សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គជប ចាប់ឆ្នោតជ្រើស​រើស​លេខរៀងបក្សនយោបាយ ខណៈបក្សប្រឆាំងអះអាងផ្ទុយគ្នាអំពីការរួបរួមអង្គបោះឆ្នោត

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាវក្រឡុកឈ្មោះគណបក្សដែលចូលរួមចាប់លំដាប់លេខរៀងដើម្បីឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ រូបថតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាវក្រឡុកឈ្មោះគណបក្សដែលចូលរួមចាប់លំដាប់លេខរៀងដើម្បីឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ រូបថតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតដើម្បីជ្រើសរើសលេខរៀង​គណបក្ស​នយោបាយនៅលើសន្លឹកឆ្នោត ខណៈគណបក្សប្រឆាំងអះអាង​ផ្ទុយគ្នា​អំពី​ការរួបរួម​​សំឡេងអង្គបោះឆ្នោត​របស់​បក្ស​ភ្លើងទៀន​ជាធ្លុងមួយ​សម្រាប់ការបោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ការចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅឯទីស្នាក់ការ គជប ក្រោមវត្តមានរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គជប និង​តំណាងសម្ដេចសង្ឃរាជទាំង២គណៈ រួមទាំងតំណាងគណបក្សនយោបាយ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងទៀត ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួនជិត១០០នាក់។

ជាលទ្ធផលក្នុងការចាប់ឆ្នោតជ្រើសរើសលេខរៀង គជប បានរកឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​បានឈរនៅលេខរៀងទី១ ហើយ គជប សង្ឃឹមថា ការចាប់ឆ្នោតនេះនឹងមានតម្លាភាព ព្រមទាំងមានការសាទរពីភាគីពាក់ព័ន្ធ ប៉ុន្តែមន្រ្តីបក្សប្រឆាំងបានរិះគន់ថា ការរៀបចំពិធីរបស់ គជប ហាក់នៅមាន​ការខ្វះចន្លោះនៅឡើយ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ថ្លែងថា គជប បានទទួល​ការ​ចុះបញ្ជីរបស់អង្គបោះឆ្នោតរួចហើយដោយមានចំនួនសរុប ១១ ៧៤៧នាក់ ដែលជា​តំណាង​រាស្រ្ត​និងក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសក្នុងមុខតំណែង។

លោកបន្តថា បើតាមប្រតិទិន គជប នឹងបិទផ្សាយបញ្ជីបោះឆ្នោតជាបឋម នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដោយទុកឱ្យបក្សនយោបាយអាចធ្វើការប្ដឹងតវ៉ា ​ឬជំទាស់ ខណៈ គជប នឹងផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោតនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចាប់លេខរៀងគណបក្សនយោបាយនេះថា បាន​បង្ក​លក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការឃោសនាបោះឆ្នោត និងជួយឱ្យ​អ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត។

លោក ប្រាជ្ញ ចន្ទ បានថ្លែងថា៖ «ខ្ញុំព្រះករុណាខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា​ ពិធីចាប់ឆ្នោត​ដែល​នឹងដំណើរការនាពេលបន្តិចទៀតនេះ នឹងប្រព្រឹត្តទៅតាមនីតិវិធីមួយត្រឹមត្រូវច្បាស់​លាស់ យុត្តិធម៌ និងតម្លាភាព ក្រោមព្រះវត្តមានសម្ដេចព្រះសង្ឃព្រះរាជតំណាង​សម្ដេច​ព្រះមហា​សង្ឃរាជទាំងពីរគណៈ និងមានការសាទរពីគ្រប់មជ្ឈដ្ឋានជាក់ជាមិនខាន»

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា មានគណបក្សនយោបាយចំនួន៤ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ក្នុង​នោះ​មានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយគណបក្សនយោបាយទាំងអស់បានដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​ភូមិភាគ​ទាំង៨។

ក្នុងដំណើរការនៃការចាប់ឆ្នោតដើម្បីកំណត់លេខរៀងជាលំដាប់របស់គណបក្សនយោបាយនេះ មន្រ្តី គជប បានដាក់សន្លឹកឆ្នោតមានរំលេចស្លាកសញ្ញាតំណាងគណបក្សទាំង៤ ដើម្បី​ធ្វើការចំណាំ ហើយបានបត់ជាពីរផ្នត់ រួចស៊កបញ្ចូលក្នុងស្រោមសំបុត្រពណ៌មាស រួចមូរ ហើយ​​ដាក់រួមគ្នាក្នុងហិបឆ្នោតដែលជាកញ្ចក់ថ្លា។ លុះក្រោយមក មន្រ្តី បានយក​ហិប​កញ្ចក់​ថ្លា​នេះ ទៅកាន់ប្រធាន គជប ដើម្បីធ្វើការ​ច្របល់​សន្លឹកឆ្នោត មុនពេលដាក់ឱ្យ​តំណាង​សម្ដេច​សង្ឃ​ទាំង២គណៈ ធ្វើការចាប់ឆ្នោត​រើសលេខ​រៀង​បក្សនយោបាយជាបន្តបន្ទាប់។

ជាលទ្ធផលក្នុងការចាប់ឆ្នោតជ្រើសរើសលេខរៀង ដោយតំណាងសម្ដេចសង្ឃទាំង២គណៈ គជប បានរកឃើញថា គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១ គណបក្សឆន្ទៈខ្មែរ​លេខរៀងទី២ គណបក្សហ៊្វុនស៊ិនប៉ិចលេខរៀងទី៣ និងគណបក្សកម្លាំងជាតិលេខរៀងទី៤។

តំណាងគណបក្សកម្លាំងជាតិ លោក ផុន សុភា ថ្លែងថា គជប បានរៀបចំការចាប់ឆ្នោត​ជ្រើស​រើស​លេខរៀងគណបក្សនយោបាយនេះ ដោយគ្មានតម្លាភាព។ លោក ថា ហិបចាប់ឆ្នោត​មិន​គួរ​មានកញ្ចក់ថ្លា ដែលអាចមើលឃើញស្លាកសម្គាល់គណបក្សនៅខាងក្នុងហិបបាន ហើយ​ពិធីការ ពុំបានកោះហៅតំណាងគណបក្សនយោបាយទៅពិនិត្យ​ និងឯកភាព​ចំពោះការរៀបចំ​ដាក់សន្លឹកឆ្នោតក្នុងហិបឆ្នោត ស្របពេលដែលមានអ្នកសារព័ត៌មានជាច្រើន​នាក់បាន​ឈរ​ថត​បាំងជិតតំណាងបក្សនយោបាយក្នុងការសង្កេតមើលពីនីតិវិធីចាប់ឆ្នោតនេះទៀតផង។

លោកបញ្ជាក់ថា៖ «បើសន្លឹកឆ្នោតមានសញ្ញាសម្គាល់អ្វីមួយ អ្នកចាប់គេចាប់យកសញ្ញា​សម្គាល់​ហ្នឹងបានហើយ ពីព្រោះកញ្ចក់ហ្នឹង»។

ចំណែក តំណាងគណបក្សឆន្ទៈខ្មែរ លោក អ៊ី មុយលី ថ្លែងថា គជប គួរណែនាំឱ្យអ្នកសារព័ត៌​មាន​ឈរ​នៅជ្រុងម្ខាងអំឡុងពេលចាប់ឆ្នោតរើសលេខរៀងបក្សនយោបាយ ដើម្បីឱ្យតំណាង​គណបក្សអាចសង្កេតមើលដោយផ្ទាល់ភ្នែកបាន។

លោកថ្លែងថា៖ «[លើក] ក្រោយៗសំណូមពរទៅ គជប មានការរៀបចំធ្វើម៉េច​ឱ្យតំណាង​គណបក្សនីមួយៗ គាត់បានមើលឃើញនិងផ្ទៀងផ្ទាត់ចំពោះការចាប់ឆ្នោតនេះ»

តំណាងគណបក្សនយោបាយ និងមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុងពិធីរបស់ គជប ក្នុងការ​បោះ​ឆ្នោតជ្រើសរើសលំដាប់លេខរៀងគណបក្សដើម្បីឈរឈ្មោះបោះឆ្នោតសមាជិក​ព្រឹទ្ធសភា នីតិកាលទី៥។ រូបថតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ស្របពេលជាមួយគ្នានេះ គណបក្សប្រឆាំង២ដែលបានចុះបញ្ជីគណបក្សនយោបាយ​សម្រាប់​ការ​ប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអះអាងផ្ទុយគ្នា​ពាក់​ព័ន្ធ​នឹងផែនការបង្រួមសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើងទៀន​ជា​ធ្លុង​មួយ។

សមាជិកគណៈកម្មាធិការនាយកគណបក្សកម្លាំងជាតិ លោក ផុន សុភា បានបង្ហើបថា បច្ចុប្បន្ននេះ បក្សកម្លាំងជាតិ និងបក្សភ្លើងទៀនកំពុងរៀបចំផែនការដើម្បីឱ្យគណបក្សទាំង២​អាចទទួល​បាន​អសនៈនៅព្រឹទ្ធសភាដូចគ្នា។

លោកបានបន្ថែមថា គណ​បក្សទាំង២បានសម្រេចនូវចំណុចរួមគ្នាមួយដ៏សំខាន់ ប៉ុន្តែ​លោក​បដិសេធក្នុងការអត្ថាធិប្បាយលម្អិតពីករណីនេះ។

លោកបន្ថែមថា៖ «លទ្ធផលយើងសង្កេតឃើញថាបានមួយជំហានធំហើយ។ ខ្ញុំអត់ទាន់អាច​និយាយបានទេ ព្រោះសេណារីយ៉ូនេះ យើងអាចនឹងចេញនៅពេលខាងមុខ ហើយចេញ​ច្រកណា​គឺយើងមិនអាចជម្រាបបាន[ទេ]»។

ទោះជាយ៉ាងនេះក្ដី ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល មានប្រសាសន៍ថា បក្ស​ភ្លើងទៀនពុំមានការសម្របសម្រួលគ្នាជាមួយបក្សកម្លាំងជាតិដើម្បីរួបរួមអង្គបោះឆ្នោតនោះទេ។ លោក បានជឿជាក់ថា អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀននឹងបោះឆ្នោតជូន​បក្ស​ឆន្ទៈខ្មែរ​​តាមការអំពាវនាវពីថ្នាក់ដឹកនាំបក្សរបស់ពួកគេ។

លោកលើកឡើងថា៖ «រឿងការបោះឆ្នោតហ្នឹងខ្ញុំមិនបានឃោសនាឱ្យបក្សភ្លើងទៀន​ទៅ​បោះ​ឆ្នោត​ឱ្យគាត់ [បក្សកម្លាំងជាតិ] ទេ»

ចំពោះការរំពឹងទុកលទ្ធផលបោះឆ្នោតនេះ លោក សុភា សង្ឃឹមថា បក្សកម្លាំងជាតិនឹងទទួល​បាន​អសនៈ​ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយលោកអះអាងថា តាម​ការ​ស្ទាបស្ទង់មានក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនមានទំនោរគាំទ្របក្សកម្លាំងជាតិ។

លោកបន្តទៀតថា៖ «វាអាស្រ័យលើក្រុមប្រឹក្សាជាប់ឆ្នោតទេ បើសិនជាគាត់ឃើញ​គោល​នយោបាយ​និងជំហររបស់គណបក្សកម្លាំងជាតិល្អនោះគាត់​នឹងគាំទ្រ​គណបក្ស​កម្លាំងជាតិ»។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) យល់ឃើញថា អសនៈរបស់បក្សប្រឆាំងអាច​នឹង​បាត់បង់នៅព្រឹទ្ធសភា ប្រសិនបើថ្នាក់ដឹកនាំបក្សមិនមានគោលនយោបាយ​និងការចុះ​ពន្យល់​​ណែនាំដល់អង្គបោះឆ្នោតនៅថ្នាក់ក្រោមជាតិឱ្យបានច្បាស់លាស់។

លោកថ្លែងថា «វាជារឿងធម្មតាទេ បើគណបក្សខ្លួនឯងមិនបានប្រកួតប្រជែងហើយ សំឡេង​ប្រគល់​ទៅឱ្យសម្ព័ន្ធនៃគណបក្សអាហ្នឹងជារឿងធម្មតា ការបាត់បង់វានឹងអាចកើតមាន​ចៀស​មិន​​​ផុតទេ។ គ្រាន់តែថាកម្រិតប៉ុណ្ណា អាស្រ័យលើយុទ្ធសាស្រ្តនយោបាយ​គណបក្ស​ដែល​ជា​សម្ព័ន្ធ​ហ្នឹង តើគាត់មានគោលនយោបាយនឹងការជជែកបែបម៉េចដើម្បីរក្សាហ្នឹង[អង្គបោះ​ឆ្នោត]»

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣​ មានសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន ជាង៤០០​នាក់​បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យ​ប្រធាន​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល និងអគ្គលេខាធិការ លោក លី សុធារ៉ាយុទ្ធ លាលែង​ពី​តំណែង និងបញ្ឈប់ការគំរាមកំហែង ព្រមទាំងការព្យាយាមដកហូតមុខតំណែង​របស់​សមាជិក​ដោយគ្មានហេតុផលសមរម្យ ព្រមទាំងគោរពសិទ្ធិក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់​សមាជិកបក្ស។

ប៉ុន្តែបេក្ខជនសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ និងជាអតីតអ្នកនាំពាក្យបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ អះអាងថា អ្នកដែលតវ៉ាទាំងនោះ គ្រាន់តែជាអតីតសមាជិកបក្ស​ភ្លើងទៀន​ប៉ុណ្ណោះ។ លោក បានអះអាងទៀតថា អ្នកតវ៉ានោះ មានមួយចំនួន​បាន​ចូលរួម​ជា​បក្សកាន់អំណាច និងមួយចំនួនទៀតចូលជាសមាជិកបក្សកម្លាំងជាតិ។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨អសនៈក្នុងនីតិកាលទី៥នេះ គណបក្ស​ប្រជាជនកម្ពុជាមានក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតសរុបចំនួន ៩ ៣៧៦ ខណៈគណបក្សភ្លើងទៀន មានសរុប ២ ១៩៨អង្គបោះឆ្នោត។ ចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច​មានអសនៈសរុប១៩។

ការបោះឆ្នោតសមាជិកព្រឹទ្ធសភានឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអង្គបោះ ឆ្នោត គឺតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងមុខតំណែង ដោយបោះឆ្នោត ជ្រើស​រើសសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោមសមាជិកសរុប៦២នាក់។

សមាជិកព្រឹទ្ធសភាចំនួន២រូបតែងតាំង ដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបាន រដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើន។ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៤ គ្រោងធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕

333 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម