បុគ្គលិកសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និងសណ្ឋាគារ កាំបូឌីយ៉ាណា ជិត៤០នាក់បាន ប្រមូលផ្តុំនៅខាងមុខក្រសួងការងារថ្ងៃទី២៥ ខែមេសានេះ ដើម្បីស្នើឱ្យរដ្ឋមន្រ្តីក្រសួងការងារបញ្ជូនករណីវិវាទការងាររួមទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោយពីវិវាទត្រូវបានដោះស្រាយមិនសះជា។
តំណាងសណ្ឋាគារ កាំបូឌីយ៉ាណា និងធ្វើការផ្នែកបដិសណ្ឋារកិច្ច៣១ឆ្នាំ លោក នុត រ៉ានី បានឱ្យថា បុគ្គលិកកំពុងបម្រើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ជាង២០០នាក់នៅមិនទាន់ទទួលអត្ថប្រយោជន៍ក្រោយពីវិវាទបានដាក់មកក្រសួងការងារជាង២ខែ ប៉ុន្ដែក្រសួងមិនបានបញ្ជូនទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកសង្ឃឹមថា ក្រសួងនឹងជួយពន្លឿនទៅថៅកែសណ្ឋាគារដើម្បីបញ្ចប់វិវាទនេះ។
លោកបន្តថា៖ «ការដាក់ញត្ដិនេះដើម្បីឱ្យក្រសួងបញ្ជូនវិវាទពួកខ្ញុំទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលវិវាទការងារនឹងដោះសា្រយ។ ខ្ញុំជឿជាក់ថាក្រសួងនឹងដោះស្រាយឱ្យបានឆាប់ក្រោយពីដាក់ញតិ្ដនេះ»។
ក្នុងលិខិតដាក់ទៅក្រសួងនាព្រឹកនេះបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ពួកគេបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារដើម្បីស្វែងរកដំណោះស្រាយលើ៣ចំណុចធំៗរួមមានទាមទារប្រាក់ខែ១៤០ដុល្លារ អត្ថប្រយោជន៍មាតុភាព និងប្រាក់បន្ថែមសម្រាប់បុគ្គលិកដូរវេន។ កាលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនាយកដ្ឋានវិវាទការងារបានកំណត់ការផ្សះផ្សាប៉ុន្ដែវិវាទមិនត្រូវបានដោះស្រាយ។
ក្នុងលិខិតដដែលទាមទារឱ្យប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ចូលរួមចចារលើអនុសញ្ញារួម ក្រោយពីថៅកែសណ្ឋាគារទាំង២បដិសេធ។
ការដាក់លិខិតនេះ លោក និន វណ្ណៈ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយវិវាទ និងកូដកម្មនៃក្រសួងការងារបានបញ្ជាក់ដោយផ្ទាល់ថា លោកនឹងពន្លឿនដំណោះស្រាយលើវិវាទទាំងនេះដោយសំអាងថា បញ្ជូនលិខិតទៅលោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ។
លោកបញ្ជាក់ថា៖ «ខ្ញុំនឹងដាក់លិខិតនេះទៅរដ្ឋមន្រ្ដីដើម្បីស្វែងរកដំណោះស្រាយជូន»។
ការលើកឡើងស្រដៀងគ្នានេះប្រធានសហជីពនៃសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា លោក ផាត សារួន លើកឡងថា លោកនឹងបន្ដឃ្លាំមើលពីចំណាត់ការរបស់ក្រសួងបន្ដទៀត ក្រោយពីបញ្ហារបស់បុគ្គលិកជាង៣០០នាក់នៅសណ្ឋាគារ សូហ្វីតែលមិនត្រូវបានដោះស្រាយ។
លោកថ្លែងថា៖ «កន្លងមកបញ្ហាពួកយើង ក្រសួងគាត់ទុកចោល។ ខ្ញុំសង្ឃឹមថា បញ្ហារបស់ពួកយើងនឹងទទួលបានផ្លែផ្កា»។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក ហេង សៀកចេង ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រាបានទេ ដោយទូរសព្ទចូល ប៉ុន្ដែគ្មានអ្នកលើក។
ចំណែកលោក ឃុន ធីរ៉ា ប្រធានធនធានមនុស្សនៃសណ្ឋាគារ កាំបូឌីយ៉ាណា មិនអាចឆ្លើយនឹងសំណួរ ខេមបូចា បានទេ ដោយលោកថា៖ «សុំទោស! ខ្ញុំកំពុងរវល់»។
មាត្រា១០២ នៃច្បាប់ការងារថា ប្រាក់ឈ្នួល ទោះបីការកំណត់ ឬរបៀបគិតយ៉ាងណាក៏ដោយ មានន័យថា ឈ្នួលការងារ ឬឈ្នួលសេវាដែលអាចគិតជាប្រាក់បាន ឬកម្រិតបានដោយការព្រមព្រៀងគ្នា ឬដោយច្បាប់ជាតិ ហើយដែលនិយោជកត្រូវបើកឱ្យកម្មករនិយោជិតតាមកិច្ចសន្យាជួលការងារ ឬសេវាដោយលាយល័ក្ខណ៍អក្សរ ឬដោយមាត់ទទេ ទោះចំពោះការងារដែលបានធ្វើក្ដី ឬដែលត្រូវធ្វើក្ដី ចំពោះសេវាដែលបានបំពេញ ឬត្រូវបំពេញក្ដី។
លោក កត្ដា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា ការទាមទាររបស់តំណាងបុគ្គលិកទាំង២សណ្ឋាគារលើការចុះអនុសញ្ញាលើកិច្ចព្រមព្រៀងគឺធ្វើឡើងដោយការយល់ព្រមទាំងសងខាងដោយគ្មានការដាក់សម្ពាធលើគ្នានោះទេ។ លោកបន្ដថា ក្រសួងកំពុងធ្វើការសម្របសម្រួលលើករណីនេះដើម្បីឱ្យភាគីទាំងពីរចាកចេញពីវិវាទដ៏រ៉ាំរ៉ៃ។
លោកមានប្រសាសន៍ថា៖ «ករណីនេះគឺក្រសួងបានទទួលញត្ដិរួចហើយ ប៉ុន្ដែការទាមទារ សហជីពជាតំណាង គឺមិនអាចដាក់សម្ពាធលើគ្នាបានទេ។ ក្រសួងកំពុងដោះស្រាយបញ្ហានេះ»។
យោងតាមលិខិតរបស់បុគ្គលិកសណ្ឋាគារ កាំបូឌីយ៉ាណា បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា និងថ្នាក់គ្រប់គ្រងសណ្ឋាគារ កាំបូឌីយ៉ាណា រួមនិងថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា បានជួបប្រជុំដើម្បីធ្វើវិធានចចារអនុសញ្ញារួម។ ប៉ុន្ដែថ្នាក់គ្រប់គ្រងសណ្ឋាគារ កាំបូឌីយ៉ាណា បានបដិសេធវត្ដមានចូលរួមចចាររបស់លោក ទូច កុសល។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសហជីពបានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ។ ថ្ងៃទី២៩ ខែកុម្ភៈ ថ្នាក់ដឹកនាំសហព័ន្ធសហជីពបានចូលរួមផ្សះផ្សាវិវាទការងារនៅនាយកដ្ឋានវិវាទការងារក្រោមការសម្របសម្រួលលោក ហេង ប៊ុនថា ប៉ុន្ដែវិវាទនេះមិនសះជាទេ។ ករណីវិវាទនេះដូចគ្នានឹងវិវាទការងាររបស់បុគ្គលិកសណ្ឋាគារសូហ្វីតែល ដែរ។
បើតាមលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ដែលបានចូលរួមការដាក់លិខិតនាព្រឹកនេះបានថ្លែងថា ការដាក់ញត្ដិដើម្បីឱ្យក្រសួងជាអាជ្ញាកណ្ដាលងាកមកដោះស្រាយបញ្ហារបស់បុគ្គលិកលើវិស័យទេសចរណ៍ទទួលបានការយកចិត្ដទុកដាក់ដោយសំអាងថា ការទុកចោលរបស់ក្រសួងធ្វើឱ្យកម្មករបាត់ទំនុកចិត្ដ។
លោកបញ្ជាក់ថា៖ «បញ្ហានេះគឺកើតឡើងច្រើនមិនថាតែ២សណ្ឋាគារហ្នឹងទេតាមខ្ញុំទទួលបានលើករណីនេះ។ យើងចង់ឱ្យក្រសួងកុំទុកវិវាទរបស់កម្មករចោល ត្រូវចេញមុខដោះស្រាយ និងត្រូវបញ្ជូនរាល់វិវាទទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ អតីតកម្មករនិយោជិតដែលធ្លាប់បម្រើការងារនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ចំនួន៥៣នាក់ ដែលត្រូវបានសណ្ឋាគារបញ្ឈប់ពីការងារនោះ បានលើកគ្នាទៅតវ៉ានៅខាងមុខក្រសួងការងារដើម្បីស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរបស់ពួកគេ តាមរយៈការបញ្ជូនវិវាទនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីសំណុំរឿងនេះ មិនអាចផ្សះផ្សាគ្នាបាន។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់) ថ្លែងថា ក្រសួងគួរពន្លឿនបញ្ហាវិវាទឱ្យទាន់ពេលវេលា ដើម្បីធានាថា ក្រសួងពិតជាយកចិត្ដទុកដាក់ក្នុងនាមជាអាជ្ញាកណ្ដាល។
លោកបន្ថែមថា៖ «ក្រសួងគួរពន្លឿនវិវាទហ្នឹងទើបបញ្ហាអាចដោះស្រាយចប់»។
យោងតាមរបាយការណ៍របស់អង្គការសង់ត្រាល់ចេញឆ្នាំ២០២០បង្ហាញថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមីនាឆ្នាំ២០២០ មានបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ប្រមាណជា ២ ០០០នាក់មកហើយនៃសណ្ឋាគារជាង២០ ដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការទូទាត់សំណងសមរម្យ ហើយសណ្ឋាគារខ្លះតួយ៉ាងដូចជា សណ្ឋាគារ Le Meridien Angkor Hotel នៅខេត្តសៀមរាប។ សណ្ឋាគារខ្លះបានបញ្ឈប់បុគ្គលិកពី៣០ទៅ៥០% និងខ្លះទៀត បានកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិក ពី១០ទៅ៣០% ជាដើម។
វិស័យទេសចរណ៍ទទួលរងគ្រោះធ្ងន់ជាងគេក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយចំនួនភ្ញៀវបរទេសបានធ្លាក់ចុះ៩៨ភាគរយនៅត្រីមាសទី២ និង៤០ភាគរយនៅត្រីមាសទី១ក្នុងឆ្នាំ២០២០៕