សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកណាហ្គាវើលដ៍ដាក់ញ្ញតិ្តសុំអន្តរាគមន៍ពីស្ថានទូត ក្រោយមិនទាន់ទទួលបានដំណោះស្រាយ

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានយកញ្ញត្តិទៅដាក់នៅស្ថានទូតបារាំង ដើម្បីឱ្យជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានយកញ្ញត្តិទៅដាក់នៅស្ថានទូតបារាំង ដើម្បីឱ្យជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ២៥នាក់  បានយកញ្ញត្តិទៅដាក់នៅតាមស្ថានទូត​ចំនួន១៤ នៅកម្ពុជា ក្នុងគោលបំណងឱ្យស្ថានទូតជំរុញរដ្ឋាភិបាលឱ្យ​មាន​ការដោះស្រាយវិវាទ​ការងាររវាងបុគ្គលិកជាមួយក្រុមហ៊ុន និងដោះលែង​មេដឹកនាំ និងតំណាង​សហជីពទាំង៨រូប​របស់ពួកគេ។

នៅព្រឹកមិញនេះ  ក្រុមកូដករដែលមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ បានដាក់​ញត្តិបានប្រាំមួយស្ថានទូត រួមមានស្ថានទូតអាមេរិកមុនគេ តែដោយសារ​ចំថ្ងៃ​ស្ថានទូតឈប់​សម្រាក ក៏បន្តទៅដាក់ញ្ញត្តិនៅស្ថានទូតបារំាង រួចបន្តទៅ​ស្ថានទូត​កាណាដា ស្ថានទូត​អង់គ្លេស ចុងក្រោយគេ គឺស្ថានទូតអាឡឺម៉ង់ ស្ថានទូតសឹង្ហបុរី និងស្ថានទូតអឺរ៉ុប។

អ្នកស្រីអ៊ុក សុភ័ក្រមូលីកា ជាបុគ្គលិកដែលមិនទាន់មានឈ្មោះកាត់ នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ បានឱ្យដឹងថា មូលហេតុដែលក្រុមកូដករ សម្រេចមកដាក់ញត្តិនៅតាម​បណ្ដា​ទូតប្រមាណជា១៤នៅកម្ពុជា ក៏ដោយសារតែចង់ឃើញការជួយអន្តរាគមន៍​ពីសំណាក់​ស្ថាប័ន​ទាំងនេះមកលើវិវាទការងារ ពិសេសគឺជំរុញឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព​ទាំង៨រូប។

សុភ័ក្រមូលីកា បានឱ្យដឹងថា ក្រុមកូដករបានដើរអស់និតិវិធីហើយ ទើបសម្រេចធ្វើកូដកម្ម​ដោយអហិង្សា​ គឺជិតមួយខែហើយ រហូតដល់មានការចាប់ខ្លួនមេដឹកនាំ​សហជីពយ៉ាង​អយុត្តិធម៌​ ដូច្នេះស្ថាប័នដែលអាចពឹងពាក់បាន គឺស្ថានទូតមួយចំនួនដែលគោរពសិទ្ធិមនុស្ស គោរពសិទ្ធិការងារ និងឈឺឆ្អាលរឿងវិវាទការងាររបស់ក្រុមកម្មករណាហ្គាវើលដ៍។

 សុភ័ក្រមូលីកា ប្រាប់យ៉ាងដូច្នេះថា៖ «យើងដើរអស់និតិវិធី ហើយធ្វើកូដកម្មជិតមួយខែ​ហើយ​នៅតែអត់ដំណោះស្រាយ  ចឹងយើងមានតែស្នើសុំជំនួយពីអង្គទូតដែលមានទំនាក់ទំនង​ជាមួយរដ្ឋាភិបាលយើង ឱ្យគាត់សម្រួលដោះស្រាយ និងពន្លឿនការដោះលែងតំណាង​របស់​យើងទាំង៨នាក់»

បុគ្គលិកមិនទាន់មានឈ្មោះកាត់រូបនេះ ក៏បានស្នើទៅដល់ស្ថានទូត​ជួយទៅសួរសុខទុក្ខ​មេដឹកនាំសហជីព ដែលកំពុងជាប់ឃុំ ដោយសារតែអង្គទូតមានអភ័យឯកសិទ្ធិ​ក្នុងការ​ចេញ​ចូលមណ្ឌលកែប្រែ ខណៈសាច់ញាតិ និងមិត្តភក្ភិមិនទាន់មានការ​អនុញ្ញាតឱ្យចូលបាន​ទេ។

អ្នកស្រី មូលីកា ប្រាប់ទៀតថា មូលហេតុ ដែលក្រុមកូដករមិនដាក់ញ្ញតិ្តទៅទូតចិន ឬទូតផ្សេង​ទៀត គឺដោយសារតែដាក់ទៅទូតណាដែលគោរពសិទ្ធិការងារ និងមានទំនាក់ទំនងការទូត​ជាមួយរដ្ឋាភិបាលក្នុងការផ្ដល់អាជ្ញាប័ណ្ណទៅអង្គការអន្តរជាតិផ្សេងៗទាក់ទងនឹងសិទ្ធិការងារ សិទ្ធិមនុស្សជាដើម។

អ្នកស្រីបញ្ជាក់ដែរថា៖ «តាំងពីដើមមកពួកខ្ញុំអត់បានយកជម្រើសទៅតុលាការ ពីព្រោះថា​ឥឡូវនេះពួកខ្ញុំធ្វើតាមនិតិវិធីអស់ហើយ បន្ទាប់ពីចប់ប្រឹក្សាអាជ្ញាកណ្ដាល គឺទៅតុលាការ ហើយមានជម្រើសធ្វើកូដកម្ម ចឹងពួកខ្ញុំដើរអស់និតិវិធីហើយនៅតែមិនបានលទ្ធផលផងហ្នឹង ចឹងថាតើទៅតុលាការមានលទ្ធផលអត់?»

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានយកញ្ញត្តិទៅដាក់នៅស្ថានទូត​សហរដ្ឋអាមេរិក ដើម្បីឱ្យ​ជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

យ៉ាងណាក្ដី នៅព្រឹកថ្ងៃទី១៧ មករានេះ ស្ថានទូតខាងលើ បានទទួលស្វាគមន៍​សម្រាប់ការ​ដាក់ញ្ញតិ្តពីក្រុមកម្មករណាហ្គាវើលដ៍ ដោយឡែកនៅថ្ងៃស្អែកនេះ ក្រុមកម្មករនឹងបន្ត​ដាក់​ញ្ញត្តិនៅកាន់ទូតលោកសេរីផ្សេងទៀតផងដែរ ដោយរំពឹងថា ស្ថានទូតទាំងនោះនឹងឈឺឆ្អាល ហើយជំរុញឱ្យមានការដោះស្រាយបញ្ហាជូនកម្មករដែលរងភាពអយុត្តិធម៌ពីសំណាក់ក្រុមហ៊ុនបរទេស។

ចំណែក អ្នកស្រី ហាស់ រិទ្ធីរតនា អាយុ៣៤ឆ្នាំ​ បម្រើការផ្នែកចែកបៀ នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​រយៈពេល៩ឆ្នាំ បានឱ្យដឹងថា បុគ្គលិកដែលកំពុងធ្វើកូដកម្ម ទាំងអ្នក​មិន​ទាន់មានឈ្មោះកាត់ និងមានឈ្មោះកាត់​ជាង១ពាន់នាក់ បានសម្រេចផ្ដិតមេដៃ ដាក់ញ្ញត្តិ​ទៅស្ថានទូតចំនួន១៤ នៅកម្ពុជា ក៏ដោយសារតែរំពឹងថា​នឹងមានការជួយដោះស្រាយ​លើ​វិវាទការងាររបស់ពួកគេ ពិសេសជំរុញឱ្យមានការដោះលែង​មេដឹកនាំសហជីពរបស់ពួកគេ​មកវិញ។

អ្នកស្រី រតនា បានឱ្យដឹងទៀតថា រយៈពេលមួយខែហើយក្រសួងនៅតែមិនមាន​ដំណោះ​ស្រាយត្រឹមត្រូវ ចំណែកឯក្រុមហ៊ុនក៏មិនទាន់ចូលមកដោះស្រាយ ដូច្នេះមានតែស្វែង​រកជំនួយពីស្ថានទូតជួយដោះស្រាយបញ្ហាជូនកម្មករ។

អ្នកស្រី រតនា ប្រាប់ទៀតថា៖ «ខ្ញុំសង្ឃឹមថាគាត់[ទូត] នឹងតាមដានវិវាទការងារបុគ្គលិក​ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងជំរុញឱ្យមានដំណោះស្រាយឆាប់រហ័ស ព្រោះគាត់ធ្វើ​[កម្មករ] កូដកម្មរយៈពេលវែងហើយ ចឹងគាត់[កម្មករ]ចង់មានដំណោះស្រាយដែរ»។

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរបាន​ថ្លែងផងដែរកាលពីថ្ងៃសៅរ៍ទី១៥ មករា កន្លងទៅទាក់ទងនឹងវិវាទការងារនេះ ដោយ​កញ្ញា​សូមធ្វើការលើកទឹកចិត្ត និងកោតសរសើរចំពោះស្មារតីតស៊ូក្នុងការទាមទារសេរីភាពការងារ ការតស៊ូមតិស្របតាមសិទ្ធិដែលកម្មករមាន។

កញ្ញាធារី ថ្លែងថា៖ «សូមកោតសរសើរបងប្អូន ក្មួយៗ សឹងតែជាស្រ្តីធ្វើកូដកម្មជិតមួយ​ខែពេញ​ហើយ ដែលមានសេចក្ដីក្លាហាន ចិត្តអង់អាចក្នុងការយល់អំពីសិទ្ធិរបស់ពួកគាត់[កម្មករ] និង​អនុវត្តសិទ្ធិដែលមាន ហើយពិភពលោកកំពុងឈរជាមួយកម្មករណាហ្គាវើលដ៍ ហើយកម្មករទូទៅដែលរងទុក្ខវេទនា»។

លោក អំ សំអាត ​នាយករង​នៃ​អង្គការការពារសិទ្ធិមនុស្ស​លីកាដូ មើលឃើញថា ការដាក់ញត្តិ​របស់កូដកររាប់ពាន់នាក់ នៅតាមស្ថានទូតមួយចំនួនៅកម្ពុជា គឺ កើតចេញពីភាពអស់សង្ឃឹម​ទៅលើដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ បន្ទាប់ពីកូដកម្មអស់​រយៈ​ពេល១ខែ។

លោកបន្ថែមថា ផ្ទុយទៅវិញតំណាងសហជីពត្រូវបានចាប់ខ្លួន និងចោទប្រកាន់គ្រាន់តែ​ទាមទារឱ្យមានការដោះស្រាយវិវាទការងាររវាងកម្មករ និងក្រុមហ៊ុនណាហ្គាវើលដ៍។

លោក សំអាត បញ្ជាក់ថា៖ «ការធ្វើកូដកម្មរបស់បុគ្កលិកក្រុមហ៊ុនណាហ្គាវើលដ៍គឺត្រឹមត្រូវ ហើយសំណូមពរក្នុងការទាមទារ[ដាក់ញ្ញត្តិ] គឺអត់ខុសពីអ្វីដែលគាត់បានធ្វើ​កន្លងមក​ហ្នឹងទេ»។

លោកសំអាតបន្ថែមថា ការដាក់ញ្ញត្តិនេះ គឺជាសិទ្ធិរបស់កម្មករក្នុងការស្វែងរកជំនួយ ហើយ​មិនមែនជាការខុសឆ្គងឡើយបន្ទាប់ពីពួកគេធ្វើកូដកម្មអស់រយៈពេលជិត១ខែមកហើយមិន​ទាន់មានដំណោះស្រាយ។

លោកសំអាតលើកឡើងយ៉ាងដូច្នេះថា៖ «គាត់[កម្មករ]មិនមានជំនឿទុកចិត្ត អស់សង្ឃឹមនឹង​លទ្ធផល គាត់[កម្មករ]គិតថា ខាងណាអាចជួយគាត់បាន​អាហ្នឹងជាសិទ្ធិរបស់គាត់​ដែលស្វែង​រកអន្តរាគមន៍ វាអត់មានអីខុសច្បាប់ដែរ»។

ទាក់ទងនឹងការដាក់ញត្តិនេះ យើងមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងការងារ​បានឡើយ ដោយទំនាក់ទំនងទៅចុចបិទ ហើយផ្ញើសារទៅតេឡេក្រាមក៏មិនតប។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ គឺមានរយៈពេលមួយខែហើយ ដែលក្រុមកម្មករណាហ្គាវើលដ៍បានធ្វើកូដកម្មដោយអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុន​ណាហ្គាវើលដ៍ ចូលដោះស្រាយវិវាទការងារទាំង៩ចំណុចជូនកម្មករ។ ដោយឡែក មេដឹកនាំ​សហជីពចំនួន៨នាក់ កំពុងជាប់ឃុំនៅមណ្ឌលកែប្រែម២ ក្រោមការចោទរបស់តុលាការ​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការបានសម្រេចឃុំខ្លួនប្រហែលជា២អាទិត្យកន្លងមកហើយ។

ទន្ទឹមនឹងនេះ សង្គមស៊ីវិលនានា មើលឃើញថា ក្រសួងការងារហាក់មិនទាន់មានចំណាត់ការ​សមស្របណាមួយក្នុងការជំរុញឱ្យភាគីក្រុមហ៊ុនចូលមកដោះស្រាយជាមួយកម្មករឡើយ ក្រៅតែពីការប្រកាសម្ដងហើយម្ដងទៀតថានឹងគណនាលុយឱ្យគ្រប់ចំនួន តែមិនបាន​ដោះស្រាយ​ចំណុចផ្សេងៗទៀតដែលកម្មកស្នើសុំឡើយ។

តែយ៉ាងណាមិញ ក្រុមកូដករបានអះអាងដដែលថា វិវាទនេះគឺជារឿងរវាងបុគ្គលិក​ និង​ក្រុមហ៊ុនណាហ្គាវើលដ៍ សូមកុំទាញទៅរឿងផ្សេង និងលាបពណ៌កម្មករ។ ហើយស្នើ​ដល់​ក្រុមហ៊ុនណាហ្គាវើលដ៍ ចូលខ្លួនមកដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមច្បាប់​ការងារក្នុងប្រទេសកម្ពុជា ពិសេសដោះលែងតំណាង​សហជីពរបស់ពួកគេ​ដោយគ្មាន​លក្ខខណ្ឌ។ ក្រុមកូដករនៅតែបន្តធ្វើកូដកម្មដ​មាន​ការដោះស្រាយវិវាទ​ការងាររ និងដោះលែង​មេដឹកនាំ និងតំណាង​សហជីពទាំង៨រូប​របស់ពួកគេ៕

334 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម