រដ្ឋសភាកម្ពុជាអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដី«វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅព្រឹកថ្ងៃសុក្រនេះ ដែលច្បាប់នេះនឹងបើកផ្លូវដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្តខុសច្បាប់ ជាអតិបរមារហូតដល់២០ឆ្នាំ។ សង្គមស៊ីវិលបារម្ភថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែរួមតូច នៅពេលច្បាប់នេះចូលជាធរមាន។
រដ្ឋសភា ប្រើរយៈពេលត្រឹមតែជាង១ម៉ោង ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីថ្មីនេះ ដោយអនុម័តសម្លេងគាំទ្រជាឯកច្ឆន្ទ៨៣ លើ៨៣សម្លេង ហើយពុំមានការកែប្រែនោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងនៅក្នុងអង្គប្រជុំថា កម្ពុជាចាំបាច់ត្រូវមានច្បាប់នេះដើម្បីឲ្យការអនុវត្តវិធានសុខាភិបាល បានសម្រេចជោគជ័យ ឈានទៅកាន់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។ លោកបានស្នើសុំរដ្ឋសភាគាំទ្រ និងអនុម័តច្បាប់នេះជាបន្ទាន់។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «យើងខំទប់ស្កាត់ហើយតែមានអ្នកល្មើសសេចក្ដីណែរនាំ ដូច្នេះត្រូវមានច្បាប់ ទើបទប់ស្កាត់បាន»។
តំណាងរាស្ត្រ និន សាផុន បានឡើងថ្លែងការណ៍រយៈពេលជាង៥នាទី ដោយលោកស្រីគាំទ្រឲ្យសភាអនុម័តច្បាប់នេះជាប្រញ៉ាប់និងកោតសរសើរចំពោះស្នាដៃប្រយុទ្ធប្រឆាំងកូវីដ១៩របស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
លោកស្រី និន សាផុន ថ្លែងថា ៖«វិធានការច្បាប់ជាការចាំបាច់ នាងខ្ញុំសូមសំដែងការកោតសរសើររាជរដ្ឋាភិបាលនិងគាំទ្រពេញទំហឹងចំពោះសេចក្ដីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាលស្នើឱ្យរដ្ឋសភាគាំទ្រច្បាប់នេះ»។
លោកស្រី និន សាផុន ថែមទាំងស្នើឱ្យប្រជាពលរដ្ឋគោរពច្បាប់ថ្មីនេះ ឱ្យបានខ្ចាប់ខ្ជួនទៀតផង។
សេចក្តីព្រាងច្បាប់ថ្មីនេះមាន ៦ជំពូក និង ១៨មាត្រា។ នៅក្នុងសេចក្ដីព្រាងច្បាប់ នោះបានលើកឡើងថា ច្បាប់នេះធ្វើឡើង សំដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ។ ច្បាប់នេះនឹងប្រើក្នុងពេលឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺផ្សេងទៀត។
ច្បាប់នេះនឹងបើកផ្លូវឲ្យដាក់ទោសទណ្ឌ អ្នកគេចវេះពីចត្តាឡីស័កឬរត់ចេញពីការធ្វើចត្តាឡីស័ក អាចនឹងជាប់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ បើសិនណារកឃើញថាអំពើនេះបណ្ដាលឱ្យមានការឆ្លងជំងឺ។ ចំណែកអ្នកដែលគេចវេះពីការព្យាបាល ត្រូវជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ។ សម្រាប់អ្នករត់គេច ហើយចម្លងជំងឺដល់អ្នកដ៏ទៃត្រូវផ្ដន្ទាទោសពី៥ឆ្នាំដល់១០ឆ្នាំ។
ចំពោះអ្នកចម្លងជំងឺទៅអ្នកដទៃដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ និងជាប់ទោសពី ១០ឆ្នាំដល់២០ឆ្នាំ ករណីអំពើនេះរៀបចំដោយក្រុមចាត់តាំង។
ការបង្កើតច្បាប់ដោយប្រញ៉ាប់នេះ ធ្វើឡើងក្រោយពីក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣កាលពីថ្ងៃទី២០កុម្ភៈ។ គិតត្រឹមថ្ងៃសុក្រនេះ មានអ្នកឆ្លងចំនួន៤២៥ករណីក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់៩៣២ករណី។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩ នាព្រឹកថ្ងៃទី០៤ខែ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងគាំទ្រឲ្យបង្កើតច្បាប់ថ្មីនេះ។ លោកបានលើកឡើងថា ការបង្កើតច្បាប់ថ្មីនេះគឺដើម្បីដាក់ទោសអ្នកដែលបំពានបំរាមនានារបស់រដ្ឋាភិបាល។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖«ដោយសារសង្កេតឃើញថា រយៈពេលកន្លងមកមានការបំពានមួយចំនួន យើងក៏បានប្រើប្រាស់អនុក្រឹត្យ ប៉ុន្តែកម្រិតអនុក្រឹត្យមិនអាចអនុវត្តទោសទណ្ឌបានទេ ដូច្នេះបានជារាជរដ្ឋាភិបាលត្រូវរៀបចំច្បាប់ នេះឡើង»។
លោក ហ៊ុន សែន បានលើកយកឧទាហរណ៍ករណីសន្តិសុខសណ្ឋាគារសុខា ដែលនាំស្ត្រីចិនបួននាក់ចេញពីកន្លែងចត្តាឡីស័កស្របពេលដែលអាជ្ញាធររកឃើញថាស្ត្រីពីរនាក់ ក្នុងចំណោមបួននាក់នោះមានជំងឺកូវីដ១៩ ដែលបណ្តាលឲ្យឆ្លងជាចង្កោមក្នុងសហគមន៍លើកទី៣។
លោក ហ៊ុន សែនបន្ត៖«ស្ត្រីជនជាតិចិន២នាក់ស៊ុំគ្រលំ ជាមួយនឹងសន្តិសុខសណ្ឋាគារ តើត្រូវដាក់ទោសគេយ៉ាងម៉េច?យើងអត់ទាន់មានច្បាប់ ដូច្នេះយើងត្រូវធ្វើច្បាប់។អ្នកបំពាន អ្នកសមគំនិត គួរផាកពិន័យប៉ុណ្ណា ក្រៅពីផាកពិន័យតើនឹងទោសផ្សេងទៀតដែលអាចឱ្យគេជាប់គុកទេ? អនុក្រឹត្យមិនអាចដាក់គុកគេបានទេ»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធគួរតែពន្យាពេលអនុម័តច្បាប់ស្ដីពី«វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»នេះសិន ដោយសារស្ថានភាពបច្ចុប្បន្នមិនទាន់ដល់កម្រិតធ្វើច្បាប់នោះទេ។ លោកថា ការបង្កើតច្បាប់ដែលមិនពិភាក្សាឱ្យគ្រប់ជ្រុងជ្រោយអាចនឹងបណ្ដាលឱ្យមានអយុត្តិធម៌សង្គម ។
លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា៖«ការបង្កើតច្បាប់ក្នុងពេលដែលមានសភាឯកបក្ស នាំឱ្យបាត់បង់សម្លេងជំទាស់ ពេលដែលមិនមានការពិគ្រោះយោបល់ នាំឱ្យច្បាប់នេះបម្រើតែក្រុមនយោបាយម្ខាងដែលមានអំណាច»។
កាលពីឆ្នាំ២០២០ កម្ពុជាបានបង្កើតច្បាប់មួយរួចហើយ គឺច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដោយរដ្ឋាភិបាលអះអាងថា ជាការចាំបាច់ដើម្បីទប់ស្កាត់ចលាចលក្នុងពេលដែលប្រឈមនឹងវិបត្តិកូវីដ១៩។
លោក ប៉ា ច័ន្ទរឿន ចាត់ទុកកម្រិតទោសទណ្ឌដែលចែងក្នុងសេចក្ដីព្រាងច្បាប់ មានលក្ខណៈធ្ងន់ធ្ងរ ដែលមិនត្រូវនឹងស្ថានភាពសង្គមកម្ពុជាសោះឡើយ។
លោក ប៉ា ច័ន្ទរឿន បន្ថែមថា៖«នៅបរទេសពេលគេមានជំងឺឆ្លងខ្លាំងដូចយ៉ាងអង់គ្លេសឬអូស្ត្រាលីអីជាដើមនោះក៏គេមិនធ្វើច្បាប់ដាក់គុកដាក់ច្រវ៉ាក់រហូតដល់រាប់ខែរាប់ឆ្នាំអ៊ីចឹងទេ គេគ្រាន់តែពិន័យជាប្រាក់ប៉ុណ្ណោះ។ អ្នកខ្លះគាត់ត្រូវបង្ខំចិត្តល្មើសបំរាម ដើម្បីរកស៊ីចិញ្ចឹមក្រពះ ដើម្បីដោះបន្ទុកគ្រួសារ ដូច្នេះការដាក់ទណ្ឌកម្មហ្នឹងមិនត្រូវឈានដល់ដាក់គុកអីនោះទេ»។
ឆ្លើយតបនឹងបញ្ហានេះ សមាជិកអចិន្ត្រៃយ៍និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន អះអាងថា ទណ្ឌកម្មព្រហ្មទណ្ឌដែលមានចែងក្នុងសេចក្ដីព្រាងច្បាប់ គឺធ្វើឡើងដើម្បីបង្ការកុំឱ្យមានការឆ្លងរាលដាលជំងឺប៉ុណ្ណោះ។
លោក ឈាង វុន មានប្រសាសន៍ថា៖ « កម្ពុជាយើងនៅធូរស្រាលឆ្ងាយណាស់ បើធៀបនឹងប្រទេសផ្សេងៗទៀត ដូចយ៉ាងនៅឥណ្ឌាអីសុទ្ធតែវាយនឹងដំបងផងបើហ៊ានល្មើសវិធានសុខាភិបាល។ បើនិយាយពីទោសអតិរមាវិញ ច្បាប់នេះដាក់ទោសលើអ្នកដែលមានបំណងមានចេតនាចម្លងជំងឺ ដូច្នេះដាក់ទោសគាត់២០ឆ្នាំគឺសមល្មមហើយ អត់មានធ្ងន់អីទេ»។
ក្រៅពីទោសព្រហ្មទណ្ឌ អ្នកល្មើសច្បាប់នឹងត្រូវពិន័យអន្តរការណ៍ ទណ្ឌកម្មរដ្ឋបាល រួមមានមាន ដកហូតអាជ្ញាប័ណ្ណ បិទអាជីវកម្ម ពិន័យជាទឹកប្រាក់ចាប់ពី ២លានរៀល ដល់២០លានរៀល។ល។ ច្បាប់នេះក៏បានចែងផ្ដល់សុពលភាពលើអនុក្រឹត្យនានាដែលរដ្ឋាភិបាលចេញកាលពីពេលកន្លងទៅផងដែរ។គ្រប់មាត្រានៃច្បាប់ដែលចែងពីវិធានការចំពោះការរីករាលដាលនៃកូវីដ១៩ នឹងត្រូវយកមកអនុវត្តក្នុងស្ថានភាពជំងឺឆ្លងកាចសាហាវផ្សេងៗទៀត។
នាយករងអង្គការលីកាដូ លោកអំ សំអាត បង្ហាញក្ដីបារម្ភថា ប្រជាពលរដ្ឋនឹងមិនបានយល់ដឹងពីច្បាប់នេះឡើយ។ ដូច្នេះពលរដ្ឋជាច្រើនអាចនឹងជាប់ទោស ប្រសិនបើច្បាប់នេះមិនត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «ទោសទណ្ឌគឺដូចជាធ្ងន់ធ្ងរ រហូតអាចពី១០ ទៅ២០ឆ្នាំ និងការរងពិន័យខ្ពស់ពី៥ ទៅ២០លានរៀល ។ ដូច្នេះខ្ញុំបារម្មណ៍ថាបើប្រជាពលរដ្ឋមិនបានយល់ដឹងពីច្បាប់នេះគាត់អាចប្រឈមមុខនឹងទោសទណ្ឌនេះ»។
កាលពីខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យចំនួន២រួចទៅហើយ ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ អនុក្រឹត្យទាំង២នេះ រួមមាន អនុក្រឹត្យស្តីពី វិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង អនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លងទូទៅតាមច្រកចេញចូលព្រំដែន។
តាមការថ្លែងជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមីនា នៅកម្ពុជាមានមនុស្សជាង១ម៉ឺ៥ពាន់ នាក់កំពុងធ្វើចត្តាឡីស័ក។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងប្រាប់ខេមបូចា គិតត្រឹមថ្ងៃទី១៣ខែកុម្ភៈដល់ថ្ងៃទី០៤ខែមីនា សមត្ថកិច្ចចាប់មេខ្យល់ចំនួន ១០៨នាក់ ដែលជាអ្នករកស៊ីនាំមនុស្សឆ្លងដែនខុសច្បាប់និងគេចពីចត្តាឡីស័ក៕