សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ.ជ.ប បដិសេធសំណើសំខាន់ៗរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល ដើម្បីកែលម្អការបោះឆ្នោត

បុរសម្នាក់បើកបរម៉ូតូកាត់មុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់បើកបរម៉ូតូកាត់មុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​​បដិសេធសំណើ​សំខាន់ៗរបស់​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង ​ដែល​មាន​បំណង​ចង់​ធ្វើឱ្យមានតម្លាភាព​ និង​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្ក​ដាកាន់តែ​ប្រសើ​រឡើង​។ 

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប បាន​ប្រាប់​ខេមបូចា ថា សេចក្តីព្រាងចុងក្រោយ​​នៃបទបញ្ជា និងនីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ គ្រោង​នឹង​ត្រូវ​ផ្សព្វផ្សាយជាសាធារណៈ​​នៅអំឡុង​​សប្តាហ៍​នេះ។

លោក​បាន​អះអាងថា ប៉ុន្តែ​សំណើជា​ច្រើន​របស់​គណបក្ស​ប្រឆាំង ​និង​ក្រុម​សង្គម​ស៊ីវិល​ ដែល​ពួកគេអះអាងថា ដើម្បី​កែលម្អតម្លាភាព ​និង​ភាពត្រឹមត្រូវ​នៃការបោះឆ្នោត​នឹង​មិន​ត្រូវ​បាន​អនុវត្ត​នោះទេ ពីព្រោះ​វាមិន​មាន​ប្រសិទ្ធភាព ឬមិន​ស្របតាម​ច្បាប់​។

ជុំវិញ​សំណើ​របស់​គណបក្ស​ប្រឆាំង​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នេះ លោក ពុទ្ធា មាន​ប្រសាសន៍ថា៖ «អង្គការសង្គមស៊ីវិលធ្វើតិច​ និយាយធំ ​។ ពួកគាត់​ជឿថា ធ្វើ​តាម​ទស្សនៈ​របស់គាត់នឹង​ធ្វើ​ឲ្យ​ការ ​បោះ​ឆ្នោតសេរីនិង​ត្រឹមត្រូវ​ ប៉ុន្តែ​ខ្ញុំគិតថា នេះគឺជា​ទស្សនៈ​មិន​ត្រឹមត្រូវទេ​»។​

គណៈកម្មាធិការ​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរីនិងយុត្តិធម៌នៅកម្ពុជា​ (​ខុមហ្វ្រែល) បាន​ដាក់​ជូន​សំណើ​​ចំនួន​៥៨​ ចំណុច​ ប៉ុន្តែ​គ្មាន​សំណើណាមួយត្រូវ​បាន​ គ.ជ.ប ទទួល​យក​នោះទេ។ នេះបើ​តាម​លោក​ កន សាវាង្ស អ្នក​សម្របសម្រួល​កម្មវិធី​តស៊ូមតិ​ និង​ឃ្លាំ​មើល​របស់​ ខុមហ្រ្វែល​។

លោក​មាន​ប្រសាសន៍ថា ខុមហ្វ្រែល​បាន​ពិនិត្យ​មើល​ច្បាប់ចម្លង​នៃ​សេចក្តីព្រាង​នីតិវិធី​ចុងក្រោយ​របស់​ គ.ជ.ប កាលពីថ្ងៃទី​៣០​ ខែធ្នូ​។​

លោក​ថ្លែងថា៖ «គ្មានចំណុចណាមួយ​ [ដែល​លើកឡើង​ដោយខុមហ្វ្រែល] ត្រូវបាន​គ.ជ.ប ទទួល​យកសម្រាប់​​ការ​កែលម្អទេ ប៉ុន្តែ​ក្នុង​នាម​ជា​អង្គការសង្គម​ស៊ីវិល​ យើងនឹង​បន្ត​ឃ្លាំមើល [ ការ​បោះ​ឆ្នោត​]»។ លោកបន្តថា ការ​ខកខាន​មិន​បាន​ធ្វើ​ការ​កែលម្អ​ដែល​បាន​ស្នើ​ឡើង​ «នឹង​​ប៉ះពាល់​ការ​បោះ​ឆ្នោត​តាម​បែបប្រជាធិបតេយ្យ​ ហេតុនេះហើយ​ គេគួរ​​​បញ្ចូល​សំណើ​ទៅ​ក្នុង​បទបញ្ជានិង​នីតិវិធីនៃការ​បោះ​ឆ្នោត​»

ប្រទេសកម្ពុជា​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅតាមតម្រូវការ​ដែលចាំបាច់សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​​សេរី យុត្តិធម៌ និង​បើក​ចំហ​នៅឡើយទេ។ ​នេះបើ​យោងតាម​ការ​វាយតម្លៃ​មុន​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០២២ របស់​បណ្តាញអាស៊ី​ សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​ ជាបណ្តាញ​នៃអង្គការក្នុងតំបន់​​ឃ្លាំមើល​ការ​បោះ​ឆ្នោត ដែល​អង្គការ​ខុមហ្វ្រែល​ជាសមាជិក​ផងដែរនោះ។​

លោក ពុទ្ធា មាន​ប្រសាសន៍ថា គ.ជ.ប បាន​ទទួល​យក​សំណើ​ច្រើន​ជាង១៨០​ អំឡុង​ពេល​នៃការ​ផ្តល់​យោបល់​កាល​ពីខែវិច្ឆិកា​។ លោក​អះអាងថា គ.ជ.ប បាន​ច្រានចោល​សំណើ​តែ​២២​ប៉ុណ្ណោះ​ បើទោះបីជា​លោក​ទទួល​ស្គាល់​ សំណើទាំង​នោះ​រួម​មាន​ការកែលម្អសំខាន់ៗដែល​ស្នើ​ដោយ​អង្គការ​ខុមហ្វ្រែល និង​គណបក្ស​ប្រឆាំង​ក៏ដោយ។​

លោក ពុទ្ធា មិន​បាន​ឆ្លើយ​តប​ចំពោះ​​សំណើ​សុំ​ការ​បញ្ជាក់​អំពីថាតើ គ.ជ.ប បាន​ទទួល​យក​​សំណើ​ណាមួយ​របស់​អង្គការ​ខុមហ្វ្រែល​ដែរឬទេ។

ចំណុច​ជា​ច្រើន​នៃសំណើ​របស់​ខុមហ្វ្រែល​ ក៏ត្រូវ​បាន​លើក​ឡើង​ដោយ​គណបក្ស​នយោបាយ​បួន​ផ្សេង​ទៀតដែរ មាន​គណបក្ស​ភ្លើងទៀន គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និង​គណបក្ស​ខ្មែររួបរួម​ជាតិ​ ជា​ការឆ្លើយ​តបទៅ​នឹង​ភាពមិនប្រក្រតី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​នីតិវិធី​បោះ​ឆ្នោត​ឃុំសង្កាត់​កាល​ពី​ខែមិថុនា​ឆ្នាំ​មុន​។​​

តំណាង​មកពីគណបក្ស​ទាំង​បួន​អះអាងថា ពួកគេមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ គ.ជ.ប នៅ​ឡើយ​ទេ​ ប៉ុន្តែ​មាន​ការ​បារម្ភ​ ប្រសិន​បើ​គ្មាន​សំណើ​ណាមួយ​របស់​ខ្លួន​ត្រូវ​បាន​យក​ទៅ​អនុវត្តនោះ។  

លោក យ៉េង វីរៈ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ប្រសាសន៍ថា៖ «គណបក្ស​នយោបាយ​គឺជា​តួអង្គសំខាន់នៅក្នុង​ដំណើរការបោះ​ឆ្នោត​ ហើយ​ប្រសិន​បើ​សំណើ​ត្រូវ​បាន​ច្រានចោល​ និង​មិន​ពិចារណា​នោះ វានឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​»

អ្នក​សង្កេតការ​មកពី​អង្គការសង្គមស៊ីវិល​និង​តំណាង​គណបក្ស​នយោបាយ​ឃ្លាំមើល​ការ​រាប់​សន្លឹកឆ្នោត​ អំឡុង​ពេល​បោះ​ឆ្នោត​ឃុំសង្កាត់​ក្នុងទីក្រុងភ្នំពេញ​កាល​ពី​ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ​២០២២។​ ខេមបូចា/ ព្រីង សំរាំង

នៅ​ក្នុង​ចំណោម​សំណើផ្សេងទៀត​ ខុមហ្វ្រែល​ និង​គណបក្ស​នយោបាយ​បួន​ផ្សេងទៀត​បានទទូច​ឲ្យ គ.ជ.ប កុំ​​​ឱ្យ​មាន​ការបិទទ្វារ និងបង្អួច​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ អំឡុង​ពេល​រាប់សន្លឹកឆ្នោត​ ដើម្បីធានា​​តម្លាភាព និង​ហាមឃាត់​មិន​ឲ្យ​មាន​វត្តមាន​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្ត្រី​នៅ​ក្រៅ​ការិយាល័យបោះឆ្នោត​។​

ពួកគេក៏បាន​ស្នើ​ឱ្យ​ គ.ជ.ប ហាម​ឃាត់ការបង្រៀន​អ្នក​បោះឆ្នោត​ឱ្យគូសលើ​សន្លឹងឆ្នោត​គំរូ ក្នុង​អំឡុង​ពេល​ឃោសនា  ដែលនឹងធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ភាន់ច្រឡំ ខណៈ​​គណបក្ស​ប្រជាជនកម្ពុជា​បាន​ធ្វើ​សកម្មភាពនេះ​ដដែល​ៗ​នៅ​មុន​ការ​បោះ​ឆ្នោត​។​​  

នៅក្នុង​សំណើដែល​ខ្លួន​បាន​ដាក់ជូន គ.ជ.ប អង្គការខុមហ្វ្រែល​បាន​អះអាងថា៖ «ការ​អនុញ្ញាត​ឱ្យពលរដ្ឋ​ឃ្លាំ​មើល​ការ​រាប់សន្លឹកឆ្នោត​គឺដើម្បី​ធានា​នូវ​តម្លាភាពក្នុង​ការ​រាប់សន្លឹក​ឆ្នោត​។ ការ​បិទរបង បិទទ្វារ និង​បង្អួច​ការិយាល័យ​បោះឆ្នោត​…នឹង​នាំឲ្យ​មាន​ការ​សង្ស័យជុំវិញការ​រាប់​សន្លឹក​ឆ្នោត​»

លោក ហង្ស ពុទ្ធា ថ្លែង​ថា ការ​បិទទ្វារ និង​បង្អួច​អំឡុង​ពេលរាប់សន្លឹកឆ្នោត​គឺធ្វើ​ឡើង​ក្នុង​បំណង​ការពារសន្តិសុ​ខ និង​មិន​ប៉ះពាល់​ដល់​ការបូកសរុប​សន្លឹកឆ្នោត​នោះទេ ពីព្រោះ​គណបក្ស​នីមួយៗមាន​តំណាង​របស់ខ្លួនចូលរួម ​ហើយ​អ្នក​សង្កេតការ​បោះឆ្នោត​ឯករាជ្យ​ក៏​មាន​វត្តមាន​ផងដែរ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា សំណើ​ដើម្បី​កែប្រែបទបញ្ជា និង​​នីតិវិធី​សម្រាប់ការ​បោះឆ្នោត​មិន​មែន​ជា​​​បញ្ហា​ធ្ងន់​ធ្ងរទេ​ ដោយអះអាងថា ការបិទទ្វារបង្អួច​អំឡុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​គឺដោយសារតែបញ្ហា​អាកាសធាតុ។

លោកថ្លែង​ថា៖ «ការ​បិទ [ ទ្វារនិងបង្អួច​ ] គឺដោយសារតែ​បញ្ហា​អាកាសធាតុ​ អំឡុង​ពេល​មាន​ភ្លៀងឬខ្យល់​ ហើយ​ការនេះអនុវត្តតែចំពោះការិយាល័យបោះឆ្នោតណា​ដែល​មាន​បញ្ហា​កើត​ឡើង​ប៉ុណ្ណោះ»

លោក​មាន​ប្រសាសន៍ថា គណបក្ស​ប្រជាជន​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ដោយ​ងាយ​កាល​ពី​ឆ្នាំ​មុន​គ្មាន​បញ្ហា​ជាមួយ​នឹង​នីតិវិធី​បោះឆ្នោត​ទេ ហើយ​មិន​បាន​ដាក់​សំណើ​ណាមួយ​ទៅ​ គ.ជ.ប ដែរ។

សំណើ​មួយ​ទៀត​របស់​អង្គការ​ខុមហ្វ្រែល​រួម​មាន​រារាំង​មន្ត្រីមូលដ្ឋាន​មិន​ឱ្យ​កត់​ត្រាព័ត៌មាន​អ្នក​បោះ​ឆ្នោត​នៅក្បែរ​ការិយាល័យ​បោះឆ្នោត ដែល​គេសង្កេតឃើញ​កើត​មាន​ អំឡុង​ពេល​បោះ​ឆ្នោត​ឃុំសង្កាត់​។ 

លោក កន សាវាង្ស បានលើកឡើងថា៖ «នៅ​ពេល​អាជ្ញា​ធរ​អង្គុយចាំកត់​​​ឈ្មោះ​នៅ​ការិយាល័យបោះឆ្នោត នេះគឺជា​ការ​គំរាមកំហែង​ ហើយ​វាប្រាកដជា​ប៉ះពាល់​ការ​សម្រេចចិត្ត​របស់​ប្រជា​ពលរដ្ឋ​»

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដ៏ចម្រូងចម្រាសបំផុត​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល ​និង​គណបក្ស​បួន​ផ្សេងទៀត​នោះ គឺផ្តោត​លើ​ការ​កែប្រែ​ការ​ប្រើ​ប្រាស់​ទម្រង់ ១១០២ ដែល​ជាកំណត់​ហេតុ​រាប់សន្លឹក​ឆ្នោត​ រួម​ទាំង​សន្លឹកឆ្នោត​មិន​បាន​ការ​ផងដែរ​។

មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ សំណៅ​ទម្រង់​១១០២ផ្លូវការ​ត្រូវ​បាន​ចែក​ជូន​តំណាង​មក​ពី​គណបក្ស​នយោបាយ​ទាំង​អស់​ បន្ទាប់ពី​បិទបញ្ចប់ការ​រាប់សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​រាប់សន្លឹក​ឆ្នោត​នីមួយៗ ប៉ុន្តែ​ពេលនេះ​ទម្រង់​នេះមិនត្រូវ​បាន​គេចែក​ជូន​ដោយ​ផ្ទាល់​ទៀត​ទេ។

ជាជំនួស​មកវិញ ទម្រង់នេះ​ត្រូវ​បាន​សរសេរ​ជា​បីច្បាប់​។ មួយច្បាប់​ត្រូវ​បិទ​នៅ​ក្រៅ​ការិយាល័យ​​រាប់សន្លឹកឆ្នោត​សម្រាប់​តំណាង​គណបក្ស​នយោបាយ​និង​អ្នក​ឃ្លាំ​មើលការ​បោះ​ឆ្នោត​ ដើម្បី​ថត​យក​ មួយច្បាប់ទៀត​រក្សា​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​ និង​ច្បាប់ទី៣ ត្រូវ​បញ្ជូន​ទៅ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ឃុំសង្កាត់​ដើម្បី​បោះត្រា​សម្រាប់​ជា​លទ្ធផល​ចុង​ក្រោយ។  

គណបក្ស​ប្រឆាំង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​ចម្លង​ចុងក្រោយ​អាចត្រូវ​បាន​កែប្រែ​ ដោយសារតែ​នីតិវិធី​របស់ ​គ.ជ.ប អនុញ្ញាតឱ្យ​កែដោយ​ប្រើ​ទឹកលុប​​។ លោក ហង្ស ពុទ្ធា បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​ទាំង​នេះ។

លោក​ ហង្ស ពុទ្ធា បញ្ជាក់ថា៖ «​ខ្ញុំ​គិត​ថា វាគ្រាន់តែជា​ទិចនិច​​នយោបាយ​ហើយ​ពួកគេ​ប្រហែល​​ជា​គិត​ថា ទិន្នន័យ​នៅក្នុងទម្រង់​១១០២ អាចត្រូវ​បាន​កែប្រែ​ ប៉ុន្តែ គ.ជ.ប ធានា​រួច​ហើយនូវ​តម្លាភាព​ដោយ​បិទ​ទម្រង់នេះ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​»។​ 

អង្គការ​ខុមហ្វ្រែល​ក៏បាន​ស្នើ​ទៅ​ គ.ជ.ប ឱ្យ​ដោះ​ស្រាយ​បណ្តឹងដែលពាក់ព័ន្ធនឹង​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ជាជាងបញ្ជូន​បញ្ហា​ទាំង​នេះ​ទៅ​តុលាការ​ ដូចជា​នៅ​ក្នុង​ករណី​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែល​បាន​ហៅ​ គ.ជ.ប ថា លម្អៀងដែល​បណ្តាល​ឱ្យ​មាន​បណ្តឹង​​បរិហារកេរ្តិ៍​ពី​គណបក្ស​ប្រជាជនកម្ពុជា​ និង​ គ.ជ.ប។​

លោក ហង្ស ពុទ្ធា ថ្លែង​ថា៖ «យើង​មិនបាន​ប្តឹងគាត់ [ សុន ឆ័យ ] ដោយ​សារបណ្តឹង​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត​ទេ យើង​គ្រាន់តែ​ប្តឹងគាត់​ ដើម្បី​ការ​ពារ​ភាព​ស្របច្បាប់​របស់​យើង​នៅក្នុងករណី​បរិហារកេរ្តិ៍​ប៉ុណ្ណោះ។ ប្រសិនបើ​យើង​មិន​ប្តឹងគាត់ វាមាន​ន័យថា អ្វីដែល​គាត់​និយាយគឺជាការ​ពិត​»

លោក​បាន​បន្ថែមថា សំណើផ្សេងទៀត​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​មួយចំនួន​ «មិន​អាច​អនុវត្ត​បាន​ទេជាក់ស្តែង​» ដូចជា​សំណើ​បង្កើន​ចំនួន​អាសនៈសភានៅតាម​ខេត្តចំនួន​៩​ ដូចជា​ខេត្តព្រះវិហារ និង​កោះកុង​ ដែល​មាន​ត្រឹម​មួយអាសនៈ។

លោក​បន្ត​ថា គ.ជ.ប មិន​មាន​អំណាច​ក្នុងការ​កែប្រែបែបនេះ​ ឬបង្កើត​ការិយាល័យបោះឆ្នោត​នៅ​តាម​ព្រំដែន​ ដែលជា​សំណើ​មួយផ្សេងទៀត។

លោកថ្លែង​ថា៖ «គ.ជ.ប មិន​អាចទទួល​យក​អ្វីដែល​ផ្ទុយនឹងច្បាប់​បាន​ទេ ខណៈ​សំណើ​មួយ​ចំនួន​មិន​អាចអនុវត្តបាន​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​។ យើង​ក៏​ពិនិត្យ​មើល​ការ​អនុវត្ត​ជាក់ស្តែង​ថា តើ​វាអាចទៅរួច​ឬអត់​»

លោក យ៉ែម ប៉ុញ្ញារិទ្ធ អនុប្រធាន​គណបក្ស​ខ្មែររួបរួម​ជាតិ​បាន​ប្រាប់​ខេមបូចាថា សំណើ​ឱ្យ​កែប្រែបទបញ្ជា និង​នីតិវិធី​សម្រាប់ការ​បោះឆ្នោត​គឺសំដៅ​ដល់​ការ​ធានាភាពត្រឹម​ត្រូវ​។ 

លោក​មាន​ប្រសាសន៍ថា៖ «ដើម្បី​កសាងភាពជឿជាក់រវាងស្ថាប័ន​រៀបចំការ​បោះ​ឆ្នោត​ អ្នក​ប្រកួត​ប្រជែង ​និង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ចាំបាច់​ត្រូវ​កសាង​តម្លាភាព​។ យើង​មិន​បាន​ស្នើ​ [ឱ្យកែ] ដោយ​គ្មាន​ហេតុ​ផល​នោះទេ ហើយ​រឿងនេះនឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣ និង​បង្កើត​ជា​ចម្ងល់​សម្រាប់​សាធារណជន​»

រាយការណ៍បន្ថែម​ដោយ ផុន សុទ្ធីរ័ត្ន

476 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម