សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលជួបពិភាក្សាគ្នាលើកទីមួយ ខណៈកម្មករទទូចឱ្យដំឡើងប្រាក់ឈ្នួលច្រើនជាងឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី១ ដើម្បីកំណត់ប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី១ ដើម្បីកំណត់ប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានជួបពិភាក្សាគ្នាលើកទី១ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ខណៈកម្មករ កម្មការិនី ចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលច្រើនថែមទៀត ឱ្យស្របតាមការឡើងថ្លៃទំនិញនៅទីផ្សារ។

សហជីព និងកម្មករ បានទទូចឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលច្រើនជាងការដំឡើងក្នុងឆ្នាំ២០២៤ ក្រោមហេតុផលថា កត្តាសេដ្ឋកិច្ច និងសង្គម មានការប្រែប្រួលជាវិជ្ជមានដែលគាំទ្រដល់ការដំឡើងប្រាក់ឈ្នួល។

នៅថ្ងៃទី១៤ ខែសីហា ក្រសួងការងារ បានរៀបចំជំនួបជាលើកដំបូង ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួន៥១រូប ដែលមានភាគីរដ្ឋាភិបាល ភាគីនិយោជិត និងនិយោជក នៅឯទីស្ដីការក្រសួងការងារ។

ក្រសួងការងារបញ្ជាក់ថា កិច្ចពិភាក្សានេះ បានសម្រេចលទ្ធផលដោយបានបង្ហាញអំពីការបម្រែបម្រួលស្ថិតិទាំង៧ចំណុចនៃលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដល់ភាគីពាក់ព័ន្ធទុកជាមូលដ្ឋានក្នុងការកំណត់ប្រាក់ឈ្នួល។  បន្ថែមពីនេះ ក៏មានការឯកភាពក្នុងការកំណត់កិច្ចប្រជុំបន្តបន្ទាប់ នៅថ្ងៃទី២៩ ខែសីហា និងបួនលើកទៀតនៅក្នុងខែកញ្ញា។

លក្ខណៈវិនិច្ឆ័យទាំង៧ចំណុច ដែលផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច រួមមាន ស្ថានភាពគ្រួសារ អតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ការប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារ​ និងការចំណេញរបស់វិស័យ។

បន្ទាប់ពីធ្វើបទបង្ហាញដល់ភាគីតំណាងកម្មករ និងក្រុមហ៊ុន លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងប្រាប់សារព័ត៌មានថា ភាគីនីមួយៗ អាចយកទិន្ន័យដែលបង្ហាញដោយក្រសួងការងារទៅធ្វើការផ្ទៀងផ្ទាត់ មុននឹងសម្រេចបញ្ជាក់អំពីជំហររៀងៗខ្លួនក្នុងការកំណត់ប្រាក់ឈ្នួលនៅឆ្នាំ២០២៥។ 

លោក ហេង សួរ ថ្លែងថា៖ «យើងសង្ឃឹមថា យើងនឹងមានគោលជំហរ [ការកំណត់ចំនួនដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥] នៃភាគីនីមួយៗនៅថ្ងៃទី២៦ ខែសីហា ខាងមុខ»

រដ្ឋមន្រ្តីក្រសួងការងាររូបនេះ រំពឹងថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនឹងបិទបញ្ចប់នៅមុនពេលពិធីភ្ជុំបិណ្ឌចូលមកដល់។

លោក ណាង សុធី តំណាងឱ្យភាគីនិយោជក បានស្នើឱ្យខាងសហជីព ធ្វើការកំណត់តួលេខនៃការដំឡើងប្រាក់ឈ្នួលកម្មករ ឱ្យស្របតាមលក្ខណៈប​ច្ចេកទេសបែបវិទ្យាសាស្រ្ត ដោយចៀសវាងការកំណត់តួលេខច្រើនហួសហេតុពេក។

លោកថ្លែងថា៖ «សូមបងប្អូនយើង ឈរលើតួលេខមួយដែលវាសមហេតុសមផលមួយ។ កុំឱ្យចៀសវាងថា និយោជក ឡើងម្ដងបន្តិច ដោយឡែក សហជីព ចុះម្ដងច្រើន ធ្វើឱ្យក្រសួងលោកពិបាកក្នុងការកាត់ក្ដី។ ចឹងសូមឱ្យឈរលើតួលេខមួយដែលវា លក្ខណបច្ចេកទេស វិទ្យាសាស្រ្តបន្តិច»

ភាគីសហជីព បានថ្លែងថា ពួកគេនឹងយកស្ថិតិដែលបង្ហាញដោយក្រសួងការងារទៅផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ខ្លួនដែលបានធ្វើការស្រាវជ្រាវលើគោលការណ៍ទាំង៧ចំណុចនេះផងដែរ ដើម្បីឈានដល់ការកំណត់តួលេខមួយសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមា។​

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា សហជីពលោកបានស្រាវជ្រាវអំពីកត្តានានាដែលជាមូលដ្ឋានសម្រាប់ការដំឡើងប្រាក់ឈ្នួល ប៉ុន្តែលោកបដិសេធក្នុងការផ្ដល់តួលេខច្បាស់លាស់ ដោយទាមទារឱ្យមានការឯកភាពផ្ទៃក្នុងសិន។

កម្មករ​កាត់​ដេរ​ជិះ​លើ​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ធ្វើ​ការ​នៅ​ខេត្ត​តាកែវ។ រូបថតថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

បន្ទាប់ពីបានឃើញស្ថិតិដែលបង្ហាញដោយក្រសួងការងារ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​​សហជីព​ចលនា​កម្មករ សង្កេតឃើញថា កត្តានាំចេញ និងផលិតភាពការងារ មានការកើនឡើងគួរឱ្យកត់សម្គាល់។

ជាងនេះទៅទៀត លោកថា កត្តាសង្គម រួមមាន អតិផរណា និងការចំណាយលើការរស់នៅ ក៏មានការកើនឡើងផងដែរ ដោយសារការកើនឡើងនៃតម្លៃទំនិញលើទីផ្សារ។ ហេតុនេះហើយ លោករំពឹងថា ការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ២០២៥ នឹងខ្ពស់ជាងឆ្នាំ២០២៤ ដែលមានតែ៤ដុល្លារ។

លោក ប៉ាវ ស៊ីណា លើកឡើងថា៖ «យើងអាចពិនិត្យមើលទៅលើអត្រានាំចេញ និងបញ្ហាលទ្ធភាព មានភាពល្អប្រសើរ។ ដូច្នេះចំណុចនេះហើយ ដែលជាកត្តាល្អសម្រាប់ភាគីសហជីពនៅក្នុងការជជែកគ្នា»។

ការនាំចេញបានកើនឡើងដែលលោក ស៊ីណា ចង្អុលបង្ហាញថា វាស្ដែងចេញពីការខិតខំប្រឹងប្រែងធ្វើការរបស់កម្មករនិយោជិត។

កម្មការិនី​មួយរូបបម្រើការងារនៅរោងចក្រស្ដាឡៃថ៍ អ្នកស្រី អ៊ិន គីមលាង បានស្នើឱ្យដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២១៥ដុល្លារ​សម្រាប់ឆ្នាំ២០២៥ ឱ្យសមស្របតាមការលះបង់កម្លាំងញើសឈាមរបស់អ្នកស្រី ដែលប្រឹងធ្វើការឥតស្រាកស្រាន្ត។

អ្នកស្រីនិយាយថា៖ «ចង់បាន២១៥ដុល្លារ ព្រោះអីគិតថា ការងារអីឡូវធ្វើច្រើន ដូចថាមិនឱ្យយើងទំនេរ អស់ពីមួយទៅមួយ អត់ដូចកាលមុន»

លោក យី រដ្ឋា កម្មករនិយោជិតបម្រើការងារឱ្យរោងចក្រម៉េងដា ក៏បានស្នើឱ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន២៥០ដុល្លារ ដោយសំអាងលើទំនិញនៅទីផ្សារមានកើនឡើង ខណៈប្រាក់ឈ្នួលស្ថិតក្នុងកម្រិតទាបនៅឡើយ។

លោក រដ្ឋា អះអាងថា បច្ចុប្បន្នតម្លៃទំនិញដូចជា មីកញ្ចប់ និងពងទាជាដើម បានឡើងថ្លៃជាបន្តបន្ទាប់ ដោយតម្លៃពងទាពី៤០០រៀលដល់៨០០រៀល និងមីខ្លាំឃ្មុំ ក្នុងតំបន់របស់លោក មានតម្លៃ១ពាន់រៀល។ លោកបន្តអះអាងទៀតថា ដើម្បីកាត់បន្ថយការចំណាយ លោកបានចែករំលែកម្ហូបអាហាររបស់លោកជាពីរពេលស្ទើរតែជារៀងរាល់ថ្ងៃ ។

លោកឱ្យដឹងថា៖ «ប្រាក់ខែគោលសមរម្យ ២៥០ដុល្លារ ដោយសារអតិផរណា ទំនិញទីផ្សារវាឡើង ហើយប្រាក់ឈ្នួលយើងវាទាប»

លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និង​ទំនិញ​​ធ្វើដំណើរនៅកម្ពុជា(TAFTAC) មានប្រសាសន៍ថា ការចង់បានរបស់កម្មករនិយោជិត គឺទាម​ទារឱ្យមានការពិនិត្យមើលកត្តាជាច្រើនទៀតដែលគាំទ្រដល់ការដំឡើងប្រាក់ឈ្នួល។

លោក​ថ្លែងថា៖ «យើងដឹងថា កម្មករចង់បានខ្ពស់ ប៉ុន្តែយើងត្រូវថ្លឹងថ្លែងច្រើនណាស់»

លោក បន្ថែមថា ភាគីនិយោជក ក៏មានរបាយការណ៍ផ្ទាល់ខ្លួនដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំឡើងប្រាក់ឈ្នួលអប្បបរមា ដែលទុកផ្ទៀងផ្ទាត់ជាមួយរបាយការណ៍ក្រសួងការងារ និងភាគីតំណាងកម្មករផងដែរ។

កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរចំនួន​៤ដុល្លារ​​​បន្ថែម ដែលសរុបប្រាក់ឈ្នូលអប្បបរមាប្រចាំខែទ្បើងដល់២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤​ ដែលការដំឡើងនេះ បានធ្វើឱ្យកម្មករ និងសហជីពឯករាជ្យ​មិនពេញចិត្តចំពោះតួលេខនេះទេ៕

395 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម