អស់រយៈពេល៣ឆ្នាំហើយ ដែលកូដករណាហ្គាវើលដ៍បានបន្តការតស៊ូមតិរបស់ខ្លួន ដើម្បីស្វែងរកយុត្តិធម៌ និងដំណោះស្រាយជុំវិញវិវាទការងារដ៏រ៉ាំរ៉ៃនេះ ។
ថ្ងៃទី១៨ ខែធ្នូ គឺជាខួបគម្រប់៣ឆ្នាំ ដែលពួកគេចេញធ្វើកូដកម្មទាមទារដំណោះស្រាយពីភាគីពាក់ព័ន្ធ ។ ជម្លោះការងារនៅ កាស៊ីណូណាហ្គាវើលដ៍នេះចាប់ផ្ដើមកើតឡើងនៅពេលក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិកចំនួន ១.៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១ ។ ក្រុមហ៊ុនអះអាងថា ការបញ្ឈប់នេះធ្វើឡើងដោយសារតែខ្លួនជួបបញ្ហាហិរញ្ញវត្ថុក្នុងវិបត្តិកូវីដ-១៩ ។
ក្រុមកូដករបានរៀបរាប់អំពីភាពអយុត្តិធម៌ ការឈឺចាប់ ដូចជាកាចោទប្រកាន់ពីបទញុះញង់ ការចាប់ខ្លួនដាក់ពន្ធនាគារ ការទទួលរងនូវអំពើហិង្សា និងការបៀតបៀនលើកូដករដែលជាស្រ្តីភេទជាដើម ។ ក្នុងនោះមានតំណាងសហជីពចំនួន១១នាក់ បានរងបទចោទប្រកាន់ពី តុលាការ និងត្រូវបានចាប់ដាក់ពន្ធនាគារ ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមកូដករនៅតែប្រកាសច្បាស់ៗ ថានឹងប្រកាន់នូវគោលជំហរឥតងាករេ ក្នុងការតវ៉ា លុះត្រាទទួលបានដំណោះស្រាយតាមច្បាប់ការងារ ខណៈនៅសល់បុគ្គលិក៨០នាក់ មិនទាន់ទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ៕