សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

​ជាង​៦០​ឆ្នាំទើប​រក​ឃើញជោគ​ជ័យជាប្រវត្តិសាស្រ្ត តើបាល់​ទះកម្ពុជា បាន​ហែល​ឆ្លង​ព្យុះ​ភ្លៀង និងការលំបាក​អ្វី​ខ្លះ?

ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១៩ ខែសីហា ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានចាញ់ ៣-០ ប៉ុន្តែការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន SEA V-Cup 2026 នៅហ្វីលីពីន កាលពីថ្ងៃទី១៩ ខែកក្កដា កម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ី ៣-២ ដើម្បីឈ្នះបានពានអន្តរជាតិ ជាលើកដំបូង ក្រោយរង់ចាំអស់ពេលជាង៦០ឆ្នាំ។ (ខេមបូចា/ស៊ា បញ្ញា)
ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១៩ ខែសីហា ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានចាញ់ ៣-០ ប៉ុន្តែការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន SEA V-Cup 2026 នៅហ្វីលីពីន កាលពីថ្ងៃទី១៩ ខែកក្កដា កម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ី ៣-២ ដើម្បីឈ្នះបានពានអន្តរជាតិ ជាលើកដំបូង ក្រោយរង់ចាំអស់ពេលជាង៦០ឆ្នាំ។ (ខេមបូចា/ស៊ា បញ្ញា)

ការ​ឈ្នះ​មេដាយមាស និងពាន​លេខ​១ ពីការ​ប្រកួត​កីឡាបាល់​ទះ​ជើងឯកអាស៊ីអាគ្នេយ៍ SEA V-Cup 2026 នៅប្រទេស​ហ្វីលីពីន កាលពីពេល​ថ្មីៗនេះ វានៅតែ​ដិត​ជាប់​ក្នុង​​ក្រអៅបេះដូង​អ្នកគាំទ្រ និងប្រជាពល​រដ្ឋ​កម្ពុជា ព្រោះនេះជាជោគ​ជ័យធំបំផុត ដែល​ក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា​ដណ្តើមបាន។

ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​នៅ​ក្នុង​វិស័យបាល់​ទះ​កម្ពុជា បានចាត់​ទុកការ​ឈ្នះ​មេដាយមាស និងពាន​ពីការ​ប្រកួត​កីឡាបាល់​ទះ​ជើងឯកអាស៊ីអាគ្នេយ៍ SEA V-Cup 2026 នេះ ថាជាពាន «ប្រវត្តិសាស្រ្ត» លើកដំបូង ​​របស់​ក្រុមជម្រើសជាតិបាល់​ទះកម្ពុជា ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ ហើយ​​​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមបាល់​ទះកម្ពុជា ក៏បានបង្កើត​ប្រវត្តិសាស្រ្ត ឈ្នះមេដាយ​ប្រាក់ និងមេដាយ​សំរឹទ្ធ នៅស៊ីហ្គេម ជា​លើកដំបូង និង​ពានមួយចំនួន​ទៀត​​ផងដែរ។

យ៉ាងណាក៏​ដោយ នៅពី​ក្រោយ​នៃ​ភាព​ជោគ​ជ័យនេះ បាល់​ទះ​កម្ពុជា បាន​ហែល​ឆ្លងព្យុះ​ភ្លៀង និងការ​លំបាក​រាប់មិនអស់ ដែល​ផ្តើម​ចេញពី​ក្រុម​ដែលមានកម្រិត​លេង​ទាបជាង​គេ នៅ​ក្នុង​តំបន់​អាស៊ាន ទៅជា​ក្រុម​ដែល​គេ​ផ្តល់រហស្សនាម​ថ្មី​ថា «ជា​ស្តេច​បាល់​ទះ ដែល​​ទើបបានរះ​ថ្មី នៅ​តំបន់​វិញ​»។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជា​អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​បញ្ជាក់​ថា៖ ​«យើងទាំងអស់​គ្នា បាន​ធ្វើ​រឿង​ដ៏អស្ចារ្យ​ដើម្បីជាតិ ហើយនៅទីបំផុត​សារព័ត៌​មាន​​របស់​ហ្វីលីពីន និងឥណ្ឌូនេស៊ី បានសរសេរ​ថា ស្តេច​បាល់​ទះ​ថ្មី បាន​រះឡើង​ហើយ។ ខ្ញុំបាន​ឆ្លើយ​តបទៅវិញ​ថា នេះ​គ្រាន់តែ​ជាការខិតខំប្រឹង​ប្រែង​ ហើយ​ការ​ខិតខំប្រឹង​ប្រែងនេះ វាមិន​ដែល​ក្បត់អ្នក​ដែលខំធ្វើ​ទេ!»។

ផ្តើម​ចេញពីការប្រកួត​នៅក្រៅ​ប្រទេស ដោយ​យក​ត្រឹម «បទពិសោធន៍» ត្រឡប់មក​វិញ​ជាមួយការចាញ់​គ្រប់​ការ​ប្រកួត​នោះ ​ក្រុមបាល់​ទះកម្ពុជា ត្រូវ​បានប្រទេស​ក្នុង​តំបន់​ចាត់​ទុក ដូចជា «សត្វចៀម» ដែល​គ្រប់​គ្នាសំលៀងមាត់​ចាំ​តែលេបត្របាក់ ព្រោះពួកគេ​ដឹង​​ថា ឱ្យ​តែជួប​កម្ពុជា ប្រាកដជា​​ឈ្នះ ៣-០ មិនពិបាកទេ ហើយ​អ្នកគាំទ្រ​កម្ពុជា ក៏​អស់ជំនឿលើ​ក្រុមនេះដូចគ្នា។

ប៉ុន្តែ​​សម្រាប់ការ​បង្ហាញ​ខ្លួន ក្នុង​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ២០២២ នៅ​វៀតណាម ក្រុមជម្រើសជាតិបាល់​ទះ​កម្ពុជា បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើលខ្លាំង ដោយពួកគេដណ្តើម​បានមេដាយ​សំរឹទ្ធ ជាប្រវត្តិសាស្រ្ត​​លើកដំបូង បន្ទាប់ពីបាន​យក​ឈ្នះ​ក្រុមជម្រើសជាតិ​ថៃ ៣-២ ក្នុងការ​ប្រកួត​ដណ្តើម​យក​មេដាយសំរឹទ្ធនេះ ក្រោយ​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី ៣-១ នៅ​វគ្គ១/២​​ផ្តាច់​ព្រ័ត្រ។

បន្ថែម​លើនេះ ​សម្រាប់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្ត ក្រុមបាល់​ទះ​កម្ពុជា បាន​ទម្លាក់​ក្រុមជម្រើសជាតិ​ថៃ នៅ​វគ្គ១/២​ផ្តាច់​ព្រ័ត្រ ដោយ​យក​ឈ្នះ ៣-២ ម្តង​ទៀត តែពួកគេ ​បានបន្ត​​ចាញ់​​ក្រុមឥណ្ឌូនេស៊ី ៣-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​បាន​មេដាយប្រាក់ ដែលជា​កំណត់​ត្រា​ថ្មីមួយ​ទៀត ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​កាន់​តែ​ខ្លាំង។

ជាមួយការបង្កើតបានកំណត់​ត្រា​ឈ្នះមេដាយនៅស៊ីហ្គេម​នេះ លោក អាំង សិរីពិសិដ្ឋ អះអាង​ថា បាន​កើត​ឡើង ដោយសារលោក​ឧបនាយក​រដ្ឋមន្រ្តី ស សុខា និង​ភរិយា កែ សួនសុភី ដែលបានលះបង់​គ្រប់​យ៉ាង តាំងពី​វិស័យបាល់​ទះ​គ្មានអ្នកជួយ​ឧបត្ថម្ភ រហូត​ក្លាយជាប្រភេទ​កីឡា ដែល​ទទួលបានការគាំទ្រ​ខ្លាំងបំផុត​នាពេលបច្ចុប្បន្ន។

ប្តីប្រពន្ធមួយ​គូនេះ បាន​សម្រេច​បង្កើត​ក្លិបបាល់​ទះសហភាពសហព័ន្ធ​យុវជន​ខេត្ត​ព្រៃវែង នៅ​​ឆ្នាំ២០១២ តាំងពី​លោក ស សុខា នៅជាតំណាង​រាស្រ្ត​ខេត្ត​ព្រៃវែង ដើម្បីជ្រើស​រើស​កីឡាករ មាន​កាយសម្បទាល្អ និងខ្ពស់ៗ ​យកមកប្រមូល​ផ្តុំ​​ហ្វឹក​ហាត់ សម្រាប់​ជាធនធាន​ជួយ​ដល់​ក្រុមជម្រើសជាតិ។ ក្រោយមក​ក្លិបនេះ បានប្តូរ​ឈ្មោះមក​ជា​ក្លិប​កីឡាបាល់​ទះ​វិសាខា ដោយ​យក​កីឡដ្ឋានវិសាខា ​ធ្វើ​ជាមជ្ឈ​មណ្ឌលហ្វឹកហាត់។

ហេតុនេះធនធាន​កីឡាករ​ទាំងអស់ ដែលបានប្រមូល​ផ្តុំ​ជាមួយ​ជម្រើសជាតិ ត្រូវមក​ហាត់​នៅទី​នេះ បន្ទាប់ពី​លោក ស សុខា បាន​​ក្លាយ​ជា​ប្រធានសហព័ន្ធកីឡាបាល់​ទះកម្ពុជា ដោយ​ប្តីប្រពន្ធមួយគូនេះ បានពង្រីក​ខ្ទង់ចំណាយ​កាន់​តែ​ធំ បន្ថែម​ទៅលើកញ្ចប់​ថវិកាចំណាយ​ប្រចាំ​ឆ្នាំ​របស់​ក្រសួងអប់រំ ជាពិសេស​ការ​ផ្តល់​ប្រាក់​ខែ​​ឱ្យ​កីឡាករជម្រើសជាតិ ជាសមាជិក​ក្លិប​វិសាខា ដើម្បី​ឱ្យពួកគេ​មាន​ទាំង​លទ្ធភាពចិញ្ចឹម​គ្រួសារបានល្អប្រសើរ និងមានពេល​ហ្វឹក​ហាត់​គ្រប់​គ្រាន់ ។

យ៉ាងណាក៏​ដោយ ការចំណាយ​ទ្រព្យធនយ៉ាងច្រើន​នេះ មិន​ទទួលបានផល​​ក្នុង​រយៈពេល​ខ្លី​ឡើយ​ព្រោះ​ក្រុមជម្រើសជាតិ​កម្ពុជា នៅ​តែ​​ប្រកួត​ចាញ់ ហេតុនេះ​​បន្ទាប់ពីបន្ត​​ចាញ់នៅ​​ស៊ីហ្គេម ឆ្នាំ២០១៥ លោក ស សុខា បានសម្រេច​ទិញ​ក្លិបបាល់​ទះ​​មួយ​នៅ​ប្រទេស​ថៃ ហើយ​ប្រើ​ឈ្មោះ​ក្លិប​នោះ ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា មាន​ឱកាស​ប្រកួត​ពង្រឹងសមត្ថ​ភាព​ជាមួយ​ក្លិបអាជីព​ ដែល​កន្លងមក​ក្រុម​ទាំងអស់នេះ គេមិន​ប្រកួតជាមួយ​ក្រុមកម្ពុជាទេ។

នៅត្រង់ចំណុច​នេះ លោក សិរីពិសិដ្ឋ បញ្ជាក់​ថា៖ «លោក​ទាំង​២ ចាប់​ផ្តើម​ឈ្មុសឈ្មុល​​បញ្ជូន​កីឡាករ​​​យើង​ទៅ​ប្រកួត នៅតាមបណ្តា​ប្រទេស​ជិត​ខាង ជាពិសេស​ថៃ ហើយ​ខ្ញុំ​នៅចាំបានថា កីឡាករ​នៅក្នុង​ក្លិប​អាជីព គេមិនទទួល​ប្រកួតជាមួយ​កីឡាករទៅពីកម្ពុជា​យើង​ទេ។ ​គេយក​តែ​កីឡាករ​កម្រិត​មហាវិទ្យាល័យមក​លេង​ជាមួយ​យើង គឺ​​ប្រទេសជិត​ខាង​យើង មើលស្រាល​យើង​ខ្លាំងមែន​ទែន»។

ស្មាត់ធំ វឿន វាសនា បានវាយបាល់គេចចេញពីការលោតបាំងរបស់មិត្តរួមក្រុម នៅក្នុងអំឡុងពេលហ្វឹកហាត់ ហើយគេជាកីឡាករដ៏សំខាន់ ដែលបានរួមចំណែកជួយឱ្យក្រុមជម្រើស​ជាតិកម្ពុជា បង្កើតបានកំណត់ត្រាជាប្រវត្តិសាស្រ្ត ទាំងការឈ្នះមេដាយប្រាក់ និងសំរឹទ្ធនៅស៊ីហ្គេម ជាពិសេសការឈ្នះពាន SEA V-Cup 2026 នៅហ្វីលីពីន។ (ខេមបូចា/ស៊ា បញ្ញា) ​

តាម​រយៈការបញ្ជូល​ក្រុមអត្តពលិកបានទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ក្រៅ​ប្រទេស​នេះ បាន​ធ្វើ​ឱ្យ​ក្រុមកម្ពុជា មានពន្លឺនៃក្តីសង្ឃឹម​បន្តិច ពេល​ពួកគេ​បាន​រក​ឃើញការ​ឈ្នះជា​លើកដំបូងក្នុង​ស៊ីហ្គេម ឆ្នាំ២០១៩ នៅ​​ហ្វីលីពីន ដោយកាលនោះ​ពួកគេ បាន​​ឈ្នះក្រុម​វៀតណាម ៣-២ នៅក្នុងជម្រុះក្នុងពូល តែបានចាញ់​ក្រុម​វៀតណាម ៣-០ វិញក្នុងការ​ប្រកួតដណ្តើម​យក​លេខ​៥ និងលេខ​៦។

ជាមួយលទ្ធផល​នេះ សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា បាន​ផ្លាស់ប្តូរយុទ្ធសាស្រ្ត​ថ្មី គឺ​ការ​បិទទ្វារ​ពង្រឹង​ការហ្វឹកហាត់​នៅក្នុង​ជំរំជម្រើសជាតិ​ទ្វេដង ដោយ​លោក ស សុខា សុខចិត្ត​បន្ថែម​ខ្ទង់ចំណាយ​មួយ​ផ្នែក​ទៀត ទៅលើ​ការជួល​គ្រូ​បរទេស​មក​បង្វឹក​ ហើយ​កីឡាករ​ទាំង​អស់ ត្រូវ​ហាត់​​៦ម៉ោងកន្លះ​ក្នុង​១​ថ្ងៃ និង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅលេង​ផ្ទះតែល្ងាច​​ថ្ងៃសៅរ៍ទេ និងវិលមក​វិញ​នៅ​​ល្ងាច​ថ្ងៃអាទិត្យ​។

ការពង្រឹងវិន័យ​លើការ​ហ្វឹកហាត់នេះ​​ធ្វើ​ឱ្យ​កីឡាករមួយចំនួន បានបង្ខំ​​ចិត្ត មិន​ចូលរួម​ជាមួយ​ក្រុមជម្រើសជាតិ​​ទេ ហេតុនេះ​​កីឡាករ​នៅក្លិប​វិសាខា ភាគ​ច្រើន​ត្រូវបាន​ជ្រើស​រើស​ប្រកួតតំណែង​ឱ្យ​ជាតិ នៅក្នុង​ព្រឹត្តិការណ៍​ធំៗ ជាពិសេស៊ីហ្គេម ហើយ​បញ្ហានេះ ក៏មានការរិះគន់​​​មួយ​ចំនួន​ផងដែរ។

លោក អាំង សិរីពិសិដ្ឋ បញ្ជាក់​ថា៖​ «មានការចោទសួរជា​ច្រើន​ថា ហេតុ​អ្វី​កីឡាករ​ផ្សេង​ទៀត មិនចូលមក​ហ្វឹក​ហាត់ក្នុង​​ក្រុមជម្រើសជាតិ មានបក្សពួក​និយម​មែន​អត់? ចម្លើយ គឺ​មិន​ទេ ហើយខ្ញុំបាន​បញ្ជូនសារ​ត្រឡប់​ទៅវិញ​ថា សហព័ន្ធ ចាំទទួល​ស្វាគមន៍​​គ្រប់​អត្តពលិក​ទាំង​អស់ ​ឱ្យតែ​អ្នក​នោះមានបេះដូងស្នេហាជាតិ​ពិត​ប្រាកដ គឺ​​​មានលទ្ធភាព​ចូលមកជំរំហ្វឹក​ហាត់ហើយ។អ៊ីចឹង​ខ្ញុំលើក​អត្តពលិក​​យើង ជាវីរបុរសបាល់​ទះ ព្រោះ​ការលះបង់​របស់​គាត់​​ធំធេងណាស់​ សុខចិត្ត​លះបង់​ប្រពន្ធកូន លះបង់​គ្រួសារ​ ដើម្បី​ចូលមកក្នុងជំរំហ្វឹកហាត់»។

លោក សិរីពិសិដ្ឋ ​បានចាត់​ទុកការ​ចូលកាន់​តួនាទី​ជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទះ​កម្ពុជា នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ថា ជា «អំរែកមួយ» ព្រោះ​ពេល​នោះ​កីឡាករ​​ភាគ​ច្រើន​មានសតិអារម្មណ៍ អត់​ចង់​ប្រកួត​តំណាង​ឱ្យ​ជាតិ​ទេ ព្រោះ​ទៅប្រកួតចាញ់​គេ​រហូត ធ្វើ​ឱ្យមានការ​រិះគន់ខ្លាំង រហូត​ដល់មានការជេរ​ប្រទេច​ទៀត។

លោក បាន​បើក​ឡានទាំង​យប់ ទៅក្លិប​វិសាខា ហើយបានជួបជាមួយ​កីឡាករ៤នាក់។ «ខ្ញុំ​ធ្វើការបញ្ចុះបញ្ជូល​ពួក​គាត់​ចូល​២ម៉ោង ហើយ ម៉ី រស្មី សម្រេចចិត្ត​ដើរចេញពី​ក្លិប និងជម្រើសជាតិ គាត់មិនទៅលេង​ស៊ីហ្គេម នៅ​វៀតណាម​ទេ ចំណែក សួន ចាន់ណារ៉ូ, គួន មុំ និង ពិន សារិន ជឿជាក់​លើខ្ញុំ ហេតុនេះបើសិនជាមិនមានកីឡាករប៉ុន្មាននាក់នេះ យើងមិនអាច​ទៅ​ធ្វើ​អី ស៊ីហ្គេម នៅវៀតណាម បាន​ទេ»។

លោកបន្ថែម​ថា៖ «​កាលនោះកីឡាករមួយចំនួន មិនទាន់ស្គាល់​មុខ​ខ្ញុំ​ទេ តែ​ដោយសារ​ការដាក់ចិត្តដាក់​កាយ ជឿជាក់លើ​ការ​ដឹកនាំនេះ​ហើយ ធ្វើ​ឱ្យ​យើងសម្រច​បាន​លទ្ធផល​ជោគ​ជ័យ ដោយ​យើង​ឈ្នះមេដាយសំរឹទ្ធ ជា​លើកដំបូង ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅ​វៀតណាម និង​បន្ត​ឈ្នះមេដាយប្រាក់ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ»។

​បើទោះបីជា​ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ នៅស៊ីហ្គេម ក៏ពិតមែន ប៉ុន្តែ​ក្រុមកម្ពុជា មិនត្រូវបាន​​សហព័ន្ធកីឡាបាល់​ទះ​អាស៊ីអាគ្នេយ៍ ដឹកនាំ​ដោយជនជាតិ​ថៃ អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ពាន​​ជើងឯក​អាស៊ីអាគ្នេយ៍ SEA V-League ជាមួយ​ក្រុម​ថៃ ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​នោះ​ទេ ដោយគេ​តម្រូវ​ឱ្យ​​កម្ពុជា ឈ្នះ​កៅអី​ពី​ការប្រកួតពានរង្វាន់បាល់​ទះ​កម្រិតទី២ ​ប្រចាំតំបន់អាស៊ាន ជាមុនសិន​។

ជាមួយ​ការ​ដាក់សម្ពាធ​នេះ កម្ពុជា បានសម្រេច​រៀបចំការ​ប្រកួត​បាល់​ទះកម្រិតទី២​ប្រចាំតំបន់អាស៊ាន ជា​លើកដំបូង ដោយប្រសិទ្ធនាម​ថា SEA V.League Challenge នៅ​ឆ្នាំ២០២៤ ដោយអញ្ជើញ​​ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ មក​ចូលរួម ហើយ​បានចំណាយ​ថវិកា​រៀបចំ​អស់​រាប់ម៉ឺន​ដុល្លារ តែ​​តាម​រយៈ​ការ​ប្រកួត​​​នៅក្នុង​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិក ពី​ថ្ងៃទី៣០ ខែសីហា ដល់​ថ្ងៃទី២ ខែកញ្ញានោះ គឺ​ក្រុមជម្រើសជាតិ​កម្ពុជា ​ក្លាយជាម្ចាស់​ជើងឯក ដើម្បីបាន​ទៅលេង​នៅ SEA V-League ឆ្នាំ២០២៥។

យ៉ាងណាក៏​ដោយ សម្រាប់ការ​បង្ហាញ​ខ្លួនជា​លើកដំបូង ក្នុងពាន​រង្វាន់ SEA V-League នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាញ់​ទាំង​៨​ប្រកួត ​ប៉ុន្តែ​ការ​ប្រកួត SEA V-League ដែលបានប្តូរឈ្មោះមក​ជា SEA V-Cup នៅ​ឆ្នាំ២០២៦នេះ កម្ពុជា បាន​ទទួលចំណាត់​ថ្នាក់​លេខ​១ គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត នៅជើង​ទី​១ ក្នុង​ប្រទេសហ្វីលីពីន ដោយពួកគេ​បាន​យក​ឈ្នះ​​ក្រុម​ថៃ ៣-១ នៅ​១/២​ផ្តាច់​ព្រ័ត្រ និង​បន្ត​​ឈ្នះ​​ឥណ្ឌូនេស៊ី ៣-២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃទី១៩ ខែកក្កដា។

ចំណែក​ការ​ប្រកួតជើងទី​២ នៅ​ឥណ្ឌូនេស៊ី ក្រុម​កម្ពុជា បានត្រឹម​លេខ​៤ទេ ព្រោះសមាជិក​ភាគ​ច្រើន មានរបួស ហើយ​អ្វីដែល​​សោកស្តាយបំផុត​នោះ កីឡាករ មួន និមល ដែលខំលេង​ទាំង​មានរបួស​នោះ ត្រូវបាន​នាំ​យក​ទៅ​ថតពិនិត្យ​មើល ពេល​វិល​ត្រឡប់មក​ដល់​ប្រទេស​វិញ ហើយ​ឃើញ​ថា ជង្គង់​របស់​គេមានរបួស និង​មាន​ឆ្អឹង​ដុះ ដែល​ទើប​​វះ​កាត់បានជោគ​ជ័យ កាលពី​ថ្ងៃទី ២០ ខែសីហា​នេះ ចំណែក​លោក អាំង សិរីពិសិដ្ឋ ក៏​បានដួល​ប្រេះឆ្អឹងសន្លាក់​​ដៃឆ្វេង ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ហ្វីលីពីន។

ការ​លះបង់​គ្រប់​បែប​យ៉ាង​ រហូត​ដណ្តើម​បាន​ពាន SEA V-Cup 2026 ជាប្រវត្តិសាស្រ្ត​នេះ បាន​ធ្វើ​ឱ្យប្រជាជន​កម្ពុជា​ ជាពិសេស​អ្នកគាំទ្រ​ បាន​ប្តូរ​ទម្លាប់ពីការ​ធ្លាប់​ជេរ​ប្រមាថដល់​ក្រុមជម្រើសជាតិ មកជាការ​នាំគ្នាសាទរវិញពេញ​ប្រទេស ហើយរូប​ភាពនៃ​ការ​​ដង្ហែពាន SEA V-Cup នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី២៧ ខែកក្កដា បានក្លាយជាការចងចាំ​របស់ពួកគេមិនអាច​បំភ្លេច​បាន​ទេ។

លោក ស សុខា និងភរិយា ពេលមកទទួលស្វាគមន៍ការនាំយកមេដាយមាស និងពានរង្វាន់ SEA V-Cup 2026 របស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

លោក សិរីពិសិដ្ឋ ​បញ្ជាក់​ថា៖​ «នៅបំផុត​យើង​បាន​ធ្វើ​ឱ្យ​មានស្នាមញញឹម​ដល់​ប្រជាពល​រដ្ឋ​១៨​លាននាក់។ ទោះបីជា​យើង​បានបរាជ័យ​នៅជើង​ទី​២ មានចាញ់មានឈ្នះ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពល​រដ្ឋ​យើងលួស​អារម្មណ៍​ពីការជេរប្រទេចបណ្តាសា មកជាការសាទរ គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​របស់​យើង។ នេះជាភាពអស្ចារ្យ​មួយ ដែល​យើងបានកែប្រែ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​របស់​យើង»។

យ៉ាងណាក៏​ដោយ លោក សិរីពិសិដ្ឋ បាន​អះអាង​ថា សហព័ន្ធ​ បាន​ធ្វើ​រឿង​ច្រើន​រាប់មិនអស់ ដើម្បីជួយ​ជំរុញ​ឱ្យ​ក្រុម​បាល់​ទះកម្ពុជា ឈ្នះ​បានមេដាយប្រាក់ សំរឹទ្ធ នៅ​ស៊ីហ្គេម ឈ្នះ​ជើងឯក​ពានរង្វាន់​​នៅតៃវ៉ាន់ ឈ្នះជើងឯក SEA V.League Challenge 2024 និង​ការមាន World Ranking ធ្វើ​ឱ្យមានរូបទង់ជាតិកម្ពុជា នៅលើវេបសាយ FIVB ជា​លើកដំបូង។

លោក​សង្កត់​ធ្ងន់​ថា៖ «នេះសុទ្ធតែស្នាដៃធំៗ ហើយស្នាដៃចុង​ក្រោយ​ដ៏អស្ចារ្យ​​របស់​យើង គឺឈ្នះមេដាយមាស ជាប្រវត្តិសាស្រ្ត​នៅ SEA V-Cup 2026 ប៉ុន្តែ​ខ្ញុំ​បានប្រាប់​ទៅ​ក្រុមអត្តពលិក​យើង​​ថា នេះគ្រាន់​តែជាសុបិនមួយ​យប់​ចុះ ដែល​យើង​ទទួលបាន ហើយសុបិន​ដ៏វែង​ឆ្ងាយ គឺ​​ចាប់​តាំងពី​ឆ្នាំ២០១២ ដែល​យើង​បានចិញ្ចឹម​ទ័ព​ អាច​ប្រើប្រាស់​បានជោគ​ជ័យ​ក្នុង​រយៈពេល​១០​ឆ្នាំ​ក្រោយ ហេតុនេះការវិនិយោគ​របស់​ឯកឧត្តមអភិសន្តិបណ្ឌិត និង​លោកជំទាវ មិនមែនជារឿងធម្មតា​នោះ​ទេ»។

ចំណែក​ស្មាត់ធំ គួន មុំ ដែលបានចូលរួម​ជាមួយ​ក្រុមជម្រើសជាតិ​តាំង​ពី​ឆ្នាំ២០១៧ បានទម្លាយ​​​ថា ​ការ​ប្រមូល​ផ្តុំ កាលពីមុន ​មិនទាន់​បានច្បាស់​លាស់​ដូចបច្ចុប្បន្ន​ទេ ហើយ​ក៏នៅមាន​ការ​ប្រកាន់​បក្សពួកនិយម ប៉ុន្តែ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា ពួក​យើងមកដើម្បីជាតិ​រៀងៗ​ខ្លួន។

កីឡាករវ័យ ២៧​រូបនេះ បន្ថែម​ថា៖ «ពួក​យើង​​តាំង​ចិត្ត​​ថា ដើម្បីជាតិ អត់​មាន​ដើម្បី​ក្លិប ដើម្បី​ថ្នាក់​ដឹកនាំ​មួយណា​នោះ​ទេ គឺ​យើង​មក​លះបង់ប្តូរ ធ្វើ​ការអីជា​ក្រុម​ សូម្បីលោក​គ្រូ​ គាត់មិន​លាក់​តែម្តង គឺ​មានលំហាត់​អី គាត់​ផ្តល់​ឱ្យ​ទាំងអស់​ដល់​កីឡាករ​មកពី​គ្រប់​ក្លិប។ យើងមានបេះ​ដូង​​វិញ​ចូល​គ្នាជា​ធ្លុងមួយ​ ដល់​អ៊ីចឹង​ធ្វើ​ឱ្យ​មានការសហការ​ល្អ សម្រាប់​ការ​ដណ្តើមបាន​ភាពជោគ​ជ័យ​នេះ»។

ជាមួយគ្នានេះ គួន មុំ បាន​ទម្លាយ​ថា ក្រុមជម្រើសជាតិ​ជំនាន់មុន ​​ខ្វះបទពិសោធ​ន៍​ប្រកួតជាមួយបណ្តា​ប្រទេស​ផ្សេងៗ ហើយ​ការ​ប្រកួត​​ក្នុងស្រុក ក៏​អត់​មានពានអ្វី​កក្រើក​ដូច​បច្ចុប្បន្នដែរ គឺ​

៥​ឆ្នាំ​មកនេះ មានការ​ប្រកួត​ក្នុងស្រុក​ច្រើនមែន​ទែន​ ដោយ​យើង​​បានអញ្ជើញ​ក្រុមបរទេស​មក​ប្រកួត​ក្នុងស្រុក​ផង និងចេញ​ទៅប្រកួត​​ក្រៅ​ស្រុក​ផង ​ធ្វើ​ឱ្យ​កីឡាករ​មានស្មារតី​ប្រយុទ្ធច្បាស់ លែងខ្លាចគេ​ដូចមុន។

កីឡាករ​កូន​១​រូបនេះ បញ្ជាក់​ថា៖ «កាលពី​មុន​​ឱ្យ​តែ​​ឮ​ថា ​ជួបប្រទេស​នេះប្រទេស​នោះ ​យើង​ចាប់​ផ្តើម​ភ័យ​ញ័រ ដោយសារ​កីឡាករ​មួយៗអត់​ដែល​ជួប​គេ យើង​លេង​តែក្នុងស្រុក ខុសពី​ពេលនេះ យើងមាន​មិត្ត​ភាព​ជាមួយបារាំង ចិន ប្រេស៊ីល ដល់អ៊ីចឹង​យើង​មានការ​រឹងមាំ ក្នុងការ​ប្រកួតពាន​រង្វាន់​ផ្លូវការ​ផ្សេងៗ ពិសេស​យើង​មាន​ប្រាក់​ប្រចាំ​ខែ​ច្បាស់​លាស់ ហើយមានការ​ស្នាក់​នៅរួម​ល្អ ការគោរពវិន័យ និងមាន​បទបញ្ជា​ផ្ទៃក្នុងច្បាស់លាស់ ទើប​ធ្វើ​ឱ្យ​យើងជោគ​ជ័យ​​ដល់​ពេលនេះ»។

យ៉ាងណាក៏​ដោយ គួន មុំ បានសារភាព​ថា មុនឈាន​ទៅ​ដល់ការ​ដណ្តើមបានជ័យលាភី​ជូនជាតិ​ជាបន្តបន្ទាប់​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រុមកីឡាករ បានលះបង់​ខ្លាំងមែន​ទែន។ «ពួក​ខ្ញុំ​ជា​កីឡាករ មានការលះបង់​អស់​រលីង​តែម្តង ហើយ​ធំបំផុត​​គឺ​យើងលះបង់ប្រពន្ធ​កូន! ​នៅពេលមាន​ព្រឹត្តិការណ៍​ធំ យើង​ត្រូវបិទខ្ទប់​​ហាត់២ទៅ​៣​ខែ អត់បាន​​ជួបពួកគាត់​តែម្តង ហើយ​យើង​ក៏​អត់​ទៅស្រុក​ដែរ»។

ប៉ុន្តែ គួន មុំ បន្ថែម​ថា៖​ «បើ​គ្មានការ​លះបង់ និង​រៀបចំវិន័យបែបហ្នឹង គឺមិន​បានជោគជ័យ​ទេ។ ទោះ​ជាមានការឧបត្ថម្ភ​គាំទ្រ​ខ្លាំងប៉ុណ្ណា​ក៏​ដោយ ក៏​យើង​អត់​ជោគ​ជ័យ​ដែរ ដោយសារ​យើងមិនមានវិន័យ​ ហើយ​​កីឡាករ និង​ក្រុមជម្រើសជាតិ​ទាំងអស់ បើ​គ្មាន​វិន័យ​យើងមិន​អាច​ទៅមុខ​បាន​ទេ»។

ចំណែក​អ្នក​លើកបាល់​ដៃទី​១ សួន ចាន់ណារ៉ូ ដែល​បាន​ជាប់​ជម្រើសជាតិ តាំងពី​ឆ្នាំ​២០១៤ នោះ បាន​អះអាង​ថា ទម្រាំ​ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា ទទួលបាន​លទ្ធផល​ល្អ​ដូចសព្វ​ថ្ងៃនេះ យើងបាន​ឆ្លងកាត់ការលំបាក​ច្រើនណាស់ ព្រោះ​ប្រទេស​នៅ​ក្នុងតំបន់​ជាមួយ​យើង​ដូចជា​ឥណ្ឌូនេស៊ី វៀតណាម ថៃ និងហ្វីលីពីន សុទ្ធតែ​កម្រិត​ល្អៗ។

រំឭក​ដល់​ភាពឈឺចាប់នេះ ​កីឡាករ​វ័យ​៣២​ឆ្នាំ ចាន់ណារ៉ូ ​បញ្ជាក់​ថា៖ «ប្រទេស​ទាំង​នោះ ​តែង​យក​យើង​ដាក់ក្នុងពូល​ជាមួយ ដើម្បី​វាយ​កម្ពុជា​យើង បាន​ឡើង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​​ថ្នាក់ដឹកនាំ​របស់​យើង ​មិនដែលបោះបង់​នោះ​ទេ ហើយ​នៅពេលនេះ មិនមានក្រុមប្រទេសណា ហ៊ាន​មើល​ស្រាល​លើ​ក្រុម​កម្ពុជា​ដូចមុន​ទៀតនោះ​ទេ»។

 សួន ចាន់ណារ៉ូ បានលើក​ពី​​ការ​ប្រកួត SEA V-Cup 2026 ដែល​ក្រុម​កម្ពុជា អាច​ឈ្នះ​ចាញ់ជាមួយ​ឥណ្ឌូនេស៊ី និង​ថៃ និងបានឈ្នះ​ហ្វីលីពីន ទាំ​ង​២ជើង ព្រោះ​ក្រុមទាំង​មូល បានប្រើ​បេះដូង​លេងដើម្បី​ជាតិ និង​ប្រជាជន រហូតបាន​ឈ្នះ​ជើងឯក ក្នុង​ជើង​ទី​១ នៅ​ហ្វីលីពីន  ប៉ុន្ត ចាន់ណារ៉ូ បានបង្ហាញ​ការ​​សោកស្តាយ​ ដែលការ​ប្រកួត​​ជើង​ទី​២ នៅ​​ឥណ្ឌូនេស៊ី ក្រុមកម្ពុជា ​បានត្រឹម​លេខ​៤។

 អ្នក​លើកបាល់​កូន​២​ សួន ចាន់ណារ៉ូ បញ្ជាក់​ថា៖ ​«​យើង​ប្រឹង​ខ្លាំង​ពេក រហូត​ភ្លាត់​ខ្លួន​ឯង។ ជាក់​ស្តែង​ពេល​នោះ ពួក​ខ្ញុំ​​ឈឺ និង​អស់​ថាមពល​រលីង​ទៅ​ហើយ ប៉ុន្តែ​ពួក​ខ្ញុំនៅតែ​​ខាំមាត់ខំប្រឹង​លេង​ទៅតាម​កាលវិភាគ​ដែល​គេដាក់មក»។

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទាំងឈុតធំ និងឈុតយុវជន ពេលចូលរួមសន្និសីទកាសែត កាលពីថ្ងៃទី១៧ ខែសីហា ហើយក្រុមតំណាងឱ្យកម្ពុជាទាំង២នេះ កំពុងប្រកួតប្រជែងជាមួយក្រុមមកពីម៉ាឡេស៊ី និងវៀតណាម នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ SAMDECH THIPADEI CUP រដូវកាលទី២ ឆ្នាំ២០២៦ ជាមួយក្រុមមកពីម៉ាឡេស៊ី និងវៀតណាម។ (ខេមបូចា/ស៊ា បញ្ញា)

​លោក នៅ សាម៉េត ​គ្រូ​បង្វឹក​ស្តីទី​ ដែលបានដឹក​​នាំ​ក្រុម​កម្ពុជា ឱ្យ​ឈ្នះ​ពាន​ SEA V-Cup 2026 ជាប្រវត្តិសាស្រ្ត​ នៅ​​ហ្វីលីពីននេះ ​អះអាង​ថា ការ​ទទួល​បានជោគ​ជ័យ​របស់​ក្រុម​កម្ពុជា កើតចេញពីការ​ការ​ប្រមូល​ផ្តុំ ដោយមានការ​ផ្គត់ផ្គង់​បាន​យ៉ាង​ល្អ​របស់​ថ្នាក់ដឹកនាំ ពិសេស​ការ​ចង​នូវបទបញ្ជា​ផ្ទៃ​ក្នុង ដែល​គ្រប់​គ្នា​ត្រូវ​គោរព​ឱ្យបានដាច់​ខាតនូវវិន័យ និងសាមគ្គី​ភាព​ផ្ទៃ​ក្នុង។

លោកបញ្ជាក់​ថា៖​ «ការ​​ទៅ​ដណ្តើម​បានមេដាយមាស និងពាន​នៅហ្វីលីពីន​នេះ គឺ​យើងបានដាក់​គោលដៅ​ច្បាស់​លាស់ ដោយ​ផ្តោតសំខាន់​ទៅលើការ​យក​ស្នាដៃជូនជាតិ មិនមែន​ទៅ​យក​បទពិសោធន៍ទៀត​នោះទេ។ ​ទាំង​ថ្នាក់​ដឹកនាំ គ្រូ​បង្វឹក និង​កីឡាកររបស់​យើង តែង​ផ្លាស់​ប្តូរ​យោបល់​គ្នា សម្រួច​យុទ្ធសាស្រ្តក្នុងការ​លេង​ឱ្យបាន​ល្អ ស្របទៅតាមផែនការ និងលេង​ដោយមានទំនុក​ចិត្ត»។

​គ្រូ​បង្វឹក​វ័យ​៣១​ឆ្នាំ​រូបនេះ បានបន្ថែម​ថា កីឡាករមកពី​ក្លិប​ណា​ក៏​យើង​ទទួល​យក​ដែរ ប៉ុន្តែ​សំខាន់​ចូលមក​ត្រូវមានវិន័យ​ ព្រោះកាលណា​យើង​ចូល​ជំរំជម្រើសជាតិ​ហើយ ចិត្តកាយ​របស់​យើង​ ប្រៀប​ដូចជាកងកម្លាំង​អ៊ីចឹង មិនអាច​រត់​ចោលជួរ​ទេ គឺ​យើងមានចិត្ត​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យមាន​លទ្ធផល​ល្អ​ជូនជាតិ ហេតុនេះ​អ្នក​ដែល​គ្មានវិន័យ​ និងគ្មានការ​លះបង់ មិនអាច​នៅ​បាន​ឡើយ។

លោក​បញ្ជាក់​​ថា៖ «ជាក់ស្តែងការ​ប្រកួត SEA V-Cup 2026 នេះ កីឡាករ​របស់​យើងលេង​ទាំង​ឈឺ! ​ទឹក​ចិត្ត​ និងបេះដូង​របស់​គាត់ គឺដើម្បីជាតិ ខំលេង​ទាំង​ខ្លួនឯង​ឈឺ​អត់ទៅណាចោល​ក្រុមទេ។ ​ថ្នាក់​ដឹកនាំ​របស់​យើង ហ៊ាន​លះបង់គ្រប់​យ៉ាង​ដើម្បីជាតិមួយនេះ ហើយខ្ញុំពិតជាមានមោទនភាពណាស់ នៅពេល​ឃើញ​ការ​លះបង់​ដ៏ធំធេងទាំងអស់នេះ»។

យ៉ាងណាក៏​ដោយ នៅក្នុង​ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពី​យប់ថ្ងៃទី៤ ខែសីហា លោក ស សុខា បានប្រាប់​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា ឱ្យ​ចាត់​ទុក​សមិទ្ធផល​ជោគ​ជ័យ ដែលពួកគេ​ដណ្តើមបាន​កន្លងមក ជាអតីតកាល ហើយ​ត្រូវខំប្រឹង​កែ​ប្រែ​ចំណុខ្វះ​ខាត និងពង្រឹង​សមត្ថ​ភាព​ឱ្យបានកាន់តែ​ខ្លាំង ដើម្បីបង្កើត​បាននូវសមិទ្ធផលជោគ​ជ័យថ្មីៗ​បន្ថែម​ទៀត​ជូនជាតិ។

លោក​ថ្លែង​ថា៖ «សមិទ្ធផល ដែល​យើងបានបង្កើត​ឱ្យមាន​ឡើង ក្នុង​រយៈពេល​ប្រមាណ​៥ឆ្នាំ​ចុង​ក្រោយនេះ ជាសមិទ្ធផល​ហួសពីការ​រំពឹង​ទុក ហើយក្នុងន័យនេះ​ខ្ញុំសូម​​ឱ្យ​ចាត់​ទុកថា នេះជាអតីតកាល​​របស់យើង។ ត្រូវ​ហើយ យើង​ត្រូវស៊ី​កេរ​អតីតកាល​របស់​យើង ប៉ុន្តែ​បើ​យើង​អង្គុយ​ដេកស៊ីកេរ​រហូត ថ្ងៃ​ក្រោយ​ គឺយើងអង្គុយ​អេះពោះ​ខ្លួនឯង​តែម្តង»។

សួន ចាន់ណារ៉ូ បានគាំទ្រ​​ការ​លើកឡើង​នេះ​ពេញទំហឹង។ «ពិតណាស់ ​យើងមិនអាច​ដេក​ដួល នៅស៊ីប្រាក់​រង្វាន់​ហ្នឹង​បាន​ទេ យើង​ត្រូវ​តែបន្តទៅមុខ​ទៀត ព្រោះ​ប្រាក់​រង្វាន់នេះ គ្រាន់តែជា​ស្ពាន​មួយ​ជួយ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​យើងបន្ត​ដំណើរ​ទៅមុខ​ អ៊ីចឹង​យើង​ត្រូវបន្ត​ហ្វឹកហាត់​ថែម​ឱ្យ​ខ្លាំងជាងហ្នឹង​ទៀត ហើយ​ខ្ញុំ​ជឿ​ថា យើងនឹងមាន​អ្វីៗ​ប្លែក​ជាង​ហ្នឹង​ទៀត មិន​មែន​នៅ​ត្រឹម​ប៉ុណ្ណឹង​ទេ»។

ជាមួយគ្នានេះ លោក ស សុខា បានអំពាវនាវ​​​ឱ្យ​កីឡាករ ដែលមានជំនឿ​លើ​សហព័ន្ធ និងជឿ​ថា ខ្លួនឯង​ធ្វើបាន សូម​កុំលះបង់នូវសុបិន្ត ព្រោះ​អាជីពកីឡាករ​នៅស្រុក​ខ្មែរ មិន​លើសពី​១០​ឆ្នាំ​ទេ ឬអាចតិចជាងនេះ ហេតុនេះ​អត្តពលិក​បន្ត​វេន​ទាំងអស់ ត្រូវ​ប្រើ​ឱកាសនេះ ដើម្បី​​រក​លុយ និងសាង​កេរ្តិ៍ឈ្មោះសម្រាប់​ខ្លួនឯង និងប្រទេសជាតិ។

លោកសង្កត់​ធ្ងន់​ថា៖ ​«នេះជាឱកាស​ដែល​ក្រុមអត្តពលិក​របស់​យើង​រក​លុយ អ៊ីចឹងសូមឱ្យប្រើប្រាស់​ឱកាសនេះ ជាឱកាសមាសឱកាសពេជ្រ ដើម្បី​​ជាការ​ពង្រឹង​​គុណ​ផល និង​ពង្រីក​កិត្តិយសជាតិ ជាពិសេស​ក្រុមគ្រួសារ​របស់​យើង។ ពាក្យថា សហព័ន្ធ គឺដើម្បីជាតិ មិនមែន​ដើម្បី​ខ្ញុំម្នាក់ ឬ​ក្រុមបាល់​ទះណាមួយ​នោះ​ទេ អ៊ីចឹង​​កីឡាករ ដែលមានឆន្ទៈ ការលះបង់ យើងនឹង​ជ្រើស​រើសចូល​រួមជាមួយ​ក្រុមជម្រើសជាតិ នៅពេល​ខាងមុខ»។

ជុំវិញកីឡាករថ្នាល​របស់​ក្រុមបាល់​ទះ​កម្ពុជា​នេះ គួន មុំ បាន​​​អះអាង​ថា ​៣ឆ្នាំ​ទៀត នឹង​អាចជំនួសពួក​យើងបាន និងអាច​អភិវឌ្ឍ​ខ្លួនរឹត​តែ​ល្អ ព្រោះ​ពួកគាត់មានកាយសម្បទា​ធំ និងខ្ពស់ សុទ្ធតែជិត២ម៉ែត្រ និង​​ជាង​២ម៉ែត្រ ចំណែក​ការ​ផ្គត់​ផ្គង់​ទៅលើ​ការ​ស្នាក់នៅ ហូបចុក និងការ​ផ្តល់​ជាប្រាក់​ខែ ដែល​វិសាខា ផ្តល់​ឱ្យ​គឺ​ល្អបំផុត​ហើយ ល្អជាង​​ក្លិបនៅ​​​បរទេសមួយចំនួន​ទៅទៀត។

គួន មុំ បញ្ជាក់​ថា៖ «យើង​នៅតែ​ចាំមើល​ការ​ហ្វឹកហាត់ និងការតាំង​ចិត្ត​របស់​ពួកគាត់​ទេ។ បើ​ពួកគាត់មានការ​តាំង​ចិត្ត​ដូចពួក​ខ្ញុំ​ថា មានការ​ប្តូរ​ផ្តាច់​ដូចគ្នា ខ្ញុំ​ជឿជាក់​ថា ពួកគាត់ នឹង​អាច​ល្បី​ខ្លាំងជា​ងពួក​ខ្ញុំ ហើយលេង​ឈ្នះ​ជាមួយ​ក្រុម​ខ្លាំងៗ​ជាងពួក​ខ្ញុំ​ទៅ​ទៀត»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម