សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុគ្គលិកណាហ្គាវើលដ៍នឹងបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ ខណៈសាលាក្រុងថានឹងប្រជុំរកដំណោះស្រាយនៅថ្ងៃស្អែក

បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ថានឹងបន្តធ្វើកូដកម្មដោយស្របច្បាប់ និងអហិង្សា រហូត​ក្រុមហ៊ុនដ៏ធំមួយនេះ ចូលខ្លួនដោះស្រាយបញ្ហាដោយឆន្ទៈ និងសន្តិវិធីដើម្បីស្វែង​រកយុត្តិធម៌​សម្រាប់កម្មករ​និយោជិត​ចំនួន៣៦៥នាក់ដែលទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការវិញ ក្នុងចំណោមកម្មករនិយោជិត​១៣២៩​នាក់ ដែលបាន​បញ្ឈប់តាំងពីខែមេសា ឆ្នាំ២០២១។

រីឯសាលារាជធានីភ្នំពេញ នៅតែរក្សាជំហរថា​ខ្លួននឹងស្វែងរកដំណោះស្រាយ​សម្រាប់វិវាទរវាងក្រុមហ៊ុន និងកម្មករនិយោជិត ដោយនឹងធ្វើការកោះហៅភាគីពាក់ព័ន្ធ​ជួបប្រជុំ​នៅថ្ងៃស្អែកម៉ោង៨:៣០ព្រឹក នៅសាលាក្រុង។

កញ្ញា គឿន រដ្ឋា អាយុ ៣២ ឆ្នាំ ជាបុគ្គលិកចែកបៀរនៃក្រុមហ៊ុនណាហ្គាវើលដ៍​រយៈ​ពេល​ជិត១០ ក៏បានចូលរួមធ្វើកូដកម្មនាព្រឹកនេះដែរ ដោយកញ្ញា រំពឹងថាខាងក្រុមហ៊ុន​មួយ​នេះ នឹងចូលខ្លួនមកដោះស្រាយបញ្ហានេះឆាប់ៗ ហើយការធ្វើកូដកម្មនេះ រូបគេធ្វើដើម្បីកម្មករ​ទាំងអស់គ្នា មិនមែនដើម្បីប្រយោជន៍បុគ្គល មិនមែនដើម្បីអ្នកណានោះទេ។

កញ្ញា រដ្ឋា ប្រាប់ទាំងសម្លេងស្អកៗថា៖ «មិនថាពួកគាត់ មិនថាខ្ញុំ គឺធ្វើដើម្បីទាំងអស់គ្នា ហើយក៏គ្មានអ្នកណាបង្ខិតបង្ខំអីដែរ»

កញ្ញាបន្តថា រំលឹកថាម្សិលមិញមានការហាមមិនឱ្យក្រុមបាតុករចេញទៅបន្ទប់ទឹក បើអ្នក​បាន​ចេញហើយមិនអាចចូលវិញបានទេ ដែលទង្វើទាំងនេះ កញ្ញាមិនអាច​ទទួលយក​បាន​ឡើយ ខណៈបញ្ហានេះជាវិវាទរវាងក្រុមហ៊ុន និងកម្មករ តែអាជ្ញាធរបែជាធ្វើបែបនេះទៅវិញ។

មិនខុសគ្នាពីកម្មករផ្សេងទៀត កញ្ញា ណូន ម៉ាណែត អាយុ៣០ ឆ្នាំ ជាបុគ្គលិកផ្នែកចែកបៀរ ក៏បានលើកឡើងស្រដៀងគ្នាដែរថា កាលពីម្សិលមិញអាជ្ញាធរព្យាយាម​ដាក់សម្ពាធមក​លើក​ពួកគេដែលជាក្រុមកម្មកររងភាពអយុត្តិធម៌។

ខណៈដែលកម្មករនិយោជិតណាហ្គាវើលដ៍កំពុងតែបន្តធ្វើកូដកម្មរយៈពេលបីថ្ងៃនេះ ក្រុម​អាជ្ញាធរមានសមត្ថកិច្ចបានរៀបចំត្រៀមកម្លាំងព្រមទាំងរនាំងនិងឧបករណ៍ការពារបាតុកម្មរួចជាស្រេចនៅក្បែរក្រុមកូដករទាំងអស់នោះ។

កញ្ញា បា្រប់ថា៖ « រឿងបត់ដៃបត់ជើង ជារឿងធម្មជាតិ ជៀសមិនបានទេ ហេតុអីអាជ្ញាធរ​មិន​ឱ្យពួកគេចេញ ហើយបើបានចេញគឺមិនអាចចូលវិញបាន។ ខ្ញុំគិតថា គាត់ធ្វើនេះចង់ដាក់​សម្ពាធ​ឱ្យយើងក្រោមរូបភាពបែបហ្នឹង»

កញ្ញា អះអាងថា មានតែបុគ្គលិកក្រុមហ៊ុនដែលធ្វើការផ្ទាល់ទេទើបដឹងថា ក្រុមហ៊ុនបាន​រំលោភ​សិទ្ធិបុគ្គលិក រំលោភច្បាប់ស្រុកខ្មែរយ៉ាងណាខ្លះ ដូច្នេះការធ្វើការធ្វើកូដកម្ម​មិនមែន​ជាការប្រឆាំងរដ្ឋាភិបាល ឬផ្ទុយនឹងច្បាប់នោះទេ។

កញ្ញា ម៉ាណែត រៀបរាប់ថា៖ «ពួកខ្ញុំមកកូដកម្មដោយអហិង្សា មិនមែនមកធ្វើបាតុកម្ម​ប្រើ​ហិង្សា​វាយតប់ ឬក៏កំទេចរបស់ គឺពួកខ្ញុំអហិង្សា ព្យាយាមថែរក្សាសណ្ដាប់ធ្លាប់សាធារណៈ​មិនឱ្យ​ប៉ះពាល់ទេ»

បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលាក្រុងបានបញ្ជាក់​ជូន​កម្មកររួចហើយថាការអង្គុយធ្វើកូដកម្មមិនមានដំណោះស្រាយនោះទេ ទាល់តែចូល​អង្គុយ​ប្រជុំបានមានការដោះស្រាយ។ ហើយសាលាក្រុងនឹងអញ្ជើញភាគីពាក់ព័ន្ធ​ទាំង​ក្រុមហ៊ុន និងក្រុមកម្មករ មកដោះស្រាយនៅសាលាក្រុងនៅថ្ងៃស្អែកព្រឹក។ ក្នុងករណីអ្នកណា​មិនមក​ប្រជុំមានន័យថាគ្មានឆន្ទៈក្នុងការដោះស្រាយ។

លោកកើត ឆែ លើកឡើងថា៖ « សាលារាជធានីភ្នំពេញ មិនចង់ឱ្យបងប្អូនធ្វើបាតុកម្ម​ដោយ​ខុសច្បាប់ទេ សុំឱ្យគាត់មកធ្វើការប្រជុំដោះស្រាយគ្នា ជាជាងការធ្វើសកម្មភាពបាតុកម្ម ដោយ​មិនគោរពតាមច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី»

ចំណែក លោក ខៀវ សាវុធ អនុ​ប្រធាន​នាយកដ្ឋានដោះស្រាយ​ទំនាស់ការងារ​នៃ​ក្រសួងការងារ​ ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេជុំវិញបញ្ហានេះ។

ជាបុគ្គលិកកំពុងបម្រើការក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា អ៊ុក សុភ័ក្រមូនីកា បានប្រាប់ឱ្យដឹងថា ពួកគេនឹងបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយពីខាងក្រុមហ៊ុន ហើយរូបគេចង់បានសហជីពរបស់ពួកគេមកវិញ។

មូនីការៀបរាប់ថា៖ «មិនថាកន្លែងតែក្រុមហ៊ុនណាហ្គាវើលដ៍ទេ!  គ្រប់កន្លែងការងារ គឺត្រូវតែ​មានតំណាងសហជីព ព្រោះតំណាងសហជីពប្រៀបដូចជាមេធាវី ការពារបុគ្គលិក​កម្មករ​ចឹង ដើម្បីមានសិទ្ធិនិយាយចចារ ទាមទារអត្ថប្រយោជន៍ផ្សេងៗជាមួយថៅកែ»

បុគ្គលិករូបនេះ បញ្ជាក់ថា ខាងក្រសួងក៏បានប្រាប់ឱ្យពួកគេរំសាយកូដកម្ម តែក្រសួងមិនបាន​ប្រាប់ថានឹងដោះស្រាយបញ្ហាឱ្យពួកគេបែបណា ឬលទ្ធផលទៅមុខទៀតបែបណានោះទេ។ ហើយចំពោះការចោទក្រុមកម្មករថាធ្វើបាតុកម្មដោយខុសច្បាប់នោះ រូបគេនិង​កម្មករ​ផ្សេងទៀតមិនអាចទទួលយកការចោទប្រកាន់បែបនេះបានទេ។

បុគ្គលិករូបនេះបន្តថា៖ «ពួកខ្ញុំបានស្នើលិខិតទៅហើយថាធ្វើកូដកម្ម នៅបរិវេណរបងក្រុមហ៊ុន តែអាជ្ញាធរជាអ្នករាំងខ្ទប់មិនឱ្យពួកខ្ញុំទៅដល់កន្លែងដែលពួកខ្ញុំស្នើសុំធ្វើកូដកម្ម»

គួររំលឹកថា ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្មនេះគឺជាកូដកម្ម ខុសច្បាប់។

លោក​ ហេង សួរ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថា ​ជាទូទៅការ​ដោះស្រាយវិវាទ ដែលពាក់ព័ន្ធនឹងតួលេខ ហើយអាចគណនាបានដោយវិទ្យាសាស្ត្រពិត ឬ​ដោយ​ប្រមាណវិធី បូក ដក គុណ ចែក នោះគឺមិនលំបាកក្នុងការដោះស្រាយនោះទេ។ ប៉ុន្តែ​វិវាទ ដែលកើតឡើងដោយយកហេតុផលសិទ្ធិផ្តាច់មុខ ឬទាមទារប្រយោជន៍អ្វីមួយ ដែលមិន​មាន​ចែងក្នុងច្បាប់ ឬទាមទារលើសច្បាប់ នោះគឺមិនងាយនឹងមានលទ្ធផលនោះឡើយ។

លោកសួរបន្តថា ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មន្ត្រីផ្សះផ្សាវិវាទការងារ បានខិតខំដោះស្រាយ និងផ្សះផ្សាជាច្រើនលើក តាំងពីនៅកម្រិតក្រុមហ៊ុន ឡើងមកដល់កម្រិតក្រសួង ហើយចុងក្រោយដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកបានឱ្យដឹងទៀតថា៖ «នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»

លោក​សួរថ្លែងថា សិទ្ធិទទួលបានការងារក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្ម​របស់ក្រុមហ៊ុន។ ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនា​សម្ព័ន្ធក្រុមហ៊ុន ឬសង្វាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្ត គឺក្រុមហ៊ុន សហគ្រាស​អាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយគឺ​ត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជា​ត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និងអត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។

លោកបន្តទៀតថា ក្រសួងនឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណង​ប្រសិនជាភាគីពាក់ព័ន្ធ​នៅមានចម្ងល់។ ប៉ុន្តែក្រសួង ក៏ដូចជាសហជីព ឬអង្គការមិនមានសិទ្ធិ​អំណាច «ហាមឃាត់​ក្រុមហ៊ុនមិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ»។ ក្នុងបរិបទកូវីដ-១៩ នេះ ភាគីវិវាទត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាល នៅពេលធ្វើ​សកម្មភាព​អ្វីមួយ។

លោកសួរ លើកឡើងថា «ភាគីពាក់ព័ន្ធមិនគួរប្រើប្រាស់បងប្អូនស្រីមានផ្ទៃពោះជាតួអង្គ​ជំនួសខ្លួននៅទីសាធារណៈ ដែលមានសមាសភាពចម្រុះនោះទេ ពីព្រោះស្ត្រីមានផ្ទៃពោះ ជាទូទៅមានហានិភ័យខ្ពស់ជាង​មនុស្សទូទៅ ប្រសិនជាឆ្លងជំងឺកូវីដ-១៩។ ទោះមាន ឬគ្មាន​វត្តមានបងប្អូនស្ត្រីមានផ្ទៃពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរ​ពាក់ព័ន្ធនឹងបន្តដោះស្រាយករណី​វិវាទនេះទៅតាមនីតិវិធីជាធរមាន»។

លោកសួរ បន្ថែមថា៖ «ការស្តាប់ការធានាអះអាងរបស់បរទេស ដែលកំពុងរងចាំដុតផ្ទះយើង នឹងនាំមហន្តរាយដល់ខ្លួនយើងវិញដែរ។ ជាលក្ខណបុគ្គល ខ្ញុំគាំទ្រទាំងស្រុង​រាល់វិធានការ​ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណី ដែលមានភស្តុតាងអំពីការលូកដៃរបស់បរទេស​ណាមួយ ឬនៅពេលដែលហេតុផល និងវិជ្ជាជីវៈ ដើរដល់ផ្លូវទាល់»។

ទន្ទឹមនឹងនែះ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជក​វិស័យទេសចរណ៍​កម្ពុជា (CTWUF)  បានមានប្រសាសន៍ថា នេះគឺជាកូដកម្មដោយស្របច្បាប់ ហើយច្បាប់ស្ដីពី​ការងារ​បានចែងថាកូដកម្មដែលស្របច្បាប់គឺអនុវត្តទៅតាមនិតិវិធី ដោយកម្មករបាន​ដើរអស់​នីតិវិធីច្បាប់ មុននឹងពួកគេសម្រេចធ្វើកូដកម្មដោយអហិង្សា។

លោកមានប្រសាសន៍ថា៖ «បើនិយាមតាមច្បាប់ គឺយើងអនុវត្តទៅតាមនីតិវិធី ទីមួយពួក​គាត់​បានដើរអស់នីតិវិធី ផ្ដើមពីការចចារពីក្រុមហ៊ុន ការផ្សះផ្សា​នៅនាយកដ្ឋាន​ការងារ រហូតដល់​បញ្ចូនរឿងហ្នឹងដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត»

លោក កុសល មើលឃើញថា ខាងក្រុមហ៊ុនណាហ្គាវើលដ៍ព្យាយាមគេចវេះមិនដោះស្រាយ ជូនកម្មករ។ តើនៅពេលដែលក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំសហជីពបានអ៊ីចឹង  តើការទទួល​ស្គាល់​របស់ក្រសួងការងារមានតម្លៃបែបណាដែរ? ព្រោះតាមច្បាប់ក្រុមដឹកនាំសហជីព​បួនរូប​ត្រូវបានទទួលស្គាល់ដោយនាយកដ្ឋានវិវាទការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពារ​ដោយ​ច្បាប់ និងទទួលស្គាល់ដោយក្រសួងការងារ។

លោកបន្ថែមថា៖ «ពេលដែលក្រសួងបង្កើតសហជីពហើយ ក្រុមហ៊ុននៅតែអាចបញ្ឈប់បាន​ដដែល? ចឹងខ្ញុំគិតថា ក្រសួងត្រូវតែចាប់បង្ខំដើម្បីឱ្យមានកិច្ចចចារគ្នា ព្រោះបើក្រុមហ៊ុន​មិន​មានឆន្ទៈក្នុងការដោះស្រាយ គឺគ្មានដំណោះស្រាយទេ»

បើតាមសេចក្ដីថ្លែងការណ៍មួយរបស់សហជីពកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លើយតបរបស់ក្រុមហ៊ុនណាហ្គាវីលដ៍ ចំពោះកូដកម្មក្នុងខែមករា ឆ្នាំ២០២០ និង​កូដកម្ម​បច្ចុប្បន្នគ្រាន់តែជាការប៉ុនប៉ងក្នុងការបំបិទសំឡេងរួមរបស់សហជីព និងកម្មករនិយោជិតតែ​ប៉ុណ្ណោះ។

សេចក្ដីថ្លែងការដដែល បន្តថាក្នុងឆ្នាំ២០២១នេះ អង្គការពលកម្មអន្តរជាតិក៏បាន​អំពាវនាវ​ឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់ដើម្បី ធានានូវការប្រើប្រាស់សិទ្ធិ​ក្នុងការធ្វើ​កូដកម្ម​ដោយស្របច្បាប់ និងប្រកបដោយសន្តិវិធីដែរ។ ចំណែកខាងសហជីពសង្ឃឹមថា សមាជិក​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ នឹងមិនត្រូវបានបំបិទ មាត់ដោយសារតែចំណាត់ការ ឬការបំភិតបំភ័យណាមួយនោះទេ ហើយប្រព័ន្ធ​តុលាការ​មិនគួរប្រើប្រាស់ជាឧបករណ៍ដើម្បីបំបាត់សំឡេងរបស់កម្មករនិយោជិតទេ៕

250 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម