សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឱ្យដោះលែងមេដឹកនាំ និងតំណាងសហជីព៨នាក់មុននឹងបន្តការចរចា

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ ប្រមូលផ្ដុំគ្នាធ្វើសន្និសីទសារព័ត៌មាន នៅមុខក្រសួងការងារ ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ ប្រមូលផ្ដុំគ្នាធ្វើសន្និសីទសារព័ត៌មាន នៅមុខក្រសួងការងារ ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា២០នាក់កាលពីថ្ងៃចន្ទនេះ​ បានទៅទាមទារ​ឱ្យក្រសួងការងារជួយ​អន្តរាគមន៍ឱ្យមានការដោះលែងមេដឹកនាំ និងតំណាងសហជីព​ទាំង៨នាក់ជាមុនសិន ទើបបន្តចរចាររកដំណោះស្រាយលើវិវាទការងារ​មួយនេះ។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ ក្រុមបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍បានមកប្រមូល​ផ្ដុំដើម្បីធ្វើសន្និសិទ្ធ សារព័ត៌មាធ្វើការបកស្រាយ និងឆ្លើយបំភ្លឺចំពោះលិខិតអញ្ជើញរបស់​ក្រសួងការងារ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២២  និងការបង្ហាញ​ជំហររបស់ពួកគេ ដើម្បីការ​ទាមទារឱ្យមាន​ដំណោះ​ស្រាយទៅលើវិវាទការងាររួមមួយនេះ និងការប្រកាន់ជំហរ​ទាមទារ​មានការដោះលែងមេដឹកនាំ និងសមាជិកសហជីពទាំង៨នាក់​ដោយគ្មានលក្ខខណ្ឌ។

អ្នកស្រី វណ្ណ រីណា ជាបុគ្គលិករបស់ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែលបានបម្រើការងារ​អស់រយៈពេល១៥ឆ្នាំមកហើយ បានថ្លែងថា ក្រុមខ្លួន​នឹង​ចូលតុចរចា​តាមការ​ប្រកាស​របស់ក្រសួងការងារ លុះត្រាណាតែមានការដោះលែងថ្នាក់ដឹកនាំសហជីព និងប្រតិភូចរចា​ចំនួន៨នាក់ ដែលតុលាការបានចោទ និងកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។

អ្នកស្រី រីណា បានថ្លែងនៅមុខក្រសួងការងារយ៉ាងដូច្នេះថា៖ «តាមពិតពួកខ្ញុំមិនត្រឹមតែ​ទាមទារសំណងទេ គឺពួកខ្ញុំត្រូវការឱ្យក្រសួង និងក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមកដោះ​ស្រាយវិវាទរួម៩ចំណុច និងដោះលែងតំណាងទាំង៨រូបរបស់ខ្ញុំ ដើម្បីឱ្យពួកគាត់ចូលតុចរចា​ ព្រោះពួកខ្ញុំបានផ្ទេរសិទ្ធិរួចរាល់ទៅតំណាង៨នាក់រួចរាល់ហើយ»។

អ្នកស្រីបញ្ជាក់ទៀតថា ប្រសិនបើមិនមានការដោះលែងតំណាងទាំង៨រូបរបស់ខ្លួនទេ ពួកគេ​នៅតែបន្តធ្វើកូដកម្មដោយអហិង្សា និងមិនព្រមចូលចរចាតាមការស្នើ​របស់ក្រសួង​ការងារ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំបានបោះឆ្នោតផ្ទេរសិទ្ធិទៅឱ្យតំណាងពួកខ្ញុំអស់ហើយ ដាច់ខាត​ក្រុមហ៊ុនណាហ្គាត្រូវតែដោះលែងតំណាងរបស់ពួកខ្ញុំទាំង៨រូប ដើម្បីចូលតុចរចា ដោយផ្អែក​លើច្បាប់មិនលំអៀងខាងណាម្នាក់ឡើយ»។

ចំណែកកញ្ញា សៀក បញ្ញា ជាបុគ្គលិកផ្នែកចែកបៀរ បម្រើការងាររយៈពេលជាង១៩ឆ្នាំ ដោយ​មិនមែនជាបុគ្គលិកកាត់ឈ្មោះ បានអះអាងថា រូបខ្លួន និងក្រុមបុគ្គលិកដទៃទៀត មិនមាន​ការព្រួយភ័យចំពោះការធ្វើកូដកម្មដោយអហិង្សារបស់ក្រុមខ្លួនឡើយ ដោយសារ​តែជា​កូដកម្មធ្វើឡើងដោយសន្តិវិធី​ និងស្របតាមផ្លូវច្បាប់រយៈពេល៨ខែជាងមកហើយ។

កញ្ញា បញ្ញា បានឱ្យដឹងថា៖ «ពួកខ្ញុំអត់ខ្លាចចំពោះការចោទរបស់អាជ្ញាធរ​ដែលចោទ​ពួកខ្ញុំ​ថា ធ្វើកូដកម្មខុសច្បាប់ឡើយ ព្រោះពួកខ្ញុំគោរពតាមច្បាប់រយៈពេល៨ខែ ដើរតាមសន្តិវិធី​អស់​ហើយ»។

សម្លេងឆ្លើយតបព្រមគ្នារបស់ក្រុមកម្មករតបនឹងសំណួរអ្នកសារព័ត៌មានថា៖ «កាលពីមិនទាន់​ចាប់តំណាងរបស់ពួកខ្ញុំ ក្រុមហ៊ុនគឺគាត់នៅស្ងៀម គឺបដិសេធច្រានចោលតែម្ដង ហើយឆ្លើយ​ថា មិនព្រមទេៗ គឺគាត់[ក្រុមហ៊ុន] មិនមានសកម្មភាពណាមួយ​ក្នុងការចេញមកដោះស្រាយ​វិវាទការងារនេះទេ »។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ​ត្រូវបាន​រារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង​

ដោយឡែក អ្នកស្រី អ៊ុក សុភ័ក្រមូនីកា ជាបុគ្គលិកមិនទាន់កាត់ឈ្មោះដែរនោះ បានសំដែង​ការហួសចិត្តនឹងក្រសួងការងារ ដែលទើបតែប្រកាសថា ពិតជាបានរកឃើញ​ថាក្រុមហ៊ុន​ណាហ្គាវើលដ៍ ពិតជាបានគុណលុយឱ្យបុគ្គលិកមិនត្រឹមត្រូវពិតមែន ស្របពេលពេល​ដែល​ថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួនទៅហើយ ចុះហេតុម្ដេចកាលពីតំណាងសហជីព​ទៅ​ចរចាជាមួយនិងមិនទាន់ចាប់ខ្លួន ម្ដេចក៏ក្រសួងរកមិនឃើញថាក្រុមហ៊ុនគុណលុយខុស?

អ្នកស្រីថ្លែងថា៖ «ពេលដែលតំណាងទាំង៨រូបរបស់ពួកខ្ញុំទៅចរចា ម្ដេចក៏ក្រសួងមិន​បាន​ចរចាជាមួយគាត់ [តំណាងសហជីព] ថា ពិតជាខុសមែនទៅ? ទាល់តែចាប់តំណាងរបស់​ពួកខ្ញុំទៅអស់ហើយ បានក្រសួងចេញលិខិតអញ្ញើញថាពិតជារក​ឃើញថា ក្រុមហ៊ុន​ណាហ្គាគុណលុយខុសមែន»។

យ៉ាងណាមិញ កញ្ញា សៀក បញ្ញា នៅតែមានសង្ឃឹមលើច្បាប់របស់កម្ពុជា ក្នុងការជួយរកយុត្តិធម៌សម្រាប់បុគ្គលិកទាំងអស់ ដែលរងគ្រោះព្រោះតែបញ្ហាក្រពះ។

កញ្ញា បញ្ញា បន្ថែមថា៖ «ខ្ញុំផ្អែកលើច្បាប់! ព្រោះច្បាប់នៅក្នុងប្រទេសកម្ពុជាយើង បានចែងហើយនៅក្នុងរដ្ឋធម្មនុញ្ញ»។

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបទៀត កញ្ញា មៀច ស្រីអូន បានបញ្ជាក់ថា ក្រុមខ្លួន​មិនចង់បានតំណាងសហជីពថ្មីឡើយ គឺទាមទារឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ និង​ប្រតិភូផ្សេងទៀត  ដើម្បីចរចាបញ្ចប់វិវាទ និងចូលធ្វើការវិញ។

កញ្ញាប្រាប់ទៀតថា៖ «នៅតាមបណ្ដាក្រុមហ៊ុន រោងចក្រសហគ្រាសទាំងអស់គឺ ត្រូវតែមាន​សហជីព បើគ្មានសហជីពទេ គឺរាល់ក្រុមហ៊ុនបរទេស តែងតែរំលោភបំពានសិទ្ធិការងារ គៀបសង្កត់ កេងប្រវ័ញ្ញ មិនឱ្យតម្លៃដល់បុគ្គលិកកម្មករខ្មែរ។ ចឹងហើយបានពួកខ្ញុំត្រូវ​តែទាមទារឱ្យមានសហជីព»។

បើតាមសេចក្ដីថ្លែងការណ៍របស់ ក្រុមបុគ្គលិក កូដករ សមាជិក និងសហជីព នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា ពួកគេមានការសោកស្តាយដែលអ្នកតំណាង​របស់ពួកគេ​មិនអាចចូលរួមកិច្ចប្រជុំរបស់ក្រសួងបាន ដោយសារតែថ្នាក់ដឹកនាំសហជីពទាំងនោះត្រូវបាន​ឃុំខ្លួនជាបណ្តោះអាសន្នតាមការចោទប្រកាន់ដោយតុលាការ។

សេចក្ដីថ្លែងការបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាសូមធ្វើការបញ្ជាក់ជាថ្មីម្តង ទៀតថា យើងទាំងអស់គ្នាបានធ្វើការផ្ទេរសិទ្ធិពួកគាត់រួចអស់ហើយក្នុងការដោះស្រាយបញ្ចប់វិវាទការងាររួមនេះ»។

ក្រៅពីគោលបំណងខាងលើ  ក្រុមកម្មករ ក៏បានដាក់ញ្ញាត្តិជូនក្រសួងការងារផងដែរ តែក្រុម​កម្មករអះអាងថា មានការហាមពីសំណាក់មន្រ្តីស្លៀកពាក់ស៊ីវិល មិនឱ្យកម្មករ​ចូលទៅ​ក្នុង​បរិវេណក្រសួងការងារ។ ចំពោះការលើកឡើងយ៉ាងដូច្នេះ ក៏មានការ​ជជីក​សួររកខុសត្រូវ ពីមន្រ្តី​ក្រសួងការងារផងដែរ ដែលអះអាងថា មិនមានការដេញចេញ ឬហាម​មិនឱ្យចូល​ឡើយ។

តែយ៉ាងណាមិញ ក្រុមកម្មករបញ្ជាក់ថា ក្រុមខ្លួនមានទាំងរូបភាព ពេលដែលមន្រ្តីស្លៀកពាក់​ស៊ីវិលនោះ ហៅសួរ និងមិនឱ្យចូលក្នុងក្រសួងការងារ។​

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ​ត្រូវបាន​រារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក អ៊ូ រតនា អគ្គលេខាធិការរងនៃគណៈកម្មាធិការ​​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ ក៏បានបង្ហាញខ្លួននៅមុខក្រុមកម្មករ ដោយបានលើកឡើងថា រាល់គ្រប់បញ្ហា​អ្វីក៏​ដោយ ទាល់តែចូលតុចរចាជាមួយគ្នាទើបអាចរកដំណោះស្រាយបាន ប្រសិនបើខាងក្រុម​កម្មករនៅម្ខាងមិនមានការដោះស្រាយទេ ហើយមិនមានការហាមមនុស្ស​មិនឱ្យចូល​ក្រសួង​ការងារដែរ។

លោកបន្តថា៖ «កន្លែងក្រសួងការងារ គឺជាកន្លែងទទួលបងប្អូនយើងទាំងអស់គ្នា កន្លែងរក​ដំណោះស្រាយ អត់ដេញ អត់បិទសិទ្ធិសេរីភាពទេ ក្នុងការរកដំណោះស្រាយ»។ លោកបន្ត​ថា៖ «ចឹង ប្អូន[ក្រុមកម្មករ] ចូលក្នុងអត់? ប្អូនចង់បានអី ចង់ទាមទារអី យើងនិយាយគ្នាបាន តែបើម្នាក់នៅក្រៅ ម្នាក់នៅក្នុងអត់អាចដោះស្រាយអីបានទេ។ ហើយមន្រ្តីក្រសួងការងារ គឺអត់ដែលដេញគេទេ»។

គេឃើញមានវត្តមានដ៏ច្រើនពីសំណាក់កងរក្សាសណ្ដាប់ធ្នាប់ខណ្ឌទួលគោក ក្រុមប៉ូលិស ចរាចរណ៍ មន្រ្តីក្រសួងការងារ និងជនស្លៀកពាក់ស៊ីវិលជាច្រើនរូបទៀត ប្រមាណជា៥០នាក់ ដោយអ្នកខ្លះសម្រួលសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ចំណែកមួយភាគផ្សេងទៀត​ឈរ​ប្រប​នឹងឃឿនផ្លូវរង់ចាំមើលសកម្មភាពរបស់ក្រុមបុគ្គលិក និងអ្នកសារព័ត៌មាន ដោយមានការ​ថតរូប និងសកម្មភាពមួយចំនួនផងដែរ។

គួររំលឹកបន្តិចដែរថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កន្លទៅ ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញ តំណាងអតីតបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។

សេចក្ដីប្រកាសរបស់ក្រសួង បញ្ជាក់ទៀតថា យោងតាមច្បាប់ស្តីពីការងារ ចំពោះករណី​បញ្ឈប់ពីការងាររួមគ្នា (មាត្រា៩៥) កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នា នឹងទទួលបាន៖ ១- ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក (មាត្រា១១៦) ចំណុច​ទី២-ប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹង​មុនតាមច្បាប់កំណត់ (មាត្រា៧៥ និងមាត្រា៧៧)  ចំណុចទី៣-ប្រាក់បំណាច់ជួសការឈប់​សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)  និងចំណុចទី៤-ប្រាក់រំលឹក​ប្រាក់​បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារឆ្នាំ ដែលមិនទាន់​បាន​ទូទាត់(មាត្រា៨៩ថ្មី) ។

សេចក្ដីថ្លែងការណ៍ដដែល បន្ថែមថា យោងតាមច្បាប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានតួនាទីក្នុងការសម្របសម្រួលនីតិវិធីដោះស្រាយវិវាទការងារួម ដោយមិនលំអៀងដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ។

សូមជម្រាបជូនថា សេចក្ដីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២  បានឱ្យដឹងថា ជនត្រូវចោទទាំង៩នាក់ ដែលត្រូវបានឃាត់ និងឃុំខ្លួននេះ រួមមាន៖ ១)ឈឹម ស៊ីថរ ២)រី សុវណ្ណឌី ៣)សុន ស្រីពេជ្រ ៤)ហៃ សុភាព ៥)ឃ្លាំង សុបិន្ត ៦)ទូច សិរីមាស ៧) ឈឹម សុខន ៨)សុខ ណារិទ្ធ និងចុងក្រោយ សុខ គង្គា។ ពួកគេត្រូវបានចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

94 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម