សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើម ខណៈសាលារៀនជាង៣០នៅព្រំដែនបន្តប្រើជាមណ្ឌលចត្តាឡីស័ក

សិស្សលាងសម្អាតដៃនឹងអាកុល ខណៈវិលត្រឡប់មកសិក្សាសារជាថ្មីសម្រាប់ឆ្នាំសិក្សា ២០២១ នៅវិទ្យាល័យបាក់ទូក ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែមករា។ បញ្ញ ឆព័ណ្ណ
សិស្សលាងសម្អាតដៃនឹងអាកុល ខណៈវិលត្រឡប់មកសិក្សាសារជាថ្មីសម្រាប់ឆ្នាំសិក្សា ២០២១ នៅវិទ្យាល័យបាក់ទូក ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែមករា។ បញ្ញ ឆព័ណ្ណ

សិស្ស​​រាប់​លាន​នាក់​បាន​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ បន្ទាប់​ពី​ខកខាន​អស់រយៈពេល​មួយ​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ខណៈដែលសាលារៀន​ចំនួន ៣៥​តាម​បណ្តោយ​ព្រំដែន​នៅ​តែ​​បន្ត​បិទទ្វារ ដោយសារ​ត្រូវ​បាន​ប្រើ​ជា​មណ្ឌល​ចត្តាឡីស័ក​សម្រាប់​ពលករ​ចំណាកស្រុក​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ។ ​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា​ លោក ហង់ ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា ក្បួន​អនុវត្ត​សុវត្ថិភាព​សម្រប​​តាម​ស្ថានភាព​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​តាម​សាលារៀន​ឯកជន និង​រដ្ឋ​ចំនួន​ប្រមាណ ១៨.០០០ នៅ​ទូទាំង​ប្រទេស។ ហើយ​សិស្ស​ពី​សាលារៀន​ប្រែផ្លាស់​ជា​មណ្ឌល​ចត្តាឡីស័ក​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលារៀន​ក្បែរនោះ ដើម្បី​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី ដែល​ត្រូវ​បាន​បង្រួម​រយៈពេល​ខ្លី​ជាង​មុន។

លោក​បាន​ថ្លែង​ថា៖ «ដើម្បី​ចូលរួម​ការពារ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​ឆ្នាំ​នេះ​ ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​លើ​ការ​សិក្សា​ពី​សុវត្ថិភាព​ផ្នែក​សុខភាព។ ដូច្នេះ សូម​មាតាបិតា និង​អាណាព្យាបាលទាំងអស់ ​យកចិត្តទុកដាក់​ដើម្បី​ជួយ​បង្ហាត់​បង្រៀន​បន្ថែម​ដល់​កូន»

សាលារៀន​ជាង​ ៣០​តាម​បណ្តោយ​ព្រំដែន​បាន​ក្លាយ​ជា​មណ្ឌល​ចត្តាឡីស័ក​បណ្តោះអាសន្ន​សម្រាប់​ពលករ​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​កើតមាន​នៅ​ខេត្តសាមុតសាខន ប្រទេស​ថៃ ដែល​មាន​ចំនួន​ពលករ​បរទស​ច្រើន​ធ្វើ​ការ​ក្នុង​ផ្នែក​អាហារ​សមុទ្រ។

ពលរដ្ឋ​កម្ពុជា​ជាង ១២.០០០នាក់​បាន​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ ចាប់តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​កើតឡើង​នៅ​ពាក់កណ្តល​ខែ​ធ្នូ ដោយ​ពលករ​ចំនួន ២៧​នាក់​ត្រូវ​បាន​ធ្វើ​តេស្តវិជ្ជមាន​ពី​ជំងឺ​កូវីដ១៩ នៅ​មណ្ឌល​រៀបចំ​ដោយ​រដ្ឋាភិបាល​តាម​បណ្តោយ​ព្រំដែន និង​ពលរដ្ឋខ្មែរ​ចំនួន ១៥៧​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ជំងឺ​កូវីដ១៩​ នៅ​ប្រទេស​ថៃ។ ​

លោក​ យី សុងគី ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង បានមានប្រសាសន៍ថា សាលារៀន​ចំនួន១៨​ យកធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករ​ចំណាកស្រុក​ ខណៈ​ពលករ​បន្ត​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស។ លោក​មិន​ច្បាស់​ថា សាលារៀន​នឹង​ត្រូវ​ប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កដល់ពេលណានោះទេ ប៉ុន្តែសាលាមួយចំនួនអាចបើកទ្វារសម្រាប់សិស្សក្នុងពេលឆាប់ៗនេះ។

លោក​បាន​ថ្លែង​ថា៖ «សាលារៀន​មួយ​ចំនួន​ក្នុង​ចំណោម​សាលារៀន​ទាំង ១៨ អាច​ត្រូវ​ដំណើរការ​ឡើង​វិញ​នៅ​ចុងសប្តាហ៍​នេះ» ដោយ​បន្ថែម​ថា សិស្ស​សាលា​បឋមសិក្សា​ត្រូវ​បាន​ផ្លាស់​ឲ្យ​ទៅ​សិក្សា​នៅ​សាលារៀន​ដទៃ​ទៀត​ជា​បណ្តោះ​អាសន្ន ខណៈ​សិស្ស​វិទ្យាល័យ​កំពុង​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក ឌី រ៉ាដូ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​មានប្រសាសន៍ថា ពលករ​ចំណាកស្រុក​ជាង ៣.០០០​នាក់ បាន​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​តាម​ច្រកព្រំដែន​ផ្លូវ​ការ​​នៅ​ខេត្ត​ឧត្តរមានជ័យ ចាប់តាំង​ពី​ថ្ងៃ​ទី២០ ​ខែ​ធ្នូ​មក ដោយ​សំណាក​ចំនួន​ ២.០០០ ត្រូវ​បាន​យក​ដើម្បី​ធ្វើ​តេស្ត។ ​

លោក​បាន​បន្ត​ថា វិទ្យាល័យ និង​បឋមសិក្សា​ចំនួន​ ០៨​ ត្រូវ​បាន​ប្រែផ្លាស់​ជា​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដោយ​សិស្ស​ទាំងអស់​ត្រូវ​តម្រូវ​ឲ្យ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោក​ក៏​បាន​លើកឡើង​ពី​បទបញ្ជា​ពី​សំណាក់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​អាជ្ញាធរ​ថៃ ឲ្យ​ពលករ​បន្ត​នៅ​ប្រទេស​ថៃ ជាជាង​ប្រញាប់ប្រញាល់​ធ្វើ​មាតុភូមិនិវត្តន៍។

​ពលករ​ចំណាកស្រុក​ប្រមាណ ៤.០០០ នាក់​បាន​វិលត្រឡប់​មក​ខេត្ត​បន្ទាយមានជ័យ​ ដោយ​ពលករ​​ ៨០០​នាក់​ក្នុង​ចំណោម​នោះ​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​បាន ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​ធ្វើ​តេស្ត​មិន​រក​ឃើញ​ជំងឺ​កូវីដ១៩។ ​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក លី សារី បាន​មានប្រសាសន៍​ថា សិស្ស​ថ្នាក់​ទី៩ ដល់​ថ្នាក់​ទី១២ ត្រូវ​បាន​បញ្ជូន​ឲ្យ​សិក្សា​នៅ​តាម​សាលារៀន​ដទៃ​ទៀត ខណៈ​សិស្ស​ថ្នាក់​ទាប​ជាង​នេះ​ត្រូវ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

នៅ​ខាង​ក្រៅ​វិឡាល័យ​ទួលស្វាយព្រៃ​ក្នុង​ក្រុង​ភ្នំពេញ អ្នកស្រី នួន សុខសីហា អាណាព្យាបាល​សិស្ស​ថ្នាក់​ទី៨ មួយ​រូប​ និយាយ​ថា ឆ្នាំ​សិក្សា​ដែល​ត្រូវ​បាន​បង្រួម​ខ្លី​ជាង​មុន ដែល​ជា​ទូទៅ​ចាប់​ផ្តើម​នៅ​ខែ​តុលា អាច​បង្ក​ការ​ខ្វះចន្លោះ​សម្រាប់​សិស្ស​មួយ​ចំនួន។ ​​

ដោយ​អំពាវនាវ​ឲ្យ​ឪពុកម្តាយ​ជួយ​បំពេញ​ការ​ខ្វះចន្លោះ​នេះ​ អ្នកស្រី​បាន​ថ្លែង​ថា៖ «វា​ប្រហែល​មាន​ផលប៉ះពាល់​តិចតួច​មក​លើ​​សិស្ស​ដែល​ខំ​រៀន ប៉ុន្តែ​សម្រាប់​សិស្ស​ដែល​មិន​សូវ​យក​ចិត្ត​ទុកដាក់​រៀនសូត្រ ពួកគេ​នឹង​ប៉ះពាល់​ខ្លាំង។ ខ្ញុំ​គិត​ថា គ្រប់អាណាព្យាបាល​​គួរ​ចំណាយ​ពេល​បង្ហាត់បង្រៀន​កូន​បន្ថែម»។ ​

ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បាន​ក្លាយ​ជា​មធ្យោបាយ​ផ្តល់​សេវាកម្ម​អប់រំ​ចម្បង​នៅ​កម្ពុជា និង​ទូទាំង​សាកលលោក​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​ត្រូវ​បាន​រង​ការ​រិះគន់​ពី​លទ្ធភាព​នៃ​ការ​ទទួលបាន និង​ប្រសិទ្ធភាព​នៃ​ការ​សិក្សា​បែប​នេះ។ យុវត្តី ឡេង លីហុង សិស្ស​ថ្នាក់​ទី១០ នៅ​វិទ្យាល័យ​ទួលស្វាយព្រៃ​ក៏​បាន​បង្ហាញ​មន្ទិល​ពី​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។ ​

លីហុង ​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​រៀន​នៅ​សាលា​ជាង​តាម​ប្រព័ន្ធ​អនឡាញ ពីព្រោះ​ខ្ញុំ​អាច​សួរ​សំណួរ​ទៅ​គ្រូ​ផ្ទាល់។ ពេលខ្លះ នៅ​ពេល​យើង​មិន​យល់​ពី​មេរៀន មិត្ត​រួម​ថ្នាក់​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»

លោកស្រី​ អ៊ុក ឆាយវី ប្រធាន​សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ​ បាន​មានប្រសាសន៍ថា ខណៈ​ការ​អប់រំ​ត្រូវ​បាន​បង្អាក់​សម្រាប់​ឆ្នាំ ២០២០ រដ្ឋាភិបាល​គួរ​ស្វែង​រក​ដំណោះស្រាយ​​ផ្សេង​ទៀត និង​ធានា​ថា សាលារៀន​តាម​បណ្តោយ​ព្រំដែន​អាច​បើក​ទ្វារ​សម្រាប់​សិស្ស។

អ្នកស្រី​បាន​បន្ត​ថា សម្រាប់​សិស្ស​ដែល​ត្រូវ​រង​ការ​ប៉ះពាល់ ការ​បន្ធូរបន្ថយ​កម្មវិធី​សិក្សា​នឹង​មាន​​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ​​

អ្នកស្រី​បាន​ថ្លែង​ថា៖ «ការ​​រៀន​តាម​អនឡាញគឺ​មាន​ការ​លំបាក​ សម្រាប់​សិស្ស និង​គ្រូ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New academic year begins with 30 border schools still closed for quarantine

265 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម