សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជាង៦០គ្រួសារគ្មានផ្លូវចេញចូលលំនៅឋាន​ដោយសារអតីតអភិបាលរងខេត្តម្នាក់បានបិទផ្លូវ

លោក តួ ធានទឺ ជីកបង្គោលបាំងស័ង្កសី បិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
លោក តួ ធានទឺ ជីកបង្គោលបាំងស័ង្កសី បិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

អាជ្ញាធរហាក់ទាល់ច្រកក្នុងការរកដំណោះស្រាយដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋជាង៦០គ្រួសារចេញចូលលំនៅឋានឡើងវិញ ក្រោយពីអតីតអភិបាលរងខេត្តម្នាក់ឈ្មោះ តួ​ ធានទឺ បានបិទ​មិនឱ្យចេញចូលយូរថ្ងៃមកហើយនៅចំណុច ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋលោក ទី ណា បានប្រាប់ថា ជាងកន្លះខែហើយលោកមិនអាចចេញ ចូលទី​តាំង ដី​របស់ខ្លួនដែលកំពុងសាងសង់ផ្ទះបាន ដោយម្ចាស់ដីខាងមុខដែល​ជាអតីតអភិបាលរង​ខេត្ត​​ម្នាក់​​បានបិទផ្លូវមិនឱ្យលោកនិង ប្រជាពលរដ្ឋផ្សេងទៀតចេញចូលបន្ទាប់​ពីគាត់បាន​ទិញ​ដី​ផ្នែកខាងមុខរួមទាំងផ្លូវដែលពលរដ្ឋធ្លាប់ឆ្លងកាត់ជាងពីរឆ្នាំមកហើយ។ លោកព្រួយ​បារម្ភ​ខ្លាចបាត់បង់សម្ភារៈដែលកំពុងសាងសង់លើដីរបស់ខ្លួនដែលទុកចោលនៅទីនោះ។

លោក ទី ណា បញ្ជាក់ថា៖​ «ខ្ញុំធ្វើខ្ចុះអស់រាប់ពាន់ដុល្លារហើយ ឈើអីខ្ញុំដឹក​ទៅដាក់លើដី​របស់​ខ្ញុំសម្រាប់ សាងសង់ផ្ទះនៅទីនេះអស់ហើយ ដល់ពេលគេបិទផ្លូវមិនឱ្យចូលក្រុមជាងអី​ចូល​ទៅ​ធ្វើអត់បានអីវ៉ាន់ អីទុករាយប៉ាយមិនដឹងយ៉ាងណាទេ ខ្ញុំចង់បានផ្លូវ​ចូលវិញ​ដើម្បី​បាន​សាង​សង់ផ្ទះរស់នៅ»

យោងតាមប្រជាពលរដ្ឋនិងអាជ្ញាធរបានឱ្យដឹងថាប្រជាពលរដ្ឋនិងគ្រួសារកងទ័ពក្រីក្រផង​ចំនួន៦៧គ្រួសារបានទទួលអំណោយដីពីលោក ជុន ធី ជាអ្នករកស៊ីកាយដីម្នាក់​ដែលបាន​ផ្តល់ដី​របស់ខ្លួនឱ្យម្នាក់មួយឡូតិ៍ទំហំ៤គុណ២០ម៉ែត្រដើម្បីសាងសង់ផ្ទះរស់នៅ។

លោក ជុន ធី ​បានថ្លែងថា ដោយលោកធ្លាប់ក្រីក្រគ្មានផ្ទះរស់នៅវាពិបាកខ្លាំង​ដល់ពេល​លោក​រកស៊ី​ធូធារក៏បាន ទិញដីមួយកន្លែងទំហំជិតមួយហិកតានៅចំណុចភូមិកប្រង់ ឃុំតាក្រី ស្រុក​កំរៀង តម្លៃ៦០០០ដុល្លារដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៧គ្រួសារ​បាន​សាង​សង់​ផ្ទះរស់នៅនៅឆ្នាំ២០២០ ដោយដីនោះមានប្លង់រឹង ទទួលស្គាល់ពីអាជ្ញាធរឃុំស្រុក​និង​សុរិយាដីខេត្តត្រឹមត្រូវ។

លោកបញ្ជាក់ថា ដីដែលទិញនេះស្ថិតនៅខាងក្រោយដី​របស់​អ្នកស្រី​ ប៉ែន សុវណ្ណារ៉ា ហើយ​អ្នកស្រី​បានយល់ព្រមបើកផ្លូវឱ្យប្រជាពលរដ្ឋចេញចូលជាង​២ឆ្នាំមកហើយដោយពលរដ្ឋ​ប្រហែល៣០គ្រួសារហើយបានសាងសង់ផ្ទះ ខ្លះសំណង់រឹងមាំ ខ្លះ​ធ្វើគ្រោងឆ្អឹងផ្ទះបណ្តើរៗ។ លោកបន្ថែមថាទើបតែជាងកន្លះខែមកនេះអ្នកស្រី សុវណ្ណរ៉ា បានយល់ព្រមលក់ដីរបស់ខ្លួន​ទំហំ១១ហិកតាទៅឱ្យលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ​តម្លៃជាង​៧ម៉ឺន​ដុល្លារ ហើយក្រោយពីទិញរួចលោក ធានទឺ គាត់ក៏បិទផ្លូវមិនឱ្យពលរដ្ឋចេញចូលតែ​ម្តង។

លោក ជន់ ធី បានបន្ថែមថា៖ «ចាប់ពីគេត្រូវរ៉ូវគ្នាលក់ទាំងដីលក់ទាំងផ្លូវមកឥឡូវ​អត់ផ្លូវ​ចេញ​ចូល​ទេ​តាំងពីថ្ងៃ១៨ វិច្ឆិកាមកប្រជាពលរដ្ឋដែលរស់នៅក្នុងនោះខ្លះបានមកជួល​ផ្ទះគេនៅ​ខាង​ក្រៅទុកផ្ទះនិងឥវ៉ាន់ចោលរាយប៉ាយព្រោះមិនហ៊ានចូលទៅយកដោយឯកឧត្តម​ តួធានទឺ គំរាមហៅនគរបាលចាប់វ៉ៃខ្នោះបើហ៊ានឆ្លងចូលដីរបស់គាត់ពលរដ្ឋខ្លាចមិនហ៊ានទៅជិតទេបានត្រឹមអឺតមើលពីចម្ងាយ»

លោក ជន់ ធី បានបន្ថែមថា ប្រជាពលរដ្ឋធ្លាប់បានធ្វើលិខិតសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត​ដែរ​កាល​ពី​ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យលោក តួ ធានទឺ បានបើកផ្លូវចូលទទឹង៨ម៉ែត្រ​បណ្តោយ៤០ម៉ែត្រក្រោយមកឃើញ អភិបាលរងខេត្តម្នាក់បានចុះមកដោះស្រាយ​តែមិនទាន់​ឃើញលទ្ធផលយ៉ាងណានោះទេ ក្រៅពីឱ្យពលរដ្ឋ ទៅអង្វរលោក តួ ធានទឺ ដើម្បីបើកផ្លូវ។

លោក ជន់ ធី លើកឡើងថា៖ «អភិបាលរងខេត្តគាត់ឱ្យប្រជាពលរដ្ឋស្នើសុំខ្លួនឯងទៅ​ បើសុំ​បាន​គាត់ជួយអរគាត់មិនហ៊ានស្នើសុំដែរ ព្រោះជាសិទ្ធិដីរបស់គេអ្នកទិញគាត់គ្មាន​ដំណោះ​ស្រាយអីទេ»។ លោកបន្ថែមថា៖ «ប្រជាពលរដ្ឋសង្ឃឹមម៉ែឪអាជ្ញាធរដែនដីដល់ពេលគាត់មាន​ប្រសាសន៍អ៊ីចឹងប្រជាពលរដ្ឋមានតែដេកហូរទឹកភ្នែកទេមិនសង្ឃឹមអីទៀតទេព្រោះគាត់គ្មាន​ដំណោះស្រាយ»

លោក ទូច ចិន្តា មេភូមិកំប្រង់ បានថ្លែងថា ម្ចាស់ដីខាងមុខគឺជារបស់អ្នកស្រី ប៉ែន សុវណ្ណរ៉ា គាត់មានទំនាស់គ្នាជាមួយ លោក តួ ធានទឺ ទាក់ទងដីធ្លីប៉ែកខាងមុខទំហំ១១ហិកតា​ច្រើន​ឆ្នាំមកហើយ ក្រោយមកគណៈកម្មាធិការដោះស្រាយដីធ្លីថ្នាក់ខេត្តបានធ្វើការសម្របសម្រួល​ដោយលោក ធានទឺ សុខចិត្តប្រគល់លុយ ៧៥ ០០០ដុល្លារដើម្បីបានដីនោះ​ដោយមិនបាន​គិតពីពលរដ្ឋរស់នៅខាងក្រោយ។ លោកបន្ថែមថា ក្រោយពីបានដីលោក ធានទឺ បិទផ្លូវ​មិន​ឱ្យពលរដ្ឋរស់នៅប៉ែកខាងក្រោយដីរបស់ខ្លួនចេញចូលតែម្តង។

លោក ទូច ចិន្តា ថ្លែងថា៖ «គេដោះស្រាយគ្នាចប់នៅខេត្តយើងមេភូមិយើង​មិនដឹងទេថា​គេ​ដោះ​ស្រាយគ្នាយ៉ាងម៉េចបាន មិនទុកផ្លូវឱ្យប្រជាពលរដ្ឋ»។ លោកបន្ថែមថា៖ «ប្រជាពលរដ្ឋ​ប្រតិកម្មខ្ញុំបានធ្វើរបាយការណ៍ជូនទៅឃុំ ឃុំធ្វើទៅស្រុក​ ស្រុកធ្វើរបាយការណ៍​ទៅខេត្តអស់​ហើយគេធ្វើដំណោះស្រាយអីទៀតខ្ញុំអត់ដឹងដែរ»

ជុំវិញរឿងនេះលោក យឹម សៀប អភិបាលរងខេត្តបាត់ដំបងដែលចុះមកដោះស្រាយបញ្ហា​ដីធ្លីខាងលើនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

លោក យឹម សៀប បញ្ជាក់ថា៖ «ខ្ញុំបានទៅជួបហើយ។ ខ្ញុំអត់ផ្តល់ព័ត៌មានអី​តាមតេឡេហ្វូន​ទេ​ណា ​បងទំនេរចាំជួបខ្ញុំពន្យល់!»

ទោះបីយ៉ាងណាលោក រស់ កប មេឃុំតាក្រី បានថ្លែងថា ដីដែលពលរដ្ឋរស់នៅខាងក្នុងនោះ​ថ្វីត្បិតមានប្លង់រឹងតែជាប្រភេទដីកសិកម្មហើយនៅខាងក្រោយគេ បើតាមផែនទី គឺមិនមាន​ផ្លូវនោះទេ។ នៅពេលដែលម្ចាស់ដីខាងមុខបាន ត្រូវរ៉ូវគ្នាគេលក់ដោយទាំងផ្លូវប្រជាពលរដ្ឋ​ធ្លាប់សុំដើរឆ្លងកាត់។ លោកបន្ថែមថា វិធីមានតែមួយគត់មានតែប្រជាពលរដ្ឋនៅ​ប៉ែកខាង​ក្រោយនាំគ្នាទៅសុំអង្វរម្ចាស់ដីខាងមុខសុំបើកផ្លូវរឺមួយសុំទិញដើម្បីបានផ្លូវដើរ។

លោកមេឃុំបន្ថែមថា អាជ្ញាធរខេត្ត ស្រុកឃុំបានចុះសម្របសម្រួល​ដោះស្រាយដោយសុំឱ្យ​លោក តួ ធានទឺ បើកផ្លូវជូនពលរដ្ឋឆ្លងកាត់ដែរតែម្ចាស់ដីគេមិនព្រម តែទន្ទឹមនោះលោក ធានទឺ ថា សុខចិត្តដោះដូរដី ទំហំស្មើគ្នាដែលមានចម្ងាយប៉ុន្មានរយម៉ែត្រពីទីនោះ​ឱ្យ​ប្រជាពលរដ្ឋ​ទៅរស់នៅវិញជំនួសការបើកផ្លូវ។

លោក រស់ កប ថ្លែងថា៖ «ខ្ញុំបានសួរប្រជាពលរដ្ឋហើយគាត់ថាមិនព្រមដោះដូរ​គាត់ចង់រស់​នៅ​​កន្លែងចាស់រឿងនេះ វាហួសសមត្ថភាពរបស់ឃុំហើយ ហើយស្រុកនិងខេត្តក៏ដឹងរឿងហ្នឹង​ដែរ»

លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង ដឹកនាំមន្រ្តីពាក់ព័ន្ធចុះដោះស្រាយដល់ទីតាំង​ដីទំនាស់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង​ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំង២០២២។ រូបភាពផ្តល់ឱ្យ

មន្រ្តីយោធាម្នាក់ដែលមានដីនៅទីនោះដែរ គឺលោក ឆាន់ មិនី បាននិយាយថា មូលហេតុ​ដែល​ពលរដ្ឋមិនព្រម ដោះដូរដីចេញទៅនៅកន្លែងផ្សេង​ដោយសារដីដែលដោះដូរនោះមានភាព​មិនច្បាស់លាស់ព្រោះមិនមែនជាដីរបស់លោក តួ ធានទឺ នោះទេ គឺឈ្មោះក្នុងប្លង់ដីជារបស់​អ្នកផ្សេង។

លោក ឆាន់ មិនី ឱ្យដឹងថា៖ «បើលោក តួ ធានទឺ គាត់ចិត្តបុណ្យមិនបើកផ្លូវឱ្យពលរដ្ឋទៅ ចាំបាច់ឱ្យទៅយកដីផ្សេង រាប់សិបឡូតិ៍វិញយើងគិតមើល ហើយដីនោះជាដីរបស់គេហ្នឹង ដីឈ្មោះ ញ៉ាំ ចំរើន ហ្នឹងមិនមែនដីរបស់ តួ ធានទឺ ផង ប្រជាពលរដ្ឋអត់ព្រមទេ​គាត់មិន​ល្ងង់​ទេ ហើយខេត្តថាគេអត់លទ្ធភាពដោះស្រាយ»

លោក ឆាន់ មិនី បានបន្ថែមថា៖ «ផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់​ក្រោម​អត់សូវ​យក​​ចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋហើយមកកាន់ជើងបុគ្គល​ម្នាក់ហើយ​ពលរដ្ឋ​​ជាង៦០នាក់​គាត់អត់យកគោលការណ៍មកនិយាយ វាពិបាកដែរបង»

ឆ្លើយតបបញ្ហានេះលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកពិតជាសុខចិត្តដោះដូរដីដែលមានចម្ងាយ៣០០ម៉ែត្រឱ្យប្រជាពលរដ្ឋវិញជាថ្នូរនឹងការ មិនបើកផ្លូវ។ លោកថា ប្រជាពលរដ្ឋ ជាងពាក់កណ្តាលហើយគាត់យល់ព្រមទទួលយក​ក្រោម​ការសម្របសម្រួលរបស់អាជា្ញធរ។ លោកបន្ថែមថាចំពោះប្រជាពលរដ្ឋដែលមានផ្ទះ​រឺខ្ទមអីរុះរើ​ចេញមកលោកអ្នកជួយដោះស្រាយចេញលុយឱ្យបន្ថែមទៀត។ ចំពោះការលើកឡើងរបស់​ពលរដ្ឋថាដីដែលដោះដូរនោះមិនមែនជាដីរបស់លោកគឺឈ្មោះអ្នកផ្សេង ប៉ុន្តែលោក ធានទឺ អះអាង​ថាវាជាដីរបស់លោកពិតប្រាកដ។

លោក ធានទឺ លើកឡើងថា៖ «ថ្ងៃមុនជាងពាក់កណ្តាលតែព្រឹកនេះ(៧ធ្នូ)​ខាងស្រុក​បញ្ជាក់​ថា​យល់ព្រមដោះដូរអស់ហើយ ឡើង៦គ្រួសារទៀតសរុប៧៦គ្រួសារ​ខ្ញុំកំពុង​ឈូស​ឆាយ​កំពុង​ចាក់ដីឱ្យ»

ទោះបីយ៉ាងណាលោក សុខ ដែន អភិបាលស្រុកកំរៀងបានថ្លែងថា ក្រោមការសម្រប​សម្រួល​របស់​ថ្នាក់ខេត្ត លោក ធានទឺ ព្រមប្រគល់ដីមួយកន្លែងផ្សេងទៀត​ឱ្យប្រជាពលរដ្ឋតែ​មកទល់​ពេលនេះលោកមិនដឹងថាប្រជាពលរដ្ឋយល់ព្រមរឺអត់នោះទេ។ លោកថ្លែងថាបើសិនជាប្រជា​ពលរដ្ឋយល់ព្រមអាជ្ញាធរនឹងសម្របសម្រួលកាត់ប្លង់ដីស្របច្បាប់ឱ្យហើយ។

លោក សុខ ដែន ថ្លែងថា៖ «បើសិនប្រជាពលរដ្ឋមិនយល់ព្រមទទួលយកការដោះដូរ​វិញ​ឱ្យគាត់​ដាក់ពាក្យបណ្តឹងមកឃុំមក»

ជុំវិញការលើកឡើងរបស់លោក តួ ធានទឺ ថា ប្រជាពលរដ្ឋយល់ព្រមដោះដូរ​ដីទៅកន្លែង​ផ្សេង​ទាំង​អស់ហើយនោះ លោក ឆាន់ មិនី និយាយថា វាជាការភូតកុហកព្រោះ​មកទល់​ពេល​នេះ​​​គ្មានពលរដ្ឋណាម្នាក់បូករួមទាំងលោកផងយល់ព្រមដោះដូរនោះទេ ប្រជាពលរដ្ឋ​ចង់​ឱ្យ​អាជ្ញាធរជួយបើកផ្លូវឱ្យចេញចូលវិញតែប៉ុណ្ណោះ។

លោក រស់ កប ​មេឃុំតាក្រី បានថ្លែងដែរថា មកទល់ពេលនេះ​មិនទាន់មាន​ប្រជាពលរដ្ឋណា​ម្នាក់យល់ព្រមដោះដូរ មករស់នៅកន្លែងផ្សេងនោះទេ ផ្ទុយពីការអះអាង​របស់លោក តួ ធានទឺ។

លោក រស់ កប បញ្ជាក់ថា៖ «អាជ្ញាធរភូមិអីខំសម្របសម្រួលតាមការណែនាំហើយ អារឿង​ដីយ៉ាងណាយ៉ាងណីនោះ យើងកុំទាន់គិត ជំហានទីមួយ​ឱ្យតែថាបងប្អូនថាមកសិនមក​ដើម្បី​យកឈ្មោះរាយការណ៍ជូនទៅថ្នាក់លើដើម្បីដោះស្រាយ យើងសួរទៅប្រជាពលរដ្ឋ​គាត់​អត់​យល់ព្រមទាំងអស់គ្នា ឃើញឯកសារគាត់ផ្តិតមេដៃថា អត់ព្រមទាំងអស់គ្នា»

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូរប្រចាំខេត្តបាត់ដំបងនិង​ប៉ៃលិនបានថ្លែងថា ករណីទំនាស់ដីធ្លីរវាងលោក តួ ធានទឺ និងប្រជាពលរដ្ឋនៅភូមិកំប្រង់ ឃុំតាក្រី លោក ធានទឺ គួរតែធ្វើសម្បទានបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលទៅ​ក្នុងដីពួកគេព្រោះតាមច្បាប់ភូមិបាលត្រង់ចំណុចសេវភាព អ្នកមានដីនៅខាងមុខត្រូវតែបើក​ផ្លូវឱ្យអ្នកនៅខាងក្នុងឬនៅខាងក្រោយបានប្រើប្រាស់សមរម្យ។ គាត់គួរស្តាប់មតិ កង្វល់​និង​សំណូមពររបស់ប្រជាពលរដ្ឋក្នុងជីវភាពនិងប្រកបការងារប្រចាំថ្ងៃ ក្នុងនាមជា​អ្នកកាន់​និង​គោរពប្រតិបត្តិពុទ្ធសាសនាមួយរូប។

លោក គង់ ជិត បន្ថែមថា៖ «ចំពោះអាជ្ញាធរខេត្ត ត្រូវប្រើប្រាស់មន្ត្រីជំនាញសុរិយោដីខេត្ត​ឬ​ស្រុកចុះទៅពិនិត្យសិក្សាផ្ទាល់ធ្វើការវាយតម្លៃនិងដោះស្រាយដោយប្រកាន់ជំហរឯករាជ្យមិនលំអៀង គតិយុត្តិធម៌ ផ្តល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងអ្នករងគ្រោះនិងត្រូវគិតគូរ​ដល់អ្នក​រង​ផល​ប៉ះពាល់ច្រើនគ្រួសារដោយស្តាប់នូវមតិយោបល់ កង្វល់ និងសំណូមពរ​របស់​ពលរដ្ឋ​ដែលរងគ្រោះ»

ប្រជាពលរដ្ឋលោក ជុន ធី ​បាននិយាយថា បើសិនជាមិនមានដំណោះស្រាយ​បើកផ្លូវឱ្យ​ប្រជាពលរដ្ឋចេញចូលបាននោះទេ ប្រជាពលរដ្ឋនឹងនាំគ្នាផ្តិតមេដៃធ្វើ​លិខិតស្នើសុំ​អន្តាគមន៍​ទៅថ្នាក់ជាតិបន្តទៀតដើម្បីបានដឹងលឺដល់ប្រមុខរាជរដ្ឋាភិបាលជួយរកដំដោះស្រាយជូនពួកគាត់បានចេញចូលផ្ទះឡើងវិញ។

លោក ជុន ធី បន្ថែមថា៖ «ខ្ញុំសុំសំណូមពរអោយសម្តេចពុកជួយដោះស្រាយផ្លូវឱ្យ​ប្រជាពល រដ្ឋ​ផង បើមិនដូច្នេះទេ ពលរដ្ឋរងទុក្ខលំបាកកាន់តែធ្ងន់ហើយ សព្វថ្ងៃរស់ដូចស្លាប់អញ្ចឹង!»

សូមបញ្ជាក់ថា លោក តួ ធានទឺ ​អតីត​អភិបាលរង​ខេត្ត​បន្ទាយមានជ័យត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​ឱ្យជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ពី​បទ​ឆបោក ​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០៤ នៅ​ឃុំ​កំពង់ស្វាយ​ ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ​

លោក ធានទឺ ត្រូវ​បាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដោយ​ការ​ដាក់​ប្រាក់​ធានា​កាលពី​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០១៦ ​គឺ​មួយ​សប្ដាហ៍​បន្ទាប់ពី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់​ខ្លួន​គាត់​ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រមតុលាការ​ទាក់ទង​នឹង​បទ​ឆបោក។

753 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម