ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្ដេញទាំងបង្ខំ និងពលរដ្ឋច្រើនគ្រួសារទៀតប្រឈមបាត់បង់ដីសហគមន៍ដែលដូនតាបន្សល់ទុកច្រើនជំនាន់ ក្រោយអាជ្ញាធរអនុវត្ដតាមអនុក្រឹត្យរបស់រដ្ឋាភិបាលលើផ្ទៃដី២៥៥ហិកតាដោយធ្វើអនុប្បយោគឱ្យក្រុមហ៊ុនឯកជនមួយ។
រដ្ឋបាលខេត្ដមណ្ឌលគិរីបានចេញសេចក្ដីប្រកាសមួយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ដោយតម្រូវឱ្យជនជាតិភាគតិចពូនងនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ធ្វើការរុះរើផ្ទះ បង្គោលរបង និងសំណង់ផ្សេងៗរបស់ខ្លួនឱ្យអស់ពីដីចំនួន២៥៥ហិកតាតាមអនុក្រឹត្យដែលចេញដោយអតីតលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ជុំវិញរឿងនេះ លោក ស្រេវ ផេត ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនងពូរាំង បានរៀបរាប់ពីការបាត់ដីដូនតាថា ការចេញអនុក្រឹត្យរបស់អតីតលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយមិនចុះសិក្សាស្រាវជ្រាវគឺចេញដោយរំលោភសិទ្ធិរបស់ពួកគាត់។ លោកបន្ដថា តំបន់នេះ គឺជាតំបន់ដែលជនជាតិលោកគោរពបូជា និងជាកន្លែងបន្ដពីដូនតា។ លោកហាក់សម្ដែងការខកចិត្ដ និងស្នើឱ្យរដ្ឋាភិបាលដកអនុក្រឹត និងប្រគល់ឱ្យជនជាតិដើមភាគតិចពូនងវិញដើម្បីទុកជាសម្បត្ដិរួម។ លោកបន្ដលើកឡើងថា ការបាត់បង់ដីដូនតាគឺស្មើនឹងបាត់អត្ដសញ្ញាណ ខណៈលោកជំរុញឱ្យនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត គិតគូរពីបញ្ហាប្រឈមរបស់ពួកគាត់។
លោកលើកឡើងថា៖ «ខ្ញុំមិនយល់ទេ ពេលគាត់[អាជ្ញាធរ]ធ្វើចឹង។ ដីនេះវាជាដីដូនតារបស់ជនជាតិពួកខ្ញុំ បើបាត់វាដូចបាត់អត្ដសញ្ញាណចឹង។ ពួកខ្ញុំមិនចាកចេញ ពួកខ្ញុំនឹងបន្ដតវ៉ា។ ខ្ញុំស្នើឱ្យនាយករដ្ឋមន្រ្ដីប្រគល់ដីមកឱ្យពួកខ្ញុំវិញមក»។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចផ្តល់ដីទៅឱ្យឧកញ៉ា ជឹង ធានសេង តាមសំណើសុំទិញផ្តាច់ដីចំនួន២ទីតាំងទំហំសរុបចំនួន៣៣៤ហិកតា៥អា។ ទីតាំងទីមួយស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទីតាំងមួយទៀតស្ថិតក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលបញ្ជាក់ថា សម្រាប់ធ្វើការវិនិយោគអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ។ ប៉ុន្តែការផ្តល់ដីនេះប៉ះពាល់ដីរបស់សហគមន៍ជនជាតិដើមភាគតិចរហូតពួកគេតវ៉ា និងប្រឈមការបណ្ដេញចេញទាំងបង្ខំ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀត គឺលោក ជើស ម្លើង អាយុ៦១ឆ្នាំ រស់នៅភូមិពូរាំងដែលកំពុងរងការបណ្ដេញចេញទាំងបង្ខំ បានលើកឡើងថា ការចេញអនុក្រឹត្យនេះបានបង្កការប្រឈមជាច្រើនដល់ជនជាតិដើមពូនងដោយថា ការចេញនេះមិនអនុលោមទៅតាមច្បាប់ស្ដីពីសិទ្ធិមនុស្ស។ លោកបានចាត់ទុកថា ទង្វើនេះគឺជារឿងអសីលធម៌ និងរំលោភសិទ្ធិមនុស្សសម្រាប់ជនជាតិដើមភាគតិចពូនងពួកលោក។
លោកបន្ថែមថា៖ «វាបាត់បង់ដីដូនតាដែលតរាប់ជំនាន់មកហើយ។ ផ្ទះជាង៥០គ្រួសារដែលប៉ះ តែពលរដ្ឋច្រើនទៀតរស់ពឹងកន្លែងហ្នឹង ឥឡូវគេមកបណ្ដេញពួកខ្ញុំចេញ ខ្ញុំឈឺចាប់ណាស»។
ច្បាប់ស្ដីពីសិទ្ធិជនជាតិដើមភាគតិចមាត្រា១១ចែងថា ជនជាតិដើមមានសិទ្ធិប្រតិបត្ដិ និងធ្វើឱ្យរស់ឡើងវិញនូវប្រពៃណី ទំនៀមទម្លាប់ ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះរួមមានទាំងសិទ្ធិក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍អ្វីដែលបង្ហាញអំពីអត្ដសញ្ញាណវប្បធម៌របស់ខ្លួនដែលមានពីអតីតកាល បច្ចុប្បន្ន អនាគត ដូចជាតំបន់បុរាណវិទ្យា និងកន្លែងប្រវតិ្ដសាស្រ្ដ បុរាណវត្ថុ ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសំដែងសិល្បៈ និងអក្សរសាស្រ្ដ។
បើតាមអ្នកស្រី ភ្លឹក ភីរម្យ ជនជាតិដើមភាគតិចពូនង និងជាអ្នកតវ៉ាដើម្បីរក្សាអត្ដសញ្ញាណជនជាតិដើមភាគតិចបានសង្កត់ធ្ងន់ថា ទង្វើនេះបានបំផ្លាញជនជាតិដើមភាគតិច និងអត្ដសញ្ញាណតរាប់ពាន់ឆ្នាំដោយបារម្ភថា អាចនឹងបាត់បង់ជនជាតិដើមភាគតិចពូនង ក្រោយពីរដ្ឋាភិបាលបណ្ដេញចេញទាំងបង្ខំតាមរយៈការអនុវត្ដរបស់អាជ្ញាធរខេត្ដ។ អ្នកស្រីបន្ដថា រដ្ឋាភិបាលគួរតែពិចារណាជាថ្មីសម្រាប់ជនជាតិភាគតិច ជាជាងប្រគល់ឱ្យក្រុមហ៊ុនឯកជនវិនិយោគទាំងដឹងថាជាដីដូនតា ទីបូជា និងកប់សព។
អ្នកស្រីលើកឡើងថា៖ «វាជាការរើសអើងលើជនជាតិដើមភាគតិចពូនងពួកខ្ញុំ។ បើដីហ្នឹងបាត់បង់ ពួកខ្ញុំមិនទៅរស់នៅណាទេ ព្រោះវាជាដីដែលពួកខ្ញុំទុកជាកន្លែងប្រារព្ធពិធី កប់សព និងអាស្រ័យផល។ ឥឡូវគេមកបណ្ដេញពួកខ្ញុំចេញ ខ្ញុំឈឺចាប់ណាស់»។
គោលនយោបាលជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច បានឱ្យនិយមន័យថា ជនជាតិដើមភាគតិច គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព។
ជុំវិញរឿងនេះលោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យខេត្ដមណ្ឌលគិរី បានថ្លែងប្រាប់ខេមបូចានៅរសៀលថ្ងៃទី២២នេះថា លិខិតរបស់រដ្ឋបាលខេត្ដ គឺអនុវត្ដទៅតាមអនុក្រឹត្យប៉ុណ្ណោះ រឿងពលរដ្ឋមិនព្រមចាកចេញលោកថាមិនពាក់ព័ន្ធរដ្ឋបាលនោះទេ។ តែយ៉ាងណាលោកមិនបានឆ្លើយនឹងសំណួរខេមបូចារឿងសំណង និងវិធានបន្ដក្រោយពីពលរដ្ឋមិនព្រមចាកចេញដោយរុញទៅឱ្យអភិបាលរងផ្សេងជំនួស។
លោកថ្លែងថា៖ «រដ្ឋបាលអនុវត្ដតាមអនុក្រឹត្យ រឿងគាត់មិនចេញខ្ញុំអត់ដឹងទេ។ បងអាចទៅសួរអ្នកទទួលបន្ទុកចុះព្រោះគាត់អ្នកកាន់រឿងហ្នឹងទើបឆ្លើយបាន អរគុណ»។
យោងតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមតាមមាត្រា១០ចែងថា ជនជាតិដើមភាគតិចមិនត្រូវបានគេបណ្ដេញដោយបង្ខំចេញពីដី ឬដែនដីរបស់ខ្លួនឡើយ។ ការតាំងលំនៅឋានថ្មី មិនត្រូវធ្វើដោយគ្មានការយល់ព្រមដោយសេរី និងដោយមិនបានប្រាប់ឱ្យដឹងជាមុនដល់ជនជាតិដើមដែលពាក់ព័ន្ធ និងបន្ទាប់ពីមានការព្រមព្រៀងលើសំណងត្រឹមត្រូវ និងយុត្ដិធម៌នោះឡើយ ហើយបើធ្វើទៅបានត្រូវដាក់ឱ្យមាននូវជម្រើសនៃការវិលត្រឡប់មកកាន់ដីធ្លី ឬដែនដីរបស់ខ្លួនវិញ។
អ្នកស្រី យុន ម៉ាណេ នាយិកាប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានថ្លែងថា តំបន់កាត់នេះ គឺជាកន្លែងបូជារបស់ជនជាតិភាគតិចដោយអ្នកស្រីថា ការបណ្ដេញចេញដោយបង្ខំនេះ គឺរំលោភសិទ្ធិមនុស្ស និងសិទ្ធិរបស់ជនជាតិដើមដែលមានចែងក្នុងច្បាប់។ អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលដកអនុក្រឹត្យនឹងប្រគល់ដីចំនួន២៥៥ហិកតាឱ្យពលរដ្ឋវិញ។
អ្នកស្រីបញ្ជាក់ថា៖ «វារំលោភសិទ្ធិជនជាតិដើម ហើយតំបន់ហ្នឹង គឺកន្លែងពួកគាត់គោរពណាស់ មិនគួរទៅកាត់ដីពួកគាត់ចឹងទេ។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងដកអនុក្រឹត្យវិញដើម្បីជនជាតិដើមអាចរស់នៅដូចជនជាតិផ្សេងដែរ»។
ស្រដៀងគ្នានេះដែរ លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានបញ្ជាក់ថា មុននឹងចេញអនុក្រឹត្យរដ្ឋាភិបាលគួរតែពិនិត្យមើលថាវាពិតជាមានការប៉ះពាល់ដល់ពលរដ្ឋទេ ហើយដីហ្នឹងពួកគាត់បានកាន់កាប់តាំងពេលណាដើម្បីធានាថា ការកាត់ដីនេះមិនបង្កដល់ការរស់នៅ និងអាស្រ័យផល។ លោកជំរុញឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញដោយលោកថាការផ្ដល់នេះបង្កបញ្ហាប្រឈមជាច្រើនដល់ជនជាតិដើមភាគតិច។
លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ ព្រោះវាប៉ះពាល់បងប្អូនជនជាតិភាគតិចហើយជាដីដូនតារបស់ពួកគាត់ទៀត។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលអាចដកអនុក្រឹត្យដើម្បីឱ្យបងប្អូនជនជាតិដើមភាគតិចអាចរស់បានដូចពលរដ្ឋខ្មែរទូទៅដែរ»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានចាត់ទុកថា គឺជាការរំលោភសិទ្ធិមនុស្ស ព្រោះការកាត់ដីមិនអនុលោមតាមច្បាប់ស្ដីពីសិទ្ធិជនជាតិដើមភាគតិចនោះទេ។ លោកបានគូសបញ្ជាក់ថា ការកាត់ដីទាំងអស់នេះនឹងធ្វើឱ្យជនជាតិដើមភាគតិចទាំងនោះប្រឈមបញ្ហាខ្លាំង និងជាតំបន់គួរចៀងវាង។
លោកថ្លែងថា៖ «មិនគួរទៅកាត់ដីរបស់ពួកគាត់ទេ ព្រោះវាជាតំបន់គោរពបូជារបស់ជនជាតិគាត់។ ខ្ញុំយល់ថារដ្ឋាភិបាលគួរបង្កើតក្រុមការងារទៅចុះពិនិត្យឱ្យបានច្បាស់លាស់ដើម្បីអាចប្រគល់ដីហ្នឹងឱ្យពួកគាត់វិញ»។
គួររម្លឹកថា លោកឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់អ្នកឧកញ៉ា ឡៅ ម៉េងឃីន និងអ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» ខណៈដែលភរិយារបស់លោក គឺលោកជំទាវ តាន់ សឺយមួយ ក៏ជាអ្នកជំនួញមួយរូបផងដែរ។
កាលពីឆ្នាំ២០២២ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងចំនួន១០នាក់ត្រូវបានសាលាដំបូង និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីចេញដីកាកោះហៅចំនួន២ក្នុងចន្លោះពេលតែ២សប្ដាហ៍ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន។ ប្រជាសហគមន៍បានលើកឡើងថា វាជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ដោយគ្រាន់តែចង់ថែរក្សាដីនោះជាដីរបស់សហគមន៍ប៉ុណ្ណោះ៕