រដ្ឋសភា នៅថ្ងៃទី២៥ ខែសីហា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់សញ្ជាតិ ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរណាដែលរកឃើញថាក្បត់ជាតិ គប់គិតជាមួយបរទេស ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ បើទោះបី:អង្គការសង្គមស៊ីវិលចំនួន៥០ស្នើឱ្យលុបចោលសេចក្តីព្រាងច្បាប់នេះក៏ដោយ។
យោងសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ ស្តីពី «វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ» ឱ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងភាពតានតឹង និងប្រឈមការឈ្លានពានពីសំណាក់រដ្ឋបរទេស ប៉ុន្តែបែរជាមានពលរដ្ឋខ្មែរមួយចំនួនតូច ពិសេសក្រុមរស់នៅក្រៅប្រទេសបានធ្វើសកម្មភាពគប់គិតជាមួយបរទេស ប៉ះពាល់សេចក្តីសុខសាន្ត និងឧត្តមប្រយោជន៍ ខណ:រដ្ឋាភិបាលកំពុងកសាងខឿនការពារជាតិ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
ម្យ៉ាងទៀត សេចក្តីព្រាងច្បាប់នេះ ពុំបង្កផលវិជ្ជមានដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជាឡើយ ក៏មិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ដែលគោរពតាមមាត្រា៤៩ថ្មី ចែងថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឱ្យប្រយោជន៍ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ» នេះបើតាមសេចក្តីថ្លែងហេតុ។
សេចក្តីថ្លែងហេតុ៖ «សេចក្តីព្រាងច្បាប់ ស្តីពី «វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ» នេះ មានគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តិអំពីការបាត់សញ្ជាតិតាមរយ:ការដកសញ្ជាតិខ្មែររបស់ជនជាតិដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»។
កាលពីថ្ងៃទី២៧ ខែមិថុនា អំឡុងពេលជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ក្នុងខេត្តព្រះវិហារ លោក ហ៊ុន សែន បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាបានលើកឡើងនូវគំនិតផ្តួចផ្តើមនេះ។ រហូតនៅថ្ងៃទី១១ ខែកក្កដា ទើបរដ្ឋសភាអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យដកសញ្ជាតិលើពលរដ្ឋខ្មែរណា ដែលរកឃើញថាក្បត់ជាតិគប់គិតជាមួយបរទេស ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ ក្រោយព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់រួចរាល់។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាដឹកនាំធ្វើវិសោធនកម្មបានថ្លែងក្នុងប្រជុំរដ្ឋសភាថា ដោយពិនិត្យឃើញនូវស្ថានភាពចាំបាច់ និងអនុលោមតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញ ទើបសហភាគីរបស់រដ្ឋាភិបាលបានផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយបន្ថែមឱ្យមានការដកសញ្ជាតិខ្មែរ ចំពោះជនដែលប្រព្រឹត្តសកម្មភាពនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ។
លោក ស សុខា មានប្រសាសន៍៖ «ហេតុដូចនេះ ជនដែលប្រព្រឹត្តនូវអំពើខាងលើនេះ គ្មានភាពស្មោះត្រង់ចំពោះជាតិ និងពុំបានតម្កល់ប្រយោជន៍ជាតិជាធំ ពុំគួរនៅមានគុណភាព ជាប្រជាពលរដ្ឋខ្មែរទៀតទេ»។
ក្រៅពីនេះ លោកក៏អះអាងថា សេចក្តីព្រាងច្បាប់នេះ ពុំជះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ខ្មែរនោះទេ ហើយក៏មិនប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ ទ្រព្យសម្បត្តិស្របច្បាប់ខ្មែរ នោះដែរ។
មាត្រា២៩(ថ្មី) ចែងថា ប្រជាពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិខ្មែរ ក្នុងករណីណាមួយមាន៥ចំណុចរួមមាន ១-ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេសដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ២-ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។ ៣-ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។ ៤-បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការផ្តល់ព័ត៌មានមិនពិត។ និង៥- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។
ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ១៨ (ដប់ប្រាំបី)ឆ្នាំ យ៉ាងតិច និងមានសញ្ជាតិមួយផ្សេង និងត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការពាក់ព័ន្ធ ហើយកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះបើយោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល។

បើទោះមានការអះអាងថាគ្មានផលប៉ះពាល់ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា លោកពិតជាមិនចង់ឃើញច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា សម្រេចយ៉ាងតក់ក្រហល់ក្រោមសម្ពាធនយោបាយបែបនេះទេ ផ្ទុយទៅវិញ រដ្ឋាភិបាលគួរពិគ្រោះយោបល់ ឬស្ទង់មតិពីពលរដ្ឋ សង្គមស៊ីវិល និងអ្នកច្បាប់នានាដែលមិនមែនរដ្ឋាភិបាលជាមុន។
លោក មាជ សុវណ្ណរ៉ា ថ្លែងថាបន្ត៖ «គ្មានជម្រើសអ្វីក្រៅពីអនុវត្តដោយប្រុងប្រយ័ត្ន អ្វីៗវាហួសនឹងការជំទាស់ហើយ ក្រៅពីដើរនយោបាយ និងនិយាយ ឬប៉ះពាល់ប្រការណាដែលផ្ទុយនឹងមាត្រាច្បាប់ ប៉ុន្តែសម្រាប់ស្មារតីជាតិនិយមរបស់ខ្ញុំចំពោះមាតុភូមិកម្ពុជា គឺខ្ញុំមិនភ័យខ្លាច ឬបារម្ភអ្វីទេ សំខាន់ខ្ញុំអត់ក្បត់ជាតិខ្ញុំ ខ្ញុំប្រកាន់ជំហរ ឈរលើការពិត ដើរលើផ្លូវត្រឹមត្រូវ»។
កាលពីថ្ងៃទី២៤ ខែសីហា ក្រុមអង្គការសង្គមស៊ីវិលចំនួន៥០អង្គការ-ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងការការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ និងទទូចមិនឱ្យដកហូតសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរ ដែលចាត់ទុកថា អាចជាកំហុសយ៉ាងធំធេងដល់សង្គម និងប្រទេស ពិសេសដំណើរថយក្រោយនៃសិទ្ធិសេរីភាពជាមូលដ្ឋាន។
សេចក្តីថ្លែងការណ៍៖ «ហានិភ័យខាងលើនេះ ក៏ត្រូវបានសាធារណជនដឹងឮជាទូទៅថា អាចនឹងកើតមានចំពោះសកម្មជនសិទិ្ធមនុស្ស អ្នកនយោបាយ យុវជន និងអ្នករិះគន់រាជរដ្ឋាភិបាល គ្រប់ពេលវេលា»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា សោកស្តាយចំពោះការអនុម័តច្បាប់ដកសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរ និងចាត់ទុកការអនុម័តនេះ រឹតត្បិតដល់អ្នកដែលមានទស្សនៈផ្ទុយពីរាជរដ្ឋាភិបាល។
លោក នីសុខា បានថ្លែងថា៖ «សង្គមស៊ីវិលខិតខំខ្នះខ្នែងបង្ហាញជំហរ បង្ហាញពីហានិភ័យចំពោះបញ្ហាមួយចំនួនហើយ ព្រោះយើងបារម្ភទៅថ្ងៃអនាគត ពិសេសអ្នកប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិរិះគន់លើរដ្ឋាភិបាល យើងនៅតែព្រួយបារម្ភជាខ្លាំងសម្រាប់អ្វីដែលកើតឡើងនៅថ្ងៃនេះ»។
មិនខុសគ្នាប៉ុន្មាន នាយកប្រតិបត្តិ CCHR លោក សេង សុវឌ្ឍនា ក៏សម្តែងការបារម្ភ និងសោកស្តាយ ដូចលោក នី សុខា ផងដែរ។ ដោយលោកយល់ថា ការតាក់តែងច្បាប់នេះ នឹងប៉ះពាល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិពលរដ្ឋ សិទ្ធិនយោបាលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោក សុវឌ្ឍនា ទទូចដល់អ្នករៀបចំច្បាប់នេះ គួរបើកចិត្តទូលំទូលាយ បង្កលក្ខណ:ងាយស្រួលក្នុងដំណើរការពិគ្រោះយោបល់ឡើងវិញ។
លោក សុវឌ្ឍនា បានបន្ថែម៖ «យើងខ្ញុំចង់ឃើញដំណើរការវិសោធនកម្មច្បាប់នេះ និងច្បាប់ផ្សេងៗត្រូវប្រមូលធាតុចូលពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងៗដើម្បីបម្រើផលប្រយោជន៍ចំពោះ ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយពិតប្រាកដ។ យើងជាពលរដ្ឋខ្មែរទាំងអស់គ្នាសុទ្ធតែចង់កសាងប្រទេសខ្មែរដែលអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរ មានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសម្បូរធនធានធម្មជាតិ»៕










