សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកណាហ្គាវើលដ៍ជួបបញ្ហាជីវភាពកាន់តែខ្លាំងឡើង កំឡុងពេលធ្វើកូដកម្មជាងមួយខែមកនេះ

អ្នកស្រី គ្រុយ ណាវី បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានខេមបូចា ខណៈអ្នកស្រីចូលរួមធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបភាពនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
អ្នកស្រី គ្រុយ ណាវី បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានខេមបូចា ខណៈអ្នកស្រីចូលរួមធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបភាពនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយអស់ពេលជាច្រើនខែមកហើយ ស្រប​ពេលដែលកម្មករចេញធ្វើកូដកម្មដោយសន្តិវិធីជាងមួយខែ នៅតែគ្មានដំណោះស្រាយ។ ការ​អូសបន្លាយនេះ បានធ្វើឱ្យកម្មករជាច្រើនប្រទះនឹងបញ្ហាជីវភាព ដែលតម្រូវឱ្យអ្នកខ្លះ​លក់​ទ្រព្យសម្បត្តិដើម្បីដោះទាល់ និងដោះស្រាយជីវភាពប្រចាំថ្ងៃដើម្បីបន្តធ្វើកូដកម្មដោយ​អហិង្សា។

មានស្រុកកំណើតនៅខេត្តកំពង់ចាម អ្នកស្រី គ្រុយ ណាវី បានបម្រើការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍រយៈពេល១៤ឆ្នាំ  ដោយបម្រើការខាងផ្នែកម្ហូប និងភេសជ្ជៈ បានរៀបរាប់ថា ក្នុង​កំឡុងពេលធ្វើកូដកម្មរយៈពេល១ខែជាងនេះ អ្នកស្រីជួបនឹងបញ្ហាច្រើន​ឡើង ដោយមិន​មាន​ប្រាក់បង់ធនាគារ បង់ថ្លៃបន្ទប់ជួល ឬទិញម្ហូបអាហារឡើយ ទើបសម្រេចិត្ត​លក់ម៉ូតូ ដើម្បី​ដោះស្រាយបញ្ហាដែលមានចំពោះមុខ។ ជាងនេះ​ទៅទៀត អ្នកស្រីត្រូវចំណាយ​លុយផ្ទាល់​ខ្លួន​ក្នុងការមកធ្វើកូដកម្ម ដោយចំណាយលើថ្លៃម្ហូប ថ្លៃទឹក និងថ្លៃ​ធ្វើដំណើរទៅ​មក។

អ្នកស្រី ណាវី ប្រាប់ថា៖ «ខ្ញុំសុខចិត្តស៊ីអត់ស៊ីឃ្លាន លក់ម៉ូតូ ដើម្បីចូលរួមធ្វើកូដកម្មទាមទារ​ឱ្យ​មាន​ការដោះលែងសហជីព ទាមទារឱ្យមានសិទ្ធិសេរីភាពនៅកន្លែងការងារ ព្រោះវា​អយុត្តិធម៌​ណាស់ចាប់តំណាងខ្ញុំទៅ»

អ្នកស្រីបន្តថា បន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់ការងារ អ្នកស្រីមិនបានប្រកបរបរអ្វី​ទេរយៈពេលពេញ១ឆ្នំាជាង ព្រោះគាប់ជួនអ្នកស្រីជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងដងកាំបិត ដោយតម្រូវឱ្យឪពុកម្ដាយ និងសាច់ញាតិអ្នកស្រីមើលថែនៅឯស្រុកកំណើត ពីព្រោះអ្នកស្រីជា​ស្រ្តីមេម៉ាយ ។

អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំជាជំហរគ្រួសារ ពេលដែលខ្ញុំឈឺ និងបាត់បង់ការងារផង ខ្ញុំមានការ​លំបាកមែនទែន តាំងពីផ្លូវចិត្ត ការចំណាយចាយវាយគ្រប់បែបយ៉ាង ហើយលុយកាក់ក៏​អត់មាន»។

ក្រៅតែពីបញ្ហាប្រឈមផ្នែកជីវភាព អ្នកស្រីក៏បានរៀបរាប់ពីផលលំបាកផ្នែកសុខភាពផងដែរ ក្នុងកំឡុងពេលធ្វើកូដកម្មពេញ១ខែនេះ ដូចជាសុខភាពចុះខ្សោយជាងមុន ហេវហត់អស់​កម្លាំង និងផ្ដាសាយ។ ក្នុងនោះអ្នកស្រីក៏រងការគំរាមកំហែងជាច្រើនរូបភាពផងដែរ ដូចជា មានអាជ្ញាធរស្លៀកពាក់ស៊ីវិលតាមដាន ការបិទបន្ទប់ទឹកមិនឱ្យកូដករចូលជាដើម។

អ្នកស្រីបានរៀបរាប់ទាំងទឹកភ្នែករលេងរលោងថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន​ណាហ្គាវើលដ៍​បានបញ្ចប់កិច្ចសន្យាការងារបុគ្គលិកជាង១ ០០០ នាក់ ហើយក្នុងចំណោម​អ្នកទាំង១ពាន់នាក់​ជាងនោះ ក៏មានវត្តមានអ្នកស្រីផងដែរ ដោយក្រុមហ៊ុនយកលេសថា ជួបវិបត្តិហិរញ្ញវត្ថុដោយ​សារការរាតត្បាតនៃជំងឺកូវីដ១៩។

អ្នកស្រី ណាវី និយាយថា៖ «ក្នុងចំណោម១ពាន់នាក់ជាង គឺខ្ញុំនឹងហើយដែលក្រុមហ៊ុនបញ្ឈប់​ឈ្មោះខ្ញុំ! និយាយពីការងារ ខ្ញុំមិនដែលទៅយឺត ឬក៏មានកំហុសអ្វីនៅកន្លែងការងារទេ »។ អ្នកស្រីប្រាប់ទៀតថា៖ «នៅពេលខ្ញុំដឹងថាក្រុមហ៊ុនបញ្ឈប់ខ្ញុំ ខ្ញុំតក់ស្លុតមែនទែនមិន​នឹក​ស្មានថា ក្រុមហ៊ុនមានចេតនាបញ្ឈប់ខ្ញុំ ព្រោះខ្ញុំមិនមានកំហុសអី ! ខ្ញុំពិបាកចិត្ត សម័យ​កូវីដផង ខ្ញុំទៅរកការងារ ឬរកស៊ីអីកើត បើរដ្ឋាភិបាលបិទខ្ទប់គ្រប់កន្លែងពេលហ្នឹង» ។

អ្នកស្រីអះអាងថា ត្បិតតែប្រទះនឹងបញ្ហាប្រឈមយ៉ាងនេះក្ដី អ្នកស្រីមិនដកថយ ឬបញ្ឈប់ការ​ធ្វើកូដកម្មឡើយ ព្រោះអ្នកស្រីធ្វើនេះដើម្បីសិទ្ធិសេរីភាពនៅកន្លែងការងារ ហើយលុះត្រាតែ​មានការដោះលែងមេដឹកនាំ និងតំណាងសហជីពទាំង៨រូប ព្រមទាំងដោះស្រាយសំណើរទាំង​៩​ចំណុច ដែលកម្មករបានស្នើរកន្លងទៅ ទើបកូដករបញ្ឈប់កូដកម្ម។

អ្នកស្រី ណាវី យល់ឃើញថា៖ « ផ្នែកតុលាការ ផ្នែកអាជ្ញាធរ ផ្នែកក្រសួង គឺមានការលំអៀង​ទៅក្រុមហ៊ុនណាហ្គាវើលដ៍ ខ្ញុំគិតថាក្រុមហ៊ុន​ណាហ្គាវើលដ៍ប្រើលុយតែម្ដង គាត់មានអំណាច គាត់មានលុយ គាត់ធ្វើអីក៏បានដែរ»។

ស្រ្តីវ័យកណ្ដាលរូបនេះ ប្រាប់ឱ្យដឹងថា មូលហេតុចូលជាសមាជិកសហជីពក៏ដោយសារតែ​អ្នកស្រីបានមើលឃើញពីភាពអយុត្តិធម៌ ការគាបសង្កត់នៅកន្លែងការងារ ដូច្នេះនៅពេល​ដែលមានបញ្ហា តំណាងសហជីពនឹងការពារសិទ្ធិ រកដំណោះស្រាយ  និងយុត្តិធម៌ជូនកម្មករ។

អ្នកស្រីថា៖ «បុគ្គលិកមួយចំនួនតូច ខ្លាចគេ[ថៅកែ] ព្រោះគេមានលុយ មានអំណាច យើង​ធ្វើអីមិនឈ្នះគេទេ! តែខ្ញុំប្រាប់មិត្តរួមក្រុមខ្ញុំថា ទោះគេសំឡុតយើងបែបណា កុំខ្លាចអី ព្រោះ​យើងមានសិទ្ធិការងារ និយាយបាននិយាយមក កុំលាក់»។

រៀបរាប់ទាំងអួលដើមក អ្នកស្រី ណាវី ប្រាប់សារព័ត៌មានខេមបូចាថា  អ្នកស្រីឈឺចាប់ណាស់ និយាយមិនចេញ នឹកអ្វីក៏មិនឃើញ បានត្រឹមតែឈរយំ នឹកដល់ពេលដែលអាជ្ញាធរ​ស្លៀក​ពាក់​ស៊ីវិល សុទ្ធតែជាមនុស្សប្រុសៗមាឌធំប្រមាណជា១០នាក់ ចោមរោមចាប់​ប្រធាន​សហជីពត្រឹមតែជាស្រ្តីតូចល្អិតម្នាក់ គឺ កញ្ញា ឈឹម ស៊ីថរ ចូលក្នុងឡាន។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គេសង្កេតឃើញថា ក្រៅតែពីសំឡេងក្រុមកូដករស្រែកទាមទារឱ្យមានការដោះលែង​មេដឹកនាំសហជីព​ និងសំណើរនានា ក្នុងនោះក៏មានវត្តមានក្រសួងការងារ មកចាក់​មេក្រូជារៀងរាល់ថ្ងៃ ដើម្បីហៅឱ្យកម្មករចូលទៅចរចា ដោយគ្មានតំណាងរបស់ពួកគេ​ដើម្បីបញ្ចប់វិវាទ។

តួយ៉ាងនៅទី២០ ខែមករា មានវត្តមានមន្រ្តីក្រសួងការងារ២រូប កាន់លិខិតមួយច្បាប់មក​និយាយជាមួយក្រុមកូដករ ក្នុងន័យឱ្យពួកគេបញ្ឈប់សកម្មភាពធ្វើកូដកម្ម និងចូលតុ​ចរចា​ទទួលយកសំណង។

មន្រ្តីក្រសួងការងារម្នាក់ ឈ្មោះ សយ សុភាព បាននិយាយជាមួយកម្មករថា៖ «ប្រសិនជាយើង​ចូលតុចរចា យើងរកដំណោះស្រាយទាំងអស់គ្នា យើងចង​កាត្វពកិច្ច​គ្នានៅផ្លូវណាមួយ ដែល​យើងអាចឈានដល់ការបញ្ចប់ ប្រសិនបើប្អូននៅដាច់ខាតមិនចូលតុចរចាទេ តើដំណោះ​ស្រាយវាបានមកពីណា?»។

ទោះជាយ៉ាងនេះ​ក្ដី បុគ្គលិកផ្នែកប្រតិបត្តិការម៉ាស៊ីនចែកបៀរយៈពេល៤ឆ្នាំ គឺកញ្ញា ច័ន្ទ ស្រីរ័ត្ន  បានប្រាប់ឱ្យដឹងថា ខាងក្រុមហ៊ុនបានបញ្ឈប់រូបនាង ដោយប្រាប់ថា ការងារផ្នែកនេះ​មិនត្រូវ​ការមនុស្សកាន់ការងារទៀតទេ គឺក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនួសវិញ តែកញ្ញា​ ស្រីរ័ត្ន នៅតែឃើញមានបុគ្គលិកផ្នែកផ្សេងមកកាន់ការងារនេះ ស្របពេលដែល​ការងារ​របស់​កញ្ញា​ក៍រកចំណូលឱ្យក្រុមហ៊ុនមិនចាញ់ផ្នែកផ្សេងដែរ។

កញ្ញា ស្រីរ័ត្ន បានត្អូញត្អែរថា នៅពេលដែលក្រុមហ៊ុនបញ្ឈប់ការងារភ្លាមៗ កញ្ញាបានទៅរក​ការងារកន្លែងថ្មីធ្វើដែរ តែហាក់បីដូចជាមានការរើសអើង នៅពេលដែលក្រុមហ៊ុននោះដឹងថា កញ្ញាជាអតីតបុគ្គលិកណាហ្គាវើលដ៍។ ស្របពេលបាត់បង់ការងារ និងមិនអាចរកការងារថ្មី​បាន ស្រីរ័ត្នប្រឈមនឹងការខ្វះខាតផ្នែកជីវភាព ទាំងការចំណាយប្រចាំថ្ងៃ និងការបង់បំណុល​ធនាគារផងដែរ។

ស្រីរ័ត្ន ប្រាប់ថា៖ «និយាយទៅបើជីវភាពគឺលំបាក​ ចំណាយហូបចុកក្នុងគ្រួសារ  បង់ធនាគារ ព្រោះក្រុមហ៊ុនបញ្ឈប់ភ្លាមៗចឹង ពេលខ្ញុំទៅដាក់ការងារថ្មីគេរើសអើងខ្ញុំ  គេថាបើខ្ញុំមកពី​ខាងកាស៊ីណូណាហ្គា គេមិនអាចយកខ្ញុំបានទេ»។

ថ្វីបើជួបការលំបាកយ៉ាងនេះក្ដី ស្រីរ័ត្ន នៅតែរក្សាជំហរក្នុងការទាមទារឱ្យមានការដោះលែង​តំណាងសហជីព និងស្នើដល់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយដោយជំរុញឱ្យ​ភាគីក្រុមហ៊ុន​ចូលតុចរចាឱ្យបានឆាប់ៗ។

អ្នកស្រី សុខ រតនា បម្រើការងារជាអ្នកត្រួតពិនិត្យផ្នែកចែកបៀ រយៈពេល១៤ឆ្នាំ បានប្រាប់ឱ្យ​ដឹងថា តាំងពីក្រុមហ៊ុនបានបញ្ឈប់ការងារមក អ្នកស្រីពិបាកចិត្តឡើង​ជ្រុះសក់ ព្រោះជាប់​បំណុលធនាគារ និងខ្វះខាតថវិកាចិញ្ចឹមកូន២នាក់ តែអ្នកស្រីនៅតែស៊ូទ្រាំមកធ្វើកូដកម្ម ដើម្បីចង់បានដំណោះស្រាយឆាប់ៗ។

អ្នកស្រីថា៖​ «ពេលអត់លុយខ្លាំងបងប្អូនគេឱ្យលុយ អ្នកខ្លះឱ្យ៤ម៉ឺន អ្នកខ្លះ៥ម៉ឺន ហើយខ្ញុំរត់​ទៅ​ធ្វើការរោងចក្រដែរ តែទ្រាំមិនបានត្រឹមតែ១ខែព្រោះត្រូវឈរធ្វើការ១ថ្ងៃ១០ម៉ោង​ ម្យ៉ាង​បាន​ប្រាក់ខែក៏តិចទៀត ខ្ញុំក៏ឈប់ទៅ»។

ត្បិតតែយ៉ាងនេះក្ដី អ្នកស្រី រតនា នៅតែមានការរំពឹងខ្ពស់ចំពោះក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយបញ្ហាជូនកម្មករ ដែលសុខចិត្តចេញមកធ្វើ​កូដកម្មដោយស្ម័គ្រចិត្ត ដើម្បីតែបញ្ហាក្រពះ និងសិទ្ធិសេរីភាពនៅកន្លែងធ្វើការ។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ​ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ​ត្រូវបាន​រារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង​
បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ​ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ​ត្រូវបាន​រារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង​

លោក​ ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឆ្លើយតបជាមួយខេមបូចាកន្លងមកថា កន្លងទៅមន្ត្រីផ្សះផ្សាវិវាទរបស់ក្រសួងបានធ្វើលិខិត​អញ្ចើញបុគ្គលិកដែលយល់ថា​មានការ​គណនាប្រាក់សំណងខុសឱ្យមក​ក្រសួង​ដើម្បី​ផ្ទៀង​ផ្ទាត់ជាមួយគ្នា។ ប៉ុន្តែបើបុគ្គលិក​ម្នាក់ៗ​មិនមកដោះស្រាយផ្ទាល់ទេ គឺមន្ត្រីបច្ចេកទេសរបស់យើង​មិនអាចធានាលើ​សុក្រឹតភាព​នៃព័ត៌មានដែលផ្តល់ដោយភាគីនិយោជកតែម្ខាងនោះឡើយ។

អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖ «ករណីតវ៉ានេះ គួរបែងចែកឱ្យទាន់នូវអ្វីទៅ​ជា​រឿង​ផ្ទាល់​ខ្លួន អ្វីទៅជារឿងដែលពាក់ព័ន្ធច្បាប់ស្តីពីការងារ និងអ្វីដែលនៅក្រៅច្បាប់ស្តីពី​ការងារ។  រីឯអ្វីផ្សេងទៀត ដែលមិនពាក់ព័ន្ធច្បាប់ការងារ គឺបុគ្គលិកគួរសិក្សាស្វែងយល់អំពី​នីតិវិធី​នៃបញ្ហាទាំងនោះ ហើយនាំគ្នាដោះទៅតាមនីតិវិធី និងច្បាប់ដែលពាក់ព័ន្ធបញ្ហានោះ»។

ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៥​ ខែមករា ថា ដោយសារតែ  ការរាតត្បាតនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។ បើតាមរបាយការណ៍លទ្ធផលបណ្តោះអាសន្នរបស់ក្រុមហ៊ុន បានខាតបង់លុយសុទ្ធចំនួន៧៧​លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០។ ដូច្នេះ ក្រុមហ៊ុនត្រូវបានបង្ខំ​ចិត្ត​ចាប់ផ្តើមវិធានការកាត់បន្ថយការចំណាយមួយចំនួន ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ។

សេចក្ដីថ្លែងការណ៍បន្ថែមទៀតថា ដើម្បីទប់ស្កាត់ហានិភ័យ ជំហានដែលក្រុមហ៊ុនអនុវត្ត​រួម​មាន ការកាត់បន្ថយការចំណាយលើមនុស្ស ជាពិសេសនៅផ្នែកណាដែលមានចំនួនបុគ្គលិក​ច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។

ក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែអះអាងថា ការអនុវត្តគម្រោងបញ្ចប់កិច្ចសន្យាការងារដោយ​ការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងតម្លាភាពពេញលេញ និងមិនបានយកហេតុផល​សមាជិកភាពសហជីពជាលក្ខខណ្ឌក្នុងការសម្រេចជ្រើសរើសនេះ ដូចការចោទ​ប្រកាន់របស់​សហជីពឡើយ ។

តែយ៉ាងណាមិញ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ យល់ឃើញថា ការចេញសេចក្ដីថ្លែងការណ៍​ក្រុមហ៊ុនណាហ្គាវើលដ៍ មិនមានហេតុផលផ្លូវច្បាប់សមរម្យទេ ព្រោះការបញ្ឈប់បុគ្គលិក​ទ្រង់​ទ្រាយធំ សុទ្ធតែជាក្បាលម៉ាស៊ីននៃរចនាសម្ព័ន្ធសហជីព មិនបានអនុវត្តនៅតាមនិតិវិធីច្បាប់  និងស្ថិតក្រោមទម្រង់នៃការរើសអើងសហជីព ។

លោកបន្តថា រឿងកាន់តែខុសឆ្គងទៀតនោះ គឺក្រុមហ៊ុនណាហ្គាវើលដ៍ បានអះអាងថា មិន​បានរើសអើងសហជីពឡើយ ស្របពេលដែលោកមើលឃើញថា ទង្វើរកន្លងមកដែល​ក្រុមហ៊ុនបានបញ្ឈប់កម្មករ ដែលជាប្រធានសហជីព អនុប្រធាន លេខា និងរចនាសម្ព័ន​សហជីព គឺបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនណាហ្គាវើលដ៍ រើសអើងសហជីពពិតប្រាកដ​មែន។

លោក ថារ៉ូ បញ្ជាក់ថា៖ «ទោះបីតែនៅក្នុងប្រតិបត្តិការក្រុមហ៊ុននៅតែមានសមាជិក ដែលកំពុងបម្រើការងារក៏ដោយ ប៉ុន្តែក្បាលម៉ាស៊ីននៃរចនាសម្ព័ន្ធសហជីព ត្រូវបានបញ្ឈប់ពីការងារ ចឹងមានន័យថា វាដូចជាទៅកាត់ក្បាលរចនាសម្ព័ន្ធសហជីពនៅកន្លែងការងារហ្នឹង ហើយអាហ្នឹងជាទម្រង់នៃការរើសអើងសហជីព»

លោក ថារ៉ូ មើលឃើញថា មានភាពមិនប្រក្រតី ចំពោះការបញ្ឈប់សហជីព ព្រោះមកទល់​ពេលនេះ មិនទាន់មានឯកសារ ឬតឹកតាង ផ្លូវច្បាប់តាមរយៈនីតិវិធីអធិការកិច្ចការងារ ចំពោះការអនុញ្ញាតឱ្យមានការបញ្ឈប់មេដឹកនាំសហជីពនៅឡើយទេ។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានយកញ្ញត្តិទៅដាក់នៅស្ថានទូតបារាំង ដើម្បីឱ្យជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានយកញ្ញត្តិទៅដាក់នៅស្ថានទូតបារាំង ដើម្បីឱ្យជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់របស់​សង្គមស៊ីវិល និងសហជីពអន្តរជាតិ ព្រមទាំង​ស្ថានទូត​នានា បានស្នើ និងជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បី​សិទ្ធិសេរីភាព​នៅកន្លែងការងារ និងគោរពសិទ្ធិមនុស្សស្របតាមច្បាប់រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រគល់រថយន្តជូន​វរសេនាតូច​នគរបាល​ការពារព្រំដែននៅអគ្គស្នងការ​នគរបាលជាតិ​ កាលពីថ្ងៃអង្គារ​ថា  វិវាទការងារ​នេះ  គណៈកម្មការដោះស្រាយវិវាទការងារ ដែលមានក្រសួងការងារជា​អ្នកនាំមុខ និងអាជ្ញាធរ​ពាក់ព័ន្ធគួរបន្តអត់ធ្មត់ ហើយប្រកាន់នូវជំហរសម្របសម្រួល ទាំងភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ភាគីបុគ្គលិក និងភាគីអាជ្ញារកណ្ដាលជាសមត្ថកិច្ច ដើម្បីរកដំណោះ​ស្រាយជាមួយគ្នា។

លោក ស​ ខេង មានប្រសាសន៍ថា៖ «ភាគី៣ដែលមានការពាក់ព័ន្ធក្នុងរឿងនេះ ខិតខំ​រកវិធី​ឱ្យ​បានឆាប់កាលណាល្អកាលហ្នឹង ហើយបើសិនបែរខ្នងដាក់គ្នារហូត គឺដោះអាម៉េចក៏​មិន​ចប់​ដែរ បើអាចថាបន្តិចម្ដងៗយើងងាកមុខរកគ្នាទៅ ប្រហែលជាអាចរកឃើញដំណោះស្រាយ តែបើ​ថាមិនបែរមុខដាក់គ្នាទេ អាហ្នឹងមិនដឹងថាឆ្នាំណាអាចរកឃើញដំណោះស្រាយទេ»

ទន្ទឹមហ្នឹងដែរ អ្នកស្រី គ្រុយ ណាវី រំពឹងថា ក្រុមហ៊ុនណាហ្គាវើលដ៍ នឹងចូលមកដោះស្រាយ​ជូនកម្មករឆាប់ៗ​ ព្រោះកន្លងមកនេះ អ្នកស្រីជួបប្រទះនឹងបញ្ហាជីវភាពខ្លាំងបន្ទាប់ពីគ្មាន​ការងារអស់រយៈពេលជាច្រើនខែ។ ហើយអ្វីដែលអ្នកស្រីចង់ឃើញនោះ  គឺការដោះលែង​មេដឹកនាំ និងតំណាងសហជីពទាំង៨នាក់ឱ្យបានឆាប់ ​ដើម្បីពួកគាត់ធ្វើជាតំណាងកម្មករក្នុង​ការចរចាជាមួយក្រុមហ៊ុន។

អ្នកស្រី ណាវី បានបន្ថែមថា៖ «វាប៉ះពាល់ខ្លាំងមែនទែន តាំងពីគេបញ្ឈប់ការងារមក អ្វីដែល​សំខាន់គឺពីថ្ងៃទី១៨ មកដល់ថ្ងៃឥឡូវហ្នឹង ព្រោះខ្ញុំអត់មានការងារធ្វើទេ គឺខ្ញុំស្ម័គ្រចិត្ត​មកឈរ​ដើម្បីទាមទាររកដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍ ហើយប៉ះពាល់នោះទីមួយលុយ ខ្ញុំអត់មានលុយបង់ធនាគារទេ អត់មានលុយចេញថ្លៃបន្ទប់ទេ អត់មានលុយទិញម្ហូប ទិញអង្ករទេ»៕

155 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម