សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

រដ្ឋសភាបង្ហាញការងារ៦ខែដំបូងបានផលល្អ ខណៈពលរដ្ឋថាជួបបញ្ហាច្រើនគ្មានអ្នកជួយ

បុរសពីរនាក់បើកម៉ូតូឆ្លងកាត់រដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
បុរសពីរនាក់បើកម៉ូតូឆ្លងកាត់រដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋសភាបញ្ជាក់ថា ការងារ៦ខែដំបូងក្នុងនីតិកាលទី៧ គឺស្ថាប័ននេះបានបំពេញការងារ​បម្រើ​ផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋបានជោគជ័យជាទីមោទនៈ ខណៈប្រជាពលរដ្ឋនៅតាម​សហគមន៍​មួយចំនួនអះអាងថា ពួកគេកំពុងជួបការលំបាកខ្លាំងប៉ុន្តែមិនមានតំណាង​រាស្ត្រ ឬមន្ត្រីពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយទេ។ 

សេចក្តីប្រកាសព័ត៌មានស្តីពីការងារ៦ខែដំបូងរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ បាន​បញ្ជាក់​​ថា ស្ថាប័ននេះបានបំពេញការងារ​ដោយទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋលើមុខងារ​៣​សំខាន់ គឺ​មុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាអ្នកតំណាង។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងរយៈពេល៦ខែគណៈកម្មការ​នានា​នៃ​រដ្ឋសភា​បាន​កោះ អញ្ជើញតំណាងរាជរដ្ឋាភិបាលចំនួន១៧ក្រសួង និងស្ថាប័នដើម្បីពិភាក្សាការងារ គឺ​ជា​លទ្ធផល ជោគជ័យ និងមោទនភាព។

របាយការណ៍របស់រដ្ឋសភា៖ «ចាប់ពីថ្ងៃទី២២ខែសីហាឆ្នាំ២០៣មក ហើយបានបិទបញ្ជាក់ សម័យ ប្រជុំលើកទី១នីតិកាលទី៧ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ និងទទួលបាន​លទ្ធផល​​​ផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ»

ដើម្បីសាកសួរបន្ថែមលើបញ្ហាដែលពលរដ្ឋកំពុងជួបប្រទះអ្នកសារព័ត៌មានខេមបូចា បានទាក់ទង តាមទូរសព្ទ និងផ្ញើសារតាមតេឡេក្រាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង តាំងពីថ្ងៃទី១៦ ខែកុម្ភៈរហូតដល់ថ្ងៃទី១៣ខែមីនា ប៉ុន្តែមិនមានការឆ្លើយតបទេ។

ក្រសួងស្ថាប័នទាំង១៧ដែលរដ្ឋសភាបានជួបនោះរួមមាន អាជ្ញាធរសវនកម្មជាតិ ធនាគារជាតិ​នៃ​កម្ពុជា ក្រសួងកសិកម្ម ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួង​ទេសចរណ៍ ជាដើម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់ថា ជំនួបជាមួយក្រសួងនីមួយៗ​បានជជែកពី​បញ្ហា​អ្វីខ្លះ​ទេ គ្រាន់តែបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងស្មារតីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និង​ភាពជាដៃគូមិនអាចខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​ប្រាប់ខេមបូចានៅថ្ងៃទី៤ ខែមីនាថា ចំពោះបញ្ហាពលរដ្ឋធ្លាក់ចុះចំណូល និងជួបបញ្ហា វិបត្តិ​បំណុលលោកមិនទាន់អាចឆ្លើយបានទេ ព្រោះរយៈពេលធ្វើការរបស់រដ្ឋសភាអាណត្តិទី៧ ទើប​តែ​​​ចាប់​ផ្តើមមានពេលខ្លីពេក។ ទោះយ៉ាងណាលោកបញ្ជាក់ថា ក្រុមការងារលោកបាន​ធ្វើការងារ​​យ៉ាង​​​យកចិត្តទុកដាក់លើបញ្ហាផ្សេងទៀតដូចជា សកម្មភាពរបស់ក្រុមល្បែងអនឡាញ ដែល​​ធ្វើ​ឱ្យ​​ប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

លោក ឈាង វុន មានប្រសាសន៍ថា៖ «គ្រាន់តែឥឡូវនេះ គណៈកម្មការខ្ញុំនេះមានការខ្វាយខ្វល់​ច្រើន ហើយកំពុងតែធ្វើកិច្ចការហ្នឹងមមាញឹក គឺបញ្ហាដែលពាក់ព័ន្ធនឹងរឿងល្បែងពាណិជ្ជកម្មនេះ នៅ​តាម​ខេត្ត​ក្រុងរាជធានីអស់ហ្នឹងដែលអ្នកអនុវត្ត ល្បែងអស់ហ្នឹងវាធ្វើខុសតាមសៀវភៅ​បន្ទុកអីៗ​អស់ហ្នឹង​ហាណា៎ ចាក់រាយប៉ាយពាសពេញលើហ្នឹង ហើយធ្វើឱ្យមានការព្រួយបារម្ភខ្លាំង»

បន្ថែមលើនេះ លោក ឈាង វុន ឱ្យដឹងទៀតថា គណៈកម្មការរបស់លោកកំពុងយកចិត្តទុកដាក់​តាម​ដាន​ការប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ជាតិដែលថា មានការប្រើប្រាស់ខុសគោលដៅ​លើ​កម្មវិធី​អភិវឌ្ឍន៍មួយចំនួន។ 

ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា លោក ឡូយ សុផាត មានប្រសាសន៍ថា គណៈកម្មការ​របស់​លោកបានចុះទៅរាជធានីខេត្តមួយចំនួន ប៉ុន្តែមិនទាន់រកឃើញបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ គឺកំពុង​ធ្វើ​ការងារជាមួយអាជ្ញាធរពាក់ព័ន្ធបន្ត។

ចំពោះបញ្ហាកសិករខ្វះទឹកធ្វើកសិកម្ម និងបញ្ហាទីផ្សារកសិផលនោះ លោកបញ្ជាក់ថា ក្រុមការងារ លោកកំពុងតាមដានហើយសហការជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធដើម្បីដោះស្រាយ។

លោក ឡូយ សុផាត មានប្រសាសន៍ថា៖ «យើងនឹងត្រួតពិនិត្យទៅលើ​ការអនុវត្តកម្មវិធីនយោបាយ​ទៅតាមវិស័យនានាដែលក្រសួងស្ថាប័នដូចជាបញ្ហាខ្វះទឹកនៅតំបន់ណាយើងទៅមើលសំណូមពរប្រជាជនដើម្បីយើងនឹងមកជម្រាបជូនទៅដល់ស្ថាប័នជំនាញនីមួយដើម្បីនឹងត្រួតពិនិត្យ និង​រក​ដំណោះ​ស្រាយបញ្ហាផ្សេងៗទៀត»

ប្រជាពលរដ្ឋ ​និងមន្ត្រីសង្គមស៊ីវិលអះអាងថា នៅក្នុងអាណត្តិទី៧នេះ មានបញ្ហាមួយចំនួន​ដែលបន្ត​អូសបន្លាយពីអាណត្តិមុនៗ ហើយពលរដ្ឋនៅតែ​ស្វែងរកដំណោះស្រាយ រួមមានបញ្ហាជម្លោះដីធ្លី បញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើ និង​បញ្ហា​បរិស្ថានជាដើម។ ចំណែកបញ្ហា​ដែលកើតថ្មីនៅ​ក្នុង​អាណត្តិនេះ គឺបញ្ហាវិបត្តិសេដ្ឋកិច្ចដែលពលរដ្ឋ​លើកឡើងពីចំណូលធ្លាក់ ជួបការលំបាក​មិនមាន​លុយ​សងបំណុល បញ្ហាខ្វះទឹកធ្វើកសិកម្ម និងករណីពលរដ្ឋដាក់លុយវិនិយោគជាមួយឧកញ៉ា​ហើយ​មិនទទួលបានប្រាក់វិញជាដើម។

ករណីហិង្សាលេចធ្លោមួយចំនួនកើតឡើងថ្មីនេះក៏នាំឱ្យមានការចោទសួរពីមហាជនលើតួនាទី​តំណាង​រាស្ត្រដែរដូចជា ករណីហិង្សារវាងកម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង​ស្ត្រី​នៅបឹងតាមោក នៅថ្ងៃទី២៧ខែកុម្ភៈ និងករណីសមត្ថកិច្ចខេត្តព្រះវិហារបានដុតបំផ្លាញផ្ទះ និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋប្រមាណ៤០នាក់នៅស្រុកគូលែនកាលពីថ្ងៃទី៦ ខែមីនា។

ទោះយ៉ាងណាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្អេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក សរ ចំរ៉ុង បានឱ្យដឹងថា សភាបានយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១១ ខែមីនា គណៈកម្មការរបស់លោកទទួល​បាន​ពាក្យបណ្តឹងពីប្រជាពលរដ្ឋបានជាង៦០០ករណី ហើយបែងចែកបន្តទៅស្ថាប័នពាក់ព័ន្ធឱ្យ​ជួយ​ដោះស្រាយ។ ​

លោក សរ ចំរ៉ុង មានប្រសាសន៍ថា៖ «យើងកំពុងពិនិត្យមួយចំនួន ហើយមួយចំនួនយើងអន្តរាគមន៍​ទៅសមត្ថកិច្ចដែលត្រូវដោះស្រាយ»​។​ លោកបន្តថា៖ «ឧទាហរណ៍ រឿងណាពាក់ព័ន្ធសមត្ថកិច្ចខេត្ត​យើងបញ្ជូន​ទៅ​ខេត្ត រឿងណាពាក់ព័ន្ធក្រសួងដែនដីយើងបញ្ជូនទៅក្រសួងដែនដី រឿងណាពាក់ព័ន្ធ​ក្រសួងយុត្តិធម៌ ពាក់ព័ន្ធតុលាការយើងបញ្ជូនទៅក្រសួងយុត្តិធម៌។ ភាគច្រើនរឿងដី និងរឿងក្តីក្តាំ​នៅតុលាការ​មិន​សុខចិត្ត​លើសេចក្តីសម្រេចរបស់តុលាការហ្នឹង»

បើតាមលោក សរ ចំរ៉ុង បណ្តឹងទាំងនោះភាគច្រើនពាក់ព័ន្ធជម្លោះដីធ្លី។ ប៉ុន្តែលោកបញ្ជាក់ថា លោក​មិន​ទាន់បានសរុបរបាយការណ៍ថា ក្នុងចំណោមជាង៦០០បណ្តឹងនោះដោះស្រាយបាន​ប៉ុន្មាន​បណ្តឹង​ទេ។

ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានយាងជាព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតប្រោស​ព្រះរាជទាន​ថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ​ក្នុងនីតិកាលទី៧​នៃ​រដ្ឋសភា​ទាំង១២៥រូប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ជាគណបក្សដែលទទួល បានសមាជិកសភាច្រើនជាងគេរហូតដល់១២០អាសនៈ មិនអត្ថាធិប្បាយទេ ដោយលោកបញ្ជាក់ថា ជាកិច្ចការរបស់ស្ថាប័នសភា។

សម្រាប់អ្នកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាគណបក្សដែលបានឈ្នះអាសនៈរដ្ឋសភាចំនួន៥ក្នុងនៅក្នុងអាណត្តិទី៧នៃរដ្ឋសភា លោក ញឿន រ៉ាដែន មានប្រសាសន៍ថា តំណាងរាស្ត្រពីគណបក្ស​របស់​លោក​​​​បានលើកឡើងបញ្ហាជីវភាពពលរដ្ឋក្រីក្រ និង​បញ្ហាសេវាសាធារណៈទៅជជែកដេញដោល​ក្នុង​សភា។ លោកបន្តថា ផែនការទៅថ្ងៃអនាគត តំណាងរាស្ត្រពីគណបក្សលោកនឹងប្រឹងប្រែង​បំពេញ​​​ការងារដូចបានសន្យាពេលបោះឆ្នោត។

លោក ញឿន រ៉ាដែន មានប្រសាសន៍ថា៖ «ចំពោះខ្ញុំផ្ទាល់ក៏ដូចជាគណបក្ស​ទាំងមូល គឺព្រះអង្គម្ចាស់​[នរោត្តម ចក្រាវុធ]ដែលលោកទទួលបានការគាំទ្រពីប្រជារាស្ត្រ [ហើយ]យើងនឹង​បន្តឈរនៅលើ​គោល​ជំហរមួយ គឺធ្វើយ៉ាងម៉េចធ្វើឱ្យប្រទេសជាតិយើងហ្នឹងកាន់​តែរីកចម្រើន ជាពិសេស យើងនឹង​ចុះទៅជួយប្រជារាស្ត្រទៅតាមអ្វីដែលយើងធ្លាប់បានសន្យាកន្លងមកទៅតាមគោលជំហររបស់យើងក្នុងនាមជាគណបក្សរាជានិយមមួយនៅប្រទេសកម្ពុជា»

បើទោះជាស្ថាប័នរដ្ឋសភា សមាជិកសភា និងគណបក្សនយោបាយដែលទទួលបានអាសនៈ​ក្នុង​រដ្ឋសភា លើកឡើងពីលទ្ធផលគួរជាទីមោទនៈក៏ដោយ ក៏គណបក្សក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលមួយចំនួនអះអាងថា តំណាងរាស្ត្រនៅតែអសកម្មមិនបានធ្វើសកម្មភាពឆ្លើយតប​លើបញ្ហាជាច្រើនដែលកំពុងកើតមាននោះទេ។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា មានប្រសាសន៍ថា លោកមិនបដិសេធនូវអ្វី​ដែល​តំណាងរាស្ត្រ​សព្វថ្ងៃបានធ្វើនោះទេ ប៉ុន្តែលោកយល់ថាហាក់នៅមិនទាន់មានភាព​សកម្ម​រស់​រវើក និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងកើតមាននៅឡើយទេ។ លោកចង់ឱ្យតំណាងរាស្ត្រដែលជាប់ឆ្នោតនៅក្នុងតំណែងទាំងអស់តម្តល់ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋដែលខ្លួនក្នុងភាពជាតំណាងឱ្យបានខ្ពស់។

លោក គង់ ម៉ូនីកា មានប្រសាសន៍ថា៖ «នៅតាមបណ្តាខេត្តជាច្រើនដែលប្រជាពលរដ្ឋដែលបាន​រង​គ្រោះ​​ដោយសារបញ្ហាផ្សេងៗដូចជាភាពអយុត្តិធម៌មួយចំនួនពាក់ព័ន្ធនឹងដីធ្លី បញ្ហាជីវភាពរស់​នៅអី​ផ្សេងៗហ្នឹងគឺថាមិនដែលសូវបានឃើញតំណាងរាស្ត្រស្ថិតនៅក្នុងតំណែងបានទៅជួបប្រាស្រ័យ​ផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់ហ្នឹងហើយពាំនាំនូវទុក្ខលំបាករបស់ពួកគាត់ដល់រដ្ឋាភិបាលធ្វើ​ការដោះស្រាយទេ»  

បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព អះអាងថា នៅតំបន់របស់លោកមាន​បញ្ហាជាច្រើនដូចជា សកម្មភាពកាប់បំផ្លាញព្រៃឈើ កសិករដាំដុះបានផលមិនមានទីផ្សារ ពលរដ្ឋ​ជាប់បំណុលធ្ងន់ធ្ងរ និងបញ្ហាផ្លូវខូចជាដើម។ លោកបន្តថា បញ្ហាទាំងនេះ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន ជួយដោះស្រាយ ចំណែកតំណាងរាស្ត្រក៏មិនដែលចុះទៅដល់តំបន់នោះដែរ។

លោក ហឿន សុភាព ថ្លែងថា មន្ត្រី និងតំណាងរាស្ត្រហាក់និយាយល្អតែពេលជិតបោះឆ្នោត ប៉ុន្តែ​ការអនុវត្ត​មិនបានដូចការលើកឡើងពេលឃោសនាទេ។

លោក ហឿន សុភាព ថ្លែងថា៖ «និយាយទៅគឺយើង​អត់​ឃើញ​មាន​ដំណោះស្រាយ​ហ្នឹងវា​ទៅ​តាម​ផែនការ​នៅក្នុងការសន្យានារដូវបោះឆ្នោត មានការសន្យាបាទដើម្បីទាញយកសន្លឹកឆ្នោត ប៉ុន្តែ​នៅ​ពេលដែលជាប់ឆ្នោតហើយគឺសំងំសុខ សោយសុខតែម្នាក់ឯងដេកម៉ាស៊ីនត្រជាក់ ហូបអាហារ​ឆ្ងាញ់ៗ មានលុយចាយ មានប្រាក់ខែចេះតែឡើង គាត់ហូបឆ្ងាញ់មិនសូវទុក្ខកង្វល់ មិនសូវយកចិត្ត​ទុកដាក់ពីប្រជាជនដែលគាត់មានទុក្ខលំបាកទេ»

ពលរដ្ឋនៅខេត្តត្បូងឃ្មុំ លោក ផុន សុផល អះអាងថា តាំងពីរំលាយគណបក្សសង្គ្រោះជាតិ កាលពី​ឆ្នាំ​២០១៧មក លោកមិនដែលបានជួបតំណាងរាស្ត្រទៅសួរសុខទុក្ខ ឬបើកវេទិកាស្តាប់ទុក្ខលំបាក​របស់​ពួកគាត់ទេ។  លោកបន្តថា ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកកសិករដែលដាំដុះបាន ហើយ​មិន​មាន​ទីផ្សារលក់ និងពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកាន់តែលំបាកខ្លាំង។

លោក សុផល ចង់ឱ្យតំណាងរាស្ត្ររៀបចំវេទិកាស្តាប់ទុក្ខលំបាករបស់ពួកគាត់នៅពេលនេះ ហើយ​ជួយ​ស្វែងរកដំណោះស្រាយ។

លោក សុផល ថ្លែងថា៖ «ពាក់ព័ន្ធនឹងជំនាញ ពាក់ព័ន្ធនឹងបញ្ហាសុខទុក្ខពលរដ្ឋ ដូចខ្ញុំលើកឡើង​ម៉ិញ​អ៊ីចឹង ពេលយើងយកទៅលក់យកទៅអី អាកង្វល់ពលរដ្ឋពាក់ព័ន្ធ​នឹងកសិកម្មហ្នឹង ​គឺគួរណាស់​តែ​តំណាងរាស្ត្រ​នោះគាត់ចុះមក ចុះមកសួរថាតើពលរដ្ឋមានកង្វល់អ្វីខ្លះ។ រៀបវេទិកាសាធារណៈមួយ នៅវត្ត នៅឃុំអីទៅ ឱ្យពលរដ្ឋសួរដេញដោលអីទៅ»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី ថ្លែងថា រដ្ឋសភា ក្នុងអាណត្តិទី៧នេះ មិន​ទាន់​​បានបង្កើតច្បាប់ណាដែលជួយដល់​ផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិនៅឡើយ។ លោក​បន្ត​ថា សមាជិកសភាហាក់ធ្វើការស្និទ្ធជាមួយរដ្ឋាភិបាល ចំណែក​ប្រជាពលរដ្ឋ​នៅតែ​មិនស្គាល់តំណាង​របស់​ពួកគេ។

លោក មាស នី បញ្ជាក់ថា៖ «ទាំងនេះគឺជាបញ្ហាធំមួយរបស់សភានៅក្នុងស្រុកយើងតាំងពីដើមមក គឺ​​ពលរដ្ឋ​នៅតែមិនទាន់ស្គាល់តំណាង​ខ្លួនឯងច្បាស់លាស់ថាអ្នកណាជាតំណាងរាស្ត្រនៅក្នុង​មណ្ឌល​​​របស់គាត់គឺនៅតែអ៊ីចឹងដូចតែដដែលទេ»។ លោកបន្តថា៖ «ហើយសភាក៏នៅពេលដែល​ពលរដ្ឋមានបញ្ហា​នៅ​កន្លែងណា​ក៏ដូចជាវត្តមានសភាតំណាងរាស្ត្រទៅមើលគឺនៅតែមិនទាន់មាន គឺអត់ទាន់ឃើញ​មាន​ប្រសើរ​​ឡើងត្រង់ចំណុចនេះ គឺពេលដែលបោះឆ្នោតហើយគឺតំណាងរាស្ត្រនេះ​ទៅជាប់តែជាមួយ​រដ្ឋាភិបាល​ទៅ»។

មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល(Comfrel)លោក កន សាវាង្ស ថ្លែងថា ស្ថាប័នលោកមិនទាន់សរុបការងារឃ្លាំមើលដំណើរការសភា៦ខែដំបូងនៃអាណត្តិទី៧ទេ។

ទោះយ៉ាងណាលោកថា ​នៅពេលវ៉ាកងសភាមានតួនាទីសំខាន់ក្នុងការស្វែងយល់ពីទុក្ខលំបាក​របស់ប្រជាពលរដ្ឋ និងតាមដានការអនុវត្ត​ច្បាប់របស់រដ្ឋាភិបាល។

លោក កន សាវាង្ស និយាយថា៖ «តួនាទីមួយសំខាន់ណាស់ភាពជាតំណាងរបស់ប្រជាពលរដ្ឋ​ហ្នឹង​គឺមិនមែនត្រឹមតែការធ្វើវិសោធនកម្មច្បាប់ទេ។ រឿងសំខាន់គឺថានៅក្រោយសម័យប្រជុំហ្នឹងហេ៎ ជាពិសេស គឺសម័យកាលនៃការវាកងហ្នឹងសភាតំណាងរាស្ត្រគួរតែទៅ​ពិនិត្យមើលអំពីស្ថានភាព អំពីការរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាផ្សេងៗរួមទាំងការអនុវត្តរបស់រដ្ឋាភិបាលផងដែរ»

មាត្រា៨៤នៃរដ្ឋធម្មនុញ្ញចែងថា នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា ទទួលបន្ទុកចាត់ចែងការងារ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រួមមានប្រធាន​រដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់នៃរដ្ឋសភា។

មាត្រា៩៧នៃរដ្ឋធម្មនុញ្ញបានចែងទៀតថា គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចកោះអញ្ជើញ​រដ្ឋមន្ត្រីមកបំភ្លឺ អំពីបញ្ហាអ្វីមួយដែលជាការទទួលខុសត្រូវលើការងាររបស់ខ្លួន។

នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧លើកដំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានរំឭកពីតួនាទីរបស់សមាជិករដ្ឋសភាក្នុងការជួយឱ្យ​ជាតិ​រីកចម្រើន និងប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ។

ព្រះមហាក្សត្រមានបន្ទូលថា៖ «រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិនឹងបន្តបំពេញ​ភារកិច្ច​របស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បមធ៌ កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋដ៏រឹងមាំ និងជឿនលឿនដែល​ផ្អែក​លើ​ច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ​សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ»

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មាន​គណបក្ស​​នយោបាយចំនួន១៨ចូលរួម ប៉ុន្តែមានតែគណបក្សនយោបាយ២តែប៉ុណ្ណោះ ដែល​ទទួល​បានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន១២០​អាសនៈ ​ចំណែកគណបក្ស​ហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមទទួលបាន៥អាសនៈ៕

480 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម