សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រធានបក្សកម្លាំងជាតិចូលបំភ្លឺនៅតុលាការជុំវិញបណ្តឹងឆបោកប្រាក់

លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន កំពុងកាន់ដៃគ្នាលើកឡើងលើនៅមុខសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសបុក លោក ស៊ុន ចន្ធី)
លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន កំពុងកាន់ដៃគ្នាលើកឡើងលើនៅមុខសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសបុក លោក ស៊ុន ចន្ធី)

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចូលបំភ្លឺ​នៅ​សាលាដំបូងខេត្តកំពង់ធំ ពាក់​ព័ន្ធ​នឹងបណ្ដឹងឆបោកប្រាក់ នៅថ្ងៃទី១៤ ខែមីនា ដែលប្ដឹងដោយក្រុមប្រឹក្សាឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។

កាលពីថ្ងៃទី២០ ខែកុម្ភៈ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ផៃ តុងហួរ បាន​កោះ​ហៅ លោក ស៊ុន ចន្ទី ឱ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែមីនា ពាក់ព័ន្ធនឹងបទឆបោកប្រាក់​ជាង​១២​លានរៀល ដែលប្រព្រឹត្តទៅកាលពីអំឡុងឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ តាមបណ្ដឹងរបស់​មន្រ្តី​បក្សភ្លើងទៀនចំនួន៨រូប នៅស្រុកសន្ទុក។

បក្សកម្លាំងជាតិបានចាត់ទុក ការប្ដឹងប្រឆាំងនឹងប្រធានបក្សរបស់ខ្លួននេះ​ គឺបក្សភ្លើងទៀនបាន​រៀបចំ​យុទ្ធសាស្រ្តនៅខាងក្រោយ ប៉ុន្តែបក្សភ្លើងទៀនបានច្រានចោលការចោទប្រកាន់នេះ ហើយថា បក្សកម្លាំងជាតិមានចេតនាមូលបង្កាច់ខ្លួន។

ដើមបណ្ដឹង និងចុងចម្លើយបានអះអាងផ្ទុយគ្នា​ ចំពោះប្រាក់ដែលប្រមូលបានជាង១២លាន​រៀល ដោយដើមបណ្ដឹងអះអាងថា ប្រាក់នោះសម្រាប់ឃោសនាបោះឆ្នោតសកល ខណៈ​ចុង​ចម្លើយថា ជាកាតព្វកិច្ចបង់ប្រាក់ និងសម្រាប់ការធ្វើប្រតិបត្តិការរបស់គណបក្ស។

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលកាលពីដើមឡើយជាប្រធានប្រតិបត្តិ​បក្ស​ភ្លើងទៀន​​ខេត្តកំពង់ធំ មានប្រសាសន៍ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងអយ្យការបាន​សួរ​នាំលោក​អំពី​ការប្រមូលប្រាក់ និងការសន្យាប្រគល់ប្រាក់នោះឱ្យមន្រ្តីបក្សភ្លើងទៀន​នៅ​ស្រុក​សន្ទុក​វិញ។

យ៉ាងណា លោក បដិសេធថា បានសន្យាថានឹងប្រគល់ប្រាក់ដែលប្រមូល​បានឱ្យទៅពួកគេ​វិញ ប្រសិនបើបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោត។ លោកបន្ថែមថា ការកៀរគរថវិកា​ពីសមាជិកបក្ស​ខេត្តកំពង់ធំ គឺធ្វើឡើងតាមសេចក្ដីសម្រេចរបស់បក្សដោយអនុវត្តជារួម​នៅ​ទូទាំងប្រទេស។ 

លោកបន្តថា វិភាគទាននេះ​ត្រូវបានយកមកទ្រទ្រង់ប្រតិបត្តិការរបស់បក្សប្រចាំខេត្ត សម្រាប់​ឆ្នាំ២០២៣ រួមមាន ការចំណាយប្រចាំថ្ងៃ ការរៀបចំវេទិកានានា ថ្លៃអាហារ សាំង ធ្វើ​ស្លាក​គណបក្ស និងសម្ភារមួយចំនួនផង។

លោក អះអាងថា នេះជាការបង់ប្រាក់កាតព្វកិច្ច សម្រាប់សមាជិកបក្សជាប់ឆ្នោតជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ហើយគេមិនអាចដកវិញបានឡើយ។

លោកបញ្ជាក់ថា៖ «គាត់(តំណាងអយ្យការ)សួរថាបានសន្យាផ្ដល់លុយឱ្យវិញទេ តែយើងថា​មិន​បានសន្យា​ផ្ដល់លុយឱ្យវិញទេ ពីព្រោះនេះជាការអនុវត្តកាតព្វកិច្ច ស្របតាម​លក្ខន្តិកៈ​គណបក្ស ស្របតាមសេចក្ដីសម្រេចរួមរបស់គណបក្ស។ ចឹងការអនុវត្តកាតព្វកិច្ចនេះ មិន​អាច​ដាក់ហើយទៅទារយកមកវិញបានទេ»

លោក ថា ការបង់ប្រាក់បានកើតមានជាបន្តបន្ទាប់ចាប់តាំងពីខែមករា ឆ្នាំ២០២៣ ខណៈ គជប ទើបតែបដិសេធនៅខែឧសភា ហើយការបង់ប្រាក់នេះគឺបង់ទៅគណនេយ្យស្រុក រួចទើបបង្វែរ ថវិកា៥០ភាគរយមកគណនេយ្យខេត្ត។

លោកមានមន្ទិលថា ក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តកំពង់ធំចំនួន១៦៥ ហេតុអ្វីមានតែ​៨រូប​ប៉ុណ្ណោះ​ដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក។ លោក ចន្ធី បានចាត់ទុកការ​ដាក់​ពាក្យ​ប្ដឹង​​ប្រឆាំងនឹងខ្លួននេះ គឺមានបក្សភ្លើងទៀនរៀបសេណារីយ៉ូ ក្រោមហេតុផលថា ពាក្យបណ្ដឹង​ដាក់មកបានបញ្ជាក់ថា ជាប្រធានបក្សភ្លើងទៀនប្រចាំស្រុកសន្ទុក។

បន្ថែមពីលើនេះ លោក​ ជឿថា ការប្ដឹងប្រឆាំងរូបលោកនេះ នឹងក្លាយជាកម្លាំងចិត្តដល់​ថ្នាក់​ដឹកនាំ​បក្សកម្លាំងជាតិផ្សេងទៀត ហើយពលរដ្ឋក៏នឹងឃើញច្បាស់ថា បក្សកម្លាំងជាតិទើប​ជាអ្នកប្រជាធិបតេយ្យពិតដែលកំពុងរងគ្រោះដោយសារអ្នកប្រជាធិបតេយ្យក្លែងក្លាយ។

បើតាមលោក ចន្ធី ឱ្យដឹងថា តំណាងអយ្យការមិនទាន់សម្រេចបែបណាលើលោកនោះទេ ដោយគ្រាន់តែកោះហៅមកបំភ្លឺសិន។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានច្រានចោលការ​ចោទប្រកាន់​ថា បក្សភ្លើងទៀនជាប់ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងប្រធានបក្សកម្លាំងជាតិ។

លោកបញ្ជាក់ថា៖ «សូមបដិសេដចោលទាំងស្រុង»។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ន ស៊ុនហេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន​ប្រចាំស្រុកសន្ទុក ខេត្តកំពង់ធំ​ បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក ស៊ុន ចន្ធី ទៅសាលាដំបូង​ខេត្ត​កំពង់ធំ។

ពាក្យបណ្ដឹង ត្រូវបានសរសេរថា លោក ចន្ធី ដែលកាលនោះជាប្រធានបក្សភ្លើងទៀន​ខេត្ត​កំពង់ធំ បានប្រមូលថវិកាពីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៩រូប ក្នុងស្រុកសន្ទុក ដោយម្នាក់​ត្រូវ​បង់​១លាន៦សែនរៀល (សមាជិកខ្លះបានបង់ប្រាក់គ្រប់ចំនួន​និងខ្លះទៀតបង់បាន​ពាក់​កណ្ដាល) ដើម្បីធ្វើការឃោសនាបោះឆ្នោតគណបក្សភ្លើងទៀនក្នុងឆ្នាំ២០២៣។

បន្ទាប់ពីកៀរគរថវិកាបានជាង២៨លានរៀល (ប្រាក់ប្រមូលបានទូទាំងខេត្ត) លោក ចន្ធី សន្យា​ថា ប្រសិនបើបក្សភ្លើងទៀនមិនបានធ្វើការឃោសនាបោះឆ្នោត លោកនឹងប្រគល់ប្រាក់​ដែល​បាន​បង់ឱ្យសមាជិកទាំង១៩រូបវិញ (សម្រាប់សមាជិកបង់ប្រាក់នៅ​ស្រុកសន្ទុកចំនួន​ជាង១២​លាន​រៀល)។

លុះក្រោយមក លោក ចន្ធី បានលាឈប់ពីប្រធានបក្សភ្លើងទៀនខេត្ត រួចយកថវិកាដែល​ប្រមូល​បានទៅបង្កើតគណបក្សផ្សេងមួយទៀត ដោយមិនបានប្រគល់ប្រាក់ត្រលប់មកវិញ​ឡើយ។

យោងតាមពាក្យបណ្ដឹង ឱ្យដឹងដែរថា លោក ស៊ុនហេង និងសមាជិកបក្សចំនួន៧រូបទៀត (អ្នកផ្ដិតស្នាមមេដៃលើពាក្យបណ្ដឹង) ស្នើឱ្យតុលាការផ្ដន្ទាទោសលោក ចន្ធី តាមច្បាប់ និង​បង្គាប់ឱ្យលោក ចន្ធី សងប្រាក់ជាង១២លានរៀលដល់ពួកគេទាំង៨នាក់វិញ ព្រមទាំងសង​ជំងឺចិត្ត និងការចំណាយផ្សេងៗចំនួន៥ពាន់ដុល្លារបន្ថែមទៀត។

ដើមបណ្ដឹងមួយរូបលោក ស៊ន ស៊ុនហេង ប្រធានបក្សភ្លើងទៀននៅស្រុកសន្ទុក និង​ជាជំទប់​ទី២ នៅឃុំប្រសាទ ថ្លែងថា ការដាក់ពាក្យប្ដឹងប្រឆាំងនឹងលោក ចន្ធី នេះ​ ធ្វើឡើងតាមឆន្ទៈ​របស់​លោក ដោយមិនមានការចង្អុលបង្ហាញពីបក្សភ្លើងទៀនឡើយ។

ការសម្រេចប្ដឹងនេះ លោកអះអាងថា  ដោយសារទ្រាំមិនបានចំពោះការនិយាយបែបចំអកពី លោក ចន្ធី។

លោកថ្លែងថា៖ «ថវិកាដែលយើងចូលរួមបដិភាគ គាត់[លោក ចន្ធី] ថាអត់ឱ្យទេ [គាត់ថា] ប្ដឹងដល់ណាប្ដឹងទៅ»។ 

លោកបញ្ជាក់ថា ក្នុងចំណោមសមាជិកក្រុមប្រឹក្សា១៩រូប មានត្រឹម៨រូបដែលដាក់ប្ដឹងទារប្រាក់​មក​វិញ ខណៈស្រុកផ្សេង លោកមិនអាចក្ដាប់បាននោះទេ។ លោកថា លោកចន្ធី បានសន្យា​ថា​នឹងប្រគល់​ប្រាក់ត្រលប់មកវិញប្រសិនបើបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោត តែ​លោក ចន្ធី មិនបានអនុវត្តតាមការសន្យាឡើយ។

កាលពីថ្ងៃទី១១ ខែមីនា គណបក្សកម្លាំងជាតិបានចេញលិខិតមួយថា លោក ស៊ុន ចន្ធី ប្រធាន​គណបក្សនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ពាក់ព័ន្ធនឹងបណ្ដឹងរបស់បក្ស​ភ្លើងទៀន​។

ឆ្លើយតបចំពោះការអះអាងនេះ ភ្លាមៗក្នុងថ្ងៃតែមួយ គណបក្សភ្លើងទៀនក៏បាន​ចេញ​សេចក្ដី​ប្រកាស​ដោយ បដិសេធទាំងស្រុងចំពោះការភ្ជាប់គណបក្សភ្លើងទៀនទៅ​នឹងបណ្ដឹង​ប្រឆាំងលោក ចន្ធី ។ បក្សភ្លើងទៀនបានចាត់ទុកថា​ ករណីនេះជាការមូលបង្កាច់ និងបង្ខូច​គណបក្សភ្លើងទៀនក្នុងចេតនាទុច្ចរិតនយោបាយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកមិន​មាន​យោបល់អ្វីចំពោះករណីប្ដឹងផ្ដល់គ្នារវាងក្រុមបក្សប្រឆាំងនេះនោះទេ។

លោកបញ្ជាក់៖ «រឿងហ្នឹង រឿងផ្ទៃក្នុងរបស់បក្សប្រឆាំង»

លោក ប៉ា ចាន់រឿន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ថ្លែងថា ភាគីទាំងសង​ខាង អាចលើកយកភស្តុតាងដែលខ្លួនមានក្នុងការបង្ហាញ​ដល់តុលាការដើម្បីបញ្ជាក់​ពីភាព​ត្រឹម​ត្រូវ។ ហើយលោកសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់ពួកគេ​ដោយ​មិនមាន​ការ​រើសអើង ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងសង្គម៕

545 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម