ការបញ្ជាក់គោលជំហររបស់ កញ្ញា ឈឹម ស៊ីថរ ថានឹងនៅតែបន្តសកម្មភាពតវ៉ាទាមទារសិទ្ធិជូនកម្មករ ដែលកំពុងរងនូវភាពអយុត្តិធម៌ ។
ការអះអាងអំពីជំហរឥតងាករេ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងពីពន្ធនាគាព្រៃស នៅវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ នៃព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីកញ្ញាបានអនុវត្តទោសរយៈពេល ២ឆ្នាំ ។
កញ្ញា ឈឹម ស៊ីថរ ដែលតែងតែចេញមុខយ៉ាងសកម្ម ក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុន ណាហ្កាវើលដ៍ ដើម្បីការពារនិងទាមទារសិទ្ធិជូនកម្មករ បានជាប់ពន្ធនាគារចំនួនពីរលើកមកហើយ គឺលើកទី១ កញ្ញាត្រូវបានចាប់ខ្លួនដោយហិង្សា ក្នុងខែមករា ឆ្នាំ២០២២ ហើយតុលាការសម្រេចឱ្យមេដឹកនាំសហជីពរូបនេះជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទថាបានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទជាបន្តបន្ទាប់ តាមបទបញ្ញត្តិ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ មិនយូរប៉ុន្មាន កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាលើកទី២ ក្នុងអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ថាបានរំលោភលើលក្ខខណ្ឌស្ថិតនៅក្រៅឃុំ ខណៈកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិ នៅឯប្រទេអូស្ត្រាលី ។
ក្នុងកំឡុងពេលជាប់ឃុំនៅពន្ធនាគារព្រៃស កញ្ញា ឈឹម ស៊ីថរ ត្រូវបានប្រគល់ពានរង្វាន់មួយ ផ្នែកការពារសិទ្ធិមនុស្ស ប្រចាំឆ្នាំ២០២៤ ពីរដ្ឋាភិបាលនៃប្រទេស ស៊ុយអ៊ែត ។ ពានរង្វាន់នេះជាពានរង្វាន់ទី២ បន្ទាប់ពីកញ្ញាទទួលបានពានរង្វាន់ការពារសិទ្ធិមនុស្សដែរ ពីក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២ ។
ទោះបីយ៉ាងណា កញ្ញា ឈឹម ស៊ីថរ ត្រូវការពេលវេលាសម្រាកមួយរយៈខ្លី ដើម្បីថែទាំសុខភាព ។ ទន្ទឹមនឹងនេះ កញ្ញាបញ្ជាក់ថា លេខទូរស័ព្ទដែលកញ្ញាធ្លាប់ប្រើប្រាស់ពីមុន ត្រូវបានផ្អាកដំណើរការ រីឯប្រព័ន្ធទំនាក់ទំនងផ្សេងៗ ក៏កញ្ញាមិនទាន់បើកប្រើប្រាស់ឡើងវិញនៅឡើយដែរ ៕