ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានលាលែងពីតំណែង នៅសប្តាហ៍នេះ ដោយសារបញ្ហាសុខភាព។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោក ស៊ិក ប៊ុនហុក ដោយលើកឡើងថា លោកមានបញ្ហាសុខភាព ដែលតម្រូវឲ្យទៅវះកាត់នៅក្រៅប្រទេស។ ក្រោយពីវះកាត់ លោកបានត្រឡប់មកកម្ពុជាវិញ និងកំពុងសម្រាកព្យាបាល។ លោក ស៊ិន ប៊ុនហុក បានដាក់ពាក្យលាឈប់ជូនរដ្ឋសភា កាលពីថ្ងៃអង្គារ ហើយត្រូវបានទទួលអនុម័តកាលពីថ្ងៃសុក្រ។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា៖ «គាត់មានវ័យចំណាស់ ហើយមានបញ្ហាសុខភាព»។ លោកស៊ិក ប៊ុនហុក បានក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីខែមេសា ឆ្នាំ២០១៥ ដោយជំនួសតំណែងលោក អ៊ឹម សួស្តី។
លោក ហង្ស ពុទ្ធា បានបន្ថែមថា៖ «ការលាលែងពីតំណែងរបស់សមាជិក គ.ជ.ប មិនមានផលប៉ះពាល់ណាមួយមកលើដំណើរការទាំងស្រុងនៃការបោះឆ្នោតនាពេលខាងមុខនោះទេ ដោយសារយើងមានរចនាសម្ព័ន្ធ និងធ្វើការជាក្រុម»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ បានមានប្រសាសន៍ថា សភានឹងប្រកាសជ្រើសរើសអ្នកជំនួសតំណែងលោក ស៊ិក ប៊ុនហុក នៅសប្តាហ៍ក្រោយ។
លោកបានថ្លែងថា៖ «យើងនឹងប្រកាសជាសាធារណៈពីការជ្រើសរើសបេក្ខភាពនៅក្នុងរយៈពេលប្រាំថ្ងៃខាងមុខ ហើយបន្ទាប់ពីយើងមានបេក្ខភាព យើងនឹងពិភាក្សាជាមួយនឹងគណបក្ស [ប្រជាជនកម្ពុជា] ដែលបានតែងតាំងលោកស៊ិក ប៊ុនហុក។ បន្ទាប់ពីគណបក្សបានព្រមព្រៀងលើបេក្ខភាព គណៈកម្មាធិការអចិន្រ្តៃយ៍សភានឹងរៀបចំអង្គប្រជុំ និងបោះឆ្នោតអនុម័ត»។
អតីតតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ដែលបានបង្កើតគណបក្សកែទម្រង់កម្ពុជា បាននិយាយថា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីត្រូវតែជាបុគ្គលឯករាជ្យ ដើម្បីទទួលបានទំនុកចិត្តពីសំណាក់អ្នកបោះឆ្នោត។
លោកបានថ្លែងថា៖ «យើងអាចនិយាយថា សាធារណជននឹងមិនទុកចិត្តបេក្ខជនជំនួសដែលមកពីគណបក្សប្រជាជនកម្ពុជានោះទេ»។
លោកបានបន្តថា៖ «ប្រសិនបើប្រធាន គ.ជ.ប មកពីសមាជិកគណបក្សនយោបាយណាមួយ… ពួកគេនឹងតែងតែលម្អៀងទៅគណបក្សរបស់ខ្លួន»។
លោកសំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (Nicfec) បានបកស្រាយថា ដោយសារគណបក្សប្រជាជនកម្ពុជាកាន់កៅអីទាំងអស់នៅរដ្ឋសភា បន្ទាប់ពីការរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ ២០១៧ ពួកគេនឹងតែងតាំងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបានថ្លែងថា៖ «បេក្ខជនគឺនឹងមកពីគណបក្សប្រជាជនកម្ពុជាដោយស្វ័យប្រវត្តិ ពីព្រោះមិនមានគណបក្សនយោបាយដទៃទៀតនៅក្នុងរដ្ឋសភា»។
លោក សំ គន្ធាមី បានកត់សម្គាល់ពីការលាលែងពីតំណែងរបស់លោក ស៊ិក ប៊ុនហុក ផងដែរ ដោយលើកឡើងថា ជារឿងកម្រមួយដែលមន្រ្តីកម្ពុជាលាលែងពីតំណែងរបស់ខ្លួន។
លោកបានបន្ថែមថា៖ «ជានិន្នាការល្អមួយ [សម្រាប់មន្រ្តីដទៃទៀត] ពីព្រោះយើងមិនធ្លាប់ឃើញមន្រ្តី ដទៃទៀត [លាឈប់] ដូចឯកឧត្តមស៊ិក ប៊ុនហុកនោះទេ»។
លោក កន សាវង្ស អ្នកឃ្លាំមើលនៃអង្គការខុមហ្រ្វែល (COMFREL) បាននិយាយថា ការលាឈប់ និងការជំនួសតំណែងលោក ស៊ិក ប៊ុនហុក នឹងមិនបង្កការប៉ះពាល់មកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។
លោកបានថ្លែងថា៖ «គណបក្សកាន់អំណាចមានសិទ្ធិជ្រើសរើសបេក្ខជនថ្មីដើម្បីជំនួយ ដូច្នេះខ្ញុំគិតថា វាមិនប៉ះពាល់ដំណើរការបោះឆ្នោតនោះទេ» ដោយបន្ថែមថា សមាជិកគ.ជ.ប មានចំនួន ០៩នាក់ ហើយប្រធានគឺមកពីគណបក្សដែលមានកៅអីច្រើនជាងគេនៅសភា។
លោកបានបន្ថែមថា៖ «មិនមានផលប៉ះពាល់លើសមាជិកភាពនោះទេ ពីព្រោះគាត់គឺមកពីគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចដូចគ្នា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NEC chairman steps down due health problem