ម្នាក់ក្នុងចំណោមសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ទទូចសុំឱ្យខែកក្កដាជាខែនៃសន្តិភាព ជាជាងខែនៃភាពសោកសៅ ដោយកញ្ញាលើកឡើងអំពីឃាតកម្មចំពោះវីរបុរសរបស់កញ្ញា គឺ បណ្ឌិត កែម ឡី ជាអ្នកអត្ថាធិប្បាយនយោបាយ ដែលត្រូវបានឃាតកបាញ់ប្រហារកាលពីថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងស្តារម៉ាត កាល់តិច នាស្តុបបូកគោ ។
ការទទូចសុំរបស់ កញ្ញា ភួន កែវរស្មី គឺកៀកពេលដែលសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញានិងគូកនរបស់កញ្ញាបួននាក់ទៀត កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ ក្រោមបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ។
កញ្ញា ភួន កែវរស្មី ក៏បានបញ្ជាក់ផងដែរនូវគោលជំហរនិងគោលបំណងថា រាល់សកម្មភាព និងការតស៊ូរបស់កញ្ញា គឺដើម្បីតែការគង់វង្សនូវធនធានធម្មជាតិ ដែលជាសម្បត្តិសាធារណណៈរបស់ជាតិ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមនុស្សជាតិទូទៅប៉ុណ្ណោះ ៕