អង្គសមាជវិសាមញ្ញគណបក្សកម្លាំងជាតិសម្រេចជ្រើសរើស លោក ជា មុនី ជាប្រធានបក្ស និងលោក សុខ គឹមសេង ជាអនុប្រធានបក្ស នៅថ្ងៃទី១៥ ខែកញ្ញា ក្រោយពីលោក ស៊ុន ចន្ធី ដែលជាអតីតប្រធានគណបក្សនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ឃុំខ្លួនកាលពីខែឧសភា កន្លងទៅ ក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មុននឹងអង្គសមាជផ្តល់សេចក្តីទុកចិត្តឱ្យឡើងជាក្បាលម៉ាស៊ីនដឹកនាំនេះ លោក ជា មុនី ជាអនុប្រធានគណបក្ស ខណៈលោក សុខ គឹមសេង គឺជាប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិ។
អង្គសមាជនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅខុទ្ទកាល័យគណបក្សកម្លាំងជាតិ ដែលស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមពីសមាជិក និងអ្នកគាំទ្រប្រមាណជាង៣០០នាក់។ សមាជនេះ បានធ្វើឡើងក្រោយពីសាលារាជធានីភ្នំពេញបដិសេធមិនឱ្យគណបក្សកម្លាំងជាតិ រៀបចំនៅទីលានប្រជាធិបតេយ្យតាមការស្នើសុំកាលពីថ្ងៃទី១២ ខែសីហា។ ប៉ុន្តែ នៅថ្ងៃទី១១ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យគណបក្សនេះរៀបចំនៅខុទ្ទកាល័យរបស់ខ្លួន បន្ទាប់បានប្រជុំពិភាក្សាគ្នារួចរាល់។
ក្រៅពីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំទាំង២រូបខាងលើ គណបក្សប្រឆាំងមួយនេះ ក៏បានជ្រើសរើសគណៈកម្មការនាយកចំនួន៣១រូបដែរ។ ដោយឡែក លោក រ៉ុង ឈុន នៅបន្តជាទីប្រឹក្សាគណបក្សនេះដដែល។
លោក ជា មុនី ដែលទើបត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជាប្រធានគណបក្សថ្មីថ្មោង បានមានប្រសាសន៍ថា មិនមែនជារឿងងាយស្រួលទេ ក្នុងការឡើងមកកាន់តែតួនាទីជាប្រធានបក្សប្រឆាំងមួយ ដែលកំពុងទទួលការគាំទ្រពីប្រជាពលរដ្ឋ។ ជាក់ស្តែងលោកថា សូម្បីតែទីតាំងខុទ្ទកាល័យ ដែលគណបក្សកម្លាំងជាតិជួល ក៏ត្រូវបានម្ចាស់ផ្ទះសុំបញ្ចប់កុងត្រាមុនកាលកំណត់ ឈប់ជួលឱ្យដែរ។
បន្ថែមលើនេះ លោកថា ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិមួយចំនួនត្រូវបានចាប់ខ្លួន ដូចជា អតីតប្រធានគណបក្ស លោក ស៊ុន ចន្ធី អគ្គនាយករដ្ឋបាលគណបក្ស លោក ជិន ប៊ុណ្ណារ័ត្ន និងអគ្គហិរញ្ញឹកគណបក្ស លោក អ៊ុំ វីរៈរដ្ឋ ជាដើម។ លោកចាត់ទុកថាសកម្មភាពទាំងនេះ ដោយសារគណបក្សកម្លាំងជាតិ ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ទោះជាទើបប្រសូត្របានជាង១ឆ្នាំក៏ដោយ។
គណបក្សកម្លាំងជាតិ ត្រូវបានបង្កើតឡើងដោយ លោក ស៊ុន ចន្ធី កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយលោកក៏មានតួនាទីជាប្រធានគណបក្ស។
ប៉ុន្តែ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយលោកត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ រំលងបានមួយថ្ងៃ លោកត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួន នៅពន្ធនាគារក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅជាប់ជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ទោះជាបែបនេះក្តី លោក ជា មុនី លើកឡើងថា គ្រប់រចនាសម្ព័ន្ធរបស់គណបក្សនឹងនៅតែធ្វើការរួមគ្នា ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ លោកអះអាង គណបក្សកម្លាំងជាតិ នឹងឈ្នះឆ្នោត ប្រសិនបើការបោះឆ្នោតក្នុងឆ្នាំ២០២៧ និង២០២៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកថ្លែងថា៖ «[បើការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ]គណបក្សកម្លាំងជាតិនឹងឈ្នះភ្លូកទឹកភ្លួកដី ជឿចុះ! គ្មានគណបក្សណាដែលមានវិសាលភាពដូចគណបក្សកម្លាំងជាតិនេះទេ»។
លោកឱ្យដឹងទៀតថា បច្ចុប្បន្នគណបក្សរបស់លោក សម្លឹងឃើញបញ្ហាទាំងអស់របស់ប្រជាពលរដ្ឋ ប៉ុន្តែមិនអាចជំរុញឱ្យមានការដោះស្រាយបាន ដោយសារតែមិនមានសមាសភាពក្នុងរដ្ឋសភា។ ដូច្នេះលោកសង្កត់ធ្ងន់ថា នៅពេលគណបក្សរបស់លោកអាចទទួលបានអាសនៈក្នុងរដ្ឋសភា នោះនឹងលើកយកបញ្ហារបស់ជាតិ និងពលរដ្ឋមកដោះស្រាយ។
លោកអះអាងថា៖ «នៅពេលដែលគណបក្សនេះ[គណបក្សកម្លាំងជាតិ] មានសមាជិកនៅក្នុងរដ្ឋសភាជាតិ នៅក្នុងស្ថាប័ន យើងនឹងយកបញ្ហារបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាកន្លងមក មិនមែនតែបញ្ហាកសិករស្រែស្រួវទេ គឺរួមទាំងបញ្ហាដីធ្លី និងអ្វីៗដែលជាបញ្ហារបស់កសិករ ដែលជាបញ្ហារបស់ជាតិ យើងយកមកធ្វើកិច្ចការងារនេះជួនប្រជាពលរដ្ឋ»។
អ្នកចូលរួមអង្គសមាជម្នាក់ មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក មិន វុទ្ធី ឱ្យដឹងថា លោកមិនមានតួនាទីក្នុងបក្សឡើយ ប៉ុន្តែលោកមកចូលរួមដោយស្ម័គ្រចិត្ត ព្រោះស្រលាញ់គណបក្សប្រឆាំងមួយនេះ។ ជាមួយគ្នា លោកក៏ពេញចិត្តនឹងសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មីៗដែរ។
លោកថ្លែងថា៖ «ខ្ញុំស្រលាញ់គណបក្សហ្នឹង[គណបក្សកម្លាំងជាតិ] ពេញក្រអៅបេះដួងខ្ញុំហើយ! ចង់លេបទុកទៀត ព្រោះល្អ»។ លោកបន្ថែមថា៖«ខ្ញុំពេញចិត្ត! ពេញចិត្តទាំងអស់ហ្នឹង មិនមែនតែខ្ញុំទេ! គឺទូទៅ យុវជនក៏ពេញចិត្ត យុវចាស់ក៏ពេញចិត្ត ព្រោះពួកគាត់ជាខ្មែរ អត់មានជំពាក់គុណគេទេ! អត់ពាក់ព័ន្ធនឹងបរទេសទេ គឺពួកគាត់បម្រើខ្មែរចំ គឺពួកគាត់កូនខ្មែរតែម្តង»។
ពលរដ្ឋវ័យ៦០ឆ្នាំរូបនេះ ចង់ឃើញគណបក្សកម្លាំងជាតិមានគោលនយោបាយច្បាស់លាស់ ដើម្បីជាក្តីសង្ឃឹមដល់លោក និងពលរដ្ឋផ្សេងទៀត។ លោកបន្ថែមថា អ្វីដែលចង់ឃើញមុនគេ គឺចង់ឱ្យការពារធនធានធម្មជាតិ ការពារព្រំដែន និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់។
លោកថា៖ «ខ្ញុំសំណូមពរឱ្យគណបក្សកម្លាំងជាតិ ធ្វើម៉េចឱ្យមានគោលការណ៍រឹងមាំ ដើម្បីជានាវាមួយ គឺប្រជាពលរដ្ឋពឹងផ្អែកលើគណបក្សហ្នឹងហើយ! ងាប់រស់គឺពឹងលើគណបក្សកម្លាំងជាតិហើយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សរបស់លោកមិនមានចិត្តចង្អៀត ចំពោះគណបក្សនយោបាយដទៃឡើយ ឱ្យតែសកម្មភាពនោះស្របច្បាប់។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការប្រកួតប្រជែងកម្លាំងនយោបាយ។
លោកមានប្រសាសន៍ថា៖ «គណបក្សប្រជាជនអត់មានចង្អៀតចង្អល់ជាមួយគណបក្សផ្សេងទេ ព្រោះសព្វថ្ងៃនេះ យើងមានដល់ទៅជាង៤០គណបក្សនយោបាយ។ អ៊ីចឹងយើងអត់មានចង្អៀតចង្អល់ទេ គណបក្សណាក៏ដោយ ឱ្យតែធ្វើសកម្មភាពស្របទៅតាមគោលការណ៍ច្បាប់ គឺជាសិទ្ធិរបស់គាត់ អត់មានអីកើតឡើងទេ»។ លោកបន្តថា៖ «យើងស្វាគមន៍ ឱ្យតែគាត់មានកម្លាំងនយោបាយខ្លាំងក្លាទៅ អាហ្នឹងល្អមើលក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា»។
រីឯអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភា លោក ញឿន រ៉ាដែន អះអាងថា គណបក្សរបស់លោកមិនចាប់អារម្មណ៍លើសកម្មភាពនយោបាយរបស់គណបក្សផ្សេងឡើយ ក្រៅពីប្រមូលការគាំទ្រពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «គណបក្សហ៊្វុនស៊ិនប៉ិចយើង អត់មានចាប់អារម្មណ៍ជាមួយគណបក្សណាផ្សេងទេ។ វាជាសិទ្ធិសេរីភាព គាត់ធ្វើយ៉ាងម៉េច បែបណា នោះជារឿងគាត់។ គណបក្សហ៊្វុនស៊ិនប៉ិច យើងផ្តោតសំខាន់ គឺធ្វើយ៉ាងម៉េចប្រមូលអ្នករាជានិយម»។
ដោយឡែក អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការរៀបចំរចនាសម្ព័ន្ធថ្មីគឺជារឿងល្អសម្រាប់បក្សប្រឆាំងមួយនេះ ប៉ុន្តែលោកសង្កេតឃើញថាកន្លងមក លោក ជា មុនី ហាក់មិនសូវសកម្មក្នុងរឿងនយោបាយ ដូចកាលលោកនៅជាសហជីព។ យ៉ាងណា
លោកយល់ថា ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ អាចធ្វើឱ្យសកម្មភាពនយោបាយក្នុងបក្សនេះមានសន្ទុះជាងក្នុងដំណាក់កាលដែលមិនទាន់ជ្រើសរើសប្រធានថ្មី ពោលគឺពេលអតីតប្រធានបក្ស លោក ស៊ុន ចន្ធី កំពុងជាប់ពន្ធនាគារ។
ទោះជាបែបនេះក្តី ប៉ុន្តែលោក សុវណ្ណារ៉ា មានប្រសាសន៍ថា ដើម្បីអាចបង្កើនការគាំទ្រ និងរក្សាសុវត្ថិភាព គណបក្សកម្លាំងជាតិ គួររៀបចំយន្តការការពារខ្លួនច្បាស់លាស់ ដើម្បីបញ្ចៀសពីការបាត់មុខពីសង្វៀននយោបាយ ឬជាប់គោលការណ៍ដាក់បន្ទុកផ្សេងៗពីគណបក្សកាន់អំណាច។ មួយវិញទៀត បក្សប្រឆាំងដដែលនេះ ក៏គួរតែបង្កើនសកម្មភាពវិជ្ជមានឱ្យប្រជាពលរដ្ឋបានឃើញដែរ។
លោកបន្ថែមថា៖ «បើសិនជា [គណបក្សក្រៅរដ្ឋាភិបាល] នៅស្ងៀមដូចបច្ចុប្បន្ន ហាក់ដូចជាពុំអាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋទេ ទាល់តែគាត់ធ្វើសកម្មភាពនយោបាយ សកម្មភាពមនុស្សធម៌ច្រើន ឈឺឆ្អាលរឿងប្រជាពលរដ្ឋបានច្រើន ទើបយើងគិតថាអាចទទួលបានការគាំទ្រ»៕