សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រូពេទ្យឯកទេសផ្នែកសរសៃប្រសាទបង្ហាញថា កុមារញៀនទូរសព្ទ​ធ្វើឱ្យប៉ះពាល់ការលូតលាស់ខួរក្បាល

កុមារាម្នាក់កំពុងដេកមើលទូរសព្ទក្នុងផ្ទះ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ គឹម សារុំ)
កុមារាម្នាក់កំពុងដេកមើលទូរសព្ទក្នុងផ្ទះ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ គឹម សារុំ)

វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទខួរក្បាល និងអ្នកសិក្សាពីបញ្ហាកុមារបានបង្ហាញថា ការដែលកុមារញៀននឹងទូរសព្ទ ឬទូរទស្សន៍ពិតជាមានផលប៉ះពាល់ក្នុងដំណាក់កាលនៃការលូតលាស់​​​ខួរក្បាលចំពោះកុមារ។

លោកស្រីវេជ្ជបណ្ឌិត សំ ផល្លីកា អ្នកឯកទេសប្រសាទសាស្រ្តផ្នែកសរសៃប្រសាទខួរក្បាលនៃ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រាប់ ខេមបូចា ថា ការដែលកុមារញៀននឹងទូរសព្ទដៃ ឬ​ទូរទស្សន៍​​​ពិតជាមានផលប៉ះពាល់ក្នុងដំណាក់កាលនៃការលូតលាស់[ខួរក្បាល]​ចំពោះកុមារ។

លោកស្រីបន្តថា ផលប៉ះពាល់មានដូចជា ការលូតលាស់យឺតរបស់ខួរក្បាល និងសតិបញ្ញា ហើយធ្វើឱ្យក្មេងគ្មានទំនាក់ទំនងជាមួយមនុស្ស ឬមជ្ឈដ្ឋាននៅជុំវិញខ្លួន។ កុមារដែលចូលចិត្តមើលទូរសព្ទងាយរងនូវវិបត្តិផ្លូវចិត្ត បាក់​ទឹកចិត្ត ថប់អារម្មណ៍ ហើយធ្វើឱ្យកុមារចេះនិយាយ​យឺតជាងធម្មតា និងមានលក្ខណៈស្រដៀងគ្នានឹងកុមារដែលកើតជំងឺ[អូទីហ្សឹម]ដែរ(Autism)។

លោកស្រីវេជ្ជបណ្ឌិតថ្លែងថា៖ «ការព្យាបាល បើស្ថិតនៅក្នុងកម្រិតស្រាល គួរបន្ថយ ឬផ្តាច់ការ​ប្រើប្រាស់ទូរសព្ទសិន ហើយឪពុកម្តាយ​បង្កើនពេលវេលានៅជាមួយពួកគាត់ឱ្យបាន​ច្រើន​។ ប៉ុន្តែបើកុមារដែលមើលទូរសព្ទ ហើយមានបញ្ហាស្ថិតក្នុងកម្រិតធ្ងន់ធ្ងរត្រូវរកអ្នកជំនាញផ្នែកកុមារអូទីហ្សឹម»

ករណីនេះដែរត្រូវបានលោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ផ្នែក​កុមារមានជំងឺ[អូទីហ្សឹម]ដែលមានទីតាំងនៅក្រុងតាខ្មៅខេត្តកណ្តាលបានប្រាប់ថាបច្ចុប្បន្ន​​នៅសាលារបស់លោកស្រីមានក្មេងដែលមានជំងឺអូទីហ្សឹមចំនួន៣០០នាក់ និងមានអាយុចន្លោះពី៣ឆ្នាំដល់១៤ឆ្នាំ។ ប៉ុន្តែជំងឺអូទីហ្សឹមរបស់កុមារទាំងនោះមិនមែនបណ្តាលមកពីមើលទូរសព្ទនោះទេ។ ចំពោះកុមារ​ដែលមានជំងឺអូទីហ្សឹមនេះគឺបណ្តាលមកពីកុមារខ្វះខាតទៅ​លើបញ្ហា៣ចំណុចសំខាន់ៗ គឺទី១ អាកប្បកិរិយារបស់ក្មេងមិនរហ័ស​រហួនដូចក្មេងដទៃ។ ទី២ គឺខ្វះការទំនាក់ទំនងសង្គម និងទី៣ គឺការនិយាយស្តី។

បើទោះជាមានការបង្ហាត់បង្រៀនក្មេងអូទីហ្សឹមហើយមិនទាក់ទងនឹងការមើលទូរសព្ទក្តី តែបើតាមលោកស្រី ម៉ានី ឱ្យដឹងថា បញ្ហាដែលក្មេងតូចៗមើលទូរសព្ទច្រើន គឺវាបណ្តាលឱ្យប៉ះពាល់​ដល់ការទំនាក់ទំនងនៅក្នុងសង្គម ដោយសារតែក្មេង១ថ្ងៃៗសំឡឹងតែអេក្រង់ទូរសព្ទមិនមានពេលមើលគេឯង ឬមិនបានចូលរួមលេងជាមួយក្មេងៗដូចគ្នា ហើយអាចធ្វើឱ្យខួចដល់​ ការវិវឌ្ឍរបស់ខួរក្បាលទៀតផង។

លោកស្រី ម៉ានី ថ្លែងថា៖ «បើក្មេងចំណាយពេលតែទៅលើអេក្រង់ទូរសព្ទ តាមធម្មតា គឺការទំនាក់ទំនងសង្គម គឺគាត់មានការខ្វះ​ខាត​តែម្តង។ ខ្វះខាតត្រង់ថា គាត់មិនមានភាពស្និទស្នាលជាមួយមនុស្សនៅជុំវិញខ្លួន»

ករណីនេះក៏មិនខុសអីពីការលើកឡើងរបស់លោក សាស្រ្តាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ជាអ្នកស្រាវជ្រាវពីវិធីសាស្រ្តសម្រាប់សិក្សា​របស់សិស្ស និស្សិត បានបកស្រាយប្រាប់ ខេមបូចា ថា យោងតាមការស្រាវជ្រាវរបស់លោកឃើញថា ការផ្តល់ទូរសព្ទ smartphone ឱ្យក្មេងលេងបានអាចមានអាយុចាប់ផ្តើមពីអាយុ១៣ឆ្នាំឡើងទៅ។

លោកសាស្រ្តាចារ្យបន្ថែមថា ប៉ុន្តែត្រូវស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងពីឪពុកម្តាយ​ដោយ​យោងទៅតាមផែនការក្នុងការប្រើប្រាស់ទូរស័ព្ទ smartphone។ ចំពោះក្មេងអាយុក្រោម១៣ឆ្នាំ គឺមិនត្រូវមានsmartphoneប្រើទេ ព្រោះវានាំឱ្យមានផល​[អាក្រក់]​ច្រើនជាងផលល្អ។

លោកថ្លែងថា៖ «បញ្ហាគឺក្មេងមិនទាន់មានលទ្ធភាព ឬសមត្ថភាពក្នុងការគ្រប់គ្រងដល់ការប្រើ​ប្រាស់ទូរសព្ទបាននៅឡើយទេ។ អ្វីដែលអាក្រក់បំផុតនោះ គឺភាព[ញៀន]របស់ក្មេង និងមានផលប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត ផ្លូវប្រាជ្ញា និងភ្នែករបស់ក្មេង»

 បើតាមលោកសាស្រ្តាចារ្យ ជម្រើសទី១ គឺប្រសិនបើចាំបាច់ត្រូវតែប្រើទូរសព្ទសម្រាប់ឱ្យកូនដែលមានអាយុក្រោម១៣ឆ្នាំគួរជ្រើស​រើស tablet វិញជាជាងឱ្យប្រើ smartphone។ ប៉ុន្តែក៏ត្រូវចេះជ្រើសរើសកម្មវិធីកម្សាន្តដែលមានប្រយោជន៍ក្នុងការសិក្សា អប់រំដែល​នាំឱ្យលូតលាស់ផ្នែកប្រាជ្ញាដល់ក្មេងផងដែរ។ ដោយមានកំណត់ពេលវេលា និងរយៈពេលច្បាស់លាស់ក្រោមការ​​ត្រួត​​​​ពិនិត្យ​​​​យ៉ាង​ម៉ត់​ចត់ពីឪពុកម្តាយ។

ជម្រើសទី២ ជាជម្រើសល្អបំផុត គឺមានសៀវភៅល្អៗច្រើនណាស់សម្រាប់កុមារអាន ឬមានជាសម្ភារក្មេងលេងល្អៗ ឱ្យគាត់លេងវិញជាពិសេសសម្ភារពាក់ព័ន្ធនឹងការសិក្សា។ ជម្រើសទី៣ គឺមិនត្រូវឱ្យកូនសេពគប់ជាមួយក្មេងដែលមានsmartphoneប្រើទេ ព្រោះក្មេង​ដែលមានអាយុក្រោម១៣ឆ្នាំ ងាយនឹងទទួលរងនូវផលវិបាកច្រើនជាងផលល្អក្នុងការប្រើប្រាស់​smartphone។

វាអាចជាឧទាហរណ៍មួយដែរសម្រាប់ក្មេងទើបតែមានអាយុជាង១ខួបជាប្អូនស្រីពៅដែលមានបងប្រុសម្នាក់ទៀតអាយុ១៣ឆ្នាំ។ តែឪពុកម្តាយ​របស់នាងមិនបាននៅមើលថែនាងដូចក្មេងដទៃនៅក្នុងភូមិឡើយ ដោយទុកឱ្យយាយតាជាអ្នករ៉ាប់រងមើលថែជំនួស ខណៈឪពុក​ម្តាយរបស់ពួកគេទៅធ្វើការជាកម្មករកាត់ដេរនៅភ្នំពេញ។

អ្នកស្រី ស៊ូ សន អាយុ៥៥ឆ្នាំ រស់នៅក្នុងឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលត្រូវជាយាយរបស់ក្មេងស្រីនោះ បាននិយាយ​​​​ថា ចៅគាត់ត្រូវបានឪពុកម្តាយប្រគល់ឱ្យគាត់ចិញ្ចឹមជំនួស​តាំងពីនាងអាយុ១ខួបមកម៉្លេះ។ ក្នុងការមើលថែចៅជំនួសម្តាយឪពុកនេះមិនមែនជាការងាយស្រួលឡើយ ព្រោះគាត់ក៏មានកិច្ចការផ្ទះក៏ដូចជាធ្វើស្រែផងដែរ ហើយគាត់ត្រូវទទួល​​​បន្ទុកចិញ្ចឹមចៅប្រុសស្រី២នាក់ទៀត ពិសេសចៅស្រីតូចរបស់គាត់បើគ្មានទូរសព្ទមើលទេក៏គេមិននៅស្ងៀមដែរ។

បើតាមអ្នកស្រី ស៊ូ សន បញ្ហានេះដោយសារតែគាត់ទម្លាប់ឱ្យចៅមើលទូរសព្ទតាំងពីនាងនៅអាយុ១ខួបមកម៉្លេះ ហើយបើពេល​ណា​ចៅស្រីរបស់គាត់បានមើលទូរសព្ទទើបនាងមិនយំ។ ប៉ុន្តែបើនាងបានទូរសព្ទមើលហើយទោះជាគាត់ចង់ធ្វើការងារអីក៏បានដែរ។

របៀបនេះគាត់តែងធ្វើទៅលើចៅស្រីរបស់គាត់រហូតក្លាយជាទម្លាប់ទៅហើយ។ សូម្បីតែមុនពេលគេងទាល់តែគាត់បើកទូរសព្ទឱ្យមើល​ទើបចៅស្រីរបស់គាត់គេងលក់។

អ្នកស្រី សន​ ថ្លែងថា៖ «រឿងឱ្យក្មេងមើលទូរស័ព្ទនេះវាអាចជួយឱ្យយើងមានពេលធ្វើការងារផ្ទះបានស្រួលមែនតែវាមានបញ្ហាដល់ក្មេង។ ឥឡូវចៅស្រីរបស់ខ្ញុំអត់ទូរស័ព្ទមិនបានទេ ខ្ញុំខ្លាចតែវារៀនមិនចេះដោយសារតែទូរសព្ទនេះទៀតផង»

ក្មេងអាយុក្រោម១០ឆ្នាំ កំពុងលេងហ្គេមលើទូរសព្ទ smartphone​ នៅផ្ទះ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ដោយឡែកអ្នកស្រី សោម បុប្ផា អាយុ៣០ឆ្នាំ ជាអាជីវករម្នាក់រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងថា គាត់មានកូនប្រុសម្នាក់អាយុ៤ឆ្នាំហើយបច្ចុប្បន្នកំពុងរៀនថ្នាក់​ទី១​នៅសាលាឯកជន១កន្លែង។

កូនប្រុសរបស់គាត់ក៏មានទម្លាប់មើលតុក្កតាតាមទូរសព្ទដៃដែរ។ តែទោះយ៉ាងណា អ្នកស្រីក៏មិនបានដាក់កំហុសទៅលើកូនរបស់អ្នកស្រីឡើយ តែអ្នកស្រី បុប្ផា បែរជាស្តីបន្ទោសឱ្យខ្លួនឯងវិញថា ព្រោះតែគាត់ជាប់រវល់លក់ដូរក៏ចេះតែបើកទូរសព្ទឱ្យកូនមើលរហូតធ្វើឱ្យកូនញៀននឹងទូរសព្ទទៅហើយ។

អ្នកស្រី បុប្ផា ទទួលស្គាល់កំហុសខ្លួនឯងថា៖ «ក្មេងនៅតូចគួរតែកុំឱ្យកាន់ទូរសព្ទដៃល្អព្រោះខួរក្បាលក្មេងបើចាប់បានអីហើយ គឺមិនងាយភ្លេចទេ។ ដូចជាកូនខ្ញុំនេះអ៊ីចឹងគាត់សប្បាយនឹងទូរសព្ទលែងចង់ទៅសាលារៀលទៀតផង»។

ដោយសារតែជាមនុស្សមានបទពិសោធន៍ជោកជាំនៅជាមួយក្មេងៗសិស្សសាលាផងនោះលោក សៅ ចន្ថា នាយកវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ ក្នុងខេត្តកណ្តាល បានប្រាប់ថា បច្ចុប្បន្ននេះលោកសង្កេតឃើញថា ឪពុកម្តាយមានចំនួន​ច្រើនបានបើកទូរសព្ទឱ្យកូនរបស់គាត់មើល។ គាត់ធ្វើរបៀបនេះ គឺដើម្បីមានពេលវេលាបានធ្វើការ ឬក៏បន្ថយពេលមើលថែកូន ហើយបញ្ហានេះវាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាលក្មេង។

លោកបានសន្និដ្ឋានពីផលប៉ះពាល់ថា ការឱ្យក្មេងមើលទូរសព្ទ គឺអាចប៉ះពាល់ដល់ការលូតលាស់សិរីរាង្គរបស់ក្មេង និងបញ្ញារបស់ក្មេង។ ព្រោះថាក្មេងដែលមើលទូរសព្ទច្រើន គឺមិនសូវមានការគិតដូចក្មេងដែលគ្មានទូរសព្ទមើលទេ ហើយអាចធ្វើឱ្យក្មេងមិនសូវនិយាយស្តីមិនសូវមានទំនាក់ទំនងជាមួយក្មេងដទៃផង។ កត្តា១ទៀតធ្វើឱ្យក្មេងមិនមានចំណង់ចំណូលចិត្តក្នុងការលេងជាមួយក្មេងៗដទៃ។

លោកថ្លែងថា៖ «ផលវិបាក គឺក្មេងញៀនជាមួយនឹងការលេងទូរសព្ទស្ទើរអត់មិនបាន ហើយឪពុកម្តាយគួរតែផ្លាស់ប្តូរទម្លាប់នេះ។ នាំគាត់[ក្មេង]ទៅកម្សាន្តនៅតាមទីសាធារណៈ ឬសួនកុមារនាំគាត់លេងកីឡា ឬនាំគាត់លេងល្បែងណាទាក់ទងនឹងការសិក្សារបស់កុមារ។ ដូចជា ផាត់ពណ៌រូបភាព រៀបតួអក្សរជាដើម»

ពាក់ព័ន្ធបញ្ហានេះដែរត្រូវបានលោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានយល់ឃើញថា ជាទូទៅក្មេងដែលចូលចិត្តមើលទូរសព្ទច្រើនគឺមិនល្អសម្រាប់ពួកគាត់ទេ។ ព្រោះថាក្មេងដែលមើលទូរសព្ទច្រើនអាចនឹងមានបញ្ហាភ្នែក បញ្ហាផ្លូវចិត្តដែរ​ទៅថ្ងៃអនាគត។ ព្រោះថានៅក្នុងទូរសព្ទមានបណ្តាញសង្គមហ្វេសប៊ុកដែលមានរូបភាពខ្លះមិនល្អមិនសាកសមនឹងអាយុរបស់ក្មេងមើល។

លោកថ្លែងថា ជាធម្មតាគេមិនដែលបណ្តោយឱ្យក្មេងៗកាន់ទូរសព្ទមើល ហើយបែរជាឪពុក​ម្តាយ​យល់ថា ជារឿងជួយឱ្យគាត់មានឱកាសទៅរកស៊ី ឬធ្វើកិច្ចការផ្ទះទេ។ រឿងនេះវាល្អម៉្យាងហើយ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានសម្រាប់កូន គឺធំធេងណាស់។ ទោះបីជាគាត់ទៅរកលុយបានប៉ុន្មានក៏មិនអាចយកមកស្រោចស្រង់សុខភាពរបស់កូនបានដែរ។

 លោក គិមអេង បន្ថែមថា៖ «ផ្ទុយទៅវិញគួរតែឱ្យកូនហ្នឹងមានពេលវេលាកម្សាន្ត សម្រាប់លេង​តាមបែបក្មេង អាហ្នឹងទើបជារឿង​១ល្អ​។ នេះតាមការយល់ឃើញរបស់ខ្ញុំ ហើយឪពុក​​​ម្តាយ​​ទាំងអស់គួរតែមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះមិនអាច​បណ្តែត​បណ្តោយកូនបានទេ»

ទាក់ទងនឹងកុមារប្រើទូរសព្ទនេះ មិនមានតួលេខ ឬរបាយការណ៍ណាមួយបញ្ជាក់អំពីកុមារ​​កម្ពុជា​រងហានិភ័យដោយសារការមើលទូរសព្ទពីអង្គការណាមួយទេ។ ប៉ុន្តែបើតាមអង្គការយូនីសេហ្វ (Unicef) បានបង្ហាញថា កុមារត្រូវការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្ទាល់ មិនមែន[អេក្រង់]ទូរសព្ទនោះទេ។ នៅដំណាក់កាលដំបូងនៃជីវិត ទារកលូតលាស់លើការទំនាក់ទំនងផ្ទាល់មិនមែនតាមរយៈឧបករណ៍អេឡិចត្រូនិកនោះទេ។

ប្រភពដដែលបញ្ជាក់ថា៖ «នៅពេលទារក និងកុមារចំណាយពេលមើលអេក្រង់ច្រើនពេក វាអាចបណ្តាលឱ្យប៉ះពាល់ដល់ការផ្ចង់អារម្មណ៍របស់ពួកគេ និងមានការយកចិត្តទុកដាក់ខ្លី ហើយមិនសូវយល់ពីអារម្មណ៍អ្នកដទៃឡើយ»

ករណីកុមារប្រើប្រាស់ទូរសព្ទនេះដែរ បើតាម Unicef Cambodia ដែលយោងរបាយការណ៍​មួយនៅឆ្នាំ២០២២ ហើយដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូ​ដែលរួមទាំងអង្គការនេះផង​បានបង្ហាញថា១១ភាគរយនៃកុមារដែលប្រើអ៊ីនធឺណិតមាន​អាយុ​ពី១២ឆ្នាំទៅ១៧ឆ្នាំនៅកម្ពុជាបានទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើប្រព័ន្ធ​អ៊ីនធឺណិតកាលពីឆ្នាំមុន។

ប្រភពដដែលលើកឡើងទៀតថា នេះមានន័យថាកុមារប្រមាណ ១៦០ ០០០នាក់ត្រូវបាន​គេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទមានការចែករំលែករូបភាពអាសអាភាស​ដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាព​ផ្សេងៗ​​ទៀត​៕

669 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម