កូនប្រុសរបស់ប្រធាននាយកប្រតិបត្តិ ដែលជាមហាសេដ្ឋីណាហ្គាខប (NagaCorp’s ) ត្រូវបានសហជីពចោទប្រកាន់ថា បានធ្វើសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយបានឆក់យកទូរសព្ទរបស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ម្នាក់ដែលជាកូដករគប់ទៅនឹងដី ដែលក្នុងវីដេអូនោះក៏បង្ហាញថាបុរសនោះបានគប់កោណចរាចរណ៍លើអ្នកតវ៉ាដែលជាសមាជិកសហជីពផងដែរ។
លោក Chen Yiy Hwuan ដែលជាកូនប្រុសរបស់ស្ថាបនិកណាហ្គាខបនិងជានាយកប្រតិបត្តិជាន់ខ្ពស់លោក Chen Lip Keong បានចាប់និងឆក់ទូរសព្ទរបស់កម្មករដែលធ្វើកូដកម្មនៅណាហ្គាវើលដ៍ឈ្មោះ ឡិច ជូឡាយ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅខាងក្រៅច្រកចូលកាស៊ីណូនារាជធានីភ្នំពេញ។ នេះបើយោងតាមវីដេអូដែលបង្ហោះ និងការអះអាងពីអតីតបុគ្គលិកនិងបុគ្គលរបស់ណាហ្គាវើលដ៍ រួមទាំងកញ្ញា ឈឹម ស៊ីថរ ដែលប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ផងដែរ។
លោក ជូឡាយ កំពុងប្រើទូរសព្ទរបស់គាត់ដើម្បីថតវីដេអូសមាជិកសហជីពដែលកំពុងអង្គុយនៅតាមផ្លូវដោយរារាំងឡានពណ៌ខ្មៅមិនឱ្យចេញពីកាស៊ីណូនៅពេលនោះបុរសម្នាក់ដើរមករកលោកហើយបានឆក់យកទូរសព្ទរបស់លោក។ នេះបើយោងតាមវីដេអូដែលបង្ហោះនៅលើហ្វេសប៊ុក ដោយសមាជិក LRSU ម្នាក់ទៀត។ ក្នុងវីដេអូទីពីរដែលបង្ហោះលើហ្វេសប៊ុកដដែលនោះ បុរសដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមសហជីពថាជាលោក Yiy Hwuan បានគប់ទូរសព្ទរបស់កូដករទៅចិញ្ចើមផ្លូវ។
លោក ជូឡាយ ដែលបម្រើការជាអ្នកគិតលុយនៅណាហ្គាវើលដ៍ជាកាស៊ីណូដែលមានអាជ្ញាបណ្ណតែមួយគត់នៅភ្នំពេញរយៈពេល ៥ បាននិយាយថា៖ «អេក្រង់ខាងមុខរងការខូចខាត។ គាត់[កូនថៅកែ]គ្មានសិទ្ធិបោកទូរសព្ទខ្ញុំទេ»។ លោកបានប្រាប់ថាលោកបានទិញទូរសព្ទ Samsung Galaxy S10 នោះ ក្នុងតម្លៃ៦០០ដុល្លារ។
ក្រោយពីឆក់ទូរសព្ទយកទៅបោក បុរសត្រូវបានគេស្គាល់ថាឈ្មោះ Yiy Hwuan នោះ ក៏ត្រូវបានគេឃើញនៅក្នុងវីដេអូគប់កោណចរាចរណ៍ពណ៌ទឹកក្រូចដាក់កូដករផងដែរ មុនពេលសន្តិសុខនាំគាត់ចេញទៅ។
តាមរយៈវីដេអូដដែល លោក ជូឡាយ រើសទូរសព្ទមកវិញ ហើយបន្តថតវីដេអូទៀត ហើយថែមទាំងយកទូរស័ព្ទនោះទៅថតបុរសដែលបោកទូរសព្ទរបស់លោកនោះថែមទៀត។ បន្ទាប់មក បុរសនោះបានចូលទៅក្នុងរថយន្ត ហើយចាកចេញពីកន្លែងកើតហេតុ បន្ទាប់ពីសន្តិសុខបានបង្ខំលើកនិងសែងបាតុករជាច្រើននាក់ចេញពីនោះ។
លោក Yiy Hwuan ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃសណ្ឋាគារណាហ្គាខបកាលពីថ្ងៃទី៥ខែមេសា នេះបើយោងតាមឯកសាររបស់ផ្សារហ៊ុនហុងកុង។ បងប្អូនប្រុសពីរនាក់ទៀតរបស់ Yiy Hwuan គឺ Chen Yiy Fon និង Chen Cherchi ក៏ត្រូវបានតែងតាំងជានាយកប្រតិបត្តិណាហ្គាខបផងដែរ ពោលគឺនាយកប្រតិបត្តិ និងនាយកប្រតិបត្តិហិរញ្ញវត្ថុ និងរតនាគារ។ ខណៈលោក Lip Keong ផ្លាស់ទៅកាន់តួនាទីជាប្រធាននាយកប្រតិបត្តិ។
ឯកសារដដែលឱ្យដឹងទៀតថា៖ «ពួកគេទាំងបួននាក់នឹងធ្វើការរួមគ្នាជាក្រុមដើម្បីដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុន ដើម្បីនាំក្រុមហ៊ុនទៅកាន់ភាពជោគជ័យមួយកម្រិតទៀត» ។
កូនប្រុសទីបួនរបស់ Lip Keong ឈ្មោះ Chen Yepern មានតួនាទីជានាយកគ្រប់គ្រងក្នុងជួរនាយកប្រតិបត្តិនិងជានាយកផ្នែកសកម្មភាពបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ណាហ្គាខប។
លោក Yiy Hwuan អាយុ ៤២ ឆ្នាំក៏ត្រូវបានបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាខបគឺ NagaFarm Limited ដែលជាក្រុមហ៊ុនកសិកម្ម។ ឯកសារនោះបាននិយាយថាលោក Yiy Hwuan បានទទួលប្រាក់ខែគោលចំនួន១៧៦ ០០០ដុល្លារនៅក្នុងឆ្នាំ២០២១។
លោក Lip Keong វ័យ៧៤ឆ្នាំបានបង្កើតមូលនិធិគ្រួសារមួយសម្រាប់កូនប្រុសទាំងប្រាំនាក់របស់ខ្លួនសម្រាប់ «គោលបំណងផែនការស្នងតំណែង» នេះបើយោងតាមឯកសារផ្សារហ៊ុនហុងកុងមួយផ្សេងទៀតដែលចេញកាលពីខែកក្កដា។ ប្រធានណាហ្គាខបបានផ្ទេរភាគហ៊ុនជិត៧០ភាគរយនៃភាគហ៊ុនណាហ្គាខបទៅឱ្យមូលនិធិ ដែលការណ៍នេះធ្វើឱ្យ Lip Keong និងកូនប្រុសរបស់គាត់ក្លាយជាអ្នកគ្រប់គ្រងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានលើកឡើងស្រដៀងនឹងលោក ជូឡាយដែរថា៖ «កូនប្រុសរបស់ថៅកែខ្ញុំគឺជាអ្នកបំផ្លាញទូរសព្ទរបស់កូដករ»។ កញ្ញាថាខ្លួនបានស្គាល់ Yiy Hwuan ពីការធ្វើការនៅកាស៊ីណូអស់ជាច្រើនឆ្នាំ។
ស៊ីថរ បាននិយាយថា៖ «យើងក៏បានចូលរួមក្នុងពិធីខួបកំណើតរបស់ថៅកែយើង ដែលកាលហ្នឹងគាត់បានណែនាំកូនៗរបស់គាត់ឱ្យបុគ្គលិកស្គាល់ដែរ»។
សមាជិកសហជីព LRSU ពីរនាក់ទៀតបាននិយាយថា Yiy Hwuan គឺជាបុរសដែលត្រូវបានគេឃើញគប់ទូរសព្ទ និងកោណចរាចរណ៍នៅក្នុងវីដេអូ។ ពួកគេបានរំឮកថាធ្លាប់បានឃើញ និងទាក់ទងជាមួយ Yiy Hwuan ក្នុងរយៈពេលជាច្រើនឆ្នាំដែលពួកគេធ្វើការនៅក្នុងកាស៊ីណូណាហ្គាវើលដ៍។
អ្នកស្រី ម៉ម សុវឌ្ឍិន បានប្រាប់ថា៖ «ភាគច្រើន ខ្ញុំឃើញគាត់មកផឹកកាហ្វេ និងមើលបុគ្គលិកដែលកំពុងធ្វើការ។ ខ្ញុំប្រាកដថាគាត់ជាកូនប្រុសច្បងរបស់ថៅកែយើង»។
ក្រោយមកសុវឌ្ឍិន បានបង្ហោះវីដេអូនៃឧបទ្ទវហេតុនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលវីដេអូមួយទទួលបានការចូលមើលជាង ២១៨,០០០ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។
NagaCorp មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។ បុគ្គលម្នាក់ដែលបានលើកទូរសព្ទសម្រាប់លេខទំនាក់ទំនងមួយដែលដាក់ថាជាអ្នកនាំពាក្យណាហ្គាខប បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃពុធ។ នៅពេលសួរអំពី Yiy Hwuan អ្នកលើកទូរសព្ទបាននិយាយថា៖ «គាត់នៅក្រៅទីក្រុង»។
នៅពេលដែលអ្នកយកព័ត៌មានបានទាក់ទងទៅលេខទូរស័ព្ទដែលមានឈ្មោះ Chen Yiy Hwuan ប្រធានក្រុមហ៊ុន Tikto Asia Co. Ltd. នៅក្នុងការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បុរសម្នាក់បានឆ្លើយ និងទទួលស្គាល់ថាលេខនេះជារបស់ក្រុមហ៊ុនTikto ប៉ុន្តែបដិសេធមិនបង្ហាញអត្តសញ្ញាណខ្លួនឯងទេ។
នៅពេលសួរថាតើបុរសនៅក្នុងវីដេអូដែលគប់ទូរសព្ទនោះគឺជា Yiy Hwuan ដែរឬទេ គាត់បាននិយាយថា ៖«យើងមិនអាចបញ្ជាក់ ឬបដិសេធបានទេ» ហើយក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
យោងតាមក្រមសីលធម៌របស់ណាហ្គាខបនិយាយថា៖ «ការគ្រប់គ្រងត្រូវតែធ្វើជាគំរូមួយទាក់ទងនឹងទំនួលខុសត្រូវ និងភាពស្មោះត្រង់របស់បុគ្គលម្នាក់ៗ ពីព្រោះថាទីបំផុតសកម្មភាពរបស់យើងគឺសំខាន់ជាងពាក្យសម្ដី» នេះបើតាមអ្វីដែលបង្ហោះលើគេហទំព័ររបស់ក្រុមហ៊ុន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា បុគ្គលិកកាស៊ីណូដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុអាចដាក់ពាក្យបណ្តឹងទៅនគរបាលបាន។
លោកបានថ្លែងថា៖ «ប្រសិនបើទូរសព្ទខូច ហើយពួកគាត់មានភស្តុតាងគួរឱ្យជឿនោះពួកគាត់អាចប្តឹងបាន វាជាសិទ្ធិរបស់ពួកគាត់»។
លោក ជូឡាយ បុគ្គលិកកាស៊ីណូដែលទូរសព្ទរបស់លោករងការខូចខាតបាននិយាយថាលោកកំពុងពិចារណាលើប្តឹងចោទប្រកាន់លើ Yiy Hwuan ប៉ុន្តែលោកបានលើកឡើងថា៖ «យើងនឹងពិភាក្សាជាមួយសហជីពរបស់យើងជាមុនសិន»។
ប្រធាន LRSU កញ្ញា ស៊ីថរ បាននិយាយថា សហជីពកំពុងពិចារណា ថាតើត្រូវចាត់វិធានការផ្លូវច្បាប់លើលោក ជូឡាយ ដែរឬទេ។
កញ្ញាបានបន្តថា៖ «អ្វីដែលយើងឃើញ នេះជាអំពើស្អប់ខ្ពើមចំពោះកម្មករក្នុងស្រុក ជាពិសេសនៅពេលដែលកូដករកំពុងធ្វើកូដកម្មដើម្បីការពារសិទ្ធិការងាររបស់ពួកគេនៅកន្លែងធ្វើការ»។
LRSU បានដឹកនាំបុគ្គលិកកាស៊ីណូណាហ្គាវើលដ៏ធ្វើកូដកម្មចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមានការបញ្ឈប់បុគ្គលិកយ៉ាងច្រើន ដែលពួកគេនិយាយថាភាគច្រើនជាមេដឹកនាំសហជីព និងមិនបានផ្តល់សំណងដល់កម្មករឱ្យបានត្រឹមត្រូវ។
កាលពីសប្តាហ៍មុន សហជីព និងអង្គការសង្គមស៊ីវិលចំនួន ១៧ បានអំពាវនាវឲ្យក្រុមហ៊ុនទទួលកម្មករដែលត្រូវបានគេបញ្ឈប់ពីការងារឡើងវិញ ប្រាក់បំណាច់អតីតភាពការងារ និងអនុវត្តទៅតាមច្បាប់ការងារ។
សមាជិកសហជីព សុវឌ្ឍិន បាននិយាយថាអ្នកស្រីសង្ឃឹមថាវីដេអូទាំងនោះនឹងជួយជំរុញឱ្យមានចំណាត់ការ។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ប្រមុខរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ [លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន] នឹងមិនអនុញ្ញាតឱ្យណាហ្គាវើលដ៍ បំពានច្បាប់ប្រទេសយើងឡើយ ព្រោះយើងឃើញចរិតកូនប្រុសថៅកែរបស់យើង ដែលមើលងាយកម្មករខ្មែរ។ ប្រសិនបើ [លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន] មិនធ្វើអន្តរាគមន៍ទេ វាជារឿងដ៏សោកសៅបំផុត»។
អ្នកស្រីបានបន្ថែមថា៖ «យើងគ្រាន់តែស្វែងរកយុត្តិធម៌ និងចង់ចូលទៅធ្វើការវិញប៉ុណ្ណោះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NagaCorp Chief CEO’s Son Smashes Casino Striker’s Phone, Union Says