រួលផង»៕