ប្រជាពលរដ្ឋចំនួន៩២គ្រួសារដែលត្រូវបណ្ដេញចេញពីលំនៅឋានបន្ទាប់ពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើសុំដីសម្បទានសង្គមកិច្ចចំនួន២ហិកតាក្នុងមួយគ្រួសារ ដោយពួកគេអះអាងថាពុំមានដីសម្រាប់ធ្វើកសិកម្ម។
អ្នកស្រី គរ ផាន់ វ័យ៤៥ឆ្នាំ ជាកសិករម្នាក់រស់នៅភូមិតាម៉ាន សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រៀបរាប់ថា គ្រួសារអ្នកស្រីបាត់បង់ដី៥ហិកតាទៅឱ្យក្រុមហ៊ុនអង្គរស៊ូហ្គ័រទាំងគ្មានសំណង។
គ្រួសារអ្នកស្រី គរ ផាន់ គឺជាគ្រួសារមួយក្នុងចំណោម៩២គ្រួសារដែលត្រូវគេឈូសឆាយផ្ទះសម្បែងកាលពីឆ្នាំ២០០៨ ក្នុងជម្លោះជាមួយក្រុមហ៊ុនអង្គរស៊ូហ្គ័រ បានខកខានក្នុងការទទួលដីសម្បទានសង្គមកិច្ចដែលអាជ្ញាធរប្រកាសចែកជូនពលរដ្ឋក្រីក្រអំឡុងឆ្នាំ២០១៧ ដែលកាលនោះគ្រួសារគាត់កំពុងធ្វើការនៅប្រទេសថៃនិងពុំមានប្រាក់ត្រលប់មកវិញ។
កាលពីឆ្នាំ២០១៥ បន្ទាប់ពីទទួលបានព័ត៌មានថាក្រុមហ៊ុនផលិតស្ករត្រូវបិទទ្វា ស្ត្រីមេម៉ាយមានកូនបីរូបនេះ បានវិលត្រលប់មកលំនៅឋានវិញដើម្បីកាន់កាប់ដីដែលធ្លាប់អាស្រ័យផល។
អ្នកស្រី ផាន់ បញ្ជាក់ថា ដោយសារជីវភាពខ្វះខាតនាំឱ្យគាត់ឡើងចុះទៅធ្វើការនៅប្រទេសថៃតាមរដូវកាល បណ្ដាលឱ្យបាត់បង់ឱកាសទទួលដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលផ្ដល់ឱ្យពលរដ្ឋក្រីក្រ។
អ្នកស្រី ផាន់ លើកឡើងពីការគំរាមកំហែងពីក្រុមហ៊ុនថ្មីឈ្មោះ សាន ហាន ដែលចូលមកគ្រប់គ្រងដីពីក្រុមហ៊ុនផលិតស្ករ ហេតុនេះនាំឱ្យគាត់ស្នើសុំដីដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។
អ្នកស្រី ផាន់ ថ្លែងថា៖ «ខ្ញុំមានផលវិបាកត្រង់ថាពេលដែលយើងចូលធ្វើមានការគំរាមកំហែងពីក្រុមហ៊ុនថ្មីមិនឱ្យយើងធ្វើទេ ព្រោះដីនេះគេថាដីរដ្ឋ ហើយគេមានដាក់សញ្ញាថាដីរដ្ឋមានប្លង់រឹង។ គេមិនឱ្យយើងចូលទៅធ្វើប៉ុន្តែយើងមិនមានអីធ្វើ យើងចូលទៅពុះពារគ្រប់ឧបសគ្គនៅលើដីហ្នឹង»។
អ្នកស្រី ផាន់ ឱ្យដឹងទៀតថា កូនអ្នកស្រីបីនាក់ត្រូវឈប់រៀនទាំងអស់ដោយសារជីវភាពខ្សត់ខ្សោយ។ អ្នកស្រីបន្តថា កូនប្រុសម្នាក់អាយុ២២ឆ្នាំកំពុងធ្វើការសំណង់នៅខេត្តសៀមរាប និងកូនស្រីពីរនាក់ដែលនៅផ្ទះធ្វើចំការជាមួយគ្នា អាយុ១៩ឆ្នាំរៀនបានត្រឹមថ្នាក់ទី៨ និងអាយុ១៦ឆ្នាំរៀនបានត្រឹមថ្នាក់ទី៤។
អ្នកស្រី និយាយថា៖ «កូនឈប់រៀនអស់ហើយ ដោយសារជីវភាពខ្ញុំមានការខ្វះខាតទៅ។ ខ្ញុំអត់មានអីឱ្យកូនរៀន វាមានមូលហេតុទាំងរងផលប៉ះពាល់ដីជាមួយក្រុមហ៊ុន[ផលិតស្ករ]យើងអត់មានអីធ្វើស្រែ ហើយយើងស៊ីឈ្នួលគេវិញ សម្រាប់ទិញអង្ករហូបផង ផ្គត់ផ្គង់កូនរៀនផងវាពិបាកមិនស្រួលទេ»។
លោក សារាត់ អាយុ៤៦ឆ្នាំ សុំមិនបញ្ចេញឈ្មោះពេញដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានរៀបរាប់ថា គាត់ក៍បានបាត់បង់ដីស្រែចំការចំនួន៥ហិកតាទៅឱ្យក្រុមហ៊ុនអង្គរស៊ូហ្គ័រ ហើយសព្វថ្ងៃ លោកមានដីស្រែតិចតួចនិងដីនោះមិនសូវមានជីវជាតិនាំឱ្យការធ្វើស្រែបានត្រឹម១២បាវក្នុងមួយឆ្នាំ។
លោក សារាត់ និយាយថា៖ «សុំ២ហិកតា[ព្រោះអ្នកមុនបានពីរហិកតា] យកមកបង្កបង្កើនផល បើដីដាំដំឡូងមីបានដាំ ធ្វើស្រែបានធ្វើ។ បើសិនខ្វះយើងត្រូវចំណាកស្រុកកូនក៏វាអត់បានរៀន ដោយសារចំណាកស្រុកកូនអត់បានរៀន កូនប្រុស១៩ឆ្នាំ ត្រូវធ្វើការសំណង់»។
លោក សារាត់ ក៏ជាគ្រួសារមួយដែលខកខានក្នុងការទទួលយកដីសម្បទានដោយសារការទទួលព័ត៌មានយឺត។
លោក សារាត់ ឱ្យដឹងថា៖ «កាលនោះយើងអត់មានចំការធ្វើ រស់ដោយរៀងខ្លួនរត់ទៅស៊ីឈ្នួលគេ ចំណាកស្រុកនៅថៃ ខ្លះរកស៊ីនៅភ្នំពេញមិនបានទទួលព័ត៌មានទៅ»។
លោក សារាត់ បន្ថែមថា បន្ទាប់ពីវិលត្រលប់មកពីប្រទេសថៃវិញកាលពីឆ្នាំ២០១៧ លោកបានទិញដីទទឹង១២ម៉ែត្រនិងបណ្ដោយ៧០ម៉ែត្រនៅភូមិតាម៉ានដែលទីតាំងនៅក្បែរដីចាស់ និងដីស្រែជាងមួយហិកតាសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។
លោក ស្រី ណារ៉េន មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពលរដ្ឋចំនួន២១៤គ្រួសាររស់នៅចំណុចអូបាត់មាន់ ក្នុងភូមិបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលរងការឈូសឆាយផ្ទះនៅឆ្នាំ២០០៨ មានត្រឹម១២២គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច។ លោក ណារ៉េន បន្តថា ចំណែក៩២គ្រួសារទៀត បានបែកខ្ញែកដើរធ្វើការនិងរកស៊ីរៀងៗខ្លួននៅពេលអាជ្ញាធរប្រកាសផ្ដល់ដីសម្បទាន។
មន្រ្តីសិទ្ធិមនុស្សរូបនេះ ឱ្យដឹងទៀតថា ពលរដ្ឋចំនួន៩២គ្រួសារបានដាក់ញត្តិជាច្រើនលើកដើម្បីទទួលបានដីសម្បទានសង្គមកិច្ចប៉ុន្តែអាជ្ញាធររុញច្រានដាក់គ្នាទៅវិញទៅមក។
លោក ណារ៉េន ថ្លែងថា៖ «៩២គ្រួសារ ក្នុងចំណោម២១៤ អត់ទាន់ទទួលបានដីសម្បទានសង្គមកិច្ចទេ។ ពួកគាត់បានដាក់ញត្តិយូរហើយប៉ុន្តែមកដល់ពេលនេះអត់ទាន់បានទទួលលទ្ធផលអ្វីទេ ពីខេត្តរុញទៅក្រុង ក្រុងរុញទៅខេត្ត»។
លោក ណារ៉េន សង្កត់ធ្ងន់ថា មូលហេតុដែលនាំឱ្យពលរដ្ឋចំនួន២១៤គ្រួសារនៅចំណុចអូបាត់មាន់ ក្នុងភូមិបុស្សត្រូវបណ្ដេញចេញ ព្រោះទីតាំងដែលពួកគេរស់នៅគឺស្ថិតត្រង់ចំណុចកណ្ដាលនៃក្រុមហ៊ុនផលិតស្ករទាំងបី។ មន្ត្រីអង្គការការពារសិទ្ធិមនុស្សរូបនេះ បន្តថា ពលរដ្ឋទាំង៩២គ្រួសារទាមទារយកដីនៅទីតាំងចាស់វិញ ខណៈអ្នកធ្លាប់ទទួលដីសម្បទានសង្គមកិច្ចកន្លងមកថា អាជ្ញាធរតម្រូវឱ្យចាប់ឆ្នោតនិងមួយគ្រួសារបានត្រឹម២ហិកតា។
លោក ណារ៉េន យល់ឃើញថា អាជ្ញាធរអាចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋដែលនៅសល់បានដោយសារទីតាំងដីរបស់ក្រុមហ៊ុនដែលទទួលបានដីពីពលរដ្ឋនោះមានដីសល់ច្រើន។
បើតាមន្រ្តីអាដហុករូបនេះ ក្រុមហ៊ុនផលិតស្ករទាំងបីនៅតំបន់មានជម្លោះនោះត្រូវក្ស័យធនទាំងស្រុងនៅឆ្នាំ២០១៥ ក្រោយចាប់ផ្ដើមបាន៧ឆ្នាំ។
ទាក់ទិននឹងក្រុមហ៊ុនទាំងបីដែលមានឈ្មោះ ១-ក្រុមហ៊ុន អង្គរស៊ូហ្គ័រ ២-ក្រុមហ៊ុន ទន្លេស៊ូហ្គ័រខេន ៣-ក្រុមហ៊ុន ខេន និង ស៊ូហ្គ័រវ៉ាលី គឺស្ថិតក្រោមសារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation)តែមួយ។ចំណែកឯសមាជិកព្រឹទ្ធសភាកម្ពុជា លោកឧកញ៉ា លី យ៉ុងផាត់ ក៏ត្រូវបានជឿជាក់ថាមានជាប់ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ។
កាលពីឆ្នាំ២០១៣ អង្គការលីកាដូ និងអង្គការសមធម៌ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសថៃ ដោយអង្គការទាំងនេះ លើកឡើងថា ការទទួលបានដីសម្បទានរបស់សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation) ស្ថិតក្រោមរូបភាពប្រើកម្លាំងក្រុមហ៊ុន កម្លាំងមន្រ្ដីប៉ូលិសក្នុងស្រុក កម្លាំងមន្រ្ដីយោធា និងកម្លាំងសន្ដិសុខ ក្នុងការរឹបអូសដីរបស់ប្រជាពលរដ្ឋដោយមិនស្របច្បាប់ ដោយបំផ្លិចបំផ្លាញរបស់ពួកគាត់ សម្លាប់សត្វពាហនៈ ដុតបំផ្លាញ ដណ្ដើមយកកសិផល វាយដំ គំរាមកំហែង បំភិតបំភ័យ និងចាប់ខ្លួនអ្នកភូមិជាច្រើននាក់ដែលសកម្មភាពទាំងនេះបានបង្កឲ្យមាន ភាពអសន្ដិសុខស្បៀងអាហារ និងកាន់តែធ្វើឲ្យមានភាពក្រីក្រដល់គ្រួសារដែលទទួលរងផលប៉ះពាល់។
នៅដើមខែសីហា ឆ្នាំ២០២២នេះ ពលរដ្ឋចំនួន៩២គ្រួសារនោះបាននាំគ្នាមកតាមដានពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជាមួយពលរដ្ឋ៨១គ្រួសារ ផ្សេងទៀតមកពី៤ភូមិដែលមកដាក់ញត្តិស្នើសុំដីសម្បទានសង្គមកិច្ច។
បើតាមមន្រ្តីអាដហុកលោក ស្រី ណារ៉េន ឱ្យដឹងថា ពលរដ្ឋ៨១គ្រួសារដែលឡើងទៅដាក់ញត្តិនោះក៏រងផលប៉ះពាល់ជាមួយក្រុមហ៊ុនផលិតស្ករដែរគ្រាន់តែលំនៅឋានពួកគេមិននៅក្បែរក្រុមហ៊ុននិងមិនត្រូវរងការបណ្ដេញចេញដូចពលរដ្ឋ៩២គ្រួសារ។
ពលរដ្ឋម្នាក់រស់នៅភូមិតាម៉ាន សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានឱ្យដឹងថា ពលរដ្ឋ៨១គ្រួសារដែលដាក់ញត្តិស្នើសុំដីសម្បទានសង្គមកិច្ចនោះ គឺតំណាងឱ្យពលរដ្ឋជាង៣០០គ្រួសារដែលអាជ្ញាធរនៅមិនទាន់ដោះស្រាយដីធ្លីក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ជាមួយក្រុមហ៊ុនផលិតស្ករសរុប៧១១គ្រួសារ មកពី៤ភូមិ គឺភូមិខ្ទុំ ភូមិតាម៉ាន ភូមិបុស្ស និងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំពោះការដាក់ញត្តិនេះ ក៏ស្នើសុំឱ្យអភិបាលខេត្តជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករផងដែរ។
ទាក់ទិននឹងការដាក់ពាក្យស្នើសុំដីសម្បទាននេះ អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ថ្លែងប្រាប់អ្នកសារព័ត៌មានខេមបូចា យ៉ាងខ្លីមុនបិទទូរសព្ទថា រាល់ប្រជាពលរដ្ឋណាដែលខ្វះខាតដីអាចដាក់ពាក្យស្នើសុំតាមនិតិវិធីច្បាប់។
លោក រ៉ាដូ បញ្ជាក់ថា៖ «ករណីបងប្អូនប្រជាពលរដ្ឋលោកខ្វះដីធ្លី យើងនឹងដោះស្រាយតាមនីតិវិធី អត់ដីគាត់ត្រូវស្នើសុំតាមដីសម្បទានសង្គមកិច្ច អាជ្ញាធរហ្នឹងពិនិត្យមើលតាមហ្នឹងហើយ»៕