សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនបរិស្ថានផ្សាយផ្ទាល់ផតឃែស្ថ មុនពេលសវនាការមកដល់ និងជំរុញឱ្យតុលាការកោះហៅស្ថាបនិករបស់ខ្លួនចូលរួមកាត់ក្តី

សកម្មជនបរិស្ថានទាំង៥នាក់បានផ្សាយបន្តផ្ទាល់ផតឃែស្ថ នៅខាងក្រៅរបាំងដែលរៀបចំឡើងដោយអាជ្ញាធរដើម្បីរារាំងអ្នកគាំទ្រមិនឱ្យចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញមុនសវនាការរបស់ពួកគេមកដល់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សកម្មជនបរិស្ថានទាំង៥នាក់បានផ្សាយបន្តផ្ទាល់ផតឃែស្ថ នៅខាងក្រៅរបាំងដែលរៀបចំឡើងដោយអាជ្ញាធរដើម្បីរារាំងអ្នកគាំទ្រមិនឱ្យចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញមុនសវនាការរបស់ពួកគេមកដល់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សកម្មជនបរិស្ថានចំនួន៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាលនោះ បានផ្សាយផ្ទាល់ផតឃែស្ថ (podcast) នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ពួកគេ រយៈពេល៣០នាទី មុនពេលចូលសវនាការលើកទី៣ ដើម្បីបង្ហាញពីភាពគ្មានទោសកំហុសរបស់ពួកគេ។

ពួកគេក៏បានទាមទារឱ្យតុលាការកោះហៅ លោក អាឡិចហ្សង់​ដ្រូ ហ្គន់សាឡេស (Alejandro Gonzalez-Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិ ចូលរួមសវនាការដែរ ដោយលើកឡើងថា មូលដ្ឋាននៃការចោទប្រកាន់របស់ពួកគេត្រូវបានយកចេញពីការអត្ថាធិប្បាយរបស់គាត់ជាមួយវិទ្យុបរទេសមួយនៅឯក្រៅប្រទេស ហើយគាត់ត្រូវបានចោទប្រកាន់ថាប្រើពាក្យសំដីវាយប្រហារមកលើរដ្ឋាភិបាល។

ជនជាប់ចោទទាំងនោះ បានធ្វើពហិកាចូលរួមសវនាការលើកទី២កាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធរបានរារាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រមួយចំនួនមិនឲ្យចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា ឡុង គន្ធា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «យើង​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​សវនាការ​ក្នុង​សប្តាហ៍​នេះ ព្រោះ​បើ​យើង​មិន​ព្រម​ចូល[​បន្ទប់​សវនាការ]​ទេ គេ​នឹង​យកលេសថា​យើង​បាន​បោះបង់​សិទ្ធិ​របស់​យើងនៅក្នុងការការពារភាពស្អាតស្អំរបស់យើង» កញ្ញាបាន​និយាយ​ថា៖ «យើង​បាន​ចូល​រួម​ការ​ជំនុំ​ជម្រះ​ដើម្បី​ប្រើប្រាស់សិទ្ធិការពារ​ភាពស្អាតស្អំ​របស់​យើង ហើយ​យើង​មិន​មែន​ជា​ជន​ក្បត់​ដូច​ដែល​គេ​ចោទ​យើង​នោះ​ទេ»

ក្រុមជនជាប់ចោទបាននិយាយ តាមរយៈការផ្សាយបន្តផ្ទាល់ផតឃែស្ថនេះ គឺមានគោលបំណងបង្ហាញឱ្យសាធារណជនបានដឹង និងសម្រេចចិត្តថាតើពួកគេពិតជាជនក្បត់មែនឬទេ ពីព្រោះមនុស្សជាច្រើនមិនដឹងពីអ្វីដែលបាននិយាយនៅក្នុងសវនាការនោះទេ។ ខណៈរយៈពេល៨ម៉ោងបន្ទាប់ពីការផ្សាយបន្តផ្ទាល់ផតឃែស្ថរបស់ពួកគេ បានទាក់ទាញអ្នកចូលរួមទស្សនារហូតដល់ ៤៣ ៤០០ នាក់​។

ក្នុងអំឡុងកម្មវិធីផ្សាយបន្តផ្ទាល់នោះ លោក ថុន រដ្ឋា បាននិយាយថា ប្រសិនបើចលនាមាតាធម្មជាតិ ផ្តល់ប្រាក់១០ម៉ឺនដុល្លារដល់រូបលោក ដើម្បីធ្វើរឿងខុសច្បាប់ ឬផ្តួលរំលំរដ្ឋាភិបាល គាត់នឹងមិនធ្វើការឱ្យក្រុមនេះទេ។ ការងាររបស់គាត់ជាមួយក្រុមនេះគឺទាក់ទងនឹងបញ្ហាបរិស្ថានក្នុងប្រទេស។ ដោយ​សារ​សកម្មភាព​របស់​គាត់​មិន​ខុស​ច្បាប់ គាត់​មិនមានការ​បារម្ភ​ទេ។

លោក​បាន​បន្ត​ថា​៖ «[​ការងារ​របស់​យើង]​មិន​ខុស​ច្បាប់​ទេ គ្មាន​​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ យើង​រីករាយ​នឹង​ធ្វើ​ការងារ​នេះ ព្រោះ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ»

ដោយឡែក កញ្ញា ឡុង គន្ធា សកម្មជនមាតាធម្មជាតិម្នាក់ទៀត បាននិយាយនៅក្នុងផតឃែស្ថថា៖ «យើងត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ប៉ុន្តែសកម្មភាពរបស់យើងមិនត្រូវបានលាក់បាំងទេ។ យើងបានផ្សព្វផ្សាយវាជាសាធារណៈនៅលើហ្វេសប៊ុក ។ នៅពេលដែលយើងធ្វើអ្វីមួយទាក់ទងនឹងធនធានធម្មជាតិ យើងតែងតែធ្វើនៅទីសាធារណៈ។ យើងមិនដែលធ្វើវាដោយស្ងៀមស្ងាត់នៅក្នុងបន្ទប់ដូចតុលាការចង់សាកសួរយើងស្ងាត់ៗនោះទេ»។

ចំណែកជនជាប់ចោទម្នាក់ទៀត គឺលោក យឹម លាងហ៊ី បានលើកឡើងថា នៅពេលដែលសកម្មជនមាតាធម្មជាតិបានរកឃើញដំណោះស្រាយ រដ្ឋាភិបាលទេដែលជាអ្នកទទួលបានផលប្រយោជន៍ ប៉ុន្តែរដ្ឋាភិបាល «មិនដែលចាត់ទុកពួកគេថាជាចលនាល្អទេ»។

លោកបាននិយាយថា៖ «ចលនារបស់មាតាធម្មជាតិ គឺជាដៃគូដ៏ល្អ ប៉ុន្តែរដ្ឋាភិបាលតែងតែបំភ្លៃ [ការងារ] និងមើលក្នុងរូបភាពអាក្រក់ទៅវិញ»។ ហើយលោកបន្ថែមថា៖ «ក្រុមមាតាធម្មជាតិព្យាយាមយកបញ្ហាមកឱ្យរដ្ឋាភិបាលដោះស្រាយ ដើម្បីកេរ្តិ៍របស់រដ្ឋាភិបាល»។

លោក លាងហ៊ី បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ «ព្រោះ​ការងារធនធាន​ធម្មជាតិគឺ​ធ្វើ​ដើម្បី​រដ្ឋាភិបាល និង​ប្រជាជន»។

សកម្មជនបរិស្ថានទាំង៥នាក់បានផ្សាយបន្តផ្ទាល់ផតឃែស្ថ នៅខាងក្រៅរបាំងដែលរៀបចំឡើងដោយអាជ្ញាធរដើម្បីរារាំងអ្នកគាំទ្រមិនឱ្យចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញមុនសវនាការរបស់ពួកគេមកដល់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ក្នុងសំលៀកបំពាក់ពណ៌ស ជនជាប់ចោទ ភួង កែវរស្មី បានបដិសេធការចោទប្រកាន់នេះ ហើយបានជំរុញឱ្យតុលាការកោះហៅ លោក ហ្សង់​ដ្រូ ហ្គន់សាឡេស ឬគេស្គាល់ថាជា អាឡិច ព្រោះការចោទប្រកាន់របស់ពួកគេផ្អែកលើការលើកឡើងរបស់គាត់។

កញ្ញា កែវរស្មី បាននិយាយថា៖ «ខ្ញុំមិនមានពេលស្តាប់អ្វីដែល អាឡិច និយាយនោះទេ។ ការចោទប្រកាន់នេះគឺផ្អែកលើការអត្ថាធិប្បាយរបស់ អាឡិច [ជាមួយប្រព័ន្ធផ្សព្វផ្សាយ] ។ ខ្ញុំ​មិន​ពាក់ព័ន្ធ​ទេ»

កញ្ញាបានប្រាប់តុលាការថា នាងត្រូវបានឃុំខ្លួនរយៈពេល ១៤ខែពីបទញុះញង់ខណៈពេលដែលការអត្ថាធិប្បាយរបស់ លោក ហ្សង់​ដ្រូ ហ្គន់សាឡេស ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២១ ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ អ៊ុករ៉េត គន្ធា បានឆ្លើយតបទៅកាន់ កញ្ញា កែវរស្មី ថា តុលាការបានចេញដីកាចាប់ខ្លួនគាត់ហើយ។  លោកស្រី មានប្រសាសន៍ថា៖ «​[ប្រសិន]​បើ​គាត់​ចូលមក​​​ គេ​នឹង​ចាប់​ខ្លួន​គាត់​ដើម្បី​កាត់​ទោស​»

លោក ហ្សង់​ដ្រូ ហ្គន់សាឡេស ត្រូវបានរាជរដ្ឋាភិបាលបណ្តេញចេញនៅឆ្នាំ ២០១៥ ហើយត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាសម្រាប់សកម្មភាពរបស់គាត់។ គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធរួមជាមួយសកម្មជន៤នាក់ផ្សេងទៀតដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ២០ខែ​ពីបទញុះញង់ក្នុងឆ្នាំ ២០២១។

កាលពីថ្ងៃអង្គារ លោក ហ្សង់​ដ្រូ ហ្គន់សាឡេស បានប្រាប់ ខេមបូចា តាមរយៈ Signal ថា រដ្ឋាភិបាលបានបដិសេធការស្នើសុំទិដ្ឋាការរបស់គាត់មកប្រទេសកម្ពុជា ដោយបន្ថែមថាគាត់ត្រូវបាន «ចុះក្នុងបញ្ជីខ្មៅ»។

លោកមានប្រសាសន៍ថា៖ «ដូច្នេះហើយ ខ្ញុំមិនអាចចូលប្រទេសកម្ពុជាបានទេ ដើម្បីអនុញ្ញាតឱ្យចូលរួមការកាត់ក្តីដូចការសម្តែងសៀកនេះ នៅកន្លែងដែលគ្មានបទល្មើស គ្មានសាក្សី គ្មានភស្តុតាង និងជនរងគ្រោះ ក្រៅពីសកម្មជនវ័យក្មេង ដែលបានចំណាយពេលច្រើននៅក្នុងពន្ធនាគារ ហើយកំពុងប្រថុយនឹងសេរីភាពរបស់ពួកគេម្តងទៀត ដើម្បីកែលម្អសង្គម»។

លោក ហ្សង់​ដ្រូ ហ្គន់សាឡេស បានបញ្ជាក់់ថា៖ «បញ្ហាគឺថាតុលាការកំពុងសម្តែងរបាំដ៏គួរឱ្យអាណិតទៅនឹងបទភ្លេងរបស់អ្នកនយោបាយដែលជាអ្នកគ្រប់គ្រង ដូច្នេះយើងមិនអាចរំពឹងថាពួកគេផ្តល់យុត្តិធម៌តាមមធ្យោបាយណាមួយឡើយ»។

ព្រះរាជអាជ្ញារង សេង ហៀង បានសួរចម្លើយជនជាប់ចោទទាក់ទងនឹងការទទួលបានមូលនិធិពីបរទេស រចនាសម្ព័ន្ធអង្គការ ខ្លឹមសារនៃកិច្ចប្រជុំតាមរយៈហ្សុម(Zoom) និងគម្រោងផលិតវីដេអូទាក់ទងនឹងបញ្ហាបរិស្ថាន។

ជនជាប់ចោទ លី ចាន់ដារ៉ា​វុធ បានលើកឡើងថា៖ «ចលនាមាតាធម្មជាតិ មិនមានរចនាសម្ព័ន្ធដឹកនាំទេ។ ថវិកា គឺ​បាន​មក​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស»

លោក ចាន់ដារ៉ាវុធ បានប្រាប់តុលាការថា លោកបានចូលរួមជាមួយអង្គការនេះ ដើម្បីការពារធនធានធម្មជាតិ ដូចជាបឹង ទន្លេ និងកោះនានា ដើម្បី «លាតត្រដាងអំពើពុករលួយ» ដែលប្រព្រឹត្តដោយមន្ត្រី និងឧកញ៉ាមួយចំនួន។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា សកម្មជនបរិស្ថានគួរតែត្រូវបានលើកទឹកចិត្តជាជាងការចោទប្រកាន់ពួកគេ ព្រោះសកម្មភាពរបស់ពួកគេបានបម្រើផលប្រយោជន៍សង្គម។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​បាន​មើល​ឃើញ​ថា​ការ​ចោទ​ប្រកាន់​មាន​ទំហំ​ធំ​ដែល​វា​ប៉ះ​ពាល់​ដល់​ឯករាជភាព​របស់​តុលាការ ព្រោះ​ពួកគេ​គ្រាន់​តែ​ជា​យុវជន​ដើរផ្សព្វផ្សាយ​ពត៌មាន​អំពី​បរិស្ថាន ប៉ុន្តែ​ពួកគេត្រូវ​បាន​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ»។

លោក សុខសាន្ត បាន​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សាធារណជន និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​ផ្តេសផ្តាស»។

នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ ជាកាលបរិច្ឆេទសវនាការបន្ទាប់ ខណៈតុលាការត្រូវបានគេរំពឹងថានឹងបង្ហាញវីដេអូឃ្លីបដែលមានរយៈពេល ៦ម៉ោងជាភស្តុតាងប្រឆាំងនឹងក្រុមជនជាប់ចោទដែលតាមចោទថាបានប្រព្រឹត្តបទល្មើស ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១៕

(រាយការណ៍បន្ថែមដោយ៖ លី រូស្សឡែន)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mother Nature Activists Produce Live Podcast Before Hearing, Urge Court to Summon Founder to Trial

424 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម