ប្រជាពលរដ្ឋប្រមាណ៦៩គ្រួសារ នាំគ្នាទៅតវ៉ាមុខរដ្ឋបាលខេត្តបាត់ដំបងដើម្បីទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លីរបស់ពួកគេដែលកាប់រានអាស្រ័យផលតាំងពីឆ្នាំ២០១២ លើផ្ទៃដី២៥៤ហិកតានៅចំណុចភ្នំស្ន ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
បន្ថែមពីនោះប្រជាពលរដ្ឋក៏បានស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងពលរដ្ឋដែលអាស្រ័យផលលើដីរបស់ខ្លួនខាងលើ។
តំណាងប្រជាពលរដ្ឋ លោក ឌុច ស្តើង អាយុ៦៥ឆ្នាំ បាននិយាយថានេះជាលើកទីពីរហើយដែលពួកគាត់ ឡើងមកតវ៉ា សុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ចុះវាស់វែងដីធ្លី ផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យពលរដ្ឋ ការពារកុំឱ្យដកហូតពីពួកគាត់នៅពេលក្រោយ និងអាចយកប្លង់ដីដាក់បញ្ចាំធនាគារយកទុនមកពង្រីកការដាំដុះដើម្បីចិញ្ចឹមជីវិត។
លោក ឌុច ស្តើង ឱ្យដឹងថា៖ «ពួកខ្ញុំចង់បានប្លង់កម្មសិទ្ធិស្របច្បាប់ អាជ្ញាធរប្រៀបដូចឪពុកម្តាយចែកដីឱ្យកូនបើអត់ប្លង់គាត់ចង់ដកហូតពេលណាក៏បាន បើបានប្លង់ស្របច្បាប់ហើយមិនអាចដកហូតវិញបានទេ»។
លោក ឌុច ស្តើងអះអាងថា គាត់មានដីបីហិកតាដែលខំរុករានដាំដុះ ដំណាំ ដំឡូង និងស្រូវ តាំងពីឆ្នាំ២០១២ នៅចំណុចខាងលើមកទល់បច្ចុប្បន្នមិនដែលខកខាន។ ប៉ុន្តែនៅឆ្នាំ២០២២ គាត់ និងប្រពន្ធឈ្មោះ ឃឹម ថេន ត្រូវបានអាជ្ញាធរស្រុកគាស់ក្រឡ ប្តឹងមកតុលាការចោទប្រកាន់ថា បានកាប់រុករានលើដីសាធារណៈរបស់រដ្ឋដែលមកទល់ពេលនេះមិនទាន់ចប់រឿងក្តីនៅឡើយ ។ លោកបានស្នើសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ បញ្ចប់រឿងក្តីរបស់លោកនឹងកុំឱ្យបន្តប្តឹងពលរដ្ឋទាក់ទងនឹងដីធ្លីខាងលើថែមទៀតផងដែរ។
តំណាងប្រជាពលរដ្ឋម្នាក់ទៀតលោក ស្វាយ សុភាព អាយុ៥៦ឆ្នាំ រស់នៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡខេត្តបាត់ដំបងបាននិយាយថា ដោយក្រីក្ររអត់មានដីធ្លីលោក និងប្រជាពលរដ្ឋផ្សេងទៀត សរុប៦៩គ្រួសារបានកាប់ឆ្ការព្រៃដើម្បីដាំដុះដំណាំពោត ដំឡូង ស្រូវ នៅទីតាំងខាងលើចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្នចំនួន២៥៤ហិកតា។
លោកបន្តថា កន្លងមកអាជ្ញាធរធ្លាប់បានគំរាមដកហូតចបកាំបិត និងសម្ភារៈធ្វើកសិកម្មពីពលរដ្ឋជាបន្តបន្ទាប់ដែរ ដោយចោទប្រកាន់ថាពលរដ្ឋរុករានកាប់ឆ្កាលើដីសាធារណៈរបស់រដ្ឋ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦៩គ្រួសារធ្លាប់បាននាំគ្នាផ្តិតស្នាមមេដៃ ដាក់ពាក្យសុំអន្តរាគមន៍ ទៅអាជ្ញាធរខេត្តបាត់ដំបង និងទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅដើមឆ្នាំ២០២៣នេះ ដើម្បីសុំអន្តរាគមន៍ចុះវាស់វែងដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់ដែរ។
ក្នុងលិខិតដែលសុំអន្តរាគមន៍នេះបានបញ្ជាក់ថា ពួកគាត់ទាំង៦៩គ្រួសារបានកាន់កាប់ និងអាស្រ័យផលលើផ្ទៃដីចំនួន២៥៤ហិកតា នៅចំណុចភ្នំស្ន ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ តាំងពីឆ្នាំ២០១២មក។ ក្នុងអំឡុងឆ្នាំ២០២០ ក្រុមការងារសុរិយោដីថ្នាក់ខេត្តស្រុក បានចុះវាស់វែងដីដើម្បីធ្វើបណ្ណកម្មសិទ្ធិ ជូន ពលរដ្ឋនៅចំណុចភ្នំស្ននេះ តែក្រុមការងារមិនបានធ្វើការវាស់វែងដីធ្លីឱ្យក្រុមពួកគាត់នោះទេ ដោយ ប្រាប់ថាដីរបស់ពួកគាត់ពុំមានឈ្មោះត្រូវវាស់វែងឡើយ។ ហើយក្រុមមន្រ្តីជំនាញបានធ្វើការវាស់វែងចោះៗ ចំពោះអ្នកដែលមានឈ្មោះប៉ុណ្ណោះ ហេតុដូច្នេះហើយទើបពួកគាត់មិនមានបណ្ណកម្មសិទ្ធិដូចពលរដ្ឋដទៃដល់សព្វថ្ងៃ ។
លោក ឌុច ស្តើងបានបន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋទាំង៦៩គ្រួសារនេះមាន៥៣គ្រួសាររស់នៅមូលដ្ឋានខាងលើផ្ទាល់ ដែលមានអត្តសញ្ញាណបណ្ណសៀវភៅគ្រួសារ និងបានបោះឆ្នោតរាល់អាណត្តិមិនដែលខាន ចំណែកប្រជាពលរដ្ឋ១៦គ្រួសារទៀតរស់នៅស្រុកផ្សេង។
ប្រជាពលរដ្ឋខាងលើបានឱ្យដឹងថា ការឡើងមកសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តបាត់ដំបងនាថ្ងៃអង្គារនេះ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យជួបលោកអភិបាលខេត្ត រឺ អភិបាលរងខេត្តទទួលបន្ទុកដំណោះស្រាយដីធ្លីនោះទេ ដោយអាជ្ញាធរបានប្រាប់ពលរដ្ឋឱ្យទៅជួបអភិបាលស្រុកគាស់ក្រឡវិញដើម្បីឱ្យ អាជ្ញាធរស្រុករាយការណ៍បន្តមកខេត្តព្រោះថ្នាក់ដឹកនាំខេត្តកំពុងជាប់ប្រជុំ ។
ដោយបរាជ័យក្នុងការជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត តំណាងប្រជាពលរដ្ឋបានធ្វើលិខិតមួយច្បាប់ទៀតយកទៅដាក់ជូនដល់ទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង នារសៀលថ្ងៃទី៦ ខែមិថុនា នេះដើម្បីគោរពជូន លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសមាជិកសភាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងដើម្បីជួយអន្តរាគមន៍បន្ថែម។
ប្រជាពលរដ្ឋលោក ស្វាយ សុភាព បានបញ្ជាក់ថា ពេលទៅដល់ស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង មានមន្រ្តីម្នាក់ក្នុងចំណោមបីនាក់ បានទទួលពាក្យសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ និងបោះត្រាចូលរួចហើយ ដោយមន្រ្តីនោះប្រាប់ថានឹងបញ្ជូនឯកសារពលរដ្ឋបន្តទៅរដ្ឋសភាជាតិ។
ខេមបូចា មិនអាចទំនាក់ទំនងលោក យឹម សឿប អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកដោះ ស្រាយដីធ្លីបាននៅឡើយទេនាសៀលថ្ងៃអង្គារ៍នេះ តាមទូរសព្ទដោយលោកថាជាប់រវល់ប្រជុំ។ ចំណែកលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡមិនអាចទំនាក់ទំនងបាននោះទេតាមទូរសព្ទ ។
ទោះបីយ៉ាងណាលោក ឌី ពៅ អភិបាលរងស្រុកគាស់ក្រឡ ទទួលបន្ទុកដោះស្រាយដីធ្លី បានមានប្រសាសន៍ថា អាជ្ញាធរមិនអាចផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋបាននោះទេ ដោយលោកចោទថា ប្រជាពលរដ្ឋលួចកាប់ទន្រ្ទានរុករានលើដីដែលមានប្លង់កម្មសិទ្ធិរបស់រដ្ឋ។
លោកបញ្ជាក់ថា ដើមចមទីតាំងដីខាងលើនេះ គឺមានទំនាស់រវាងលោកឧកញ្ញ៉ា សន ថន និងប្រជាពលរដ្ឋ ហើយត្រូវបានគណកម្មាធិការថ្នាក់ស្រុក និងខេត្ត ចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី លើកទីមួយ និងលើកទីពីរ នឹងបានហាមមិនឱ្យពលរដ្ឋកាប់ទន្រ្ទានរុករានព្រៃបន្ថែមទៀត។ លោកបន្តថា ថ្វីត្បិតតែអាជ្ញាធរហាម តែពលរដ្ឋនៅតែលួចរុករានដីបន្ត រហូតគណៈកម្មាធិការចុះកំណត់អត្តសញ្ញាណជាលើកចុងក្រោយនឹងបានធ្វើរបាយការណ៍រាយការណ៍ទៅថ្នាក់ខេត្ត ខេត្តរាយការណ៍ទៅក្រសួង រហូតដល់រាជរដ្ឋាភិបាលបានសម្រេចដកហូតដីពីឧកញ្ញ៉ា សន ថន ទាំងអស់។
លោកបន្ថែមថា ក្រោយពីរាជរដ្ឋាភិបាលដកហូតដីពីឧកញ្ញ៉ា សន ថន រួចមកនៅឆ្នាំ២០២១ អាជ្ញាធរបាន ផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីធ្វើអត្តសញ្ញាណកម្មកន្លងមក គឺប្រជាពលរដ្ឋណាដែល កាប់ទន្រ្ទានដីព្រៃបានវាលនឹងដាំដំណាំរួចហើយ ត្រូវផ្តល់កម្មសិទ្ធិស្របច្បាប់ជូនដែលវគ្គទី១ បានជាង៨០គ្រួសារ ចំណែកដីណាដែលនៅព្រៃមិនទាន់កាប់វាលដាំដំណាំ គឺត្រូវឆ្វៀលទុកជាដីរបស់រដ្ឋ មិនផ្តល់បណ្ណកម្មសិទ្ធិជូននោះទេ ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦៩គ្រួសារនេះមិនមានឈ្មោះក្នុងបញ្ជីដែលគណៈកម្មការចុះធ្វើអត្តសញ្ញាណកម្មនោះទេ គឺពួកគាត់មកកាប់ទន្រ្ទានដីរដ្ឋនៅពេលក្រោយដែលគណៈកម្មាធិការចុះធ្វើអត្តសញ្ញាណកម្ម ហើយពួកគាត់ឃើញប្រជាពលរដ្ឋមុនគេទទួលបានប្លង់កម្មសិទ្ធិ ពួកគាត់នាំគ្នាកៀរគរមកលួចរុករានដីរដ្ឋដើម្បីចង់បានប្លង់កម្មសិទ្ធិដែរ ដោយមិនមានអាជ្ញាធរដឹងលឺ។
លោក ឌី ពៅ បន្ថែមថា៖ «អាជ្ញាធរគ្មានដំណោះស្រាយអ្វីឱ្យពលរដ្ឋនោះទេព្រោះពួកគាត់ទៅរុករានលើដីមានប្លង់កម្មសិទ្ធិរបស់រដ្ឋ រាល់ថ្ងៃពួកគាត់នៅតែលួចកាប់រុករានដីរដ្ឋជាហូហែរ បើទោះបីអាជ្ញាធរ ស្រុកមានវិធានការច្បាប់មានដីការចាប់ខ្លួនដាក់គុកមនុស្សមួយចំនួនក៏ដោយ តែពួកគាត់នៅតែមិនខ្លាចរឿងច្បាប់ហ្មង»។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបង និងប៉ៃលិន បានមានប្រសាសន៍ថា ដីខាងលើជាដីដែលមានប្លង់កម្មសិទ្ធិរបស់រដ្ឋ ឯកឧត្តមអភិបាលខេត្ត ជាប្រធានអាជ្ញាធរគ្រប់គ្រងដីរដ្ឋក្នុងខេត្តបាត់ដំបង ហើយប្រជាពលរដ្ឋប្រើប្រាស់ដីខាងលើនេះមិនច្រើនប៉ុន្មាននោះទេ អាជ្ញាធរគួរតែធ្វើប្រទានកម្មជូនដល់ពួកគាត់ដើម្បីបានដាំដុះដំណាំចិញ្ចឹមជីវិត។
លោក អ៊ិន គង់ជិត បន្ថែមថា៖ «ព្រោះយើងឃើញថានៅឆ្នាំ២០១៧អាជ្ញាធរខេត្ត បានស្នើសុំទៅសម្តេចក្រឡាហោម ស ខេង សុំដី៧០០ហិកតាពីឧកញ្ញ៉ា សន ថន ហើយសម្តេចបានយល់ព្រមដោយទុក៥០០ហិកតាចែកឱ្យប្រជាពលរដ្ឋអ៊ីចឹង! ដីដែលបែងចែកនោះមិនទាន់អស់ទេ យើងស្នើសុំឱ្យអាជ្ញាធរខេត្ត លោកបន្តកិច្ចការនេះដើម្បីបញ្ចប់ ដើម្បីឱ្យពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិ ប៉ុន្តែត្រូវធ្វើការជំរឿនច្បាស់លាស់ដែរ»៕