ឃាតកសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គាវើលដ៍១ កាលពីឆ្នាំ២០២៣ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅសង្កាត់សំពៅពួន ក្រុងសំពៅពួន ខេត្តកណ្ដាល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ យោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានផ្សាយលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ថា សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសឈ្មោះ សេង ពៅ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពួន ក្រុងសំពៅពួន ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែសីហា យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មានអំពើឃាតកម្មមួយដោយអារក និងចាក់សម្លាប់ជាច្រើនកាំបិតលើស្ត្រីម្នាក់ឈ្មោះ ហ្គិច រហូតដល់ស្លាប់ ក្នុងបន្ទប់ទឹក នៅជាន់ទី១ នៃកាស៊ីណូ ណាហ្គាវើលទី១៕









