កូដករណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មនៅថ្ងៃអង្គារនេះ ទោះបីសមត្ថកិច្ចរាជធានីភ្នំពេញបានចាប់បង្ខំពួកគេរុញចូលរថយន្តក្រុង ដឹកយកទៅធ្វើចត្តាឡីស័កនិងធ្វើតេស្តរកវីរុសកូវីដ-១៩នៅសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមិនបានរកដំណោះស្រាយជូនពួកគេ។
ក្រុមកូដករ បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចបានបន្តចាប់ខ្លួនកូដករចំនន៥១ នាក់បន្ថែមទៀតនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ ទៅសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ ក្នុងខណ្ឌព្រែកព្នៅ។ ដោយឡែក សម្រាប់កូដករដែលបានបញ្ជូនមកមណ្ឌលចត្តាឡីស័កកាលពីម្សិលមិញទាំង៣៩នាក់ ត្រូវបានអាជ្ញាធរបង្ខំឱ្យចុះកិច្ចសន្យា និងសរសេរលិខិតផាកពិន័យ តែត្រូវបានកូដករបដិសេធមិនព្រមធ្វើតាម។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចេញថ្ងៃអង្គារ ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ មក អាជ្ញាធរបានបញ្ជូនកូដករទៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២។ លើកទីមួយ៦៤នាក់ត្រូវបានចាប់ខ្លួន និងលើកទីពីរមាន ៣៩នាក់ ក្នុងនោះមាន៦នាក់វិជ្ជមានកូវីដ។
កូដករមួយរូបដែលមិនទាន់កាត់ឈ្មោះ កញ្ញា សៀក កញ្ញា អាយុ ៣៤ឆ្នាំ ជាបុគ្គលិកផ្នែកគ្រប់គ្រប់ម៉ាស៊ីនហ្គេម បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ អាជ្ញាធរបានចាប់ខ្លួននាងទាំងកំរោល ដោយអូសចូលក្នុងឡាន និងបន្លំប៉ះពាល់ខ្លួនប្រាណនាងផងដែរ ខណៈនាងបានប្រាប់អាជ្ញាធរឱ្យឈប់ តែអ្នកដែលចាប់នាងនៅតែផ្គើនលើសដើម។
កញ្ញាប្រាប់ថា៖ «គឺគាត់អូសខ្ញុំតែម្ដង អូសហើយដៃរបស់គាត់ទាំងពីរបានប៉ះដើមទ្រូងខ្ញុំទៀត ខ្ញុំបានស្រែកប្រាប់គាត់ថា ប៉ះខ្ញុំហើយតែគាត់អត់ខ្វល់ទេ ចាប់ខ្ញុំអូស ហើយដៃក្ដោបដើមទ្រូងខ្ញុំរហូត»។
កញ្ញាលើកឡើងថា តើនេះជាវិធានការសុខាភិបាលមែនទេ? ហេតុអ្វីអនុវត្តស្ដង់ដារពីរ តែមកលើកូដករដែលគ្រាន់តែទាមទារសេរីភាពការងារ ចុះចំណែកអ្នកទស្សនាបាល់ទាត់? កញ្ញាចាត់ទុកថា ទង្វើររបស់អាជ្ញាធរ គឺជាការរំលោភសិទ្ធិ និងរើសអើងមកលើកូដករ។
កញ្ញាបន្តថា៖ «ខ្ញុំគោរពតាមវិធានការសុខាភិបាលអស់ហើយ អត់បានពពាក់ពពូនដោយខុសច្បាប់អីទេ ចុះអ្នកមើលបាល់? ចំនួនឡើង២ម៉ឹននាក់ជាងអត់មានរក្សាគម្លាតទេ ហេតុអ្វីអាជ្ញាធរអត់ប្រើវិធានការសុខាភិបាល ដូចប្រើមកលើពួកខ្ញុំ និយាយរួមរើសអើងមកលើកូដករ»។
កញ្ញាបានលើកជាសំណើរដល់ក្រសួងកិច្ចការនារី ឱ្យជួយអន្តរាគមន៍ ចំពោះការរំលោភបំពានលើរូបរាងកាយនាង ហើយកញ្ញាថ្កោលទោសចំពោះក្រសួងសុខាភិបាល ដែលប្រើប្រាស់មន្រ្តីគ្មានវិជ្ជាជីវៈមកធ្វើបាបកូដករស្រីៗ។
កញ្ញាបន្តថា ក្នុងនាមជាកូដករ រូបនាងនៅតែរក្សាជំហរដដែល ក្នុងការធ្វើកូដកម្ម បើគ្មានការដោះលែងថ្នាក់ដឹកនាំ និងដោះស្រាយវិវាទការងារនេះ។
កញ្ញាប្រាប់ឱ្យដឹងថា៖ «ខ្ញុំជាកូដករពិតជាមានការងឿងឆ្ងល់ណាស់ ហេតុអ្វីបានក្រសួងសុខាភិបាលប្រើវិធានការខុសគ្នា និងការផាកពិន័យខុសគ្នារវាងពួកខ្ញុំជាកូដករ និងអ្នកមើលបាល់ទាត់ វាអយុត្តិធម៌ខ្លាំង វាអត់ត្រឹមត្រូវ»។
កញ្ញាបានឱ្យដឹងទៀតថា រូបនាងក៏ដូចជាកូដករផ្សេងទៀតគឺបានគោរពវិធានការសុខាភិបាលរួចហើយ ដោយធ្វើតេស្តនៅកោះពេជ្រចំនួន២ដងមកហើយ និងបានធ្វើចត្តាឡីស័កចំនួន១០ថ្ងៃបន្ថែមទៀត ហើយទម្រាំចេញធ្វើកូដកម្មជាថ្មីក៏បានតេស្តឃើញអវិជ្ជមានហើយដែរ។
ហើយរូបគេពិតជាមានការងឿងឆ្ងល់ចំពោះអាជ្ញាធរ ក្នុងការអនុវត្តវិធានការសុខាភិបាល និងការផាកពិន័យមកលើពួកគេ។
កញ្ញាបន្ថែមថា៖ «ខ្ញុំមិនទាន់ទទួលបានសិទ្ធិសេរីភាពពីថៅកែណាហ្គាវើលដ៍ទេ ហើយនេះជាវិវាទការងារសុទ្ធសាធ មិនមែនបញ្ហាជាមួយរដ្ឋាភិបាល ឬអាជ្ញាធរទេ ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវឈរលើច្បាប់ និងចំណុចកណ្ដាល»។
ចំណែក កញ្ញា មៀច ស្រីអូន អាយុ២៨ឆ្នាំ ធ្វើការជាអ្នកចែកបៀរយៈពេល៨ឆ្នាំ បានលើកឡើងស្រដៀងគ្នាថា ពួកគេមានការអន់ចិត្តជាខ្លាំង ចំពោះទង្វើររបស់អាជ្ញាធរ ក្នុងការអនុវត្តវិធានការសុខាភិបាល ដែលមានស្ដង់ការផ្ទុយគ្នា ខុសពីអ្នកចូលរួមទស្សនាប្រកួតបាត់ទាត់ ខណៈក្រុមកូដករគោរពតាមវិធានការសព្វបែបយ៉ាង តែអាជ្ញាធរនៅតែបន្តរារាំងកម្មករមិនឱ្យធ្វើកូដកម្មទៅវិញ។
ស្រីអូន ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំនិងកូដករផ្សេងទៀតអន់ចិត្តខ្លាំង អាជ្ញាធរមានការលំអៀងមកលើកូដករមែនទែន ហើយចំពោះអ្នកចូលរួមមើលបាល់ទាត់U23 ច្រើនម៉ឺននាក់ កាលពីថ្ងៃ១៤ ១៧ និង២០ ខែកុម្ភៈ អាជ្ញាធរមិនមានចំណាត់ការផង មករារាំងតែកូដករ»។
កញ្ញាស្រីអូន បន្តទៀថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មានការប្រើហិង្សាមកលើកូដករស្ត្រីដោយធាក់កូដករបញ្ចូលឡានក្រុង ហើយថ្ងៃទី២២ មានការចាប់ដើមទ្រូងស្ត្រីកូដករ ដែលជាចេតនាច្បាស់មកចាប់លើស្ត្រី ដែលចេញទាមទារសិទ្ធិសហជីព។
កូដករវ័យ២៨ឆ្នាំរូបនេះ ឱ្យដឹងទៀតថា នៅពេលដែលអាជ្ញាធរបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ក គឺគ្រូពេទ្យមិនបានយកសំណាកពួកគេភ្លាមទេ ដោយបង្ខំឱ្យបំពេញឯកសារ ទើបផ្ដល់បាយឱ្យកូដករហូប និងទុកពួកគេចោលមួយយប់ ដោយគ្មានកន្លែងសម្រាកត្រឹមត្រូវរហូតដល់ព្រឹកទើបព្រមធ្វើសំណាកពួកគេ។
ស្រីអូនបញ្ជាក់ថា៖ «គេបញ្ជូនពួកខ្ញុំទៅ តែពេលទៅដល់គ្រូពេទ្យមិនព្រមធ្វើសំណាកភ្លាមៗទេ ទុកពួកខ្ញុំចោលមួយយប់ សូម្បីកន្លែងគេងក៏គ្មានត្រឹមត្រូវ សុទ្ធតែដី សំរាមពេញហ្នឹងបើភួយខ្នើយវិញប្រឡាក់ដីទាំងអស់ ហើយពួកខ្ញុំសម្រេចចិត្តគេងក្រៅហាលសន្សើម ទម្រាំបានតេស្តដល់ម៉ោង៩ព្រឹក»។
មកដល់ថ្ងៃទី២២ ស្រីអូនប្រាប់ថា ពួកគេទាំង៣៩នាក់ ដែលអាជ្ញាធរបញ្ជូនមកម្សិលមិញមិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះនៅឡើយទេ ហើយស្រីអូនចាត់ទុកថា សាលាក្រុងប្រើប្រាស់វិធានការសុខាភិបាល ជាសំអាងក្នុងការបង្ក្រាបកូដករដែលធ្វើកូដកម្មដោយសន្តិវិធី។
ឆ្លើយតបនឹងសំនួរថា ហេតុអ្វីអាជ្ញាធរអនុវត្តវិធានសុខាភិបាលទៅលើកូដករ តែមិនអនុវត្តលើអ្នកគាំទ្របាល់ទាត់ អាជ្ញាធរមិនអើពើរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ឱ្យអ្នកសារព័ត៌មានពិចារណ និងឆ្លើយដោយខ្លួនឯងចុះ ដោយសារតែសាលាក្រុងបានចេញសេចក្ដីប្រកាសរួចហើយ។
អភិបាលរងរូបនេះមានប្រសាសន៍ថា៖ «សួរខ្លួនឯង ហើយពិចារណាទៅ។ យើងបានឆ្លើយទៅរួចហើយ នៅក្នុងសេចក្ដីជូនដំណឹង មានហេតុផលឆ្លើយរួចហើយ យើងអត់ឆ្លងឆ្លើយជាមួយពួកគាត់[កូដករ]ទេ»។
លោកឆែ បានបន្តទៀតថា ការអនុវត្តកន្លងមកចំពោះកូដករ គឺជាវិធានការអប់រំឱ្យពួកគេរាងចាល និងគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងមេរោគអូមីក្រុងក្នុងសហគមន៍ ប៉ុន្តែក្នុងករណីកូដករនៅតែរឹងរូស អាជ្ញាធរនឹងប្រើវិធានការច្បាប់មកអនុវត្ត។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បើអប់រំហើយមិនព្រមរាងចាលទៀត មិនព្រមស្ដាប់ការអប់រំទៀត នៅតែចចេសទៀតយើងនឹងប្រើវិធានការច្បាប់ពិន័យប្រាក់ពួកគាត់ កាលពីម្សិលមិញយើងយកទៅ៣៩នាក់ មានវិជ្ជមានកូវីដ៤នាក់ហើយ»។
លោកបន្ថែមថា ក្នុងករណីថ្ងៃនេះ ក្រុមកូដករនៅតែបន្តសកម្មភាពប្រមូល និងធ្វើសកម្មភាពខុសច្បាប់បន្តទៀត អាជ្ញាធរនៅតែបន្តអនុវត្តដូចកូដករមុនៗដែរ។
លោកអះអាងថា៖ «បើថ្ងៃនេះគាត់អញ្ជើញមកទៀត ធ្វើសកម្មភាពខុសច្បាប់បន្តទៀត អាហ្នឹងយើងនឹងធ្វើសំណាក ហើយបើមានអ្នកវិជ្ជមាន យើងអនុវត្តវិធានការបន្តទៀត គឺការពាររោគឆ្លង»។
យ៉ាងណាមិញ កាលពីថ្ងៃទី២២ កុម្ភៈ សាលាក្រុងបានសម្រេចពិន័យអន្តរការណ៍ ដល់កូដករ ជាប្រាក់ចាប់ពី ១លាន ដល់ ៥លានរៀល ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យមានការរាងចាល។
សម្រាប់បញ្ហានេះ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មើលឃើញថា ការអនុវត្តវិធានការសុខាភិបាលមកលើក្រុមកូដករ គឺមិនស្របគ្នានិងបរិបទប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលមិនបានប្រកាសឱ្យបិទប្រទេស ឬបិទការជួបជុំណាមួយឡើយ ពោលគឺរឹតត្បិតតែមកលើកូដករ។
លោកស្រីថ្លែងថា៖ «យើងដឹងហើយថា ប្រទេសកម្ពុជាយើងក៏មិនបានប្រកាសថាបិទទីក្រុង ឬតំបន់ណាមួយជាក់លាក់ ឬក៏ហាមប្រាមការជួបជុំតែម្ដងនោះទេ ចឹងការប្រើប្រាស់ហេតុផលនៃស្ថានភាពរីករាលដាលជំងឺកូវីដ មកអនុវត្តតែចំពោះការជួបជុំរបស់កូដករ គឺជាកាដៅមុខសញ្ញា»។
លោកស្រីបន្តថា តាំងតែពីកូដករប្រកាសធ្វើកូដកម្ម គឺមានការទប់ស្កាត់តាំងពីដំបូងមកម៉្លេះ មុនការរីករាលដាលនៃជំងឺកូវីដនេះទៅទៀត ខណៈបច្ចុប្បន្នការជួបជុំផ្សេងៗត្រូវបានអនុញ្ញាត តែការជួបជុំរបស់កូដករត្រូវបានហាមឃាត់ ស្របពេលដែលកូដកររក្សាគម្លាត រក្សាអនាម័យបានត្រឹមត្រូវ។
លោកស្រីបន្តទៀតថា៖ «អាជ្ញាធរបានអះអាងអំពីក្ដីបារម្ភពាក់ព័ន្ធនឹងកូវីដ តម្រូវឱ្យកូដករចត្តាឡីស័ក និងតេស្ត វាផ្ទុយពីអ្វីដែលអាជ្ញាធរខ្លួនឯងបានធ្វើ ព្រោះបើបារម្ភពីការរីករាលដាល ចឹងអាជ្ញាធរមិនគួរទៅប៉ះពាល់រាងកាយ ចាប់សែង អូសទាញ ប្រទាញប្រទង់កូដករ ខុសពីវិធានដែលត្រូវរក្សាគម្លាត»។
លោកស្រីបន្តថា អាជ្ញាធរត្រូវមានវិជ្ជាជីវៈក្នុងការអនុវត្តការងារ និងធានាដល់សិទ្ធិពលរដ្ឋក្នុងការជួបជុំដោយសន្តិវិធី និងអនុលោមទៅតាមគោលការណ៍សិទ្ធិមនុស្ស មិនអាចទៅប្រើប្រាស់ហិង្សាទៅលើកូដករណាមួយនោះទេ។
បើតាមក្រុមកូដករបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៩ ខែកុម្ភៈ នេះ កូដករជានិយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណចំនួន ៤៩២ នាក់ បានមកចូលរួមផ្តល់សំណាកលើកទីពីរតាមការកំណត់របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មក កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារដំណោះស្រាយដោយយុត្តិធម៌ក្នុងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងសមាជិក និងថ្នាក់ដឹកនាំសហជីព ដែលជាប់ឃុំក្នុងពន្ធនាគារដោយសារភាពសកម្មរបស់ពួកគេក្នុងការទាមទារដំណោះស្រាយក្នុងករណីវិវាទខាងលើចំនួន៩ចំណុច។
តែថ្វីបើយ៉ាងនេះក្ដី ការធ្វើកូដកម្មរបស់ពួកគេត្រូវបានឱ្យផ្អាកនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសឱ្យកូដករទាំងអស់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយក្នុងករណីមិនគោរពតាមសេចក្ដីណែនាំត្រូវប្រឈមមុខនឹងវិធានការច្បាប់។
គួរជម្រាបជូនថា កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅ កូដករចំនួន ៣នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់កូវីដ១៩ ពីបទរារាំងវិធានការអនុវត្តជំងឺកូវីដ១៩ និងដាក់ពន្ធនាគារ។ ក្នុងនោះ កូដករ ៨នាក់ក្នុងចំណោមអ្នកទាំង ១១ ត្រូវបានចោទប្រកាន់ពីបទញ៉ុះញ៉ង់។
ជុំវិញបញ្ហានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចំនួន៥នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានលើកឡើងថា ការប្រើប្រាស់វិធានការអនុវត្តជំងឺកូវីដ១៩ មកលើក្រុមកូដករ គឺមិនស្មើភាពគ្នា និងចាត់ទុកថាមិនសមហេតុផល។
អ្នករាយការពិសេសរបស់UN ថ្លែងជាសាធារណៈថា៖ «ភាពមិនស៊ីសង្វាក់គ្នាទូទៅ និងកង្វះតម្លាភាព នៅក្នុងវិធានការអនុវត្តជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា ដោយហៅការចាប់ខ្លួនទាំងបីនេះថា មិនសមហេតុផល មិនចាំបាច់ និងមិនសមាមាត្រ»៕