ប្រជាពលរដ្ឋចំនួន២៦០គ្រួសារដែលទិញលំនៅឋាននៅបុរីមួយក្នុងក្រុងភ្នំពេញ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ជុំវិញម្ចាស់ក្រុមហ៊ុនសាងសង់មិនគោរពតាមកិច្ចសន្យា ខណៈម្ចាស់បុរីកំពុងជាប់ពន្ធនាគារ។
ប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុន ស៊ីអេស ចាវ សុជាតិ ដែលមាន៧គម្រោងបានផ្អាកការសាងសង់អស់រយៈពេលជិតកន្លះឆ្នាំ ខណៈគម្រោងខ្លះទើបចាក់គ្រឹះបានប៉ុន្មានផ្ទះ។ ក្នុងនោះគម្រោងទី ១, ២, ៣, ៤ កំពុងធ្វើការដោះស្រាយប៉ុន្តែគម្រោងទី ៥, ៦, ៧ មានពលរដ្ឋទិញផ្ទះចំនួន២៦០គ្រួសារ ត្រូវក្រុមហ៊ុនទុកចោល។
យោងតាមដីការបស់តុលាការក្រុងភ្នំពេញ លោក ចាវ សុជាតិ ជាម្ចាស់ បុរី ស៊ីអេស ចាវ សុជាតិ ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ហៅកាត់ ប៉េហ្ស៊ី (PJ) តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនិងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន រឿងចេញសែកស្អុយជាង២៥ម៉ឺនដុល្លាររបស់ក្រុមហ៊ុនលាយបេតុងរបស់លោក ង៉ែត ចំរើន។
ដោយឡែក ភាគីក្រុមហ៊ុន បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូវិនិយោគផ្សេងទៀត ដើម្បីបន្តសាងសង់លំនៅឋាន។
អតិថិជនមួយរូបទិញផ្ទះក្នុងគម្រោងទី៦ មានទីតាំងនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ លោក ងិន ង៉ុយ វ័យ៤៣ឆ្នាំ និយាយថា ជាងមួយឆ្នាំមុនលោកបានទិញផ្ទះនៅក្នុងបុរីដោយកក់ប្រាក់់ពាក់កណ្ដាលនៃតម្លៃផ្ទះ។ លោក ង៉ុយ អះអាងថា ប្លង់ដីក្រុមហ៊ុនគម្រោងទី៦ដែលកំពុងមានវិវាទជាមួយអតិថិជនខ្លួន ត្រូវបានផ្ទេរឈ្មោះទៅឱ្យអ្នកផ្សេងទៀតជាបន្តបន្ទាប់។
លោក ង៉ុយ ឱ្យដឹងថា៖ «ខ្ញុំបង់៥០%មុន ក្រុមហ៊ុនសន្យា១៦ខែចូលនៅ។ លូវ[ខែតុលា]ចូល១៩ខែហើយ ផ្ទះបានតែបុកគ្រឹះ»។
អតិថិជនមួយរូបទៀតទិញផ្ទះក្នុងគម្រោងទី៤ មានទីតាំងនៅភូមិកន្ទោងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល ដែលកំពុងធ្វើការដោះស្រាយក្រោមការសម្របសម្រួលដោយអាជ្ញាធរ លោក ប៉ុក តុលា វ័យ៤១ឆ្នាំ និយាយថា អាជ្ញាធរប្រាប់ឱ្យពលរដ្ឋទម្លាក់ថវិកាមួយចំនួនដើម្បីដកប្លង់ដែលក្រុមហ៊ុនបញ្ចាំនៅធនាគារមកបំបែកក្បាលដីរៀងខ្លួន។ យ៉ាងណាការស្នើនេះត្រូវប្រជាពលរដ្ឋធ្វើការបដិសេធ ដោយពួកគេចង់ឱ្យធនាគារកុំគិតការប្រាក់វិញ។
លោក តុលា បន្តថា៖ «មកដល់ពេលនេះអត់មានប្រជាពលរដ្ឋណាព្រមទេ ប៉ុន្តែប្រជាពលរដ្ឋគេទម្លាក់លុយធ្វើបណ្ដើរៗសាងសង់បន្ត។
អតិថិជនរូបនេះ បន្ថែមថា ក្នុងគម្រោងទី៤ មានចំនួន១៩៨ផ្ទះប៉ះពាល់ពលរដ្ឋ១៩៨គ្រួសារ ហើយមានត្រឹមតែផ្ទះមួយប៉ុណ្ណោះដែលសាងសង់រួចរាល់។ លោក បន្តថា ក្រុមហ៊ុនបានធ្វើការបញ្ចុះតម្លៃចំនួនមួយម៉ឺនដុល្លារសម្រាប់អតិថិជនបង់ផ្ដាច់ ក្នុងនោះមាន២០ផ្ទះបង់រួច១០០ភាគរយ។ ក្រៅពីនោះ ពួកគេបង់ថ្លៃ៣០ភាគរយនៃតម្លៃផ្ទះរៀងៗខ្លួន។
យោងតាមកិច្ចសន្យាលក់ដី-ផ្ទះមួយដែលខេមបូចាទទួលបានបង្ហាញថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ចាវ សុជាតិ ម្ចាស់ដី-ផ្ទះ លេខF04(គម្រោងទី៦) ស្ថិតនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានដីទទឹង១០ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ បានលក់ទៅឱ្យឈ្មោះ ញឹក សាវត្តី ក្នុងតម្លៃសរុប ៥៧ ០០០ដុល្លារ ដោយបង់ប្រាក់៣០ភាគរយ និងប្រាក់ដែលសល់អាចបង់រំលស់ជាមួយធនាគារ ឬបង់ផ្ដាច់ក្រោយទទួលប្លង់រឹងដែលកាត់ឈ្មោះរួចរាល់។ កិច្ចសន្យានេះបញ្ជាក់ថា ការសាងសង់ផ្ទះនិងការផ្ទេរដាក់ឈ្មោះអ្នកទិញមានរយៈពេល២៤ខែនិងអនុគ្រោះ២ខែ។
បើតាមលិខិតពលរដ្ឋនៃគម្រោងទី៦ សុំអន្តរាគមន៍ទៅអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា ពលរដ្ឋចំនួន៩៩គ្រួសារដែលបានទិញផ្ទះវីឡាទោលនៃក្រុមហ៊ុន បុរី ស៊ីអេស ចាវ សុជាតិ តាំងពីឆ្នាំ២០២០ ដែលសន្យាប្រគល់ផ្ទះត្រឹម១៨ខែ ដោយបង់ប្រាក់មុនចំនួន៣០ភាគរយ, ៥០ភាគរយ និង១០០ភាគរយ ប៉ុន្តែក្រុមហ៊ុនមិនគោរពកិច្ចសន្យា និងទុកចោលគម្រោងទី៦នេះរហូតសព្វថ្ងៃគ្រាន់តែបានចាក់ដីនិងបុកគ្រឹះខ្លះ។
លិខិតពលរដ្ឋគម្រោងទី៦ដដែល សុំអន្តរាគមន៍ទៅរដ្ឋមន្រ្តីក្រសួងដែនដី បានគូសបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែសាងសង់មិនទាន់តាមកិច្ចសន្យានោះទេ គឺពុំមានឆន្ទៈក្នុងការធ្វើតែម្តង ដោយក្រុមហ៊ុនផ្អាកមិនសាងសង់បន្ត។
នៅដើមខែមេសា ឆ្នាំ២០២២នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក ចាវ សុជាតិ ដែលពលរដ្ឋអះអាងថាជាម្ចាស់បុរី ស៊ីអេស ចាវ សុជាតិ ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ បើតាមអតិថិជនទិញផ្ទះនៅគម្រោងទី៤ ឱ្យដឹងថា ម្ចាស់បុរីរូបនេះជំពាក់ថ្លៃបេតុងពុំមានប្រាក់បង់ ទើបត្រូវគេប្ដឹងដាក់ពន្ធធនាគារ។
លោក ផាន់ ពន្នរាយ តំណាងក្រុមហ៊ុន ស៊ីអេស ចាវ សុជាតិ មានប្រសាសន៍ថា គម្រោងទី ៥,៦,៧ នេះ លោកកំពុងស្វែងរកដៃគូវិនិយោគដើម្បីមកសាងសង់បន្ត។
តំណាងក្រុមហ៊ុនរូបនេះ និយាយថា៖ «យើងកំពុងសហការជាមួយដៃគូដែលគេទាញយកវិនិយោគ»។
លោក ពន្នរាយ បន្ថែមថា បុគ្គលិករដ្ឋបាលមួយចំនួនបានដាក់ពាក្យសុំឈប់ បន្ទាប់ពីថៅកែក្រុមហ៊ុនជាប់ពន្ធនាគារ ទើបខ្វះឯកសារក្នុងការបង្ហាញទៅដៃគូវិនិយោគ។
លោក ពន្នរាយ បញ្ជាក់ថា៖ «រាល់ថ្ងៃយើងអត់អាចទុកគម្រោងហ្នឹងចោលទេ ប៉ុន្តែខ្ញុំត្រូវការធ្វើឯកសារលម្អិតជាមួយគេ»។
លោក ពន្នរាយ បន្តថា គម្រោងទី១,២,៣ មានម្ចាស់ផ្សេងសាងសង់បន្តនិងគម្រោងទី៤ ត្រូវបានដោះស្រាយដោយពលរដ្ឋទម្លាក់ថវិកាដែលនៅសល់ដើម្បីសាងសង់ដោយខ្លួនឯង។
លោក ពន្នរាយ លើកឡើងថា៖ «គម្រោង១,២,៣ គេមានអ្នកកាន់កាប់ផ្សេងមានម្ចាស់ដីគេកាន់កាប់កំពុងសង់ឱ្យអតិថិជនដូចគ្នា»។
តំណាងក្រុមហ៊ុនរូបនេះ ឱ្យដឹងថា ប្លង់ដីគម្រោងទី៦ដែលផ្ទេរឈ្មោះឱ្យបុគ្គលផ្សេងនោះ មិនប៉ះពាល់ដល់ការកាត់ឈ្មោះប្លង់ផ្ទះឱ្យពលរដ្ឋនោះឡើយ។
លោកបញ្ជាក់បន្ថែមថា៖ «គេផ្ទេរបម្រុងដោយសារបងខ្ញុំ(ចាវ សុជាតិ) យកប្លង់ដាក់កម្ចីឯកជន ប៉ុន្តែប្លង់ដីគេអត់ប៉ះពាល់ទេ ហើយគេឱ្យយើងចូលសាងសង់ធម្មតា។ យើងចូលសាងសង់មក គេកាត់ឈ្មោះឱ្យយើង គេប្រមូលលុយពីអតិថិជនឱ្យគ្រប់លុយគេ»។
នៅពេលប្រាប់ថា ពលរដ្ឋអះអាងថាមានការផ្ទេរប្លង់កម្មសិទ្ធិគម្រោងទី៦ឱ្យឈ្មោះផ្សេងទៀតជាបន្តបន្ទាប់ សរុបចំនួនពីរនាក់ហើយ តំណាងក្រុមហ៊ុនរូបនេះថា៖ «គឺបងប្អូនគាត់ពីរនាក់ គាត់រកស៊ីលុយជាមួយ ចៅ សុជាតិ»។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកបានទទួលសំណើសុំអន្តរាគមន៍ពីពលរដ្ឋរួចហើយ ប៉ុន្តែករណីនេះជាវិវាទនៃកិច្ចសន្យា ពុំជាប់ពាក់ព័ន្ធជាមួយរដ្ឋបាលសូរិយោដីឡើយ។
លោក វណ្ណា បញ្ជាក់ថា៖ «យើងក៏បានណែនាំឱ្យមន្រ្តីថ្នាក់ក្រោមឱ្យប្រាប់គាត់ដាក់ពាក្យទៅតុលាការ។ ធម្មតាសមត្ថកិច្ចណាជារបស់[គណៈ]កម្មការសូរិយោដីបានយើងដោះ»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ផ្ដល់យោបល់ថា ប្រជាពលរដ្ឋដែលមានបំណងក្នុងការទិញលំនៅឋានក្នុងបុរី គួរសិក្សាស្វែងយល់អំពីកេរ្តិ៍ឈ្មោះ និងបទពិសោធន៍សាងសង់ផ្ទះរបស់់ម្ចាស់គម្រោង។ លោក សុខនីម បន្តថា រាល់ម្ចាស់បុរីដែលមានអាជ្ញាបណ្ណវិនិយោគស្របច្បាប់នឹងតម្រូវឱ្យមានប្រាក់តម្កល់មួយចំនួននៅក្រសួងសេដ្ឋកិច្ច។
លោក សុខនីម មានប្រសាសន៍ថា៖ «មួយទៀតប្រសិនបើគាត់ជួបនៅបញ្ហា ក្រសួងសេដ្ឋកិច្ចមានតម្កល់ទុនវិនិយោគមួយចំនួនផងដែរ។ ……គេតម្កល់ប្រាក់ដូចជា៥ភាគរយនៃទំហំគម្រោង»។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋចំនួន២៤៨គ្រួសារដែលជាអតិថិជនទិញផ្ទះពីបុរី VIP បានស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជំរុញឱ្យម្ចាស់បុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញឱ្យដោះស្រាយបញ្ហាជូនពួកគាត់។
តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ឱ្យដឹងថា ពួកគេបានចំណាយលុយរាប់ម៉ឺនដុល្លារ ដោយខ្លះត្រូវបង់រំលស់ប្រចាំខែ និងខ្លះទៀតបានបង់ផ្តាច់តាំងពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ នៅមិនទាន់បានទទួលផ្ទះនៅឡើយ គឺបានហួសកិច្ចសន្យារយៈពេល២ទៅ៣ឆ្នាំមកហើយ៕