សកម្មជនបរិស្ថានចំនួន៥នាក់ ក្នុងចំណោម១០នាក់បានធ្វើពហិការមិនចូលរួមសវនាការ បន្ទាប់ពីអាជ្ញាធរបានដាក់របាំង ដើម្បីរារាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើននាក់មិនឲ្យចូលបរិវេណសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធ។ ជនជាប់ចោទទាំងនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
អតីតសកម្មជនអង្គការមាតាធម្មជាតិមាន យឹម លាងហ៊ី ថុន រដ្ឋា លី ចាន់ដារ៉ាវុត ភួន កែវរស្មី និងឡុង គន្ធា បានធ្វើពហិការមិនចូលរួមសវនាការពេញមួយថ្ងៃកាលពីថ្ងៃពុធ ខណៈដែលជនជាប់ចោទប្រាំនាក់ផ្សេងទៀតមិនបង្ហាញខ្លួននៅតុលាការ។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ជនជាប់ចោទទាំងនេះបានឈរនៅខាងក្រៅតុលាការ អុជធូប និងថ្វាយផ្កាបួងសួងដល់វិញ្ញាណក្ខន្ធ «វីរជនខ្មែរ» ជួយធ្វើសាក្សីលើរឿងក្តីរបស់ពួកគេ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ ដូចដែលបានចោទប្រកាន់នោះទេ។
ទោះបីជាយ៉ាងនេះក្តី ចៅក្រម អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចបន្តសវនាការដោយអះអាងថា «ជនជាប់ចោទទាំង [៥] នាក់បានបោះបង់សិទ្ធិរបស់ពួកគេ» ដើម្បីឆ្លើយដោះបន្ទុកចំពោះការចោទប្រកាន់។
ចៅក្រម អ៊ុករ៉េតគន្ធា បានបន្ថែមថា តុលាការបានជូនដំណឹងដល់ពួកគេអំពីសវនាការរួចហើយ ខណៈមន្ត្រីនគរបាលបានឃើញជនជាប់ចោទមកដល់តុលាការ ប៉ុន្តែបដិសេធមិនចូលបន្ទប់សវនាការ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ អ៊ុក រ៉េតគន្ធា មានប្រសាសន៍ថា៖ «វាជាសិទ្ធិរបស់ពួកគាត់ក្នុងការបង្ហាញខ្លួន [នៅសវនាការ] ឬបោះបង់ចោលសិទ្ធិក្នុងការឆ្លើយដោះបន្ទុកចំពោះការចោទប្រកាន់ ប៉ុន្តែពួកគាត់គ្មានសិទ្ធិទាមទារឱ្យសាធារណជន [ត្រូវបានអនុញ្ញាតឱ្យ] ចូលរួមសវនាការនោះទេ។ ខ្ញុំមិនអនុញ្ញាតទេ»។
ព្រះរាជអាជ្ញារង សេង ហៀង មានប្រសាសន៍ថា ជនជាប់ចោទមាន «ចេតនាទុច្ចរិត ដើម្បីរំខានដល់អង្គសវនាការ» ដោយស្នើសុំឱ្យចៅក្រមបន្តសវនាការដោយគ្មានវត្តមានរបស់ជនជាប់ចោទ។
លោក សេង ហៀង បានប្រកាសថា ជនជាប់ចោទ៤នាក់ រួមមាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីដសិន លោក ប៉ីញ ពិសិដ្ឋ លោកស្រី វៃ រក្សា និង លោក ពក ខើយ អវត្តមាន ដោយបន្ថែមថា តុលាការបានចេញដីកាចាប់ខ្លួនពួកគេរួចហើយ។
នៅពេលព្រឹក តុលាការបានអានចម្លើយរបស់ជនជាប់ចោទទាំងប្រាំនាក់ដែលបានឆ្លើយនៅមុខមន្ត្រីនគរបាល តំណាងអយ្យការ និងចៅក្រមស៊ើបសួរកាលពីខែកញ្ញា ឆ្នាំ២០២១ ដែលផ្តោតលើរចនាសម្ព័ន្ធរបស់អង្គការមាតាធម្មជាតិ សកម្មភាពរបស់អង្គការ និងការផ្តល់មូលនិធិពីក្រៅប្រទេស។ មានសំណួរទាក់ទងនឹងការអត្ថាធិប្បាយរបស់លោក ហ្គន់សាឡេស ដេវីដសិន ជាមួយវិទ្យុបរទេសដែលតាមចោទថា បានញុះញង់ប្រជាពលរដ្ឋឱ្យស្អប់រដ្ឋាភិបាលនិងផ្តួលរំលំរដ្ឋាភិបាល។
ក្រឡាបញ្ជីមួយរូបបានអានចម្លើយរបស់ ឡុង គន្ធា ដែលបានឆ្លើយនៅចំពោះមុខចៅក្រមស៊ើបសួរកាលពីខែកញ្ញា ឆ្នាំ២០២១ ថា៖ «ខ្ញុំមិនមែនជាសមាជិកអង្គការមាតាធម្មជាតិទេ។ ខ្ញុំគ្រាន់តែជាអ្នកស្ម័គ្រចិត្ដក្នុងចលនានេះប៉ុណ្ណោះ»។
ឡុង គន្ធា បាននិយាយថា ខ្លួនបានចូលរួមជាមួយអង្គការមាតាធម្មជាតិ ដើម្បីការពារបរិស្ថាន ដោយបន្ថែមថា សកម្មភាពរបស់នាង គឺជា «ការរិះគន់ក្នុងន័យស្ថាបនា មិនមែនញុះញង់ប្រជាពលរដ្ឋឱ្យស្អប់រដ្ឋាភិបាលទេ»។
តាមរយៈការអានដដែលបានឲ្យដឹងថា នៅពេលចៅក្រមស៊ើបសួរចោទសួរថា តើនាងបានដឹងអំពីការផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកចូលក្នុងគណនីរបស់នាងដែរឬទេ គន្ធា បានឆ្លើយថា «ខ្ញុំមិនដឹងទេ»។
ក្រឡាបញ្ជីបានអានចម្លើយរបស់ជនជាប់ចោទម្នាក់ទៀតឈ្មោះ ថុន រដ្ឋា ដែលបានបដិសេធមិនឆ្លើយសំណួរទាំងអស់ដែលចៅក្រមស៊ើបសួរបានសាកសួរ ហើយបានឆ្លើយដដែលៗថា៖ «ខ្ញុំមិនបានប្រព្រឹត្ត [អ្វី] ខុសច្បាប់ទេ។ ខ្ញុំស្អាតស្អំ»។
ជនជាប់ចោទ លី ចាន់ដារ៉ាវុទ្ធ ប្រាប់ខេមបូចាថា តុលាការបានបន្តសវនាការហើយ «គ្រាន់តែអានចម្លើយ [របស់យើង] មិនត្រឹមត្រូវទេ តាមច្បាប់ទេ»។ លោកបាននិយាយថា៖ «នេះ ជាកំហុសរបស់តុលាការ ឬបញ្ជាក់ពីភាពមិនឯករាជ្យរបស់តុលាការ ដែលបានបន្តនីតិវិធី ដោយមិនបានសាកសួរជនជាប់ចោទ»។
ចាន់ដារ៉ាវុទ្ធ បានបន្ថែមថា៖ «ខ្ញុំជាអ្នកគោរពច្បាប់។ ខ្ញុំមិនចូលរួមសវនាការខុសច្បាប់ទេ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ដែលឃ្លាំមើលដំណើរការជំនុំជម្រះបានមានប្រសាសន៍ថា តុលាការគួរតែខិតខំប្រឹងប្រែងធានាថា ជនជាប់ចោទមានវត្តមាន អំឡុងពេលសវនាការ និងធានាដល់សិទ្ធិរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
លោកមានប្រសាសន៍ថា៖ «វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្តែប្រសិនបើយើងមើលទៅលើទស្សនៈស្តីពីសិទ្ធិមនុស្ស ហើយថា ដំណើរការដ៏យុត្តិធម៌ និងតម្លាភាព [មានសារៈសំខាន់] ក្នុងសវនាការ [ដូច្នេះ] គួរតែមានការចូលរួមពីគ្រប់ភាគី ជាពិសេសជនជាប់ចោទ ដើម្បីឱ្យពួកគេអាចជជែកដេញដោលគ្នា ដើម្បីស្វែងរកយុត្តិធម៌ និងធានាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់»។
លោកបានបន្ថែមថា ប្រសិនបើជនជាប់ចោទមានវត្តមាននៅក្នុងតុលាការ ពួកគេមានសិទ្ធិការពារខ្លួននឹងការចោទប្រកាន់ ខណៈដែលមេធាវីរបស់ពួកគេអាចសាកសួរពួកគេ ដើម្បីឱ្យពួកគេអាចឆ្លើយដោះបន្ទុក។
លុះដល់ពេលរសៀលថ្ងៃដដែល មន្ត្រីនគរបាលបានឡើងបង្ហាញភស្តុតាងនៅក្នុងអង្គសវនាការពាក់ព័ន្ធនឹងនីតិវិធី ដែលឈានដល់ការចាប់ខ្លួនជនជាប់ចោទ។ ឆ្លើយនឹងសំណួររបស់លោកព្រះរាជអាជ្ញារង សេង ហៀង ពាក់ព័ន្ធនឹងការសន្ទនាតាមប្រព័ន្ធផ្ញើសារ Signal លោក ជិន វណ្ណៈ មន្ត្រីនគរបាលមកពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បាននិយាយថា៖ «នគរបាលបានរកឃើញថា ក្រុមនេះបានផ្ទេរប្រាក់ដោយសម្ងាត់ ហើយ [ពួកគេ] មានឧបាយកល»។
លោក វណ្ណៈ បាននិយាយថា៖ «ពិតជាមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ និងតួនាទី[នៅក្នុងអង្គការនេះ]»។
កាលពីខែឧសភា ឆ្នាំ២០២១ លោក ហ្គន់សាឡេស ដេវីដសិន និងសកម្មជនបរិស្ថានបួននាក់ផ្សេងទៀត ត្រូវបានរកឃើញពិរុទ្ធភាពពីបទញុះញង់និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២០ខែ ពីបទគ្រោងដើរក្បួនតវ៉ាតែម្នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការចាក់ដីលុបបឹងក្នុងរាជធានីភ្នំពេញ។
អង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញកាលពីឆ្នាំ ២០១៧ ប៉ុន្តែនៅតែសកម្មក្នុងប្រទេសកម្ពុជា។
សវនាការនឹងបន្តនៅថ្ងៃទី១១ ខែមិថុនា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mother Nature Activists Boycott Second Hearing As Local Authorities Block Supporters From Entering Courtroom