សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូដករណាហ្គាវើលដ៍នឹងដាក់ញត្តិទៅនាយករដ្ឋមន្រ្តី ខណៈក្រសួងការងារមិនទាន់អាចដោះស្រាយវិវាទនេះ

កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីព ថ្លែងក្នុងសន្និសីទសារព័ត៌មានពីដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីព ថ្លែងក្នុងសន្និសីទសារព័ត៌មានពីដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

បុគ្គលិកណាហ្គាវើលដ៍នឹង​ដាក់ញត្តិទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន​នៅសប្ដាហ៍​ក្រោយនេះ ខណៈ​ក្រសួងការងារ​មិនទាន់​អាច​ដោះស្រាយវិវាទ​នេះទទួលបានផលនៅឡើយ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា ក្រុមកូដករក៏នឹងសុំការអន្តរាគមន៍ទៅស្ថាប័នដទៃ​ទៀតដែលពាក់ព័ន្ធ ដើម្បីជំរុញទៅខាងក្រុមហ៊ុនឱ្យមានដំណោះស្រាយលើវិវាទការងារនេះ។

កញ្ញាអះអាងថា ក្នុងករណីដែលនៅតែមិនមានដំណោះស្រាយទេ ក្រុមកូដករនឹងទៅស្នើ​សុំ​ការអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំដើម្បីស្នើឱ្យមានចំណាត់ការជុំវិញវិវាទការងារនេះ តាមរយៈ​ការដាក់ញត្តិនៅសប្ដាហ៍ក្រោយនេះ។

កញ្ញាលើកឡើងថា៖ «នៅពេលនេះយើងមិនទាន់រៀបចំញត្តិរួចរាល់នៅឡើយទេ កំពុង​រង់ចាំ​បុគ្គលិករួមគ្នាធ្វើញត្តិ ពេលរៀបចំរួចនឹងយកទៅដាក់នៅខុទ្ទការល័យរបស់នាយករដ្ឋមន្រ្តី​ស្នើសុំសម្ដេចអន្តរាគមន៍ចំពោះបញ្ហានេះ»។

កញ្ញា ស៊ីថរ បានបន្តថា មូលហេតុដែលកញ្ញា និងក្រុមកូដករសម្រេចចិត្តយកញត្តិ​ទៅដាក់នៅ​ខុទ្ទការល័យ​នាយករដ្ឋមន្រ្តី នៅសប្ដាហ៍ក្រោយនេះ ដោយសារតែតាមទស្សនរបស់កញ្ញា​គិត​ថាក្រសួងការងារមិនអាចដោះស្រាយវិវាទការងារនេះប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែល​អាចឱ្យភាគីទាំងសងខាងទទួលយកបានទេ។

កញ្ញាបន្តទៀតថា៖ «ដូចអ្នកទាំងអស់គ្នាបានដឹងហើយ រយៈពេល៨ខែនៅក្នុ​ងការប្រើ​អស់​យន្តការ​ដោះស្រាយវិវាទ រហូតដល់ដល់ការធ្វើកូដកម្មអស់រយៈពេល៦ខែទៀត​នៅតែមិនមាន​ដំណោះស្រាយ ហើយភាគីដែលមានតួនាទីក្នុងការបកស្រាយច្បាប់គឺក្រសួងការងារ ក៏មិន​បាន​បំពេញតួនាទី ដូច្នេះកូដករមិនមានជម្រើសអ្វីក្រៅ​ពីស្វែងរកអន្តរាគមន៍​ទៅក្រសួង​ពាក់ព័ន្ធ និងប្រមុខរដ្ឋាភិបាលទៀតទេ»​។

កញ្ញាស៊ីថរ បានបញ្ជាក់ថា ការទាមទាររបស់កម្មករនិយោជិត គឺមិនទាមទារអ្វីដែលលើស​ច្បាប់ ខុសច្បាប់ ឬក៏លើសសមត្ថភាពរបស់ក្រុមហ៊ុន ឬក៏អ្នកពាក់ព័ន្ធក្នុងការជំរុញ​ឱ្យមាន​ដំណោះស្រាយនោះទេ។ ហេតុអ្វីបានជាក្រសួងការងារមិនអាចដោះស្រាយបញ្ហានេះជូន​កម្មករ​បាន?

កញ្ញាបានឱ្យដឹងថា៖ «យើងឃើញថាជម្រើសក្នុងការដោះដូរហ្នឹងគឺសមហេតុផលអត់ មាន​ចំណាយ​​អ្វីទាំងអស់ក្នុងការបញ្ចប់វិវាទមួយហ្នឹងទេ​ ចុះហេតុអ្វីបានជាមិនអាច​ដោះស្រាយវិវាទ​ហ្នឹងបាន? ហេតុអ្វីបានបណ្ដោយឱ្យកម្មករនិយោជិតនៅតវ៉ាភាគច្រើនជាស្រ្តី ហើយ​អាជ្ញាធរ​បន្តប្រើអំពើហិង្សាលើពួកគាត់រាល់ថ្ងៃ ឃើញថារូបភាពទាំងអស់នឹងគឺវា អាក្រក់ខ្លាំងណាស់»។

យ៉ាងណាមិញ កញ្ញារំពឹងយ៉ាងមុតមាំថា បញ្ហារបស់កម្មករនឹងពាំនាំទៅដល់នាយករដ្ឋមន្រ្តី​តាមរយៈញត្តិដែលសហជីពគ្រោងនឹងយកទៅដាក់នៅសប្ដាហ៍ក្រោយនេះ។

កញ្ញាបន្ថែមថា៖«បើសិនជាយើងមិនមានសង្ឃឹមនៅក្នុងការអន្តរាគមន៍ជំរុញឱ្យមានដំណោះស្រាយទេក៏យើងមិនពិចារណាក្នុងការដាក់ញត្តិដែរ»។

ចំណែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានចាត់ទុកថាការរាំងស្ទះជុំវិញ​ការ​ដោះស្រាយវិវាទការងារនេះបណ្ដាលមកពីភាគីវិវាទមិនបានអនុវត្តតាមនីតិវិធីដោះស្រាយ​វិវាទ។

លោកឆ្លើយតបយ៉ាងខ្លីតាមរយៈសារតេឡេក្រាមថា៖ «មូលហេតុដែលដោះស្រាយមិនទាន់​ចេញ​គឺមកពីភាគីវិវាទមិនអនុវត្តតាមនីតិវិធីដោះស្រាយ​វិវាទ»។

លោកបន្ថែមថា បើយោងតាមច្បាប់ការងារ គឺភាគីដែលមិនសុខចិត្តការផ្សះផ្សា​គឺប្តឹងទៅ​តុលាការដើម្បីដោះស្រាយបញ្ចប់បាន។

ប៉ុន្តែកញ្ញា ស៊ីថរ បានអះអាងថា បានជាកូដករមិនប្ដឹងទៅតុលាការ ហើយសម្រេចយកការ​ធ្វើកូដកម្ម ដោយសារតែកម្មករមិនអាចទៅតវ៉ាក្ដីជាមួយថៅកែក្រុមហ៊ុន​ដែលជាអ្នកមាន​នោះ​ទេ ខណៈកម្មករខ្លះមានប្រាក់ខែមិនដល់២០០ដុល្លារផងនោះ មានលទ្ធភាព​ឯណាតវ៉ា​ជាមួយ​ថៅកែមានលុយ មានអំណាចនោះ។

កញ្ញាស៊ីថរថា៖ «កូដករមិនអាចយកជម្រើសប្ដឹងទៅតុលាការបានទេ ព្រោះវាមានរយៈ​ពេល​យូរ ហើយយើងជាកម្មករសាមញ្ញយើងអត់អាចមានលទ្ធភាពទៅរកយុត្តិធម៌ ទៅឈរក្នុង​សវនាការជាមួយថៅកែដែលមានប្រាក់វាល់លានដុល្លារ ហើយមាន​អំណាច​ពេញដៃ​ក្នុងការ​ប្រើធនធានរបស់រដ្ឋ ដូចរាល់ថ្ងៃឡានក្រុងដឹកកម្មករជារបស់រដ្ឋ ហើយអាជ្ញាធរជាសេនាធិការ​របស់រដ្ឋទាំងអស់»។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ស្រែកសុំឲ្យជួយ ខណៈអាជ្ញាធរបានចាប់ខ្លួន​ពួកគេ​ដាក់ចូលក្នុងឡានក្រុង នៅពេលដែលពួកគេព្យាយាមធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ការស្នើសុំ​បទ​អន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ជាសិទ្ធិរបស់បាតុករ។​ តាមធម្មតាក្រសួងសាម៉ី គឺក្រសួង​ការងារ​ត្រូវដោះស្រាយបញ្ហាវិវាទការងារនេះ ហើយក្នុងករណីយ៉ាងណា​ទៀតនោះ​លោកមិនទាន់​ដឹងឡើយ មានតែរង់ចាំការសម្រេចរបស់នាយករដ្ឋមន្រ្តី។

លោក ស៊ីផាន ថ្លែងថា៖ «ដូច្នេះអ្វីដែលមកនាយករដ្ឋមន្រ្តីហ្នឹង អាហ្នឹងជាសិទ្ធិរបស់គាត់ យើងរង់ចាំមើលតើការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី អត់មានអ្នកណាដឹងទេរឿងហ្នឹង»។

ជាមួយគ្នានេះដែរ មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានឆ្លើយតបជុំវិញ​គម្រោង​ការដាក់ញត្តិរបស់សហជីពមកកាន់ខុទ្ទការល័យនាយករដ្ឋមន្រ្តីថា ក្នុងនាមលោក​ជាមន្រ្តីនៅទីនោះ គឺស្វាគមន៍ និងទទួលញត្តិនោះ​ក្នុងករណីសហជីព​យកញត្តិមកដាក់​ដោយ​ត្រឹមត្រូវ ព្រោះលោកមិនមានសិទ្ធិជំទាស់ឡើយ។

លោកមានប្រសាសន៍ថា៖«គ្មានមតិអីទេ បើគាត់ [កម្មករ] យកមកដាក់ត្រឹមត្រូវ យើងទទួលទៅ តែបើគាត់មិនត្រឹមត្រូវទេយើងអត់ទទួលទៅ វាចប់ទៅហើយ ខាងខ្ញុំអត់មានសិទ្ធិអីទៅជំទាស់គេទេ»។

លោកឃុន ថារ៉ូ មន្រ្តីសម្របសម្រួលសិទ្ធិការងារនៃអង្គការសង់ត្រាល់ លើកឡើងថា វិវាទការងារនេះ គឺទាក់ទងនឹងសិទ្ធិ ហើយផលប្រយោជន៍។ ដូច្នេះពេលនិយាយដល់សិទ្ធិ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវតែធានាឱ្យមានសេរីភាពជាមូលដ្ឋាន មានការលើកកម្ពស់ និងទទួលស្គាល់សហជីពនៅក្រុមហ៊ុន។

លោក ថារ៉ូ បន្តថា សិទ្ធិផ្នែកសេដ្ឋកិច្ច ក្នុងលក្ខខណ្ឌនិយោជិតទទួលយកសំណង​ដោយ​ស្ម័គ្រចិត្ត គ្មានអ្នកណាអាចហាមឃាត់និយោជិតបានទេ។ ហើយប្រសិនបើកម្មករទាមទារ​ចូលធ្វើការវិញក៏ជាសិទ្ធិរបស់កម្មករ ដូច្នេះក្រុមហ៊ុនត្រូវញែកលក្ខខណ្ឌទាំងពីរនេះឱ្យដាច់។ ក្រសួងការងារក៏ត្រូវបែងចែកសិទ្ធិជាមូលដ្ឋាន និងសិទ្ធិសេដ្ឋកិច្ចឱ្យដាច់ ទើបមានសិទ្ធិ​អំណាច​អាចដោះស្រាយបញ្ហានេះបាន។

លោកបញ្ជាក់ទៀតថា តាមការសង្កេតរបស់លោកឃើញថា សិទ្ធិសេរីភាពការងារគឺមាន​ការ​ធ្លាក់​ចុះធ្ងន់ធ្ងរ ពិសេសក្នុងក្របខណ្ឌសេរីភាពជាមូលដ្ឋានអង្គការវិជ្ជាជីវៈ សិទ្ធិក្នុងការបង្កើត​សហជីព សិទ្ធិចរចាជាសមូហភាព និងសិទ្ធិធ្វើកូដកម្មដោយសន្តិវិធី។

លោកថ្លែងថា៖ «កន្លងមកយើងឃើញថាថ្នាក់ដឹកនាំសហជីពឯករាជ្យប្រឈមក្នុងការអនុវត្ត​គោលការណ៍ទាំង៣ហ្នឹង ការគំរាមកំហែង ការចោទប្រកាន់បទព្រហ្មទណ្ឌ ធ្វើទុក្ខបុកម្នេញ​គ្រប់រូបភាព ដែលជាការជ្រៀតជ្រែកពីអាជ្ញាធររដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាពស្របច្បាប់​របស់សហជីពឯករាជ្យដែលការពារសិទ្ធិ និងប្រយោជន៍កម្មករនិយោជិត»។

ជុំវិញករណីនេះ ខេមបូចាបានទាក់ទងទៅលោក​Hein Dames នាយកគ្រប់គ្រងផ្នែក​ធនធាន​មនុស្ស​ប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីបកស្រាយពីជំហរតបទៅខាងកូដករ ប៉ុន្តែលោក​បានឆ្លើយថាលោកបានលាឈប់ពីក្រុមហ៊ុនណាហ្គាវើលដ៍ហើយ ដូច្នេះលោកមិន​អាច​និយាយអ្វីបានឡើយ។

គួរជម្រាបជូនថា គិតមកត្រឹមថ្ងៃនេះ មានសមាជិកសហជីពប្រមាណតែ ១៧៥នាក់ប៉ុណ្ណោះ ក្នុងចំណោមសមាជិកសហជីពទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីកាត់ឈ្មោះចេញពីក្រុម ហ៊ុន ដែលមានបំណងចង់ឱ្យក្រុមហ៊ុនទទួលយកធ្វើការងារវិញ ខណៈពេលដែលសមាជិក​សហជីពដែលស្ម័គ្រចិត្តចូលរួមក្នុងគម្រោងកាត់បន្ថយបុគ្គលិកមានដល់​ទៅជាង​៣០០នាក់​លើសចំនួនអ្នកទាមទារ ចូលធ្វើការវិញ។

បើតាមថ្នាក់ដឹកនាំសហជីព បានលើកឡើងថា ក្រុមហ៊ុនណាហ្គាវើលដ៏បានបញ្ឈប់កម្មករ​និយោជិតរួមទាំងថ្នាក់ដឹកនាំសហជីព និងប្រតិភូ បុគ្គលិកដោយមិនបាន​អនុវត្តឲ្យ​បាន​ត្រឹមត្រូវ​ស្របតាមច្បាប់ឡើយ ឧទាហរណ៍ដូចជាការកំណត់យកកម្មករ និយោជិតណាដែលត្រូវកាត់​បន្ថយនោះ គឺមិនបានពិចារណាទៅលើអតីតភាពជំនាញ និងបន្ទុកគ្រួសាររបស់កម្មករ​និយោជិត​ឡើយ ដែលលក្ខ័ណ្ឌទាំងនេះមានចែងយ៉ាងច្បាស់ក្នុងមាត្រា៩៥ នៃច្បាប់ស្តីពីការ ងារ។

តាមប្រភពដដែល ការបញ្ឈប់ប្រតិភូបុគ្គលិក និងថ្នាក់ដឹកនាំសហជីព ដែលច្បាប់តំរូវឲ្យមាន​ការអនុញ្ញាតពីអធិការកិច្ច តែក្រុមហ៊ុនណាហ្គាវើលដ៏បានបញ្ឈប់ប្រតិភូបុគ្គលិក និងថ្នាក់​ដឹកនាំសហជីព ទាំងមិនមានលិខិតអនុញ្ញាតពីអធិការកិច្ចឡើយ៕

307 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម