សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រុមអាជីវករជិត១០០នាក់នៅផ្សារ​បាយ​ដំរាំចាស់តវ៉ា ខណៈ​អាជ្ញាធរស្រុកបាណន់ដេញឱ្យពួកគាត់រុះរើតូបចេញ

អាជីវករលក់ដូរនៅទីតាំងផ្សារបាយដំរាំចាស់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ សុខ សាវី)
អាជីវករលក់ដូរនៅទីតាំងផ្សារបាយដំរាំចាស់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ សុខ សាវី)

ក្រុមអាជីវករផ្សារបាយដំរាំចាស់ប្រមាណជិត១០០នាក់ ប្រឆាំងតវ៉ានឹងការដាក់ឱសានវាទ​របស់​អាជ្ញាធរស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំណត់រយៈពេល២០ថ្ងៃ ឱ្យពួកគាត់រុះរើ​តូប រាន និងសម្ភារៈលក់ដូរចេញ ក្រោមហេតុផលអភិវឌ្ឍន៍ និងចង់ឱ្យអាជីវករ​ទៅលក់ដូរនៅ​ផ្សារ​ដែលទើបសាងសង់ថ្មីក្បែរនោះ។

អាជីវករលក់ខោអាវម្នាក់អ្នកស្រី រ៉េត រស្មី អាយុ៣៦ឆ្នាំ បាននិយាយថា ពួកគាត់មិន​ប្រឆាំងនឹង ការអភិវឌ្ឍនោះទេ ប៉ុន្តែសុំរកកន្លែងដោះដូរឱ្យពួកគាត់បានលក់ដូរសមរម្យ និង​ទីកន្លែងដែល ពួកគាត់ចង់ទៅ។

អ្នកស្រី រ៉េត រស្មី បន្តថា៖ «បើរកទីតាំងធម្មតាឱ្យពួកខ្ញុំលក់ដូរសមរម្យហើយយកផាស៊ី ៥០០ រឺ១០០០រៀលអី ខ្ញុំព្រម តែបើឱ្យពួកខ្ញុំចូលទៅលក់នៅផ្សារថ្មីមិនព្រមទេ ព្រោះច្បាប់​តឹងរឹង​ហើយ​បង់តូបប្រចាំខែថ្លៃទៀត ១តូប១ខែចន្លោះពី៣៥ទៅ៤៥ដុល្លារ ពួកខ្ញុំរត់មិន​រួច​ព្រោះ​លក់មិនដាច់»

អាជ្ញាធរស្រុកបាណន់បានចេញលិខិតជូនដំណឹងមួយច្បាប់កាលពីថ្ងៃទី១១ខែធ្នូ២០២៣ កំណត់​ឱសានវាទឱ្យ​អាជីវករលក់ដូរនៅផ្សារបាយដំរាំចាស់​ និងលក់ដូរនៅរបងវត្តបាយ​ដំរាំ​ត្រូវរុះរើតូប និងរានលក់ដូរឱ្យអស់ក្នុងរយៈពេល២០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះ។ សេចក្តី​ជូន​ដំណឹងបញ្ជាក់ថា អាជ្ញាធរស្រុកយកទីតាំងនេះដើម្បីកសាងសួនច្បារ ជណ្តើរចុះស្ទឹង សាលា​ឆទាន សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ សាធារណៈជនទូទៅទស្សនាកំសាន្ត​នឹងមើល​សត្វជ្រឹង​ ដោយប្រើប្រាស់ថវិកាដែលមានការចូលរួមពីព្រះសង្ឃ សប្បុរសជន ពុទ្ធបរិស័ទ។

សេចក្តីជូនដំណឹងខាងលើក៏បានចោទប្រកាន់អាជីវករលក់ដូរចំណុចផ្សារបាយដំរាំចាស់នេះ បានទន្រ្ទានដីចំណីផ្លូវស្ទឹង សាងសង់ផ្ទះ រោង រានលក់ដូរ សំណង់ផ្សេងៗរំលោភបំពាន​លើ​ដីចំណីផ្លូវ លើផ្លូវរបងវត្ត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ​សោភ័ណ្ឌភាព និងកកស្ទះចរាចរណ៍ ជាដើម បញ្ហានេះអាជ្ញាធរបានណែនាំច្រើនលើកមកហើយ តែអាជីវករមិនអនុវត្តតាម។

អាជ្ញាធរស្រុកក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករដែលមិនព្រមអនុវត្តតាម អាជ្ញាធរ និងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់សម្ភារៈ និងផល​ប្រយោជន៍​អ្វីឡើយ ហើយបើករណីរឹងរូសអាជ្ញាធរស្រុកនឹងរៀបចំសំណុំរឿងបញ្ជូន​ទៅ​តុលាការ​ចាត់ការតាមច្បាប់។

អាជីវករលក់សាច់ជ្រូក អ្នកស្រី លួត ឃុត អាយុ៥១ឆ្នាំ ដែលគាត់លក់សាច់ជ្រូកនៅផ្សារបាយ ដំរាំចាស់នេះ តាំងពីអាយុ១៨ឆ្នាំមកពោលគឺជាង៣០ឆ្នាំមកហើយ បាននិយាយថា ពួកគាត់​មិន​ចង់រើចេញពីទីនេះ នោះទេ ព្រោះវាជាឆ្នាំងបាយរបស់ពួកគាត់ដែលរកស៊ីចំណេញបន្តិច​បន្តួចដើម្បីចិញ្ចឹមជីវិត។

អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះអាជីករលក់ដូរមិនសូវដាច់នោះទេ ណាមួយម្នាក់ៗសុទ្ធសឹង តែខ្ចីបុលធនាគារ និងនាយទុនយកធ្វើដើមរកស៊ី បើរុះរើតូបប្រាកដជាពួកគាត់​ជួបបញ្ហា​សេដ្ឋកិច្ចកាន់តែខ្លាំងជាមិនខាន។

អ្នកស្រី លួត ឃុត បន្ថែមថា៖ «ពួកខ្ញុំក្រោយពីអាជ្ញាធរឱ្យរុះរើតូបម្នាក់ៗពិបាកចិត្ត ដេកមិនលក់ បាយមិនបានច្រើនថ្ងៃមកហើយ សញ្ជឹងគិតថាមិនដឹងបានអីចិញ្ចឹមកូន​ បានអីបង់អង្គការ បាន​អី​ឱ្យកូនទៅរៀននោះទេ»

អ្នកស្រី លួត ឃុត និងអាជីវករជាច្រើននាក់ទៀតលើកឡើងស្រដៀងគ្នាថា ចាប់តាំងពីបង្កើត​ទីតាំងផ្សារថ្មី ក្បែរផ្សារបាយដំរាំចាស់នេះមក អាជ្ញាធររករឿងពួកគាត់ជាបន្តបន្ទាប់ ឱ្យរុះរើតូប​និងរាន​ចេញពីទីនេះដោយលើកហេតុផលនានា ក្នុងបំណង​ឱ្យទៅលក់ដូរផ្សារថ្មីដែល​ទើប​បង្កើត​​ដោយនាយទុន។

អាជីវករលក់សាច់ជ្រូកម្នាក់ទៀត អ្នកស្រី សុដា បាននិយាយបញ្ជាក់ជាមួយអាជីវករផ្សេង​ទៀតថា ពួកគាត់លក់នៅទីនេះគឺមួយថ្ងៃតែ៣ម៉ោងប៉ុណ្ណោះពីព្រឹកព្រលឹមមក គឺមិនមានការ​បង់ថ្លៃតូប ថ្លៃរានអី នោះទេ ​ បើទៅលក់ដូរនៅផ្សារថ្មីគឺត្រូវបង់ថ្លៃតូបច្រើន ពួកគាត់មិន​មាន​លទ្ធភាពនោះទេ។

អ្នកស្រី សុដា និងអាជីវករផ្សេងទៀតបន្ថែមថា៖ «រាល់ថ្ងៃលក់ដូរមិនដាច់រកលុយបង់ធនាគារ​សឹងមិនបានផង ទំរាំទៅជួលតូបគេថ្លៃ ហើយច្បាប់តឹងរឹងទៀត គឺរត់មិនរួចនោះទេ ខ្ញុំចង់លក់​ដូរនៅកន្លែងចាស់ដដែល»។

ខេមបូចា បានទំនាក់ទំនងម្ចាស់ផ្សារថ្មីវត្តបាយដំរាំ តាមលេខទូរសព្ទក្នុងបង្កាន់ដៃទទួលប្រាក់​​ដែលចេញដោយម្ចាស់ផ្សារដល់អាជីវករ ដើម្បីបំភ្លឺជុំវិញការលើកឡើងរបស់អាជីវករ​ខាង​លើពីតម្លៃតូប និងច្បាប់តឹងរឹងដែលអាជីវករអះអាងថា មិនអាចទទួលយកបាននោះ មាន​បុរស​ម្នាក់បានលើកទូរសព្ទ ដោយមិនបញ្ជាក់ឈ្មោះ គ្រាន់តែប្រាប់ថា រូបគាត់​ជាអ្នក​គ្រប់គ្រង​ផ្សារថ្មី​នេះ។

បុរសរូបនោះបាននិយាយថា គាត់គ្រាន់តែជាអ្នកគ្រប់គ្រង និងអនុវត្តគោលការណ៍តាម​ម្ចាស់​ផ្សារដែលជាបងរបស់លោកប៉ុណ្ណោះ រឿងអ្វីផ្សេងទៀតគាត់មិនដឹងនោះទេ។

បុរសអ្នកគ្រប់គ្រងផ្សារបន្ថែមថា៖ «ទាល់បងទៅសួរម្ចាស់ផ្សារ ខ្ញុំអត់ដឹងទេ! ខ្ញុំអ្នកគ្រប់គ្រង អ្នកណាមកជួលតូបខ្ញុំ ខ្ញុំទទួលអ៊ីចឹងណា! បើទាក់ទងអាជីវករម៉េចៗទាល់សួរម្ចាស់ផ្សារ»

ខេមបូចា មិនទាន់អាចទំនាក់ទំនងម្ចាស់ផ្សារថ្មី វត្តបាយដំរាំបាននោះទេ។

ទាក់ទងការលើកឡើងនេះលោក ង៉ុង ឆាលី មេឃុំបាយដំរាំ បានមានប្រសាសន៍ថា ឃុំ​គ្រាន់​តែ​​ចែកលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុក ឱ្យអាជីវកររុះរើប៉ុណ្ណោះ ឃុំមិនមានសិទ្ធិអ្វីនោះទេ ។

លោក ង៉ុង ឆាលី បន្ថែមថា៖ «ពួកខ្ញុំបានលិខិតមក គ្រាន់តែជូនដំណឹងបន្តឱ្យអាជីវករ ចង់ដឹង លម្អិតទៅសួរស្រុកបានដឹង»

ទាក់ទងបញ្ហាខាងលើនេះ លោក ស្រៀង សុខា អភិបាលស្រុកបាណន់បានបញ្ជាក់ឱ្យដឹងថា ទីតាំងផ្សារបាយដំរាំខាងលើនេះពីមុនមានអ្នកលក់ដូរតិចតួចប៉ុណ្ណោះ នៅពេលដែល​សាង​សង់ឆ្លងស្ទឹងរួច កំណើនអ្នកលក់ដូរចេះតែកើនឡើងដល់សព្វថ្ងៃ បើទោះជាអាជ្ញាធរ​ហាម​ឃាត់ និងឱ្យរុះរើចាកចេញច្រើនលើកច្រើនសារហើយក្តី។

លោកបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ស្រុកឱ្យអាជីវកររុះរើនេះ គឺយោងលើសេចក្តីជូន​ដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលសម្រេចឱ្យអាជីវកររុះរើចេញពីទីតាំង​ផ្សារបាយដំរាំ​ចាស់ ដែលអាជីវករលក់ដូររំលោភលើផ្លូវថ្នល់ ចំណីស្ទឹង ចោលសំរាមប៉ះពាល់បរិស្ថាន ដើម្បី​​ឱ្យ​ទៅលក់ដូរនៅទីតាំងផ្សារថ្មី ដែលមានចម្ងាយ២០០ម៉ែត្រពីទីតាំងចាស់ ដោយម្ចាស់​ផ្សារ​ថ្មីលើកលែងថ្លៃតូបរយៈពេល១ឆ្នាំទៀតផង។

លោកអភិបាលស្រុកបានបន្តថា ក្រោយពីស្រុកចេញសេចក្តីជូនដំណឹង ក៏មានបាតុភាពមួយ​ចំនួនពីអាជីវករ អាជ្ញាធរស្រុកបានកោះហៅអាជីវករប្រមាណជាង១០០នាក់ មកប្រជុំនៅ​សាលាស្រុកនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពន្យល់ពីគម្រោងផែនការអភិវឌ្ឍន៍ និង​ផែន​ការ​​រុះរើឱ្យអាជីវករបានដឹងលម្អិត។

លោក ស្រេង សុខា បន្តថា​៖ «ពេលខ្ញុំធ្វើបទបង្ហាញពីប្លង់ម៉ាស្ទ័រផ្លេន គាត់ទះដៃប្រាវគាំទ្រ​យើង!»

លោកអភិបាលស្រុកបញ្ជាក់ថា អាជ្ញាធរត្រូវតែអនុវត្ត​ឱ្យបានម៉ឺងម៉ាត់​តាមសេចក្តីជូនដំណឹង​នេះ បើអាជីវករណារឹងរូសមិនព្រមរុះរើ អាជ្ញាធរ​នឹងចាត់វិធានការផ្លូវច្បាប់។

ទាក់ទងនឹងការលើកឡើងរបស់អាជីវករដែលត្អូញត្អែរពីតម្លៃតូបផ្សារថ្មីថ្លៃ និងច្បាប់តឹងរឹង​នោះ លោក ស្រេង សុខា អភិបាលស្រុកបាណន់បានបញ្ជាក់ថា អាជ្ញាធរស្រុកបាន​ទាក់​ទង​ទៅម្ចាស់ផ្សារថ្មីនោះរួចហើយ ក្រោយពីប្រជុំជាមួយអាជីវករចប់ ដោយមានគម្រោងឱ្យ​ម្ចាស់​ផ្សារ ជួបជាមួយអាជីវករផ្ទាល់ ដើម្បីសម្រុះសម្រួលថ្លៃតូប និងច្បាប់តឹងរឹង​របស់ម្ចាស់ផ្សារ​នៅ​ចុង​ខែធ្នូនេះ ។

លោក ស្រេង សុខា បន្ថែមថា៖ «ខ្ញុំបានទាក់ទងម្ចាស់ផ្សារហើយ ដោយដាក់ជម្រើសទី១ ឱ្យ​គាត់​​ពិនិត្យឡើងវិញលើតម្លៃតូប និងជម្រើសទីពីរ ដោះដូរអ្នកគ្រប់គ្រងផ្សារចេញ គាត់ថា​ដោះ​ដូរអ្នកគ្រប់គ្រងផ្សារមិនអាចទេ ព្រោះអ្នកគ្រប់គ្រងផ្សាបើមិនមានភាពម៉ឺងម៉ាត់ទេ​គ្រប់គ្រង​មិន​បានទេ គាត់និយាយត្រូវម្យ៉ាងដែរ ចំណែកបញ្ហាតម្លៃថ្លៃតូបនោះគាត់ថាអាចជជែកគ្នាបាន!»

ទាក់ទងករណីខាងលើនេះ លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង បានយល់ថា អាជ្ញាធរស្រុកបាណន់ គួរសម្រួល និងបង្កលក្ខណៈឱ្យ​ប្រជាពលរដ្ឋ​បានលក់ដូរបន្តទៅទៀត ព្រោះទីកន្លែងហ្នឹងប្រជាពលរដ្ឋធ្លាប់លក់ដូរជាយូរយារ​ណាស់មកហើយ។

លោកបន្តថា ទីនេះជាទីប្រជុំមានលក្ខណៈជាប្រពៃណីដែលធ្វើឱ្យកសិផលពួកគាត់ដូចជាបន្លែ លក់ដាច់។ ក្នុង១ថ្ងៃៗ ពួកគាត់លក់ត្រឹមម៉ោងជិត១១ ក៏នាំគ្នារំសាយទៅផ្ទះអស់ ពុំបាន​លក់​រហូតដល់ពេលល្ងាច ព្រោះគ្មានអ្នកទិញ ធ្វើឲ្យពួកគាត់រកចំណូលបានតិចតួចបំផុតស្ទើរ​មិន​ចង់​រស់។

លោកបញ្ជាក់ថា៖ «តាមការចុះអង្កេតពិនិត្យជាក់ស្តែង ពួកគាត់លក់ដូរពុំបានធ្វើឱ្យ​ស្ទះ​ចរាចរណ៍ ឬខូចសណ្តាប់ធ្នាប់ និងរបៀបរៀបរយនោះទេ អ្វីដែលខូចសណ្តាប់ធ្នាប់នោះ គឺប្រជាការពារភូមិយកចិញ្ចើមផ្លូវធ្វើជាកន្លែងទទួលផ្ញើកង់ម៉ូតូទៅវិញ»

មន្រ្តីសិទ្ធិមនុស្សរូបនេះបានបន្តថា លោកគាំទ្រអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ អប់រំឱ្យពួកអាជីវករតូចតាចទាំងនោះ ចេះទុកដាក់គ្រប់គ្រងការសំណល់ រក្សាអនាម័យឱ្យ បានល្អ ធ្វើតូបលក់ដូរ មានលក្ខណៈស្តង់ដារសមរម្យ មានសោភ័ណភាព ព្រោះជាកន្លែង តំបន់​ទេសចរណ៍១ដែរ។

លោក គង់ជិត បន្តថា៖ «ប្រសិនបើអាជ្ញាធរស្រុកនៅតែព្យាយាមបណ្តេញ ឬបញ្ឈប់ពួកគេ មិនឱ្យលក់នៅទីនោះ ដូចកំទេចឆ្នាំងបាយពួកគេធ្វើឱ្យពួកគេផ្ទុះកំហឹងស្អប់អាជ្ញាធរ»

អាជីវករលក់សាច់ជ្រូក អ្នកស្រី លួត ឃុត បាននិយាយថា ពួកគាត់មិនព្រមរុះរើតូប និងរាន​ចេញ​ពី​ផ្សារចាស់នេះទេ ព្រោះពួកគាត់លក់ដូរទីនេះយូរមកហើយ បើទោះជាដល់ថ្ងៃ​ឱសានវាទ​​ក៏​ដោយ។

អ្នកស្រី លួត ឃុត បន្ថែមថា​៖ «ខ្ញុំសុខចិត្តឱ្យគាត់ឈូសក៏ឈូសទៅ ខ្ញុំមិនចេញទេ បើអស់​អារោង​នេះ ពួកខ្ញុំសុខចិត្តក្រាលកន្ទេលលក់ទីនេះទៀត ខ្ញុំមិនចេញទេ!»

401 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម